Saturday, October 6, 2012

IMF​ :​ កម្ពុជា​គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​បាន​ល្អ​នៅ​ឆ្នាំ​២០១២​នេះ​

​ភ្នំពេញ​ ៖​ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​(IMF)​ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ ប្រចាំឆ្នាំ​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរ​ជាតិ​(IMF)​ កាលពី​ថ្ងៃ​ទី​៥​ តុលា​ ឆ្នាំ​២០១២​ ក្រោម​អធិបតី​ លោក​ឧ​ប​នា​ យក​រដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថា​ កម្ពុជា​គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ បាន​ល្អ​ប្រសើរ​នៅ​ឆ្នាំ​២០១២​នេះ​ ទោះបីជា​មាន​ឥទ្ធិពល​ជា​អវិជ្ជមាន​ខ្លះ​ពី​ ក្រៅប្រទេស​ក៏​ ដោយ​ ។​ IMF​ បាន​ប៉ាន់​ប្រមាណ​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន​ ៦,៥%​ នៅ​ឆ្នាំ​ ២០១២​នេះ​ ទន្ទឹម​នឹង​អត្រា​អតិផរណា​ស្ថិត​ក្នុង​កម្រិត​ទាប​ ។​
IMF​ បាន​វាយតម្លៃ​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​ គឺ​បាន​មក​ពី​ការ​នាំ​ចេញ​ សំលៀក​បំពាក់​នៅ​តែ​មាន​កំណើន​ល្អ​ ការ​កើនឡើង​វិស័យ​ទេសចរណ៍​ដោយសារ​ការ​បើក​ ជើងហោះហើរ​ថ្មី​ថែម​ទៀត​ ការ​កើនឡើង​វិស័យ​សំណង់​និង​អចលនទ្រព្យ​ និង​ភាព​រីក​ចម្រើន​ លើ​វិស័យ​កសិកម្ម​ ។​ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ នឹង​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​ប្រមាណ​៧%​ នៅ​ឆ្នាំ​២០១៣​ និង​ប្រមាណ​ ៧,៥%​ ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​ ។​ IMF​ ក៏​បាន​លើក​ឡើង​ ផង​ដែរ​ អំពី​ការ​អនុវត្ត​បាន​ល្អ​ខាង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ ដោយនៅ​ឆ្នាំ​២០១២​នេះ​ ចំណូល​បាន​កើនឡើង​ខ្ពស់​ ដែល​ប្រការ​នេះ​ជា​ប្រភព​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ការ​ ចំណាយ​សាធារណៈ​នានា​ ។​ IMF​ បាន​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​ចំណូល​ក្នុងស្រុក​ឲ្យ​បាន​ ០,៥%​ នៃ​ផលិតផល​ក្នុងស្រុក​ ក្នុង​១​ឆ្នាំ​នៃ​រយៈពេល​ មធ្យម​ខាង​មុខ​ ។​ ចំពោះ​វិស័យ​ហិរញ្ញវត្ថុ​ IMF​ បាន​បញ្ជាក់​ថា​ មានការ​រីក​ចម្រើន​ល្អ​ ដូច​ជា​មានការ​កើនឡើង​ឥណទាន​ជាដើម​ ប៉ុន្តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការពារ​ហា​ និ​ភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ IMF​ បាន​ផ្តល់​ជា​យោបល់​ សុំ​ឲ្យ​មានការ​បង្កើន​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ជំនាញ​បច្ចេកទេស​ ការ​អភិវឌ្ឍន៍​ ជនបទ​ការ​លើកតម្កើង​បរិ​ យា​កាស​វិនិយោគទុន​ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​
​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​លើក​ ឡើង​ថា​ កម្ពុជា​បច្ចុប្បន្ន​ស្ថិត​ក្នុង​សកម្ម​គ្រប់គ្រង​ដោយ​ខិតខំ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​លើ​គ្រប់​ វិស័យ​ ជា​ពិសេស​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ និង​ការ​ រក្សា​ស្ថិរភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ ។​ កំណើនសេដ្ឋកិច្ច​មក​ដល់​ពេល​នេះ​ ប៉ាន់ស្មាន​ ឃើញ​ថា​ក្នុង​រង្វង់​ ៧%​ ក្រោយ​ពី​ធ្លាក់​ចុះ​បន្តិច​ត្រឹម​ ៦,៩%​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១២​ កន្លង​ទៅ​ដោយសារ​ស្ថានភាព​នាំ​ចេញ​នៅ​ពេល​នោះ​មិន​បាន​ល្អ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​ ការ​កើនឡើង​ខ្ពស់​វិញ​ហើយ​ ។​     ​
អតិផរណា​ក៏​ស្ថិត​ក្នុង​កម្រិត​ទាប​ គឺ​ប្រមាណ​៣%​ ដោយសារ​រាជ​ រដ្ឋាភិបាល​គ្រប់គ្រង​តម្លៃ​បាន​ល្អ​ ពិសេស​តម្លៃ​ម្ហូបអាហារ​ ដូច​ជា​ត្រី​ជាដើម​ ដែល​ប្រការ​នេះ​ មិន​អាច​កាត់​ផ្តាច់​ពី​គោលនយោបាយ​ជលផល​ជាតិ​ ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​នា​ យក​រដ្ឋមន្ត្រី​ នា​ពេល​ថ្មីៗ​កន្លង​ទៅ​បាន​ឡើយ​ ។​ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​អនុវត្ត​បាន​ល្អ​ ដោយ​ចំណូល​ថវិកាជាតិ​មានការ​កើនឡើង​ខ្ពស់​ និង​បន្ត​កើនឡើង​ថែម​ទៀត​ប្រមាណ​ ០,៥%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ដោយ​កម្ពុជា​នឹង​ ខិតខំ​បង្កើន​វប្បធម៌​ពន្ធដារ​ និង​ការ​ពង្រឹង​ស្ថាប័ន​ប្រមូល​ពន្ធ​ ។​ កម្ពុជា​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ ជា​និច្ច​លើ​វិស័យ​ហិរញ្ញវត្ថុ​ ដោយ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​នេះ​រីក​ចំរើន​ គាំទ្រ​បាន​វិស័យ​ សេដ្ឋកិច្ច​នានា​ ទប់ស្កាត់​ហានិភ័យ​ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ ។​
​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​មានការ​ប្រជុំ​ពិគ្រោះ​យោបល់​ជា​ មួយ​ IMF​ បាន​ពីរ​ដង​ក្នុង​១​ឆ្នាំ​ ដើម្បី​ឲ្យ​បានដឹង​ប្រាកដ​ថា​ ស្ថានភាព​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្ថិត​ក្នុង​គន្លង​នៃ​ការ​អភិវឌ្ឍន៍​ឈាន​ឡើង​ ៕​