Wednesday, February 29, 2012

វិចារណកថា៖ សេរីភាពសារព័ត៌មាន កម្ពុជាប្រសើរ​ជាង​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់


យោងតាមគេហទំព័ររបស់ REPORTERS WITHOUT BORDERS-for freedom of information (http://en.rsf.org) ហើយដែលត្រូវបានគេហ៍ទំព័រ Matichon របស់ថៃបាន​លើក​យកមក​ចុះផ្សាយ​បន្ត​កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ បានលើក​ឡើងថា ព្រះរាជាណា​ចក្រកម្ពុជា ជាប្រទេស​ដែលមាន​ស្ថានភាព​ល្អប្រសើរ​បំផុតផ្នែក​សេរីភាព​សារព័ត៌មាន នៅ​ក្នុង​ចំណោម​ប្រទេសសមាជិក​សមាគម​អាស៊ាន សម្រាប់​ឆ្នាំ​២០១១-២០១២ នេះ។

ការចាត់ ​ថ្នាក់ស្ថាន​ភាពសារព័ត៌​មានល្អប្រសើរ​ជាងគេបំផុត នៅ​ក្នុងចំណោម​ប្រទេសជា​សមាជិក​សមាគម​អាស៊ាននេះ គឺមិនមែន​ជាការភ្ញាក់ផ្អើល​នោះទេ ក៏ប៉ុន្តែគឺ​ជាការប្តេជ្ញា​ចិត្តខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជាតិ​ ខ្មែរទាំង​មូល រួមជាមួយ​រាជរដ្ឋាភិបាល ដើម្បីស្តារ អភិវឌ្ឍ​សមត្ថភាព និង លើក​កម្ពស់​សិទ្ធិ​សេរីភាពសារព័ត៌មាន និង សិទ្ធិបញ្ចេញមតិនៅកម្ពុជា តាមរយៈច្បាប់សារព័ត៌មាន និង ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន។

ថ្វីត្បិតតែអត្ថិភាព ​នៃសន្តិភាព​ពេញបរិបូណ៍​នៅក្នុង​សង្គមកម្ពុជា ទើប​តែមាន​រយៈពេលជិត ១៤ ឆ្នាំ ប៉ុណ្ណោះ ក្រោយពីសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​ស្ទើរ​តែគ្មាន​សល់អ្វី​ទាំងអស់ ជា​ពិសេស​ហេដ្ឋា​រចនាសម្ព័ន្ធ​សង្គម និង ថ្វីត្បិត​តែមានមតិ​មួយចំនួន​ទាំងជាតិ និង អន្តរជាតិ បាន និង​ កំពុង​ចាត់ទុក​សេរីភាពសារព័ត៌​មាន និង សិទ្ធិ​នៃការបញ្ចេញ​មតិនៅ​កម្ពុជា ក្នុងផ្លូវ​អវិជ្ជមាន​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​នៅពេលនេះ បានសរ​បញ្ជាក់​ឲ្យឃើញថា កម្ពុជា​ ចាប់ផ្តើម​ទទួលបានផ្លែផ្កាដ៏​ត្រចះត្រចង់​ពីគោល​នយោ​បាយកសាង និង រក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ការអភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម​ប្រកប​ដោយចីរភាព និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសនៅ​តាម​ជនបទ​របស់​រាជ​រដ្ឋាភិបាល​ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ​របស់ សម្តចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សេរីភាពសារព័ត៌ ​មាន និង សិទ្ធិនៃ​ការបញ្ចេញមតិ​នៅកម្ពុជា ត្រូវបាន​បើកចំហរ​ដោយស្មើភាព ដោយ​គ្មានការរើស​អើង ការប្រកាន់​បក្ខពួក និង និន្នាការ​នយោបាយ ដែល​រហូតមក​ដល់​ពេលនេះ មាន​បណ្តាញ​សារព័ត៌មាន​គ្រប់រូបភាព រាប់រយ ដែលបាន​និងកំពុងធ្វើ​សកម្មភាព​របស់​ខ្លួនដោយ​សេរី​នៅកម្ពុជា ដោយរួមទាំង​សារព័ត៌​មានដែល​មាន​និន្នាការប្រឆាំង​ផងដែរ។ ពីព្រោះ​សារព័ត៌មាន មានតួនាទីយ៉ាងសំខាន់​ក្នុងការពាំនាំ និង លាតត្រ​ដាងព័ត៌មាន​ពិត និង ទាន់​ហេតុការណ៍ ពី​គ្រប់រូបភាព និង គ្រប់ជ្រុងជ្រោយនៃ​សង្គម​ជូន​សាធារណៈជន ឲ្យបានដឹងឮ និង​ជាពិសេសសារព័ត៌​នៅកម្ពុជា ជាព័ត៌មាន​ត្រង់ ភ្លាមៗ ដោយ​គ្មានសង់សៀ (​ការត្រួតពិនិត្យជា​មុនដោយ​ក្រសួងព័ត៌មាន មុន​នឹងធ្វើ​ការបោះ​ពុម្ព​ផ្សព្វផ្សាយ​ឡើយ)។

ករណីនេះហើយដែល ​ធ្វើតម្លៃ​នៃសេរីភាព​សារព័ត៌មាន និង សិទ្ធិ​បញ្ចេញ​មតិនៅកម្ពុជា មាន​ស្ថាន​ភាព​ល្អប្រសើរ​ជាងគេបំផុត បើប្រៀបធៀប​នឹងប្រទេស​ដទៃទៀត​នៅ​ក្នុង​សមាគម​អាស៊ាន ស្របពេល​ដែល​ប្រទេសមួយ​ចំនួន បាននិងកំពុង​រិតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ សិទ្ធិបញ្ចេញមតិ សូម្បី​បណ្តាញ​គេ​ហទំព័រ (Internet) ក៏មិនអាច​ចូលទៅ​យកព័ត៌មាន ឬ ស្រាវ​ជ្រាវដោយ​សេរីបាន​ឡើយ។

ដោយផ្អែក ​លើសមិទ្ធផល​ជាក់ស្តែង​នេះ បានបង្ហាញ​ថា កម្ពុជា បាន និង កំពុងដើរ​នៅលើផ្លូវត្រូវ​របស់​ខ្លួន ជាពិសេស​វិស័យសេរីភាពសារព័ត៌មាន និង សិទ្ធិបញ្ចេញមតិនេះ។ ក៏ប៉ុន្តែ​សម្រាប់​រាជរដ្ឋាភិបាល​នៃព្រះ​រាជាណាចក្រ​កម្ពុជា នៅ​មាន​ការងារ​ជា​ច្រើនទៀត​ដែលត្រូវ​បន្តអនុវត្ត ក្នុង​មាគ៌ា​ដ៏វែងឆ្ងាយ​របស់ខ្លួន ដូចជាការ​អភិវឌ្ឍ​សមត្ថភាព​អ្នកដែលធ្វើការ​ពាក់ព័ន្ធនឹងវិស័យ​សារព័ត៌​មាន បច្ចេក​វិទ្យាព័ត៌មាន ការអនុវត្ត​ច្បាប់ និង ការពង្រឹងក្រម​សីលធម៌​អ្នកសារព័ត៌​មាន ជាដើម ដើម្បីលើក​ស្ទួយ​សេរីភាព​សារព័ត៌មាន និង សិទ្ធិ​បញ្ចេញមតិ​នៅកម្ពុជា ឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត។

ដូច្នេះ ប្រជាពលរដ្ឋ​ខ្មែរមួយចំនួន ត្រូវ​ទទួល​ស្គាល់ការ​ពិត ហេតុ និង ផល ដែលបាន​កើតមាន​នៅ​ក្នុង​សង្គមខ្មែរ ហើយ​ត្រូវមាន​មោទនភាពចំពោះ​ខ្លួនឯង សង្គមជាតិ​ខ្លួនឯង និង មានជំនឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង គណបក្ស​ប្រជាជនកម្ពុជា ក្រោម​ការដឹកនាំដ៏ខ្ពង់ខ្ពស់ និង ឈ្លាសវៃរបស់​សម្តេចអគ្គ​ទាំង គឺ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេច​អគ្គ​មហាចក្រី ហេង សំរិន និង សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ដែល​បានខិតខំសង្រ្គោះ​ជាតិ កសាងសន្តិភាព លើក​ស្ទួយ​កិត្យានុភាពជាតិ និង ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព។
ដោយ រាជ្យ សុវណ្ណនគរ