Friday, March 30, 2012

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការរ​វាង​កងទ័ព​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​


  នៅ​ថ្ងៃទី ២៩ មីនា ឆ្នាំ ២០១២ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ពេល​ទទួល​សវនា​ការ​ជាមួយ​គណៈ​ប្រតិភូ​អគ្គ​មេ​បញ្ជា​ការ​អាស៊ាន​ដឹក​នាំ​ដោយ ​លោក AGUS SUHAR- TONO អគ្គ​បញ្ជា​ការ​នៃ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី បាន​មាន​ប្រសាសន៍​​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​រវាង​បណ្តា​កង ​ទ័ព​នៅ​ក្នុង​ប្រទេស​អាស៊ាន ព្រោះ​តែ​អាស៊ាន​នឹង​ក្លាយ​ទៅ​ជា​សហគមន៍​អាស៊ាន នៅ​ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​នៅ ក្រោយ​ជំនួបដែល​ប្រារព្ធ​ធ្វើ​នៅ​​​វិមាន​សន្តិភាព ​ថា សម្តេច​តេជោមាន ​ប្រសាសន៍​ថា សម្តេច​​បាន​អាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​របាយ​ការណ៍​ពាក់​ព័ន្ធ​ទៅ​នឹង​ កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​អគ្គ​មេ​បញ្ជា​ការ​អាស៊ាន​កង​ទ័ព​អាស៊ាន​ លើក​ទី​ ៩ រួម​ទាំង​សេចក្តី​ថ្លែង​ការណ៍ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​នៃ​បណ្តា​ប្រទេស​ អាស៊ាន ដែល​មាន​វឌ្ឍន​ភាព​ជាច្រើន ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​មាន​កិច្ចការ​ប្រឈម​ជាច្រើន ដូច​ជា​ការ​ប្រឈម នឹង​គ្រោះ​មហន្តរាយ ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្លាំង​កង​ទ័ព​កាន់​តែ​ច្រើន​ឡើង ជាពិសេស ពេល​មាន​គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ និង​ស៊ូណាមិ ជាដើម។ 

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍បន្ថែម​​ថា ការ​ប្រឈម​មួយ​ទៀត​នោះ​គឺ​បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចារកម្ម​រវាង​ប្រទេស​ នីមួយៗឲ្យ​បាន​កាន់​តែ​ល្អ​ឡើង​ ដោយ​សម្តេច​តេជោ​ បាន​លើក​សំណើ​ថា កុំ​យក​ទំនាក់​ទំនង​នយោ​បាយ​ឬ​ក៏​ភាព​មិន​ស្រប​គ្នា​ធ្វើ​ជា​ឧបសគ្គ​ដល់​ កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ភេរវកម្ម ​នេះ​។ ​សម្តេចតេជោ​​នាយក​រដ្ឋមន្រ្តី​ បាន​ស្នើ​ឲ្យ​មាន​ការ​ពិចារណា​រួម​គ្នា​រវាង​កង​ទ័ព​ក្នុង​បណ្តា​ប្រទេស អាស៊ាន ចេញ​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ ព្រោះ​ថា​នៅ​ឆ្នាំ ២០១៥ ខាងមុខ អាស៊ាន​នឹង​ក្លាយ​ទៅ​ជា​សហគមន៍​អាស៊ាន ដូច្នេះ​អាស៊ាន​ទាំង​មូល​គឺ​ប្រៀប​បាន​ក្រុម​គ្រួសារ​តែ​មួយ បណ្តា​កង​ទ័ព​អាស៊ាន​នឹង​បន្ត​សហការ​គ្នា​ដូច​ជា​គ្រួសារ​តែមួយ។

ឯកឧត្តម​ អ៊ាង សុផល្លែត ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ​លោក AGUS SUHAR- TONO បាន​រាយ​ការណ៍​ជូន សម្តេច​តេជោ​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​អគ្គ​មេ​ បញ្ជា​ការ​កង​ទ័ព​អាស៊ាន​លើក​ទី ៩ ដែល បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕