Wednesday, September 5, 2012

សម្ភាសន៍​​លោក​បណ្ឌិត​ ឈឹម ផលវរុណ ស្តីពី​ តួនា​ទី​​របស់​​លោក ស៊ូបេឌី​ ធ្លាក់​មក​ជាអ្នក​នាំពាក្យ​របស់​គណបក្ស​​ប្រឆាំង​


សម្ភាសន៍លោកបណ្ឌិតឈឹម ផលវរុណ ប្រធានវិទ្យាស្ថាន​​ពលរដ្ឋវិជ្ជាជាមួយលោក សត្យា រក្ស អ្នកសម្របសម្រួល កម្មវិធីវិភាគព្រឹត្តិការណ៍សង្គម ទូរទស្សន៍បាយ័នស្តីពីតួនាទីរបស់លោក ស៊ូបេឌីធ្លាក់មកជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំង
ថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០១២

លោក សត្យា រក្ស
សំណួរខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបំភ្លឺ ទាក់ទងទៅនឹងឥរិយាបថរបស់លោក ស៊ូប៊ែឌី ដែលលោក​​មានតួនាទីមួយជាអ្នក​រាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែទង្វើ​ និង​សកម្មភាពរបស់គាត់ គឺផ្ទុយស្រឡះទៅនឹងអ្វីដែលជាតួនាទី ឬអ្វីដែលប្រជាពលរដ្ឋ​បាន​ឃើញ​ និងបានដឹង។ ជាទូទៅ សម្តីរបស់គណបក្សប្រឆាំង ត្រូវបានលោក ស៊ូប៊ែឌី ​ចម្លង​យកទាំងស្រុង ហើយធ្វើការផ្សព្វផ្សាយតែម្តង​​បន្ទាប់មកក៏មានការបន្ទរនូវសម្តី​នេះ​ពីគណបក្សប្រឆាំង រួមជាមួយនឹងអង្គការសង្គមស៊ីវិលប្រឆាំង គឺលោក ស៊ូប៊ែឌី​ហាក់បីដូចជាលក់ខ្លួនឲ្យគណបក្សប្រឆាំងតែម្តង។ ជុំវិញឥរិយាបថ និងចរឹរបស់​ ស៊ូប៊ែឌី​នេះ តើលោកបណ្ឌិតមានអ្វី ដើម្បីធ្វើការបំភ្លឺជូនជនរួមជាតិរបស់យើង?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ បងប្អូនប្រជាពលរដ្ឋត្រូវដឹងថា លោក ស៊ូប៊ែឌី មានតួនាទីជា​​អ្នក​រាយ​ការណ៍ពិសេស​​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ​ពាក់ព័ន្ធនឹងកិច្ចការសិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុងតួនាទីជាអ្នករាយការណ៍ពិសេសនោះ គេត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យប្រជាពលរដ្ឋ​ដឹងឲ្យច្បាស់ កុំឲ្យមានការភន្ត័ច្រឡំ ចំពោះភារកិច្ចរបស់លោក ស៊ូប៊ែឌី។ មួយទៀតត្រូវ​យល់ថា ហេតុអ្វីបានជាអង្គការសហប្រជាជាតិ ជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើកិច្ចការជាអ្នករាយ​ការណ៍ពិសេស ក្នុងកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា?​ គឺយើងត្រូវទទួលស្គាល់ថា កម្ពុជា ក៏ដូចជា​បណ្តាប្រទេស​​នានា ជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិជាស្អី?​​អង្គការសហប្រជាជាតិមិនមែនជាចៅហ្វាយនាយរបស់ប្រទេសនីមួយៗទេ ផ្ទុយទៅវិញអង្គការ​សហប្រជាជាតិ គឺជាអង្គការសមាជិកភាពរបស់បណ្តាប្រទេសនានា ដែលធ្វើការងារផ្អែកទៅលើ​គោលការណ៍ជាអង្គការអន្តររដ្ឋាភិបាល បានន័យថា អង្គការសហប្រជាជាតិ មានស្នូលនៃការងារគឺ​បំពេញការងារជាមួយនឹងប្រទេសនានាដែលជាសមាជិក ដោយធ្វើការងារក្នុងលក្ខណៈជាអន្តររដ្ឋាភិ​បាល។ ដូច្នេះរវាងអង្គការសហប្រជាជាតិនៅកម្ពុជា ដែលពាក់ព័ន្ធទៅនឹង​​អង្គការសិទ្ធិមនុស្ស គឺអគ្គ​លេខាធិការអង្គការសហប្រជាជាតិជាអ្នកដឹកនាំស្ថាប័នកំពូលទាំងមូលនោះ គឺគាត់ត្រូវបញ្ជូន​មនុស្សម្នាក់ ព្រោះគាត់មិនអាចមកធ្វើកិច្ចការផ្ទាល់ទេ បញ្ជូនមនុស្សម្នាក់​​ឲ្យបំពេញការងារ​សិទ្ធិ​មនុស្ស​សហប្រតិបត្តិការជាមួយនឹងភាគីកម្ពុជា កាលណាយើងនិយាយពីភាគីកម្ពុជា គឺមិន​មែនភាគីគណបក្សប្រឆាំងទេ គឺនិយាយអំពីរដ្ឋាភិបាល ពីព្រោះយើងនិយាយថា អន្តរ​រដ្ឋា​ភិ​បាល។ អញ្ចឹង លោក ស៊ូប៊ែឌី ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាត់តាំង​ជាអ្នកយកព័ត៌មានផ្សេងៗនានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា តើការយកព័ត៌មាន​ផ្សេងៗពាក់ព័ន្ធសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើជារបាយការណ៍ជូនទៅអគ្គលេខាធិការអង្គការ​សហប្រជាជាតិ  គឺគេធ្វើក្នុងគោលបំណងអ្វី? មិនមែនគោលបំណងដើតួនាទីជាប៉ូលីសសិទ្ធិ​មនុស្ស របស់អង្គការសហប្រជាជាតិទេ បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវចាំឲ្យច្បាស់ អត់មានទេនៅ​ក្នុងពិភពលោក​​​បុគ្គលម្នាក់មកពីអង្គការសហប្រជាជាតិ គឺគ្រាន់តែ​គេ​បញ្ជូនឲ្យមកធ្វើជាបេសកជនពិសេស ឬក៏ជាអ្នករាយការណ៍ពិសេស ប៉ុណ្ណោះមិនមែនដើរតួជាប៉ូលីសសិទ្ធិ​មនុស្សទេគឺគាត់ដើរតួជាអ្នកកាន់ការងារមួយជាអ្នកទំនាក់ទំនង​​រវាង អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាលក​ម្ពុជា​​ ពាក់ព័ន្ធទៅនឹងកិច្ចការសិទ្ធមនុស្សក្នុងគោលបំណងលើកស្ទួយ នឹងធ្វើឲ្យ​ប្រសើរឡើងវិវត្តន៍កាន់តែល្អឡើងនូវការងារសិទ្ធិមនុស្សនេះឯង
តើលោក ស៊ូប៊ែឌី បានធ្វើការងារក្នុងក្របខណ្ឌ និងគោលការណ៍នោះទេ?​ តើលោក ស៊ូប៊ែឌី មានបានបំពេញតួនាទីជាអ្នកដើរតួភ្ជាប់រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា​ទេពាក់ព័ន្ធនឹងកិច្ចការសិទ្ធិមនុស្សនេះ​?​​ មិនមែនតែលោក ស៊ូប៊ែឌី ឬក៏អ្នកណាផ្សេងទៀតទេ​​ ដើម្បីឲ្យកិច្ចការក្នុងការរាយការណ៍ពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្ស​​ដំណើរការទៅបានល្អ ទាល់តែបុគ្គល​នោះ មានការយល់ដឹង ដូច្នេះលោក ស៊ូប៊ែឌី មានចំណេះដឹងហើយ​​ ប៉ុន្តែជាមួយនឹងចំណេះ​ដឹង លោក ស៊ូប៊ែឌី ត្រូវតែធ្វើការជាអាទិភាព​ដំបូងបង្អស់ គឺជាមួយនឹងរដ្ឋាភិបាល ឬក៏​តំណាងសមត្ថកិច្ច កិច្ចការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា​ហើយបានគាត់អាចទៅ​សហការ​ជាមួយនឹងអង្គភាព ឬនិន្នាការផ្សេងៗទៀត ដើម្បី​ទទួលនូវសម្លេងផ្សេង ក្រៅពីសម្លេងដែល​​​ខ្លួនបានធ្វើកិច្ចការជាមួយនឹងភាគីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែផ្ទុយទៅវិញលោក ស៊ូប៊ែឌី បែរជាយក​អ្នជាមូលដ្ឋានគោលនៃដែគូគឺគណបក្សប្រឆាំងទៅវិញ​​ លោក ស៊ូប៊ែឌី តែងតែបរាជ័យរហូតជាមួយនឹងដៃគូ​​ពិភាក្សាអំពីកិច្ចការសិទ្ធិមនុស្ស​​ជាមួយ​​​​រដ្ឋាភិបាល ។ បរាជ័យរបស់លោក ស៊ូប៊ែឌី នេះមិនអាចទម្លាក់កំហុសថា រដ្ឋាភិបាល អត់មានឆន្ទៈធ្វើការជាមួយនោះទេ​​ បើសិនជារាជរដ្ឋាភិបាលកម្ពុជា ពុំមាន​ឆន្ទៈធ្វើការងារជាមួយអគ្គលេខាធិការដ្ឋាន ឬក៏អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ឬក៏​ជា​មួយនឹងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិនោះ កម្ពុជាមិនទទួលយកបុគ្គលម្នាក់ ដែល​ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិចាត់តាំង ឲ្យមកធ្វើជាអ្នកនាំពាក្យ ឬក៏ជាអ្នករាយ​ការណ៍ពិសេសនោះទេ រាជរដ្ឋាភិបាលអាចបដិសេធហើយ។ យើងធ្លាប់ឃើញហើយ ភាពទន់​ភ្លន់​ និងសុឆន្ទៈ​របស់​រដ្ឋាភិ​បាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ពាក់ព័ន្ធរឿងសិទ្ធិមនុស្ស ពាក់​ព័ន្ធរឿងអ្វីទៀតច្រើនណាស់។  សូម្បីតែការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់​អង្គ​ការសហប្រជាជាតិប្រចាំនៅកម្ពុជានោះ លោក ប៉េស៊ូ កាលលើកមុនមានរឹអុងអាត់ហួសហេតុ​​ប៉ុន្តែ​រដ្ឋាភិបាលកម្ពុជា អត់ធ្មតរហូតដល់បុគ្គលនោះមិនកែចរឹទើប បានយើងបដិសេ​​បុគ្គលនោះប៉ុន្តែ​យើងអត់បដិសេធការិយាល័យដែលជាស្ថាប័នទេ បើនិយាយពីសិទ្ធិ ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ​យើង​អាចលុបចោលបញ្ចប់បេសកម្មនៃការិយាល័យ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ​បានដែរ ព្រោះកម្ពុជាពុំមានកាតព្វកិច្ចដាច់ណាត់ដែលត្រូវគេបញ្ជាឲ្យមកបង្កើតបានទេ យោង​តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺគេបានព្រមព្រៀងគ្នាក្នុងការឲ្យមាន​ការិយាល័យឧត្តមស្នងការ និងមានបេសកជនពិសេស ឬតំណាងអង្គការសហប្រជាជាតិពាក់​ព័ន្ធ​សិទ្ធិមនុស្ស ប៉ុន្តែពេលវេលាបន្តពីមួយឆ្នាំទៅមួយឆ្នាំ ឬក៏ការបន្តឲ្យមានតទៅទៀត គឺកិច្ច​ព្រមព្រៀង​បានទុកសិទ្ធិស្វ័យសម្រេចសម្រាប់រាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោត​ព្រោះកាលពីឆ្នាំ១៩៩១ គឺអត់ទាន់មានរដ្ឋាភិបាលរួមគ្នានៅឡើយទេ។ អញ្ចឹងហើយបានគេ​ព្រមព្រៀងគ្នាឲ្យបង្កើត នៅក្នុងអន្តរកាលនោះ ហើយនៅពេលដែលអន្តរកាលត្រូវបានបញ្ចប់​សភាត្រូវបានបង្កើត រដ្ឋាភិបាលត្រូវបានបង្កើត ហើយមកដល់ឥឡូ ៤អាណត្តិ ទៅហើយ​។​នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គេបានប្រាប់ហើយ មានតែនៅក្នុងអន្តរកាលទេ ផុត​អន្តរកាលគេទុកឲ្យសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ។​ រយះពេល៤នីតិកាល មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាលែមានកាតព្វកិច្ចដែលត្រូវតែផ្តល់ឲ្យ​អាណត្តិ ឬបន្តអាណត្តិរបស់ការិយាល័យអង្គការសហប្រជាជាតិទៀតទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាឲ្យ​តម្លៃ​អំពីកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្ស ជាមួយនឹងអង្គការសហប្រជាជាតិ ទើបបានសុខចិត្តបន្តមួយ​ឆ្នាំ​ៗរហូតមកដល់ពេលនេះ
ចំណែកលោក ស៊ូប៊ែឌី ឬតួនាទីជាអ្នករាយការណ៍ពិសេស​ក៏រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពិនិត្យ អំពីចរឹលក្ខណៈសម្បត្តិរបស់បុគ្គល​ម្នាក់ហ្នឹងដែរ។ ដូចនិយាយរឿងកិច្ចការទូតអញ្ចឹង បើសិនជារាជរដ្ឋាភិបាលពុំមានសុឆន្ទៈធ្វើការងារ​ជាមួយលោក ស៊ូប៊ែឌី កម្ពុជាមានសិទ្ធិស្នើទៅឯកឧត្តមអគ្គលេខាធិការអង្គកាសហប្រជាជាតិ​ផ្លាស់ប្តូរបុគ្គលនោះ។
លោក សត្យា រក្ស
សំណួរ ជាទូទៅនៅពេលដែលគណបក្សប្រឆាំងបង្កើតរឿងមួយ​ឡើងហើយពេលនោះសង្គមស៊ីវិលនិន្នាការប្រឆាំងនោះ បន្ទរតាមគណបក្ស​ប្រឆាំង។ បន្ទាប់មកទៀតលោក ស៊ូប៊ែឌី ក្នុងនាមជាអ្នករាយការណ៍ ក៏បន្ទរតាមគណបក្ស​ប្រឆាំងដែរ មានរូបភាពមួយទៀតនៅពេលដែល ស៊ូប៊ែឌី បន្តរំលេនូវរឿងហ្នឹងឲ្យកាន់​តែ​ធំ​មក គណបក្សប្រឆាំងដដែល ដែលជាអ្នកបង្កើតរឿងដំបូងរួមជាមួយសង្គមស៊ីវិលដែលមាននិន្នាការ​​​ពីគណបក្សប្រឆាំង ក៏ធ្វើជានិយាយ​​គាំទ្រ ស៊ូប៊ែឌី មើលទៅរបៀបដូចខ្ចងដែលរាយដាក់គ្នាអញ្ចឹង តើមាយាទនិងចរឹ​​បែបនេះ លោកបណ្ឌិតមានការសន្និដ្ឋាន និងវិនិច្ឆ័យនូវចរិតរបស់ ស៊ូប៊ែឌី យ៉ាង​ម៉េចដែរ?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ខ្ញុំចង់បញ្ជាក់ថា លោក ស៊ូប៊ែឌី ពុំបានបំពេញភារកិច្ចដែលឯកឧត្តមអគ្គលេខាធិការអង្គការ​សហប្រជាជាតិចាត់តាំងឲ្យធ្វើជាអ្នករាយការណ៍ពិសេស ស្តីអំពីសិទ្ធិមនុស្សនៅកម្ពុជាទេ ផ្ទុយ​ទៅវិញ គាត់ដើរតួជាដៃគូដ៏ជិតស្និទ្ធិ ឬជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំង ​និងអង្គការសិទ្ធិ​មនុស្សប្រឆាំងនៅកម្ពុជាទៅវិញ។ រឿងនេះយើងអាចរកមូលហេតុ តើហេតុអ្វីបានជា​​លោក ស៊ូប៊ែឌី មិន​មាន​សមត្ថភាពបំពេញការងារជាមួយនឹងរាជរដ្ឋាភិបាល? ទី១ ដូចខ្ញុំបានលើក កាលពីមុនគឺយើងអាចនឹក​ឃើញអតីតកាល អ្នកដែលមុនលោក ស៊ូប៊ែឌី គឺលោក យ៉ាស់ ហ្គៃ។ លោក យ៉ាស់ហ្គៃ​ គាត់ធ្វើការ​របៀបហ្នឹងដែរ​​ ពេលនោះរដ្ឋាភិបាលមិនសហការ និងរដ្ឋាភិបាលប្រកាសអត់សហការជាមួយលោក​ យ៉ាស់ ហ្គៃគឺពេលនោះហើយដែលយើងមានសិទ្ធិឲ្យផ្លាស់ប្តូរបុគ្គល ពេលនោះហើយ​ដែល​អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្តូរមកលោក​ ស៊ូប៊ៃឌី តើហេតុអ្វីបានលោក ស៊ូប៊ែឌី នៅ​តែមានចរឹស្រដៀងគ្នា។ ត្រង់នេះដែលយើងនាំគ្នាទៅសិក្សាមើលសមាសភាពមនុស្ស​នៅ​ក្នុង​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ អ្នក​ទាំងអស់នោះ គឺជាអ្នកធ្វើការជិតស្និទ្ធិ យើងមិនថាទាំងមូលទេ យើងថាភាគច្រើននៅក្នុង​នោះប្រាកដជាធ្វើការជិតស្និទ្ធិជាមួយនឹងគណបក្សប្រឆាំង និងNGO សិទ្ធិមនុស្សប្រឆាំង ឬក៏ជា​មន្ត្រីរបស់គណបក្សប្រឆាំងតែម្តង ដែលធ្វើការនៅក្នុងការិយាល័យឧត្តមស្នងការនោះ ទោះបីជា​ដូរមនុស្ស យ៉ាស់ ហ្គៃ មក ស៊ូប៊ែឌី នៅតែការងាររបស់ពួកគាត់អត់ជឿនលឿនដដែល មិនមែន​ការ​ងារសិទ្ធិមនុស្សនៅកម្ពុជាអត់ជឿនលឿនទេ គឺការងាររបស់គាត់ ក្នុងតួនាទីជាអ្នករាយការណ៍ពិសេស​ស្តីពីសិទ្ធិមនុស្ស នៅតែអត់សុក្រឹត្យ អត់ឆ្លុះបញ្ចាំងការពិត។ ត្រង់នេះដែលអគ្គលេខាធិការអង្គការ​សហប្រជាជាតិ ត្រូវពិនិត្យពីសមាសភាពឡើងវិញនៅក្នុងការិយាល័យឧត្តមស្នងការ​អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ពីព្រោះអ្នកទាំងអស់នោះ គឺជាដើមចម ឬក៏ជា​អ្នកមាន​​ទំនាក់ទំនងជិតស្និទ្ធិតែមួយជ្រុង ដែលធ្វើការមិនសុក្រឹត្យចំពោះតថភាព របស់សង្គមកម្ពុជា។ អញ្ចឹងយើងអាចរកឃើញថា​​ ហេតុ​អ្វី​បានជាលោក ស៊ូប៊ែឌី បន្ថោកខ្លួនដូចនឹងលោក យ៉ាស់ ហ្គៃ​?​ គឺពីមុនមិនធ្វើការឲ្យពិតប្រាកដក្នុងមុខងាររបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាល យើងមិនមែនឲ្យទៅរួម​គំនិតជាមួយនឹងរដ្ឋាភិបាលទេប៉ុន្តែត្រូវធ្វើការជាមួយគ្នាដើម្បីឲ្យមានការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា​​ ផ្ទុយទៅវិញគេ​​បែរទៅជាប្រកាន់យកនូវឥរិយាបថ និងបុរេវិនិច្ឆ័យ​​​ដូចមុនៗ​​ជាមួយនឹងគណបក្សប្រឆាំងជាក់ស្តែង​​ អ្វីដែលជារបាយការណ៍របស់លោក ស៊ូប៊ែឌី បច្ចុប្បន្ន គឺជារបាយការណ៍ឆ្នាំទៅ ឆ្នាំទៅមួយ ១០ឆ្នាំមុនដូចគ្នាទាំងអស់។ មួយទៀត​ខ្ញុំ​និយាយអំពីកាលវេលារបាយការណ៍ឆ្នាំនេះ ដូចតែរបាយការណ៍ឆ្នាំទៅ ហើយបើនិយាយអំពីខ្លឹម​សារទៀត ថ្វីត្បិតតែគាត់ចេះយកទំនាស់បច្ចុប្បន្នយកមកលើកនិយាយ ឧទាហរណ៍ដូចជាទំនាស់​ដីធ្លីនៅបឹងកក់ នៅបុរីកីឡា ប៉ុន្តែចរិតនៃការលើកឡើងនៅដដែល បានន័យថា គាត់អត់ទៅសិក្សា​អំពីសាវតានៃរឿងដីធ្លីបឹងកក់ ឬក៏ដីធ្លីនៅបុរីកីឡា​​ ​សុឆន្ទៈរបស់រដ្ឋាភិបាលបានអត់​ធ្មត និងរកវិធីដោះស្រាយដ៏ល្អប្រសើរ ដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងទំនាស់ ប៉ុន្តែបានកាត់បន្ថយរឿងនោះបានមួយកម្រិតធំ គួរតែលោក ស៊ូប៊ែឌី សិក្សា​រឿងនេះឲ្យជ្រៅ ទើបគាត់អាច​​ធ្វើរបាយការណ៍ពាក់ព័ន្ធរឿងទំនាស់ដីធ្លីនោះ ទៅឯកឧត្តមអគ្គ​លេខាធិការអង្គការសហប្រជាជាតិបានសុក្រឹត្យ ប៉ុន្តែគាត់ធ្វើដូចគណបក្សប្រឆាំង គណបក្សប្រឆាំងជេរតែរឿងបឹងកក់ ជេរតែរឿងបុរីកីឡា ចំណែករឿងសាវតាបឹងកក់ រឿងសាវតាបុរី​កីឡា រឿងដែលរដ្ឋាភិបាលដោះស្រាយបានកម្រិតណាហើយគឺមិនដឹង វាមិនទាន់បានមួយរយភាគរយទេ តែវាបាន៩០ភាគរយក៏៨០ភាគរយ ឬក៏៧៥ភាគរយ ហើយ ។ គណបក្ស​ប្រឆាំងមិនដែលឲ្យតម្លៃនៃដំណោះស្រាយដែលរដ្ឋាភិបាលបានធ្វើរួចមកហើយទេ គឺមានតែ ការចោទប្រកាន់រដ្ឋាភិបាលប៉ុណ្ណោះ
លោក សត្យា រក្ស
សំណួរតើ​​សកម្មភាព​​នៃការជួយបត្ថម្ភ​​​ជ្រោមជ្រែង​​របស់ លោក ស៊ូយ៉ា ស៊ូបេឌី ចំពោះ​​គណបក្ស​​ប្រឆាំងនៅកម្ពុជា​​យ៉ាង​​ខ្លាំងក្លា​​នេះអាចធ្វើឲ្យគណបក្សប្រឆាំងបោះជំហ៊ានទៅមុខ​​នៅ​​ក្នុង​​​ទីលាន​​​ប្រជាធិបតេយ្យ​​នៃការប្រកួតប្រជែង​​បានដែរទេ​​?​​
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយដូចខ្ញុំបានបញ្ជាក់ហើយថាបើលោក ស៊ូបេឌីចង់ជួយជ្រោមជ្រែង លើកស្ទួយ​​សមត្ថភាព​​ធ្វើ​​នយោបាយ​​​របស់មេដឹកនាំគណបក្សប្រឆាំង​​ គួរតែគាត់លាលែងតំណែងដ៏មាន​​កិត្តិយស​​​ដែល​​តែងតាំង​​​ដោយ​​​ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ​​​​​ជាអ្នក​​រាយការណ៍​​​​ពិសេស​​​ពាក់ព័ន្ធទៅ​​នឹងសិទ្ធិមនុស្ស​​​នៅ​​កម្ពុជា​​​សិន​​ ហើយទៅធ្វើតួនាទីជាអ្នកបង្ហាត់បង្រៀន​​​គណបក្សប្រឆាំង​​​ នោះទើបប្រសើរជាងហើយវាប្រសើរជាងគាត់ដែលពាក់ឯកសណ្ឋាន​​​ជាអ្នករាយការណ៍​​ពិសេស​​ ឲ្យអគ្គលេខាធិការ តែពេលធ្វើការបែរជាធ្វើការជាអ្នក​​​នាំពាក្យ​​ឲ្យគណបក្សប្រឆាំងទៅវិញដូច្នេះគាត់គួរតែដោះខោអាវនោះចេញហើយទៅធ្វើជាគ្រូបង្រៀន​​ប្រជាធិបតេយ្យបង្រៀននយោបាយ។ល។ដើម្បីជួយសង្គ្រោះគណបក្សប្រឆាំងនៅ​​កម្ពុជា​​វិញហើយ​​ខ្ញុំជឿជាក់ថា​​ប្រជាពលរដ្ឋ​​ក៏សារទរ​​ដែរពីព្រោះយើងចង់បានគណបក្សប្រឆាំង​​ដែល​​មានចរឹតថ្លៃថ្នូរ​​ដូចគណបក្សប្រឆាំង​​នៅ​​បណ្តា​​ប្រទេស​​ដ៏ទៃ​​ទៀត​​ ​ហើយរដ្ឋាភិបាល​​ក៏សារទរដែរ សព្វថ្ងៃនេះគណបក្សប្រឆាំងនៅកម្ពុជា រំខានដល់ការអភិវឌ្ឍ និងរំខានដល់​​ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាខ្លាំងណាស់​​ ហើយបានធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ដោយសារខ្លួនបានតាំងខ្លួនជាអ្នកប្រជាធិបតេយ្យប៉ុន្តែខ្លួនគ្មានកម្មវិធីនយោបាយ​​ និង​​គ្មាន​​ចរឹត​​​នយោបាយ​​ប្រជាធិបតេយ្យបន្តិចឡើយ​​​ ពួកគេគិតតែពីដើរញុះញង់ប៉ុណ្ណោះ លោក ស៊ូបេឌីអាចដឹងតាមរយះការពិនិត្យនិងឆែកមើលនូវឥរិយាបទនយោបាយជាតិនិយមជ្រុលរបស់​​គណបក្ស​​​ប្រឆាំង​​​នៅកម្ពុជាយ៉ាងងាយបំផុតខ្ញុំសូមលើកជាឧទាហរណ៍​​ដើម្បីធ្វើការវិភាគ​​​ថាបើសិនជាអ្នកនយោបាយនៅក្នុងប្រទេសរបស់លោកប្រកាន់នូវឥរិយាបទ​​ជាតិនិយមជ្រុលហួសហេតុ​​​បែបនេះ ប្រជាជាតិរបស់លោកក៏អត់បានសេចក្តីសុខដែរ​​​​ នៅក្នុងទិដ្ឋភាពដែលលោកធ្លាប់បានបំពេញការងារនៅលើឆាកអន្តរជាតិរបស់អង្គការសហប្រជាជាតិ​​ លោកប្រាកដជាបានដឹងថាគ្មាននរណាគេគាំទ្រនយោបាយជាតិនិយមជ្រុលហួសហេតុ ​​តទៅទៀត​​ទេប៉ុន្តែសម្រាប់គណបក្សប្រឆាំងនៅកម្ពុជាតើលោក ស៊ូបេឌី បានដឹងឬទេ​​ថា ពួកគេកំពុងតែយក​​នយោបាយជាតិនិយម​​ជ្រុល​​ហួសហេតុ​​មកញុះញង់ប្រជាជាតិខ្មែរ​​ស្អប់វៀតណាមឲ្យស្អប់រាជរដ្ឋាភិបាលកម្ពុជាដោយចោទប្រកាន់ថារដ្ឋាភិបាលជារដ្ឋាភិបាលអាយ៉ង​​នោះ​?​​​​ តើលោក ស៊ូបេឌីបានឮនូវភាសាទាំងអស់នេះឬទេ​?​ តើគណបក្សប្រឆាំង និងមន្ត្រីនៅក្នុងការិយាល័យ​​ឧត្តមស្នងការ​​ នៅកម្ពុជាបានរាយការណ៍ឲ្យលោក ស៊ូបេឌី ដឹងឬទេអំពីចរឹត​​នយោបាយជាតិនិយមជ្រុលហួសហេតុ​​របស់គណបក្ស​​ប្រឆាំងនៅកម្ពុជា​?​បើសិនជាលោកស៊ូបេឌី បានដឹង លោកគួរតែបង្រៀនអស់លោកគណបក្សប្រឆាំងឲ្យចេះធ្វើនយោបាយថ្លៃថ្នូរ​​ មានវប្បធម៌នយោបាយប្រជាធិបតេយ្យ​​សេរីពិតប្រាកដ​​ ឲ្យមានសមត្ថភាពតាក់តែងកម្មវិធី​​នយោបាយ​​ទៅលើវិស័យ​​នយោបាយនីមួយៗ​​ លោក ស៊ូបេឌី ក៏ត្រូវដឹងផងដែរថា គណបក្សប្រឆាំងនៅកម្ពុជា​​គឺពុំមាន​​​រចនាសម្ព័ន្ធ និងក្រុមការងារលើវិស័យឧស្សាហកម្ម ក្រុមហិរញ្ញវត្ថុ​​ ឬក្រុមការងារលើវិស័យកសិកម្ម ឬវិស័យការពារជាតិនោះទេ គឺអត់ទាំងអស់គណបក្ស​​​ទាំងមូលគឺគ្មានសមត្ថភាព​​បង្កើត​​ក្រុមការងារ​​សម្រាប់វិស័យនយោបាយនីមួយៗទេ។ដូច្នេះ​​ពួកគេគ្មានសមត្ថភាពដើម្បីទៅប្រកួតប្រជែង​​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬជាមួយគណបក្សដឹកនាំរដ្ឋាភិបាលទេចំណុចទាំងនេះ លោក ស៊ូបេឌី គួរតែបង្រៀនពួកមេដឹកនាំគណបក្សប្រឆាំង បើលោក ស៊ូបេឌី បានបង្រៀនអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងរបៀបរបបធ្វើការ​​នយោបាយដល់គណបក្សប្រឆាំងនោះខ្ញុំជឿថា​​​​ក៏ជាការជួយដល់ប្រជាជាតិខ្មែរដែរពីព្រោះនៅពេលដែលគណបក្សប្រឆាំងបានយល់និងចេះធ្វើការងារអំពីនយោបាយ​​ ចេះយល់អំពីប្រជាធិបតេយ្យ ពេលនោះប្រជាពលរដ្ឋនឹងរកស៊ីរស់នៅដោយរលូនប្រកបដោយភាព​​សុខក្សេម្ភក្សាន្ត ដោយសារតែរដ្ឋាភិបាលមានភាពមោះមុតក្នុងការអភិវឌ្ឍប្រទេសហើយគណបក្សប្រឆាំងក៏ត្រូវចូលរួមតិតៀនដើម្បីស្ថាបនា​​
          លោក សត្យា រក្ស
សំណួរចរឹតរបស់គណបក្សប្រឆាំងដែលបានបន្តជីវិតនយោបាយរហូតមកដល់ពេលនេះគឺដោយសារតែការប្រើនូវនយោបាយនៃការភូតកុហកប្រជាពលរដ្ឋដូចជាការសន្យាដាក់ធ្មេញមាស សន្យារកប្តីឲ្យស្ត្រីម៉េម៉ាយឬក៏សន្យាបណ្តុះសក់ឲ្យអ្នកក្បាលទំពែកជាដើម​​បននយោបាយ​​ប្រឆាំង​​តែងតែប្រើនូវ​​ឧបាយកលនេះដើម្បីបោកប្រាស់បងប្អូនមួយចំនួនដែលខ្វះការ​​ពិចារណា​​​​​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ពួកគេបានសន្យាថាឲ្យឡាន ឲ្យកុំព្យូទ័រសាលាមតេយ្យ រួមជាមួយនឹងមជ្ឍមណ្ឌលកសិកម្មជាដើមដូច្នេះសូមលោកបណ្ឌិត​​ជួយបញ្ជាក់អំពីរបៀបនៃការផ្តល់ឧបករណ៍ទាំងនោះទៅសាលាឃុំជាលក្ខណៈច្បាប់តើត្រូវធ្វើតាមរបៀបណា​?​​
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ អ្នកនយោបាយប្រឆាំងនៅកម្ពុជាតែងតែធ្វើនយោបាយសន្យា និយាយឲ្យចំ គឺគណបក្សកឹម សុខា បានអួតថាឃុំណាដែលខ្លួនឈ្នះឆ្នោតគឺគេបានសន្យាឲ្យច្រើនណាស់​​​ ឥឡូវ យើងលើកយកតែបញ្ហាកុំព្យូទ័រនិងព្រីនធ័រមកនិយាយសិនហើយក៏នៅមាន​​សន្យាការផ្តល់ឡាន សង់សាលាមតេយ្យ​​នៅ​​តាម​​ភូមិធ្វើបណ្ណាល័យនិងធ្វើវិទ្យាស្ថានស្រាវជ្រាវកសិកម្មនៅតាមឃុំទៀតផងប៉ុន្តែរហូតមកដល់ពេលនេះពួកគេគ្រាន់តែបានផ្តល់កុំព្យូទ័រ​​តែ១៨គ្រឿងប៉ុណ្ណោះចំណុចដែលប្រជាពលរដ្ឋ​​ចាប់អារម្មណ៍នោះគឺនៅត្រង់ថាតើកុំព្យូទ័រ​​​នោះជាកុំព្យូទ័ររបស់គណបក្សកឹម សុខាដែលឲ្យទៅមេឃុំរបស់ខ្លួនដែលជាប់ឆ្នោតដើម្បីប្រើ​​ផ្ទាល់ខ្លួនឬជាកុំព្យូទ័រដែលផ្តល់ឲ្យទៅសាលា​​ឃុំ​​ដែលជារបស់រដ្ឋ​?​ បើឲ្យទៅបុគ្គលជាមេឃុំហើយមេឃុំនោះយកទៅដាក់ផ្ទះ ប្រើខ្លួនឯងគឺ​​កុំព្យូទ័រ​​នោះមិនមែនជារបស់រដ្ឋទេដូច្នេះកឹម សុខា កុំភូតប្រជាពលរដ្ឋថាឲ្យទៅសាលាឃុំ​​​​ប៉ុន្តែបើឲ្យទៅសាលាឃុំដែលជារបស់រដ្ឋ​​នោះគឺត្រូវចុះបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរដ្ឋហើយការប្រើប្រាស់គឺត្រូវថិតនៅក្នុងគោលដៅ​​ និងការចាត់ចែងរបស់ឃុំ ដែលមានមេឃុំ ជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំទៅតាមលក្ខន្តិកៈ​​ដែលបានចែងនៅក្នុងឃុំចំពោះការជ្រើសរើសយក អ្នកមានសមត្ថភាពប្រើប្រាស់​​កុំព្យូទ័រវិញគឺយើងមានអ្នកដែលមានក្របខណ្ឌ​​ច្បាស់លាស់ គឺស្មៀនឃុំដែលជាមន្ត្រីរដ្ឋបាលអចិន្ត្រៃយ៍ប្រចាំឃុំ​​ ដែលត្រូវបាន​​ជ្រើសរើស​​ពីក្រសួង​​មហាផ្ទៃដើម្បីបំពេញការងារ​​ឲ្យឃុំ​​រួចហើយប៉ុន្តែបើសិនជាមេឃុំនោះទៅជ្រើសរើសអ្នកផ្សេងនោះគឺជាការខុសឆ្គង​​ហើយ​​ ហើយបើចង់យកថវិការឃុំទៅឲ្យប្រាក់ខែដល់អ្នកដែលវាយកុំព្យូទ័រ​​ គឺត្រូវអនុវត្ត​​ទៅតាម​​ចំណាត់ការដែលមានចែងនៅក្នុងច្បាប់​​រដ្ឋបាលឃុំ សង្កាត់៕
សម្រង់ព័ត៌មាន លោក នូ សាវុធឌី