Saturday, October 6, 2012

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​ សិក្សា​ថ្មី​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​ ​

ដោយ​ ៖ វណ្ណៈ​ ថ្ងៃទី 06 តុលា 2012ម៉ោង 16:51:50
ខេត្ដកំពង់ចាម​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​ បាន​រៀបចំ​ពិធី​បើក​បវេសនកាល​ជា​ផ្លូវការ​ឆ្នាំ​សិក្សា​២០១២-២០១៣​ ក្រោម​អធិបតីភាព​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ប្រធាន​អាហារូបករណ៍​និស្សិត​ក្រីក្រ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ខេត្ដកំពង់ចាម​ ទទួល​បន្ទុក​ការងារ​យុវជន​ ព្រមទាំង​មាន​ មន្ដ្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​អ្នកគ្រូ​ និង​សិស្ស​ និស្សិត​យ៉ាងច្រើន​កុះករ​ ។​
​លោក​ យាន​ សំបូរ​ នាយក​ប្រតិបត្ដិ​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ កំពង់ចាម​ បាន​បណ្ដុះបណ្ដាល​លើ​កម្រិត​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​រង​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ (​អនុ​បណ្ឌិត​)​ ដែល​នៅ​ក្នុង​កម្រិត​នោះ​ រួម​មាន​ជំនាញ​ គណនេយ្យ​ ទីផ្សារ​ ការ​គ្រប់គ្រង​ធនធានមនុស្ស​ ព័ត៌មានវិទ្យា​ ភាសា​អង់គ្លេស​ អភិវឌ្ឍន៍ជនបទ​ ក្សេត្រសាស្ដ្រ​ ការ​គ្រប់​ គ្រង​ធនធានធម្មជាតិ​និង​គ្រប់គ្រង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ ។​ បច្ចុប្បន្ន​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​ មាន​និស្សិត​កំពុង​សិក្សា​ ១.២៤៦​នាក់​ក្នុង​នោះ​ស្រី​៥៦៦​នាក់​។​
​លោកនាយក​បាន​បន្ដ​ថា​ កាលពីដើម​មានឈ្មោះ​ថា​ សាខា​សាកលវិទ្យាល័យ​វេទ​មហាឫសី​ ហើយ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ថ្មី​នៅ​ឆ្នាំ​២០០៨​ ។​ ដំបូង​ឡើយ​សាខា​សាកលវិទ្យាល័យ​នេះ​ ស្ថិត​ក្នុង​ ទីតាំង​មិន​អំណោយផល​ អគារ​និង​បន្ទប់​ សិក្សា​មិន​សមរម្យ​ ទើប​មក​ដល់​ឆ្នាំ​ ២០១២​នេះ​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​ បាន​ប្រែ​មុខមាត់​ថ្មី​ផ្លាស់​ប្ដូរ​ទីតាំង​កសាង​អគារ​ថ្មី​ ស្កឹមស្កៃ​ដែល​មាន​បន្ទប់​សិក្សា​ យ៉ាង​ល្អ​ប្រណីត​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ បាន​ផ្ដល់​អាហារូបករណ៍​រដ្ឋ​ដល់​ និស្សិត​ ថ្នាក់​បរិញ្ញាបត្រ​ ក្នុង​១​ឆ្នាំ​មាន​ ចំនួន​៥០​នាក់​ បើ​គិត​ពី​ឆ្នាំ​ទី​១​ ដល់​ឆ្នាំ​ទី​៤​ មាន​ចំនួន​២០០​នាក់​ ។​ ចំណែក​និស្សិត​ បាន​បញ្ចប់​ការ​សិក្សា​កន្លង​មក​មាន​ចំនួន​ ១.៩៧១​នាក់​ ក្នុង​នោះ​មាន​ស្រី​៥៧៩​នាក់​ ។​
​ក្នុង​ឱកាស​នោះ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​អាន​សារលិខិត​របស់​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​ ឱកាស​បើក​បវេសនកាល​ឆ្នាំ​២០១២-២០១៣​ ផ្ញើ​ជូន​សិស្សានុសិស្ស​ ។​ ជាមួយ​គ្នា​នោះ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ថ្លែង​ កោតសរសើរ​ចំពោះ​សាកល​វិទ្យា​ធិ​ការ​,​ សាកល​វិទ្យា​ធិ​ការ​រង​,​ នាយក​ប្រតិបត្ដិ​,​ លោកនាយក​ប្រតិបត្ដិ​រង​,​ លោកគ្រូ​អ្នកគ្រូ​ និង​បុគ្គលិក​ទាំងអស់​ នៃ​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​ ដែល​បាន​ខិតខំ​បរិច្ចាគ​ទាំង​ កម្លាំងកាយ​ចិត្ដ​និង​បញ្ញា​ គ្រប់គ្រង​ បង្ហាត់បង្រៀន​និស្សិត​ឱ្យ​ទទួល​បាន​លទ្ធផល​ គួរ​ជាទី​មោ​ទ​នៈ​ ។​ លោក​បន្ដ​ថា​ ការ​កែប្រែ​មុខមាត់​របស់​សាខា​សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ ខេត្ដកំពង់ចាម​ គឺ​ ជា​ការ​រួមចំណែក​អនុវត្ដ​យុទ្ធសាស្ដ្រ​ ចតុកោណ​ដំណាក់កាល​ទី​២​លើ​វិស័យ​អប់រំ​ របស់​រាជរដ្ឋាភិបាល​អាណត្ដិ​ទី​៤​ដែល​មាន​  សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ ។​
​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក៏​មាន​ពិធី​ចែក​អំណោយ​ដល់​បុគ្គលិក​ សាស្ដ្រាចារ្យ​ និស្សិត​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ និង​ប្រគល់​វិញ្ញាបនបត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ (២០១១-២០១២)​ជា​និមិត្ដរូប​ ចំនួន​៥០​នាក់​៕