Wednesday, September 5, 2012

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​​សម្ពោធ​​អគារ​សិក្សា​ថ្មី​សាលា​​មត្តេយ្យ​ឈុង​ជឹង

សុ ន្ទ រ ក ថា
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន
ឧបនាយ​ករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី
ក្នុងពិធី​សម្ពោធ​អគារ​សិក្សា​ថ្មីសាលា​មត្តេយ្យ​ឈុងជឹង
រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២
-  ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា អស់​លោក លោក​ស្រី ភ្ញៀវ​កិត្តិយសជាតិនិង​អន្តរជាតិ
-  គណៈគ្រប់​គ្រង​សាលា លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សា​នុសិស្ស និង​ចៅៗ​កុមារា​កុមារីទាំងអស់ជាទីស្រលាញ់!


ថ្ងៃនេះ ខ្ញុំមាន​សេចក្តី​សោម​នស្សរីក​រាយចូល​រួម​ជាមួយ ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា អស់​លោក លោកស្រី គណៈគ្រប់​គ្រង​សាលា លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សា​នុសិស្ស និងចៅៗកុមារាកុមារី​ទាំងអស់ ក្នុង«ពិធី​សម្ពោធ​អគារ​សិក្សាថ្មី​​សាលា​មត្តេយ្យ​ឈុង​ជឹង» នាពេលនេះ។ ខ្ញុំសូម​សម្តែងនូវការ​អបអរ​សាទរ ចំពោះ​សមិទ្ធ​ផល​ថ្មីដ៏មាន​សារៈ​ប្រយោជន៍នេះ និងសូម​កោត​សរសើរ​ចំពោះសមាគម​ចិនខិ​កម្ពុជា ព្រមទាំង​សប្បុរស​ជន​ទាំងអស់ ដែល​បានជួយ​ឧបត្ថម្ភគាំទ្រ​ដល់ការ​កសាង​អគារសិក្សា​ថ្មីនេះ ឱ្យរួច​រាល់ជា​ស្ថាពរ។
សមិទ្ធផល​ថ្មីនេះ ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពីការ​រីកលូត​លាស់​ជា​លំដាប់​របស់​សាលារៀន ឈុង ជឹង ក្រោម​ការជួយ​ជ្រោមជ្រែង​យ៉ាងពេញ​ទំហឹង​ប្រកប​ដោយការ​យកចិត្ត​ទុកដាក់ និងការ​ទទួល​ខុសត្រូវ​ខ្ពស់​របស់​សមាគម​ចិនខិ​កម្ពុជា ព្រមទាំង​មានការ​ឧបត្ថម្ភ​គាំទ្រពីគ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម។ កាយវិការ​ដ៏​សប្បុរស ​ទាំងនេះ ពិតជា​បានរួម​ចំណែក​យ៉ាង​ច្រើន​ដល់ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​។ ខ្ញុំសូមឱ្យ​ស្មារតីនៃកិច្ច​ខិតខំ​​ប្រឹង​ប្រែងនេះ​បន្តកើត​មានជា​និរន្តរ៍ ដើម្បីបុព្វហេ​តុនៃការ​អប់រំ និងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា ហើយខ្ញុំ​សង្ឃឹមថា សាលារៀន​នេះនឹង​បន្តទទួល​បាន​នូវកិត្តិនាម​ជា ​«សាលាគំរូ​អប់រំ​វប្បធម៌ចិន​ដ៏ប្រសើរ​នៅ​បរទេស»។
ការ​អប់រំ​បណ្តុះប​ណ្តាល​ធនធាន​មនុស្ស គឺជាកិច្ចកា​រដ៏សំខាន់​និងចាំបាច់​សម្រាប់រួម​ចំណែក​ដល់​ការ​កសាង​សង្គម​អារ្យធម៌​មួយប្រកប​ដោយ​សុខដុម​រមនា សុភមង្គល សណ្តាប់ធ្នាប់ និង​ការ​រីក​ចម្រើន​ជា​លំដាប់។ ដោយ​ឡែក ការអប់រំ​ដំបូង​ពីថ្នាក់​មតេ្តយ្យ​ដល់បឋម​សិក្សា គឺជា​ការក​សាង​មូលដ្ឋាន​គ្រឹះ​ដ៏មានសារៈ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​មូលធន​បញ្ញា​របស់កុមារា​កុមារី ដើម្បីឱ្យ​ពួកគេ​ក្លាយខ្លួន​ជា​កោសិកា​​​សង្គម​ប្រកប​ដោយសក្តានុ​ពល។ ក្នុងន័យ​នេះ ការកសាង​អគារសិក្សា​ថ្មីសម្រាប់​ថ្នាក់​មត្តេយ្យ របស់​សាលារៀន ឈុង ជឹង ពិតជា​បានឆ្លើយ​តបទៅ​នឹងត​ម្រូវកា​រចាំបាច់​សម្រាប់ការ​អប់រំ បណ្ដុះ​បណ្ដាល​កុមារ​តូចៗ​មុនពេល​ចាប់ផ្តើម​រៀននៅ​សាលាប​ឋមសិក្សា។
ការធានា​បាននូ​វគុណភាព​នៃការអប់រំ​ដំបូង​សម្រាប់​កុមារតូចៗ​ គឺមាន​ភាពចាំ​បាច់​ណាស់​សម្រាប់​ជួយ​អភិវឌ្ឍ​សម្បទា និង​សមត្ថភាព​របស់កុមារ​ឱ្យមានការ​រីកចម្រើន​ទាំងផ្នែក​រាងកាយ​និងបញ្ញាស្មា​រតី។ ការស្វែង​យល់​របស់​កុមារ​ក្នុងដំណាក់​កាលអប់រំ​នៅថ្នាក់​មតេ្តយ្យ គឺមាន​សភា​ពក្លៀវក្លាណាស់។ ដូច្នេះ ការអប់រំ​នៅថ្នាក់​មត្តេយ្យ មិនគ្រាន់​តែជាដំណាក់​កាលមួយ​សម្រាប់​បន្សាំ​កុមារ​ទៅនឹង​បរិយាកាស​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បណ្ដុះ​គំនិត​កុមារ​តូចៗ ឱ្យស្រឡាញ់​និងចូល​ចិត្ត ការសិក្សា​ទៀតផង។​ ក្នុងដំណាក់​កាលនេះ កុមារតូច​ៗអាច​ចាប់ផ្តើម​ស្វែងយល់​និងសិក្សា​អំពីបញ្ហា​ផេ្សងៗ​ក្នុងជីវិត​ដូចជា វិន័យ ការ​អត់ធ្មត់ ការ​ចេះ​តស៊ូ និង​ការយល់​ដឹងអំពី​ហេតុនិង​ផលជា​ដើម។ ម្យ៉ាង​វិញទៀត ការរៀន​បន្សាំខ្លួន​ទៅនឹង​បរិយាកាស​សង្គមតាំង​ពីវ័យ​ក្មេងខ្ចី គឺជា​ចំណុចចាប់​ផ្តើមដ៏​ល្អ​សម្រាប់​កុមារតូចៗ​ ក្នុងការ​រស់នៅ​ប្រកប​ដោយភាព​ថ្លៃថ្នូរ ដឹងខុស​ដឹងត្រូវ ជាពិសេស ចេះប្រុង​ប្រយ័ត្ន និងចេះ​បន្សាំខ្លួន​ទៅនឹង​គ្រប់​មជ្ឈដ្ឋាន​សង្គម។
រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិប​ណ្ឌិតរបស់​សម្តេចអគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រក​ម្ពុជា បានដាក់​ចេញនូវ​គោលន​យោបាយ​សំខាន់ៗ​​ជាច្រើន សំដៅ​សម្រេច​ឱ្យបាន​នូវគុណភាព​ខ្ពស់ក្នុង​ការអប់រំ​កុមារ ជាពិសេស​គឺធ្វើ​ឱ្យកុមារ​មាន​សុខភាពល្អ មាន​សមត្ថភាព មានការ​ប្រាស្រ័យទា​ក់ទងល្អជា​មួយអ្នក​ដទៃ និងមាន​ការចង់​ចេះចង់​ដឹង និងឧស្សាហ៍ព្យាយាម​ក្នុងការ​សិក្សារៀន​សូត្រ។ ដើម្បី​សម្រេច​បាននូវ​គោលដៅ​ខាងលើនេះ រាជរដ្ឋា​ភិបាល​បានបើក​ទូលាយ​ឱ្យមាន​ការចូលរួម​ឧបត្ថម្ភគាំទ្រ​ពីគ្រប់ភាគី​ពាក់ព័ន្ធទាំង​ក្នុងនិង​ក្រៅប្រទេស។ ជាក់​ស្តែង សមាគមចិនខិកម្ពុជា បានចូល​រួមអប់រំ​បណ្ដុះ​បណ្ដាល​ក៏ដូចជា​កសាង​បន្ថែម​នូវអគារ​សិក្សា​ថ្មីៗ សំដៅ​ជំរុញឱ្យ​ការ​អនុវត្ត​គោលនយោ​បាយរ​បស់រាជ​រដ្ឋាភិបាល​ទទួលបាន​ជោគជ័យ។ ខ្ញុំសូមយក​ឱកាស​នេះ សម្ដែង​នូវការ​អបអរ​សាទរ និងស្វាគមន៍​យ៉ាងកក់​ក្តៅចំពោះ​សមិទ្ធផល​និងសកម្មភាព​អប់រំ​របស់​សមាគម​ចិនខិ​កម្ពុជា ដែលបា​ននិងកំពុង​ដំណើរការ​នៅកម្ពុជា។
ជាមួយ​គ្នានេះ​ដែរ ខ្ញុំសូម​អំពាវនា​វដល់គ្រប់​សាលា​រៀនទាំងអស់ សូមយក​ចិត្តទុកដាក់​ខ្ពស់​ចំពោះ​កម្មវិធី​សិក្សាដែល​អាចជួយ​ឱ្យកុមារ​ទទួល​បាននូវ​គុណវុឌ្ឍិ​មួយចំនួន​ដូចខាង​ក្រោម៖ (១)អាច​យល់ដឹង​អំពីអ្វី​ដែលខុស​និងអ្វី​ដែលត្រូវ (២)មានគំនិត​ច្នៃប្រឌិត (៣)មានស​មត្ថភាព​ទំនាក់ទំ​នងជា​មួយអ្នកដទៃ​និងអាច​ចូលរួមធ្វើការ​ងារ​ជាក្រុម (៤)អាច​សម្តែង​ចេញនូ​វអារម្មណ៍​របស់​ខ្លួន​តាមរយៈ​ពាក្យ​សំដី និង ចេះស្តាប់​ក៏ដូចជាយល់​អំពីអារម្មណ៍​របស់អ្នក​ដទៃ (៥)ចេះគោរព​និងចេះ​ប្រើ​ពាក្យ​សំដីនិង​អាកប្ប​កិរិយា គួរសម (៦)ចេះ​ស្រឡាញ់​ខ្លួនឯង គ្រួសារ និងអ្នកដទៃ (៧)ចូល​ចិត្ត​សកម្ម​ភាព​ដែលនាំម​កនូវ​សុខភាពល្អ និងការរីក​ចម្រើនទាំង​ផ្នែករាង​កាយ​និងបញ្ញា​ និង(៨)អាចធ្វើ​សុភវិនិច្ឆ័យ​និងការ​សម្រេចចិត្ត​ដ៏ត្រឹម​ត្រូវ។
ជាថ្មីម្តង​ទៀត ខ្ញុំសូម​សម្តែង​នូវការ​អបអរសាទរ​ចំពោះ​សាលារៀន ឈុង ជឹង ដែល​បាន​កសាង​អគារសិក្សា​ថ្មីសម្រាប់​កុមារ​តូចៗ សំដៅរួម​ចំណែក​ដល់ការ​អភិវឌ្ឍវិស័យ​អប់រំនៅ​កម្ពុជា ក៏ដូចជា​ការ​ផ្សារភ្ជាប់​ចំណង​មិត្តភាព និងទំនាក់​ទំនង​ជាភាតរ​ភាពរវាង​ព្រះរាជា​ណាចក្រ​កម្ពុជា​និងសាធារ​ណរដ្ឋ​ប្រជាមានិត​ចិន ឱ្យកាន់តែ​រឹងមាំ​ថែមទៀត។
ឆ្លៀតក្នុង​ឱកាសនេះ ខ្ញុំសូមផ្តាំ​ផ្ញើដល់​គណៈគ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូមបន្ត​លើក​កម្ពស់​ស្មារតី​វិជ្ជាជីវៈនិងយ​កចិត្តទុក​ដាក់ខ្ពស់​ក្នុងការបង្ហាត់​បង្រៀន និងផ្តល់ការ​អប់រំ ដល់​កុមារ​តូចៗ កុមារា​កុមារី សិស្សានុ​សិស្ស និងសូ​មផ្តាំផ្ញើដល់​ចៅៗ ក្មួយៗ សិស្សានុ​សិស្សទាំង​អស់ សូមខិតខំ​សិក្សារៀន​សូត្រ បង្កើន​សមត្ថភាព និង​កសាងខ្លួនឱ្យក្លាយ​ទៅជាសិស្ស​ល្អ មិត្តល្អ កូនល្អ និង​ពល​រដ្ឋល្អ​ក្នុងសង្គម ឱ្យស័ក្តិ​សមជា​ទំពាំងស្នង​ឫស្សី ជាសសរ​ទ្រូងដ៏រឹង​មាំរបស់​ប្រទេស​ជាតិ ហើយ​ចៀសវាង​ដាច់ខាត នូវរាល់​អំពើអស​កម្ម និងអំពើ​អបាយមុខ​ដែលនឹង​បំផ្លាញខ្លួនឯង​ផងនិងសង្គម​ជាតិផង។
ជាទីបញ្ចប់ ខ្ញុំសូមជូ​នពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ ចៅៗ កុមារា​កុមារី​ ក្មួយៗ​សិស្សានុ​សិស្សទាំង​អស់ សូមទទួល​បាន​ជោគជ័យ​គ្រប់ភារ​កិច្ច មានសុ​ខភាពល្អ និងសុ​ភមង្គល​ក្នុងក្រុម​គ្រួសារ។
សូមអរគុណ!