Saturday, October 6, 2012

អ្នកច្បាប់កម្ពុជា ស្វែងយល់ពីអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ាឡេស៊ី

ភ្នំពេញ: សមាគម​អន្តរជាតិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (IAACA) ត្រូវ​ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១២​។ ក្នុងនោះ មន្ត្រី​ក្រសួងយុត្តិធម៌ អ្នកច្បាប់ ព្រះរាជអាជ្ញា និង​ចៅក្រម របស់​ប្រទេស​កម្ពុជា ក៏បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​ផងដែរ​។​
​    ​
​លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យកា​អម​តុលាការ​កំពូល និង​ជា​សហ​ព្រះរាជអាជ្ញា​ភាគី​កម្ពុជា នៅ​តុលាការ​ខ្មែរក្រហម បាន​ដឹកនាំ​ប្រតិភូ ១ ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​។ លោក ច័ន្ទ តារា​រស្មី ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​តុលាការ​កំពូល លោក ផាន់​វណ្ណា​រ័ត្ន ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ លោក ស្រ៊ាង រតនៈ ព្រះរាជអាជ្ញារង​អម​តុលាការ ខេត្តសៀមរាប លោក កិ ម៉ា​នេ​រ៉ា ចៅក្រម​សាលាដំបូង ខេត្តព្រៃវែង ព្រមទាំង​មន្ត្រី​ពី​ក្រសួងយុត្តិធម៌ និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ នៃ​សមាគម​អន្តរជាតិ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​។​
​    ​
​បំណង​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នោះ ដើម្បី​ចែករំលែក​បទពិសោធន៍ ផ្លាស់ប្ដូរ​ព័ត៌មាន និង​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់ និង​បច្ចេកទេស ស្ដីពី តួនាទី​ព្រះរាជា​អាជ្ញា និង​ចៅក្រម និង​មន្ត្រី​អាជ្ញាធរ​ជំនាញ​នានា ក្នុងការ​ប្រឆាំង​អំពើពុករលួយ ក្នុងចំណោម​ប្រទេស ១៥០ ជា​សមាជិក នៃ​សមាគម ( IAACA )​។​
​    ​
​តាម​គម្រោង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា អយ្យការ​អម​តុលាការ​កំពូល នឹង​ជួបពិភាក្សា​ការងារ និង​សំដែង​គួរសម​នឹង​លោក ចាវ ជាន​មីង អគ្គ​រដ្ឋអាជ្ញា នៃ​មហាអយ្យការ​អម​តុលាការ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដោយ​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​។ ជំនួប​នោះ ធ្វើ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ កន្លងមក​។ 
​    ​
​លោកស្រី ជា លាង ក៏​នឹង​អញ្ជើញលោក ចាវ ជាន​មីង អគ្គ​រដ្ឋអាជ្ញា​ប្រទេស​ចិន មក​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ផងដែរ​៕