Saturday, October 6, 2012

ប៉ូលិស ​ព្រមាន​បង្ក្រាប​បាតុកម្ម​របស់​ក្រុមយុវជន​គណបក្ស​ សម​ រង្ស៊ី

ភ្នំពេញ: ​ប៉ូលិស​ក្រសួង​មហាផ្ទៃ នឹង​ចាត់វិធានការ​បង្ក្រាប​លើ​ក្រុមយុវជន​គណបក្ស​សម​រង្ស៊ី ដែល​បាន​ប្រកាស​ធ្វើបាតុកម្ម តវ៉ា​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ព គ​.​ជ​.​ប​. នៅ​ថ្ងៃ​ទី២៣តុលា បើសិនជាមានការហែក្បួនបាតុកម្មតាមផ្លូវ ដោយខុសច្បាប់។ រដ្ឋសភា នឹងប្រជុំ​អនុម័ត​សមាសភាព គ​.​ជ​.​ប​. នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា "​ចង់​ធ្វើ​បាតុកម្ម​ធ្វើបាន ដោយ​មាន​ទីធ្លា​បញ្ចេញមតិ (​ទីលាន​ប្រជាធិប​តេយ្យ​) ធ្វើ​ពី​ម៉ោង​៦​ព្រឹក​ដល់​៦​ល្ងាច ហើយ​លើសពីនេះ ក្រោម​ការគ្រប់គ្រង​របស់​ច្បាប់​ទាំងអស់ ហើយ​​បើ​ធ្វើ​ខុសច្បាប់ ច្បាប់​ជា​អ្នកកំណត់​"​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​មាន​បន្តថា នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ រដ្ឋសភា​នឹង​ធ្វើ​ការប្រជុំ​វិសាមញ្ញ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ ​សមាសភាព​​គណៈកម្មា​ធិកា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) មិន​អាច​ប្រឆាំង​និង​សេចក្តីសម្រេច​របស់​សភា​បាន​ទេ ពី​ព្រោះ​ច្បាប់​បាន​កំណត់​ហើយ​។ 

​លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ចំពោះ​ការទាមទារ​ឲ្យ​ផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. គឺ​មិន​អាច​ធ្វើបាន​ទេ ពីព្រោះ​អ្វី​ដែល​ក្រសួងមហាផ្ទៃ​បានធ្វើ គឺ​ធ្វើ​ទៅ​តាម​ច្បាប់ អត់​មាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​កំណត់​ទេ ហើយ​ការទាមទារ ដោយ​បាតុកម្ម​អ្វី​នោះ គឺ​វា​ស្ថិតនៅ​ក្រៅ​រង្វង់​ច្បាប់​។ ដូច្នេះ​ច្បាប់​ត្រូវតែ​មាន​វិធានការ​។​

​សេចក្តី​ព្រមាន​ផ្ទាល់មាត់​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ខាងលើនេះ បាន​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​ចលនា​យុវជន​គណបក្សប្រឆាំង សម រង្ស៊ី ដែល​គ្រោង​នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២ ចំ​ថ្ងៃ​ខួប​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ យុវជន​គណបក្ស​សម​រង្ស៊ី បាន​បំណង​ទាមទារ​ឲ្យមាន​ការកែសម្រួល​សមាសភា​ព គ​.​ជ​.​ប​. ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​ហៅថា ឲ្យ​ការបោះឆ្នោតជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្តទៅ​ដោយ​សេរី​ត្រឹមត្រូវ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​លោក សួង សោភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា លោក​គ្រោង​ធ្វើ​ទិវា​យុវជន ស្តីពី កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ តុលា ដោយ​ការធ្វើ​នេះ មាន​គោលបំណង ២​ធំៗ ទី​១-​ហែ​ញ្ញត្តិ ចេញពី​ទីលាន​ប្រជាធិបតេយ្យ យកទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា ដើម្បី​ឲ្យ​រដ្ឋសភា ដាក់បញ្ចូល ថ្ងៃទី​២៣ តុលា ជា​ថ្ងៃ​បុណ្យ​ជាតិ និង​ទី​២-​ហែ​ចេញពី​មន្ទីរ​រដ្ឋសភា​ឆ្ពោះទៅ​កាន់​ក្រសួង​មហាផ្ទៃ ក្នុង​គោលបំណង​ឲ្យ​ក្រសួងមហាផ្ទៃ ឬ​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្តូរ​ប្រព័ន្ធ​សមាសភាព គ​.​ជ​.​ប ពីព្រោះ​ប្រព័ន្ធ គ​.​ជ​.​ប សព្វថ្ងៃ មិន​ឯករាជ្យ​។​

​លោក សួង សោភ័ណ្ឌ បានបញ្ជាក់​ថា “​យើង​ចង់​បង្ហាញ​ដល់​មតិ​ជាតិ និង​អន្តរជាតិ ថា យុវជន​កម្ពុជា​កំពុង​តែ​ក្រោកឈរ ហើយ​យុវជន​កម្ពុជា ក្រោក​ពី​គេង ហើយ​ភ្ញាក់ ពីព្រោះ​យើង​អត់​អាច​ទុក​ស្ថានភាព​ដូច​សព្វថ្ងៃ​បាន​ទេ​”៕​