Saturday, October 6, 2012

សម្ដេចតេជោ និងលោកជំទាវ នឹងចុះទៅខេត្តបន្ទាយមានជ័យ ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ១.០៩៨ ប័ណ្ណ ដល់ពលរដ្ឋ ៧៤៤ គ្រួសារ

បន្ទាយមានជ័យ: ​ប្រជាពលរដ្ឋ ៧៤៥ គ្រួសារ ជា​ម្ចាស់​ក្បាលដី ១.១០៨ ក្បាលដី ស្មើនឹង ២.៨៨៦ ហិច​តា នឹងត្រូវ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះ ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ខែតុលា ឆ្នាំ​២០១២ នៅ​ខេត្តបន្ទាយមានជ័យ​។ 
​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះ នឹងធ្វើ​ឡើង បន្ទាប់ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ក្រុមការងារ​បច្ចេកទេស គោលដៅ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​វាស់វែង និង​ចុះបញ្ជី​រដ្ឋបាល​ដីធ្លី ចាប់តាំងពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២​។​
​    ​
​ក្នុងចំណោម ៧៤៤ គ្រួសារ ដែល​នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នោះ គឺមាន​ប្រជាពលរដ្ឋ ៣៨៧ គ្រួសារ មកពី​ភូមិ​ចំនួន ៥  នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ ៣៥៧ គ្រួសារ មកពី ៣​ភូមិ ក្នុងស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ត្រូវ​មក​ទទួល​ប័ណ្ណកម្មសិទ្ធិ រួមគ្នា នៅ​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១២​។ ដី​ទាំងនោះ ស្ថិតក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ២.៨៨៦ ហិច​តា ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន តាម​អនុក្រឹត្យ​លេខ ៤៨​អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១១​។​
​    ​
​សូមបញ្ជាក់ថា ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​កំណែទម្រង់​ដីធ្លី ស្របតាម​អនុសាសន៍​សម្ដេច​តេ​ជោ និង​តាម​បទបញ្ជា​លេខ ០១ ប​.​ប របស់​រាជរដ្ឋាភិបាល​នោះ គោលដៅ​ខេត្តបន្ទាយមានជ័យ មាន​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ៦ ក្រុម​និង​ក្រុមការងារ​បច្ចេកទេស​ជាច្រើន​ទៀត បាន​ចុះ​គោលដៅ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក មុនគេ​។ ដី​ពលរដ្ឋ ដែល​ប៉ះពាល់ គឺ​ប៉ះពាល់​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​៣​ក្រុមហ៊ុន , ដី​តំបន់ការពារទេសភាព​បន្ទាយឆ្មារ ដែល​ចែក​ដោយ​ព្រះរាជក្រឹត្យ (​ដែល​ត្រូវ​វាស់វែង​ជូន​) និង​ដី​ប៉ះពាល់​រមណីយដ្ឋាន តំបន់​ប្រាសាទបន្ទាយឆ្មារ (​ពុំ​វាស់វែង​ជូន​)​។​
​    ​
​ចាប់ពី​ផ្ដើម​ប្រតិបត្តិការ ថ្ងៃទី​២៩ មិថុនា ដល់​ថ្ងៃទី​២ តុលា ២០១២ កន្លងមក ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ និង​ក្រុមការងារ​បច្ចេកទេស​អនុវត្តបាន​៖ ប្រកាស​តំបន់​វិនិច្ឆ័យ ៦ ឃុំ , កំណត់​ព្រំ​តំបន់ ៧៣៩ បង្គោល , វាស់វែង ៦០២​ចំណុច , គូស​ផែនទី ៥​ផ្ទាំង ស្មើនឹង ១៣.២១០ ហិច​តា , បំពេញ​សាលា​ក​ប័ត្រ​បាន ១២.៩២៣ ក្បាលដី , បញ្ចូល​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​បាន ១៣.១៨១ , ចំនួន​គ្រួសារ​ផ្ទៀងផ្ទាត់​រួច ៧.២១៣​គ្រួសារ , វាស់វែង​និង​គូស​ក្បាលដី ៩.១២៣​ក្បាលដី , ទំហំ​ក្បាលដី​បាន ១៥.៣៣០ ហិច​តា , បំពេញ​ទម្រង់​បែបបទ​បាន ៦.១៧២ និង​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​បាន ៣១៣១​ក្បាលដី​។​

​លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ ដឹកនាំ​ក្រុមបច្ចេកទេស ឯ​ក្រុមយុវជន​ស្ម័គ្រចិត្ត ៦​ក្រុម មាន​លោក ប៊ិន ស៊ី​នាថ , លោក រុន តូ , លោក កៅ ដា​វីត ជាដើម ជា​អ្នកដឹកនាំ​។​
​    ​
​លោក អ៊ុង អឿន អភិបាលខេត្ត , លោក ទ្រី ណារិន អភិបាលរង​ខេត្ត ជាដើម ក៏បាន​ដឹកនាំ​លើ​ការងារ​រួម​នូវ​ការអនុវត្ត​នេះ ដែល​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន តែ​ទីបំផុត បច្ចេកទេស និង​បទពិសោធន៍​ចាស់ នៃ​ក្រុមបច្ចេកទេស និង​ចំណេះ​ជំនាញ​ខ្ពស់​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហើយ​ខិតខំ​និង​កិច្ចសហការ ការឧបត្ថម្ភ​គាំទ្រ ការផ្ដល់​ការលើកទឹកចិត្ត កម្លាំងចិត្ត​ការការពា​រ ពី​សមត្ថកិច្ច​ជំនាញ​ស៊ីវិល , កងកម្លាំង , ពលរដ្ឋ និង​សប្បុរសជន​នានា ធ្វើអោយ​ដំណើរការ​ទាំងនេះ​បាន​លឿន​មាន​លទ្ធផល និង​ប្រសិទ្ធភាព​។​
​    ​
​កន្លងមក មានការ​ចុះសួរសុខទុក្ខ និង​ឧបត្ថម្ភ​គាំទ្រ គឺមាន​តាំងពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​, ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​, មន្ទីរ​អង្គភាព​ជំនាញ​ស៊ីវិល​, កងកម្លាំង​, មហាជន និង​សប្បុរសជន​ពាក់ព័ន្ធ​៕