Thursday, March 14, 2013

សម្ភាសន៍​ លោក​បណ្ឌិត ​ឈឹម ​ផលវរុណ​ ស្តីពី ​ទស្សនៈ​នយោបាយ​ផ្ទុយគ្នា ​រវាងមេដឹក​នាំគណបក្ស​ប្រឆាំង​ សម រង្ស៊ី ​និង ​កឹម សុខា​

ថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៣
លោក​ សត្យា រក្ស​
សំណួរ​៖ ​       ឥឡូវនេះ យើងឃើញថា មាន​លេចចេញនូវរូបរាងថ្មីមួយទៀត រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​ប្រឆាំង ​ថ្វីត្បិតតែ​គេបង្កើតជា​សំបកថ្មីមួយ ប៉ុន្ដែពួក​គេ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយគ្នា គួរ​​ឲ្យ​ប្រឈម​។​ ទាក់ទង​ទៅ​នឹង​​ទស្សនៈផ្ទុយគ្នានេះ សូម​លោកបណ្ឌិត​ធ្វើការ​បំភ្លឺ​ដើម្បី​ឲ្យបងប្អូន​ជន​រួមជាតិ​យើង ពិសេស​សមាជិក​អ្នកដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ហ្នឹង ស្វែង​យល់ឲ្យ​​ដឹង​អំពី​មាយាថ​នយោបាយ​របស់​មេបក្ស​គាត់ហ្នឹងឯង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ​ គឺលោក សម រង្ស៊ី និង លោក កឹម សុខា ដែល​គេ​សរសេរ​​ស្លាក​មួយ​ជ្រ​កជា​មួយគ្នា​​ក្រោមស្លាកថា បង្រួបបង្រួម។ ប៉ុន្ដែខ្ញុំមើលទិដ្ឋភាព​នយោបាយ​​នៃ​អ្នក​ទាំងពីរ ឃើញថាកំពុងតែមានការផ្ទុយគ្នា។ ភាពផ្ទុយគ្នាទីមួយ គឺត្រង់ថា ថ្មី​ៗ​​នេះ លោក សម រង្ស៊ី បាន​ចេញសេចក្ដីថ្លែងការណ៍​ និងធ្វើការអំពាវនាវ​ សុំឲ្យ​អ្នក​សង្កេតការណ៍​​​អន្ដរ​ជាតិ​កុំ​មក​សង្កេតការណ៍​នៅកម្ពុជា ​ក្នុងអំឡុងពេល​បោះឆ្នោតឆ្នាំ ២០១៣។
ប៉ុន្ដែផ្ទុយទៅវិញ លោក កឹម សុខា ដែលយើងហៅថា ជាសម្ព័ន្ធភាពអី​របស់​គាត់​ហ្នឹង មាន​ទស្សនៈ​ផ្ទុយទៅនឹង លោក សម រង្ស៊ី គឺ​សំណូមពរ សុំ​ឲ្យ​អន្ដរជាតិ​ មកសង្កេតការណ៍​ឲ្យ​បាន​ច្រើន​ ហើយ​ឲ្យ​បាន​យូរ រាយគ្រប់ខេត្ត ខណ្ឌ រហូតទៅដល់ភូមិ ឃុំ ទៅទៀត ដើ​ម្បី​ជា​ការ​ឃ្លាំ​មើល​នូវ​ដំណើរ​ការនៃការបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប សម្រាប់អាណត្តិទី ៥។
​​អញ្ចឹង​ទិដ្ឋ​ភាពដែលយើងឃើញថា មានលក្ខណៈ​ផ្ទុយគ្នាទាំងស្រុងបែបនេះ លោក​បណ្ឌិត​យល់​​ឃើញ​យ៉ាង​ម៉េច ដើម្បីពន្យល់​​ជូនទៅដល់​ជនរួមជាតិ?
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នេះគឺជាទឡ្ហីករណ៍ដែលស្ដែងចេញជូនប្រជាពលរដ្ឋបាន​ឃើញហើយ គឺ លោក សម រង្ស៊ី និង​លោក កឹម សុខា ពីដើមឡើយ ​គ្មានសារធាតុណាដូចគ្នាទេ​ ប៉ុន្ដែ​ចេះតែ​នាំគ្នា​បង្ខំ​ចិត្ត​ រួមគ្នា​ ហើយ​អស់​ពី​ជេរគ្នា​ ក៏​ទៅចូលជុំគ្នាវិញទៅ​។​ ហើយយើងមើលទៅ ការជុំគ្នាវិញនេះ វាគ្រាន់​តែ​ជុំ​គ្នា​ជា​សំបក​ដូច​​លោក​ សត្យា រក្ស បានលើកអំបាញ់មិញហ្នឹង។​ ប៉ុន្ដែ​សារធាតុ​នយោបាយ​របស់​បុគ្គល​មេដឹក​នាំរបស់ គណបក្សទាំងពីរហ្នឹង គឺខុសគ្នា។ លោក សម រង្ស៊ី មាន​មាយាទ​នយោបាយ​​របស់​គាត់​ មួយបែបផ្សឹង​។ លោក កឹម សុខា មាន​មាយាទ​នយោបាយ​របស់គាត់ ផ្សេងពីលោក សម រង្ស៊ី។ ​ចង់និយាយថា របៀបទំនើងចិត្ត គេហៅ​ថា​ឆ្នាស់​បែប​ទំនើងចិត្ត ហ្នឹង គឺ​លោក សម រង្ស៊ី ហើយ។​ ​មាយាទ​​នយោបាយឆ្នាស់តាមទំនើងចិត្ត នឹក​ឃើញថាអី បា្រវគ្មាន​គិតអី​ទាំងអស់​។ ឯលោក កឹម សុខា វិញ មិនមែន​ឆ្នាស់​តាមទំនើង​ចិត្ត​ទេ​ គឺអួតតាមទំនើងចិត្ត។​ លោក កឹម សុខា នេះ អួតតាមទំនើង​ចិត្តណាស់ សុទ្ធតែ​បរទេស​ហ្នឹង​ជួយ​គាត់​។ ហើយ លោក សម រង្ស៊ី ឆ្នាស់​តាមទំនើងចិត្ត អញ្ចឹងដល់​ពេល​សារធាតុ​នយោបាយ​ខុសគ្នា​ហ្នឹង​ វាបង្ហាញឲ្យឃើញថា ទោះបី​ជា​គាត់​ស្ថិត​​នៅក្នុង​សំបកពងមាន់​ថ្មី​ក៏​ដោយ​ ក៏នៅតែមិនមែនជាកូនភ្លោះពិតទេ គឺកូនភ្លោះ​សិប្បនិម្មិត​ទៅ​វិញ​​ទេ។
ឥឡូវយើងមើលទាំងអស់គ្នា កុំឲ្យថាកម្មវិធីយើងចេះតែនិយាយ។ បងប្អូន​ប្រជា​ពលរដ្ឋ​​ធា្លប់​តាមដាន លោក កឹម សុខា ហើយ​។​ ថ្មីៗហ្នឹង មិនទាន់យូរខែទេ យ៉ាងច្រើនមួយខែ ​ចាប់​​ផ្ដើម​វិញហើយ​ ។ គេទៅក្រៅប្រទេសរហូតដល់ទៅបារាំង។ ប៉ុន្មានថ្ងៃ​ថ្មីៗនេះទៀត ទៅអំពាវ​នាវ​​សហគមន៍​​អន្ដរជាតិ ឲ្យចូលមកសង្កេតការណ៍​បោះឆ្នោតនៅកម្ពុជា។ គេបញ្ជាក់​ទៅ​អ្នកគាំទ្រគាត់​ហ្នឹង ថា​បង​កុំភ័យ​ បរទេសតាមខ្ញុំ រឿងនេះគេមិនមែនមកសង្កេតការណ៍​តែ​មួយ​ភ្លែត​​ទេ គេមក​ច្រើន​នាក់​ ហើយយូរថ្ងៃទៀត ហើយរាយគ្រប់ភូមិស្រុក ដើម្បីមកមើល។​ គេ​សុទ្ធតែចោទ គ.ជ.ប ហ្នឹង​លួចសន្លឹកឆ្នោតអីអញ្ចឹង។ ហើយស្រាប់ដល់ងាកមកលោក សម រង្ស៊ី វិញ​ គឺ​ចេញ​ផ្សឹងពី​ កឹម សុខា ទៅ​ជាអំពាវនាវឲ្យបរទេសកុំ​មកចុះសង្កេតការណ៍ទៅវិញ​។
នេះជាព្រឹត្តិការណ៍​ដែលយើងមើលឃើញទស្សនៈពីរនាក់ហ្នឹងខុសគ្នា តើ​ហេតុអី? ។ បើ​សិន​​ជា​រឿងវាពិតដែល កឹម សុខា អួតទៅប្រជាពលរដ្ឋហ្នឹងថា ឈ្នះ ថាដូរ យើងឈ្នះហើយ​ពាក្យ​អស់ហ្នឹង។ បើសិនជាលោក សម រង្ស៊ី ក៏យល់ដូច លោក កឹម សុខា ថាពិតជាដូរមែន ពិតជា​ឈ្នះ​មែន ចុះម៉េចក៏មិនឲ្យបរទេសមកទៅ។ ក្រែងថា គ.ជ.ប ហ្នឹង លួច​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​​ប្រជាជន​។​ ហើយចុះបើខ្លួនឯងសង្ឍឹម​ថា​​ឈ្នះ កុំឲ្យគេលួច សុំ​ឲ្យ​បរទេស​មក​មើល​មក កុំ​ឲ្យ​បាត់​សម្លេង​។​ ចុះ​ហេតុអីបានជា លោក សម រង្ស៊ី មិនឲ្យបរទេសមកទៅវិញ​។ បានន័យថា លោក សម រង្ស៊ី ទទួលស្គាល់​ថាចាញ់រួចទៅហើយ ហើយទទួលស្គាល់ថា ការ​បោះឆ្នោត​ហ្នឹង ជាការ​ចាញ់​ពិត​ មិនមែន​នរណា​លួចសន្លឹកឆ្នោតទេ។ ពីព្រោះ គាត់ដឹងដែរ​តើ ដូចជា​ការ​ស្ទង់​មតិរបស់​ IRI ក៏គេមើលឃើញពី​ការ​គាំទ្រ​របស់ប្រជាពលរដ្ឋខ្មែរ ចំពោះ​ការអភិវឌ្ឍ​ប្រទេស ចំពោះការ​ដឹកនាំ​ប្រទេស ដោយគណបក្ស​ប្រជាជន មើលទៅ​វាឆ្លុះ​បញ្ចាំង​នឹង​សម្លេង​ឆ្នោតនោះដែរ​។
លោក សម រង្ស៊ី ក៏គាត់ដឹងពីសន្ទុះនយោបាយរបស់គាត់ធ្លាក់ចុះយ៉ាងណា ក៏​គាត់​មើល​​ដឹង​​ដែរ។ ប៉ុន្ដែលើកនេះ លោក សម រង្ស៊ី អត់បានប្រយោជន៍ពីការបោះឆ្នោតទេ ខុសពី ២០០៣ ២០០៨។​ តើ​ដោយសារអី?​ ២០១៣​ នេះ លោក សម រង្ស៊ី អត់មានសិទ្ធិបោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​​គេ​​បោះឆ្នោត​ទេ។ ដល់អញ្ចឹងការបោះឆ្នោតហ្នឹង អត់មានបានអីទៅគាត់សោះ បានន័យថា​គាត់​​អត់​​អាច​ធ្វើ​តំណាងរាស្ដ្រ​ផងហ្នឹង។ អញ្ចឹងគាត់ដឹងច្បាស់ហើយ អញ្ចឹងចរឹត​លោក សម រង្ស៊ី គឺ​ថា​​ឆ្នាស់​តាមទំនើងចិត្ត គឺថា បើអញមិនបានស៊ី ឈូស​ចោល​មិនបាន​ស៊ី​ទាំង​​អស់គ្នា។ បានន័យថា មិន​ឲ្យ​​គណបក្សប្រឆាំងដទៃទៀត ឬក៏សមាជិក​គណបក្ស​ប្រឆាំង​ដ៏ទៃ​​ទៀត​​ស៊ី​បានទេ​​ គឺ​ត្រូវ​ ឈូស​ចោល​​ទាំង​អស់​ ។​
លោក សត្យា រក្ស​
សំណួរ​៖ ដូច្នេះ បើ​តាមប្រសាសន៍របស់លោកបណ្ឌិតដែលបានលើកឡើង ទាក់ទង​ទៅនឹង​ចរឹត​ឆ្នាស់​​ ហើយនិងមានះរបស់លោក សម រង្ស៊ី ហ្នឹង ជុំ​វិញ​ការ​ឃាឃាំង និង​មាន​ចេតនា​មិនឲ្យ​​អ្នក​​សង្កេត​ការណ៍​អន្ដរជាតិចូលមកកាន់កម្ពុជា គឺមានន័យថា លោក សម រង្ស៊ី បាន​​បង្កប់​ពិសពុល​មួយ ដែល​ចង់លាក់​នូវភាពអាសោចរបស់​ខ្លួន ចំពោះ​លទ្ធផល​នៃការ​បោះឆ្នោត ។​​ចង់​និយាយ​ថា​​​ ពេលដែលអ្នកសង្កេតការណ៍អន្ដរជាតិ អញ្ជើញមកគ្រប់ច្រកល្ហក ទូ​ទាំង​​ប្រទេស​កម្ពុជា​ គ្រប់​ស្ថានីយ៍​បោះឆ្នោតទាំងអស់ គេនឹងបានមើលឃើញថា គណបក្ស​សម​ រង្ស៊ី ពុំមាន​សម្លេង​គាំទ្រ​ គឺ​​គាត់ចង់​លាក់នូវភាព​អាម៉ាស់ហ្នឹង លោកបណ្ឌិត​ចង់មាន​ប្រសាសន៍​​រឿង​ហ្នឹង ឬយ៉ាងម៉េច​?​
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ទីមួយ គឺគាត់អត់បានប្រយោជន៍អីទេ។ ទីពីរ ក្នុងន័យគណបក្សរបស់គាត់ គឺ​​ទោះបី​​ជា​​គាត់​ដូរ​​ប្រធាន​គណបក្សសម រង្ស៊ី មកប្រធានគណបក្សរួមគ្នាជាមួយ កឹម សុខា ក៏​គាត់​​ដឹង​ថា​ ជួស​ជុល​វា​មិនកើតដែរ។ កាល​ដែលគាត់ឈរឈ្មោះក្នុងនាម​ប្រធានគណបក្សសម រង្ស៊ី វាបាក់​មុខ​​អស់​ហើយ ដូច្នេះ​ឈរម្ដងទៀត ក៏អត់ប្រយោជន៍​ដែរ​។ អញ្ចឹងបានជា​គាត់​បង្ខំ​ចិត្ត​រួម​​ជាមួយ​​លោក កឹម សុខា បង្កើតសំបកពងមាន់ថ្មី ។ បានន័យថា ជាសម្ព័ន្ធភាពគណប​ក្ស​នយោបាយ​​​ថ្មី​។ យ៉ាងហោចណាស់ ក៏អាចរក្សាស្ថានភាពកុំឲ្យដាំដូងដែរ​។​ ប៉ុន្ដែឥឡូវនេះ គាត់​ដឹង​ថា​ វាអត់ជួស​ជុល​បានទេ។ ដោយសារ​ វាអត់ជួសជុលបាន សូម្បី​តែឲ្យ​បរទេស​មកដាក់​សម្ពាធ​​ឲ្យ​ លោក សម រង្ស៊ី មក​ចូលរួមបោះឆ្នោត ក៏ដាក់អត់បានទៅហើយ។ អញ្ចឹង​គាត់​មាន​តែ​វិធី​​មួយ​ទៀត​ដែល​ថា ដើម្បី​កុំ​ឲ្យ​ការអង្កេតការណ៍​អន្ដរជាតិមើលឃើញថា ការបោះឆ្នោត​ហ្នឹង រលូន​ល្អ​នោះ។ ឯរឿងអន់ គឺ​អន់​ គណបក្សរបស់ លោក សម រង្ស៊ី ខ្លួន​ឯងទេ​ ដែល​ប្រជា​ពលរដ្ឋ​​អត់​គាំទ្រ​ហ្នឹង។ អញ្ចឹងលោក សម រង្ស៊ី ដឹងខ្លួនហើយ គឺលាងមុខទុកមុន គឺនិយាយ​បង្ការ​ទុកមុន​កុំ​ឲ្យ​គេ​ដឹង​ពីភាព​អន់​របស់​ខ្លួន​។ ពីព្រោះ លោក សម រង្ស៊ី ដឹងច្បាស់ណាស់ថា ប្រជា​​ពលរដ្ឋ​​កាល​ពីមុនៗ​បោះឆ្នោតឲ្យគាត់ ដោយ​គេជឿថា គាត់ជា​បុគ្គលម្នាក់​ដែល​មាន​ឥទ្ធិពល​ទៅលើ​បរទេស និយាយ​មានទឹក​មាត់ប្រៃ បរទេស​ជឿ អាចមកជជែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​សម្រួល​ករណី​ខ្លះ​ដល់​ លោក សម រង្ស៊ី។ ហើយទិដ្ឋភាពពីមុនមក យើងឃើញ​ថា មានការ​សម្រប​សម្រួល​ខ្លះ​ដែរ​។ តែឥឡូវនេះ ៣ ឆ្នាំ​ជាង​មកហើយ លោក សម រង្ស៊ី ដែលសន្យាថា គាត់នឹង​មក​កម្ពុជា​ឆាប់ៗ​ហ្នឹង​ វាអត់ឃើញ​មានអីសោះ​។ អញ្ចឹងលោក សម រង្ស៊ី ដឹងថា បើទាញ​ប្រជាប្រិយភាព​តាម​ការ​អូសទាញ​បរទេសឲ្យ​នាំ​គាត់​​មក​ស្រុកខ្មែរហ្នឹង វាអស់ត្រឹមថ្ងៃដែលលោក អូបាម៉ា មក​កម្ពុជា​ហ្នឹង​ឯ​ង​។​ មកភ្នំពេញ គឺអត់មានឃើញ​លោក សម រង្ស៊ី តោងកន្ទុយមកផងហ្នឹង។ អញ្ចឹង​បានន័យថា​ គាត់ដឹង​ថា​ប្រជាពលរដ្ឋ លែង​ជឿ​គាត់ទៀត​ហើយ ទឹកមាត់គាត់​សាបហើយ។
លោក សត្យា រក្ស​
សំណួរ​៖ ទាក់ទងទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី នេះផងដែរ ដែលពុំ​​មាន​ចេតនាល្អចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣។ តើអំណះអំណាង​ និងការអំពាវនាវរបស់ លោក សម រង្ស៊ី ហ្នឹង លោកបណ្ឌិត​មើល​​ឃើញ​​ថា វាមានប្រសិទ្ធភាពទេ សម្រាប់បណ្ដាប្រទេសនានា ដែលគេស្ម័គ្រ​ក្នុង​ការ​សង្កេតការណ៍ ​ហ្នឹង​​?
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ​ត្រង់ហ្នឹង យើងអាចឲ្យប្រជាពលរដ្ឋថ្លឹងជាមួយយើងទាំងអស់គ្នា កុំឲ្យថា​យើង​ចេះ​តែ​ថាភូត​​គាត់​ ឬក៏ទាញគាត់។ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាថ្លឹងជាមួយយើង កាល​ដែល​លោក សម រង្ស៊ី ​ប្រើ​វិធី​ទប់​ស្កាត់​​កុំឲ្យ​លោក អូបាម៉ា មកកម្ពុជាហ្នឹង យើងឃើញថា ទប់វាមិនកើតទេ ព្រោះ​លោក​ អូបាម៉ា ​មិនមែនប្រធានលោក សម រង្ស៊ី ទេ លោក អូបាម៉ា ជាប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។​ គេ​ការ​ពារផលប្រយោជន៍​ប្រជាជនអាមេរិក និង​ផលប្រយោជន៍​​ប្រទេសអាមេរិក​ គឺ​ មិនមែន​​ទៅ​​ការ​ពារផលប្រយោជន៍ លោក សម រង្ស៊ី ឯណា អញ្ចឹង​ទប់មិនឈ្នះទេ។ ដល់អញ្ចឹង​លើក​នេះ គាត់​លេង​​អាល្បែងហ្នឹងទៀត ដើម្បីបំភន័្ត​ប្រជាពលរដ្ឋមួយសារ​ទៀត តែការ​បំភន្ត័​នេះ មិនមែន​​បំភន្ត័​​ដើម្បីថាគាត់ឈ្នះទេ គឺ​បំភន្ត័​ថាគាត់អត់បានចាញ់ ពីព្រោះ​គាត់អត់​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ​ ហើយ​អន្ដរជាតិ​អត់បាន​មក​មើល​។​ រឿងតែប៉ុណ្ណេះទេ​​ នៅក្នុង​រឿងបំភន្ត័​កុំ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​គាត់​ចាញ់​ប៉ុណ្ណឹង​ឯង​។ ការ​បំភន្ត័​នេះ គឺជាការ​បំភន្ត័​ដើម្បីគាត់យកលេសថា គាត់​អត់​បាន​ចាញ់​ គឺដោយសារមូលហេតុ​ ក ខ គ ឃ ង អញ្ចឹងទៅ។ ដល់​ងាកមកលោក កឹម សុខា គាត់​​ប្រើ​វិធីបំភន្ត័​ផ្សេង។ លោក សម រង្ស៊ី បំភន្ត័​តាមរយះ​​យកបរទេសមកបិទបាំងតាមបែបផ្សេង លោក កឹម សុខា បំភន្ត័​តាមវិធី​អួត​ថា​ ឈ្នះៗ បរទេស​ស្រឡាញ់​គាត់ ជឿគាត់ គាំទ្រគាត់។ លោក កឹម សុខា ថាឈ្នះ ប៉ុន្ដែ​ លោក កឹម សុខា ដាក់​សំណួរពី​ គ.ជ.ប អញ្ចឹងលោក កឹម សុខា ចាប់ផ្ដើម​រេ​ហើយ​ ចាប់ផ្ដើម​ទាល់​ហើយ​​។ ដល់ចាប់ផ្ដើម​ទាល់ ​ពួកគាត់ហ្នឹង​​ធ្វើ​វិទ្ធង្សនា​ ឬ​យុទ្ធនាការ​ចោទ​ប្រកាន់​ វាយប្រហារ គ.ជ.ប ថាជាស្ថាប័ន​នយោបាយគាំទ្រគណបក្សប្រជាជនកម្ពុជា មិនមែន​ជា​ស្ថាប័ន​បច្ចេកទេស​ លោក កឹម សុខា គាត់​ខូច។
ដល់​អញ្ចឹងគេហៅថា កាំបិតចិតដងឯង។ នៅពេលដែលគាត់ទៅចោទថា គ.ជ.ប អា​ក្រក់​អញ្ចឹង​ប្រជាពលរដ្ឋ​ធ្វើម៉េចនឹងជឿ បើ គ.ជ.ប អាក្រក់ធ្វើម៉េច កឹម សុខា ឈ្នះឆ្នោត យើង​គិត​​ឲ្យជ្រៅ​​​​បន្ដិចមើល។ ដល់អញ្ចឹង កឹម សុខា ភូតខ្លួនឯង ដឹងច្បាស់ដូចតែ សម រង្ស៊ី ដូចគ្នា ។ កឹម សុខា ដឹងថា មិនអាចឈ្នះគណបក្ស​ប្រជាជនទេ ប៉ុន្ដែគាត់ត្រូវតែភូត ដល់គាត់​ទៅភូត​កាំបិត​​ចិត​​ដងឯង នៅត្រង់ថាគាត់បានភូតប្រជាពលរដ្ឋថា គ.ជ.ប បន្លំសន្លឹកឆ្នោត។ អញ្ចឹង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​​សួរ​ថា​ តើ​ឈ្នះម៉េចនឹងកើត បើ គ.ជ.ប ខាង​គេ​។ ដល់អញ្ចឹង​ កឹម សុខា ចេញ​ពាក្យ​មួយទៀត ខ្ញុំ​បាន​​និយាយជាមួយបរទេសហើយ ជាមួយសហគមន៍​អន្ដរជាតិ ខ្ញុំទើបតែ​មក​ពីបរទេស​ថ្មីៗហ្នឹង កឹម សុខា និយាយអញ្ចឹង។ ថាអន្ដរជាតិគាំទ្រសំ​ណូម​ពរ​ខ្ញុំគេនឹងចុះ​មក​អង្កេតការណ៍​ ៦ខែ មុន​ការ​​បោះឆ្នោត គេនឹងមើលស៊ីជម្រៅ មិនមែនមកខ្លីៗអញ្ចឹងទៅ។ តាមពិត​ជាវិធីដោះទាល់ អួត​ច្រើន​​ៗ​​ចាញ់​អាត្មា។ ដល់ប្រជាពលរដ្ឋ​សួរភ្លាម​អញ្ចឹង​ទៅ​ដោះសារ​ ពីរនាក់ហ្នឹងចេញមកខុសគ្នា មួយ​ឆ្នាស់តាមទំនើងចិត្ដ មួយអួតតាមទំនើងចិត្ត ។ កាំបិត​វាចិត​ដងឯងអញ្ចឹង។
លោក សត្យា រក្ស​
សំណួរ​៖ ទាក់ទងទៅនឹងអំនួតរបស់លោក កឹម សុខា នេះ សូម្បីតែមេគណបក្សសម រង្ស៊ី ក៏​ធ្លាប់​ចាត់​ទុកដែរ​ថា កឹម សុខា នេះជាជើងឯក​ខាងអួត​ពី​អង្កាល នេះ​គឺ​ជាការ​លើក​របស់​ សម រង្ស៊ី​​ ពេល​ដែល​​គេមិនទាន់​ចុះ​សម្រុង​នឹង​គ្នា​នោះ​។ តែ​ឥឡូវហ្នឹង ក៏មិនប្រាកដថា​ចុះ​សម្រុង​គ្នា​​ផង​ដែរ គឺជាជើងឯក​ខាងអួតដែលជាប្រសិទ្ធិនាម​ដែល​គណបក្សសម រង្ស៊ី គេ​ប្រគល់​​ឲ្យ កឹម សុខា។
ទាក់ទងទៅនឹងប្រាក់ខែកម្មករ ១៥០ ដុល្លារ ដែល​ឥឡូវហ្នឹងពេលខ្លះគេថា ឡើងដល់​ ២០០ ដុល្លារទៀត។ មន្ដ្រីរាជការ ១លាន ចាស់ៗអាយុ ៦៥ ឆ្នាំ ហ្នឹង ១០ ដុល្លារ ប៉ុន្ដែគាត់​បែរ​ជា​អួត​ថា​ ត្រកួនមួយគីឡូក្រាមជាង ១០ដុល្លារ អញ្ចឹងត្រង់ហ្នឹងគឺច្រឡំបល់​មួយទៀតហើយ។
អញ្ចឹងត្រង់ចំណុចនេះ ​ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ចេញ​យោបល់ផងដែរ ដោយសារ​​តែ​​លោកបណ្ឌិតបានលើក​ឡើងពីភាពអស់សង្ឃឹមរបស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​ ទាំង កឹម សុខា ក៏ជាមនុស្សដែលកំពុងតែអស់សង្ឃឹម ទាំងលោក សម រង្ស៊ី ក៏​ជាមនុស្ស​ដែល​​កំពុង​​តែ​អស់​សង្ឃឹម​ដូច​គ្នា​ ចំពោះជោគជ័យ ឬក៏ការ​ដណ្ដើមប្រជាប្រិយភាពក្នុងថ្ងៃ​បោះឆ្នោត។ លោកបណ្ឌិត​យល់​ឃើញ​ថា តើដោយសារតែភាពអស់សង្ឃឹមដែលគាត់​ពុំបាន​ឃើញសញ្ញាណាមួយរឿងថា អាចនឹងយកឈ្នះគណបក្សប្រជាជនកម្ពុជា បានទេដឹង បាន​ជាគាត់សន្យា​ជ្រុល​ហួសហេតុ​បែប​នេះ​​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ទស្សនៈវិភាគរបស់លោក សត្យារក្ស គឺស្រដៀងគ្នា​ និង​​ការ​ពិចារណា​​របស់​​​ប្រជាពលរដ្ឋដែរ​ គឺ​​ស្រដៀងគ្នា។ កាលដែលគាត់លេង​​ល្បិចកាលបោះឆ្នោត​ ឃុំ សង្កាត់ គឺ​ កឹម សុខា អួត​ជ្រុល​ដោយសារខ្លួនឯងនឹកឃើញថា វាមិនអាចឈ្នះបានធ្វើមេឃុំណាមួយទេ។ អញ្ចឹង​គាត់​​អួត​​ហ្នឹងវាហួសដែលថា​ ឃុំមានមជ្ឈមណ្ឌលកសិកម្ម មួយភូមិមាន​មត្តេយ្យ​សាលា​មួយ ហើយ​ឃុំ​​​យ៉ាង​ហោចណាស់ក៏មាន ៥ ភូមិ មត្ដេយ្យសាលា ៥ ដែរ​​។ កឹម សុខា អួត​អញ្ចឹង​ទៅ​ ឬ​ក៏​សន្យា​អញ្ចឹង​ទៅ ក៏​​មិនជាប់ឆ្នោត ក៏​មិនបំពេញកិច្ចសន្យាដែរ។
អញ្ចឹងដូចលោក សត្យារក្ស បានទាញអញ្ចឹង ឥឡូវនេះសន្យាអញ្ចឹងទៀត​ហើយ​។​ ទោះ​សន្យា​ប៉ុន្មាន​​រយ​បា្រក់ខែកម្មករ សន្យាឲ្យនេះឲ្យនោះ ក៏គាត់មិនឈ្នះ​ដែរ​។​ដូច្នេះ​វាអត់​ជាប់​​ពាក់ព័ន្ធ​រឿង​ជំពាក់កិច្ច​សន្យា​ទេ។ ព្រោះ កឹម សុខា ដឹងច្បាស់​ថាមិនឈ្នះទេ ប៉ុន្ដែ​ការសន្យា​​របស់​លោក កឹម សុខា សម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងសម្រាប់​ការបោះឆ្នោត​ជាតិ​ហ្នឹង វាមាន​គោលដៅ​ និងផល​ប្រយោជន៍​ខុសគ្នា។ គោលដៅឃុំសង្កាត់ កឹម សុខា គាត់​អត់ចង់​បាន​ប្រយោជន៍​ពី​ឃុំសង្កាត់​ទេ។ អញ្ចឹង​គាត់​សន្យាដោយគ្មានការទទួលខុសត្រូវ ឲ្យវា​រួច​ទៅ តែ​ដល់​វា​ចៃដន្យ​ វាជាប់បាន​ ១៨ កៅអី ធ្វើឲ្យគាត់​កេងយកចំណេញ​រឿងហ្នឹង។ ធ្វើ​ឲ្យ​រំភើប​​ថានឹងអាច​បាន​សន្លឹក​ឆ្នោត​ល្អដែរ​នៅបោះឆ្នោតជាតិ​ដើម្បីដាក់សម្ពាធទៅលោក សម រង្ស៊ី ទេ។ អញ្ចឹង​ហើយ​បាន​ ១៨ ឃុំ នេះមិនមែនជា​ ១៨ ឃុំ​ដាក់​សម្ពាធ​ទៅ​គណបក្ស​ប្រជាជន​ទេ ព្រោះ ១៦៣០ ឃុំជាង ហើយ​បានតែ ១៨ តែ ១ភាគរយជាង​ហ្នឹង។ ហើយរឿងអី​ទៅដាក់​សម្ពាធ​អ្នកដែល​គេ​ឈ្នះដល់ ៩៩ ឬ ៩៨ ភាគរយនោះ វាទៅមិនរួច។ អញ្ចឹងគាត់យក ១៨ ឃុំហ្នឹង ទៅដាក់សម្ពាធ សម រង្ស៊ី។​ ម៉េច ល្មមចងសម្ព័ន្ធភាពល្មមស្រលាញ់​គ្នា​បានឬ​នៅ។ ប៉ុន្ដែទន្ទឹម​នឹងគាត់​មាន​មោទនភាព​ នឹង​នយោបាយ​ដែល​គាត់​ឈ្នះការបោះឆ្នោត​ឃុំសង្កាត់​​ដើម្បី​ដាក់​សម្ពាធ សម រង្ស៊ី ហើយ កឹម សុខា ក៏​ជាប់​ជំពាក់​ដែរ​។ យើងមិនបាច់និយាយអីទេ គ្រាន់​តែ​ប្រមូលរកកុំព្យូទ័រ ហើយនិងម៉ាស៊ីនកូពី សម្រាប់ ១៨ ឃុំ កឹម សុខា ចង់​ប្រកាច់ប្រកិន ដើរបោក​លុយគេនៅក្រៅប្រទេសនោះ ហើយ​សរុប​ទៅ​អស់​តែ​ មួយម៉ឺន ពីរម៉ឺន ហ្នឹង សម្រាប់ ១៨ ឃុំ កុំព្យូទ័រ មួយគ្រឿងក្នុងមួយឃុំនោះ។ ចុះ​នៅ​ជំពាក់​រឿង​ឡាន។​ ឡាន​មិនចាំបាច់​ទិញ​អាថ្លៃ​ទេ ទិញតែឡានមួយ ២៥០០ ទៅ ៣០០០ ក៏​បាន​ដែរ​។ ១៨ ឃុំ តើ​ប៉ុន្មានម៉ឺន យើង​គិត​មើល ប៉ុន្មាន​ម៉ឺន ហើយ កឹម សុខា ទៅរកលុយឯណាបាន មិន​ទៅ​បោកគេ។ ហើយសព្វថ្ងៃនេះ ឡាន​ទិញ​បាន​ប៉ុន្មាន មិនទាន់គ្រប់ ១៨ ឃុំទេ ហ្នឹង​មិនទាន់​និយាយ​ពី​សង់​មត្តេយ្យ​សាលា​ផង។​ ដូច្នេះ កឹម សុខា កំពុងតែដោះការជំពាក់ហ្នឹងរួចហើយ ហើយ​ឥឡូវ​នេះ គាត់គិតថា គាត់យក​សម្ពាធហ្នឹងដាក់ទៅ សម រង្ស៊ី ប៉ុន្ដែដល់ពេល​គាត់ទៅ​ក្រៅ​ប្រទេស ទៅរក​លុយ​ពីរូបភាព​រួមជាមួយ សម រង្ស៊ី ដើម្បី​មក​ដោះបញ្ហាជំពាក់ឃុំសង្កាត់អត់បាន កឹម សុខា ទៅ​បារាំង​កាល​មុន ​នៅសល់តែ ៨០០ យូរ៉ូ គឺ​ប្រហែល​​តែ ១ពាន់ដុល្លារ ទៅ​ដោះអី​ចេញ​។​
ដល់ឥឡូវនេះ ចូលដល់បោះឆ្នោតជាតិ កឹម សុខា សន្យាទៀតហើយ ដោយ​សារ​គិត​ថា វា​គ្មាន​ចៃដន្យឈ្នះទេ។ ចៃដន្យឈ្នះម៉េច គ្រាន់តែរឿង សម រង្ស៊ី និង កឹម សុខា ការរៀបចំ​បញ្ជី​​បេក្ខជនហ្នឹង មិនដឹងជាវ៉ៃគ្នាបាក់បង្អួចបាក់ទ្វារយ៉ាង​ម៉េចផង បាក់គ្រែ​បាក់អី​អស់ហើយ​មិនស្រួល​​ហ្នឹង​ ​និយាយអញ្ចឹងឃើញបញ្ហាមួយបាត់ហើយ។ អញ្ចឹង កឹម សុខា ត្រូវលេង​មួយក្បាច់​​ទៀត​សន្យា​ឲ្យ​​ហួស​ ព្រោះដូចលោក សត្យារក្ស បានលើក​ការសន្យាហ្នឹង​ដែលវា​មិនអាច​ក្លាយ​ជាការ​ពិត​នោះ ​ដូច្នេះ​ វាគ្មានជាប់ជំពាក់អ្វីទេ​។ ព្រោះគាត់​សន្យា​បងប្អូន​ប្រជាពលរដ្ឋ​គិតទៅ មិនមែន​គាត់​​សន្យា​ថា បើគាត់ជាប់ជាតំណាងរាស្ដ្រ នឹងឲ្យលុយ​បងប្អូន​ចាស់ៗ​ម្នាក់ ១០ដុល្លារ​ក្នុង​មួយ​ខែ​ទេ​ គាត់មិន​សន្យាអញ្ចឹងទេស្ដាប់ឲ្យច្បាស់ ទាល់តែគាត់​ធ្វើ​នាយករដ្ឋមន្ដ្រី​ ទើបបាន ១០ ដុល្លារ​ណា​ និយាយ​គ្នាឲ្យច្បាស់។
អញ្ចឹងបើ កឹម សុខា ជាប់ជាតំណាងរាស្ដ្រ ហើយប្រពន្ធលោក កឹ​ម សុខា ជាប់​ជា​តំណាង​រាស្ដ្រ​ទៅទៀត គឺបងប្អូន​នៅតែគ្មាន ១០ ដុល្លារដែរ។ ចាំចំណុចហ្នឹងឲ្យច្បាស់ មើល​ចំណុច​​ហ្នឹង​​ឲ្យច្បាស់ អញ្ចឹង ទីមួយ កឹម សុខា បាន ២ពាន់ដុល្លារ ប្រពន្ធ ២ពាន់ដុល្លារ ៤ពាន់​សម្រាប់​​រស់​ក្រុម​គ្រួសារ​របស់គេ​មុន​ នេះ​​ប្រសិនបើឈ្នះ​។ ចំណែក​រឿង ១០ ដុល្លារ​ចាំ​ដល់​សេះ​ដុះស្នែង ទៅ​។ អញ្ចឹងបងប្អូន​ត្រូវ​ចាំឲ្យច្បាស់ កឹម សុខា បញ្ជាក់ហើយ អញ្ចឹង​ការសន្យា​របស់ លោក កឹមសុខា គឺ​ជា​ការសន្យាដែលគ្មានថ្ងៃចៃដន្យកើតមាន។ អញ្ចឹងហើយ​ការ​ទទួល​ខុសត្រូវ​នយោបាយរវាង កឹម សុខា និង សម រង្ស៊ី គឺស្ថិតនៅក្នុងស្ថានភាពខុសគ្នា កឹម សុខា ឈរ​នៅត្រើយម្ខាងនៃសមុទ្រ ឯ សម រង្ស៊ី ឈរនៅត្រើយម្ខាងទៀតនៃសមុទ្រ​។
-មតិ​លោកសត្យា រក្ស​
នៅក្នុងឱកាសនេះ ខ្ញុំក៏ចង់ជម្រាបជូន​បងប្អូនដែរ ជាពិសេស​គឺបងប្អូន​ដែល​កំពុងតែ​ដោច​រោយ​ជាមួយ​ កឹម សុខា ទាំងងងឹតងងុលនោះ។​ បងប្អូនគួរតែភ្ញាក់រលឹក ហើយអ្វី​ដែលខ្ញុំ​បាន​​ផ្ដែផ្ដាំ​​​សុំឲ្យភា្ញក់រលឹក​ គឺនៅ​ត្រង់ថាមិន​ចង់ឃើញ​បងប្អូន​ចំណាយពេល​វេលាដែល​អត់​ប្រយោជន៍​។ ពីព្រោះថាសញ្ញានៃការឈ្នះ​របស់​ កឹម សុខា ក្ដី ឬក៏សញ្ញានៃការឈ្នះរបស់ សម រង្ស៊ី ក្ដី មកទល់ម៉ោងនេះ គឺអត់ទាន់មានសញ្ញាណា​មួយដែលថា ឆ្ពោះទៅរកការឈ្នះ ឬក៏ឆ្ពោះ​ទៅ​រក​ជោគជ័យ​នោះនៅឡើយទេ។ ហើយមួយទៀត​សូមបងប្អូនចងចាំថា បក្សដែល​គេថា​នឹង​បង្កើត​ថ្មីនេះ​ វាគ្រាន់តែជាសំបកមួយទេ ហើយអ្នក​ដឹកនាំគឺដដែល។ ហើយអ្នកទាំងពីរនេះទាំង សម រង្ស៊ី ទាំង កឹម សុខា ក្ដី មិនមែនមនុស្សមិន​ធ្លាប់​ចាញ់ឆ្នោត​ទេ ចាញ់ឡើងជ្រេញ មុខ​ដដែលៗ​ ការឃោសនាក៏​ដដែលៗ។​ និយាយឲ្យចំបើគេហៅ​ថា ចាញ់ៗឡើងអស់សាច់ លោកបណ្ឌិត​ គឺអស់សាច់រលីងគួរណាស់បើដឹងថា ខ្លួនអន់ សម រង្ស៊ី ក្ដី កឹម សុខា ក្ដី បើដឹងថា​ខ្លួន​​អន់​ហើយ វាគួរណាស់តែលាចេញពីមេបក្សទៅ ទុកឲ្យក្មេងៗជំនាន់​ក្រោយគេ​ធ្វើការ​ម្ដង​ទៅ ក្រែង​អាចមានប្រជាប្រិយភាពជាងខ្លួន ឬក៏គណបក្សប្រឆាំងនៅកម្ពុជា​គ្មាន​អ្នកដែល​ស្នង​ទេ គ្មាន​យុវជន​ទេ បានជា​ទុកឲ្យអ្នកចាញ់ហើយនិងដឹងថា ចាញ់ហើយហ្នឹង ចេះ​តែរុញ​ឲ្យ​ឡើង​ប្រកួតនេះ ហើយ​បើប្រដាល់គេទះងាប់ហើយ​។
អញ្ចឹងជុំវិញព្រឹត្តិការណ៍ថ្មីបន្ដទៀត ដោយសារតែគណបក្សប្រឆាំងនេះ គឺកំពុង​តែសាប​​ព្រោះ​នូវ​ល្បិចកល​នៃការបោកប្រាស់គ្រប់ប្រភេទតែម្ដង។ ហើយ​និយាយឲ្យ​ចំ​ទៅ​ការ​បោក​ប្រាស់​​របស់ពួកគាត់​ដដែលៗ ហើយទង្វើខុសឆ្គងរបស់គាត់ហ្នឹង គឺដដែលៗទៀត ។
លោក​ សត្យា រក្ស​
សំណួរ​៖ ថ្មីៗនេះ លោក គង់ គាំ ដែលគេហៅថាជាប្រធានចាំផ្ទះប្រធានស្ដីទីអីនេះ ឬបើ កឹម សុខា គាត់ហៅ គង់ គាំ ប្រធាន​ទីងមោង​ ហើយអនុប្រធានទីងមោង​​។ មុន​នឹង​និយាយ​​អី​ទាល់តែ​សុំ​យោបល់ពីគេសិន បានហាន​និយាយគ្មានអំណាចសិទ្ធិអីទេ ទូងៗដូ​ច​ស្គរ​នៅ​ចាំផ្ទះ​ទេ ហ្នឹងខ្ញុំនិយាយតាម កឹម សុខា ទេ​។ អញ្ចឹង​ប៉ុន្មានថ្ងៃនេះ គេកំពុងតែ​យក​គម្រូ​តាម​លោក សម រង្ស៊ី យក​ពាក់​កណ្ដាល​ ឃើញរបៀបទៅអើត​អើម​ព្រំដែនអីនោះ​ណា ហើយ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​ទៀត​ហើយ​។
អញ្ចឹងទង្វើនេះ លោកបណ្ឌិតមានអីដើម្បីជាការពន្យល់ទៅដល់ប្រជាពលរដ្ឋ ហើយ​ទុក​ជា​បទពិសោធន៍ និងទុកជាមេរៀនខ្លះ ក្រែងលោក គង់ គាំ គាត់អត់យល់ដឹងអំពីច្បាប់ ឬក៏​មិន​​បាន​​ស៊ី​ជម្រៅ​ទៅនឹ​ង​តួនាទី​នៃការគ្រប់គ្រងរដ្ឋនោះ?
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ មេ​បក្ស​ដែល​ស្នងពីលោក សម រង្ស៊ី ដែល​លោក កឹម សុខា ហៅថា​អនុប្រធានទី​ង​មោង​នោះ​ ឥឡូវនេះ​បានឡើងទៅជាប្រធានទីងមោង​ហើយ​។​ ប្រធានទីងមោង​នេះ​ តែងតែនិយាយ​ដោយភ្លេចគិតអំពីសាវតា​របស់ខ្លួន​ គឺ​មានន័យ​ថា​ នៅពេលដែលខ្លួន​កាន់​កាប់គណបក្ស​ហើយ​ ហើយ​ សម រង្ស៊ី លែងជាប្រធានបក្ស​ក៏ដោយ​ នៅពេលដែល​មានរឿង​នៅ​ផ្ទៃក្នុង​​គណបក្ស​ ក៏នៅតែ​កាន់ក្រដាស​​ទៅ​សុំ​យោបល់​ លោក សម រង្ស៊ី នៅបារាំង​ដែរ​។​ ប៉ុន្តែ​ មិនទាន់បានទៅដល់​ជួប​ សម រង្ស៊ី ផង​ ក៏ត្រូវ​កូនចៅ​នៅក្នុង​គណបក្ស​នេះ​ ដែលមានឥទ្ធិ​ពល​​ ខ្លាំងជាង​មេបក្ស​ទីងមោង​នេះ​ បានទូរស័ព្ទ​ទៅលោក​ សម រង្ស៊ី​ ដើម្បីដេញ​ចោល​ ឬក៏​ព្រមាន​​ដល់​ពួក​ដែល​ចង់ងើបបះបោរ​នៅផ្ទៃ​ក្នុង​បក្ស​រួចទៅហើយ​ ដោយលោកប្រធាន​ទីងមោង​ មិនទាន់​បាន​ដឹង​ ហើយ​​ដែល​​ចង់​ការពារ​អ្នក​ចង់​​បះបោរ​ក្នុងបក្ស​ទាំង​នោះ​។​ ដោយ​សារ​គាត់​មិន​ស្គាល់អំពី​សាវតា​ខ្លួន​បែបនេះ​ហើយ ទើប​គាត់ក្លាយទៅជាប្រធានទីងមោង​ ហើយ​បាន​ដើរទៅចោទ​គេ​ ថាគេ​ចំ​ណុះអ្នកនេះ​ ឬអ្នកនោះ​ ជាដើម​។​
ឥឡូវនេះ​ ប្រធានទីមោង​នេះ​ បានទៅធ្វើ​​របៀប​ សម រង្ស៊ី​ ទៀតហើយ​​​​។ កាលលោក សម រង្ស៊ី​ គឺគាត់ទៅដកបង្គោល​ ចំណែក​មេបក្ស​ទីងមោងនេះ​មិនហ៊ាន​ធ្វើ​ឲ្យដូច សម រង្ស៊ី​ ទេ​ គឺនៅ​ញញើត​ខ្លាច​ច្បាប់​ខ្លះដែរ​។​ យើង​សូម​ផ្តាំទៅលោក​ប្រធានទីងមោង​ថា​ រឿង​បង្គោល​ព្រំដែន​​នេះ​ គឺធ្លាប់មានបទពិសោធន៍​ពេលដែល លោក សម រង្ស៊ី​ បានធ្វើ​ គាត់​បាន​ទៅ​ញុះញង់​​ប្រជា​ពលរដ្ឋ​​ឲ្យ​មក​ប្រព្រឹត្តិជាមួយគាត់​ ដោយ​ប្រជាពលរដ្ឋ​ លោកមិនបានដឹង​អំពី​ផ្លូវច្បាប់​ថា​អាច​ជាប់​ទោស​។ ដូច្នេះ​សង្ឃឹម​ថា​ លោក ប្រធានទីងមោង​ពេលនេះ​ មិនធ្វើ​ឲ្យ​ប្រឡាក់ប្រឡូក​ទៅដល់​ប្រជាពលរដ្ឋ​ទេ​ គឺ​ទុកឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​មុខរបរ​របស់​ពួកគាត់​ ដើម្បី​ជីវភាព​គ្រួសារ​គាត់ទៅចុះ​។ ប្រសិនបើ​លោក​ប្រធាន​ថ្មីនេះ​ គាត់​ចង់ជាប់​គុគ​ ជាប់ច្រវ៉ាក់​ ឬចង់ឲ្យតុលាការ​ផ្តន្ទាទោស​គឺ​ជាប់​តែលោក​ម្នាក់​ទៅចុះ​ និង​សូមឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​គិត​ថា​មុននឹងធ្វើអ្វីគឺត្រូវគិត​អំពី​អធិបតេយ្យភាព​របស់ប្រទេស​ គិត​អំពីផ្លូវច្បាប់​ និង​គិត​​អំពី​អ្វីដែល​ជា​សម្បត្តិ​សាធារណៈ​​ និង​មិនត្រូវធ្វើតាម​ការ​ចញ្ចើចបញ្ជោរ​របស់​អ្នក​នយោបាយ​​ទុច្ចរឹត​​ឡើយ​ ពីព្រោះ​​វាអាច​ធ្វើឲ្យ​បងប្អូន​​ប្រឈម​ជាមួយ​​ច្បាប់​​។​
រឿងនេះ​​ ប្រសិន​បើ​​មេបក្ស​ទីងមោង​ ដែលជាសមាជិកព្រឹទ្ធ​សភា​ និង​​អ្នក​តំណាងរាស្ត្រ​ សម រង្ស៊ី និងតំណាងរាស្ត្រ​ កឹម សុខា​ ដែល​ទៅជាមួយគ្នា​នោះ​បានប្រព្រឹត្តិ​នូវ​ការបំផ្លាញ​បង្គោល​ព្រំដែនទៀត​នោះ​ គឺ​ប្រាកដ​ជា​មិនអាច​ឲ្យ​លោក អូបាម៉ា​ ជួយ​ ឬប្រទេស​បារាំង​ជួយ​បានទេ​ គឺបណ្តា​ប្រទេស​នៅសហគមន៍​ អឺរុប​ក្តី​ គេ​មានតែជម្រុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​​ទោស​ក្រម​ព្រហ្មទណ្ឌ​ ទៅលើអ្នកទាំងអស់នោះ​ថែមទៀត​។​
លោក​ សត្យា រក្ស​
សំណួរ​៖ ទាក់ទង​និងរឿង​ព្រំដែននេះ​ យើងឃើញថា​អស់លោក​បក្ស​ប្រឆាំង​កំពុង​តែ​បន្លឺ​សម្លេង​​ថា​ខ្លួន​ស្រឡាញ់​ខ្លាំងណាស់​ ហើយ​ថា​ខ្លួនចង់​ការពារ​ ចង់​ថែរក្សា​ ចង់អភិវឌ្ឍ​ នឹងរឿងព្រំដែននេះខ្លាំងណាស់​។ ប៉ុន្តែ​មកទល់​ពេលនេះ​ តើអ្វីទៅ​ដែលជាសមិទ្ធផល​ ឬជា​ស្នាដៃ​​​ដែល​បក្ស​​ប្រឆាំង​​បាន​​កសាង​ ដើម្បី​ជា​ប្រយោជន៍​​នៅក្នុងការ​ការពារ​អធិបតេយ្យភាព​ ការពារ​បូរណភាពទឹកដី​ ការពារ​នូវអ្វីដែលជាបំណងរបស់ប្រជាពលរដ្ឋ​ ដើម្បីជាមរតក​សម្រាប់​មនុស្ស​​ជំនាន់ក្រោយ​ដូចការអះអាងរបស់ពួកគេដែរឬទេ?​
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ប្រសិន​បើ​គណបក្ស​ប្រឆាំងពិតជាស្រឡាញ់ទឹកដី​ ស្រឡាញ់​ប្រទេសជាតិ​ពិត​មែន​ នៅពេលដែលកម្ពុជា​ប្រឈមមុខ​ការពារបូរណភាពទឹកដី​នៅប្រាសាទព្រះ​វិហារ​​ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​​ ដែលជារបស់ខ្មែរ​ ហេតុ​អ្វី​បានជាលោក សម រង្ស៊ី និងលោក កឹម សុខា​ មិនទៅចូលរួម​លើកទឹកចិត្ត​កងទ័ព​?​ លោក កឹម សុខា ប្រមូលស្បៀងបានបន្តិចបន្តួច​ មិន​​បាន​ប្រគល់ទៅឲ្យ​ក្រសួងការពារជាតិ​ ឬប្រគល់ទៅឲ្យ​គណៈកម្មការ​ការពារជាតិ​នៃ​រដ្ឋសភា​ទេ​​ គឺគាត់​ធ្វើ​ដើម្បី​ចង់​កេញចំណេញ​នយោបាយ​ ឬដើម្បី​បង្ហាញ​មុខ​តែប៉ុណ្ណោះ​។​ ផ្ទុយទៅវិញ​ កាលពីព្រឹត្តិការណ៍​នោះ​ គឺ​មានតាំងពី​កុមារា​ កុមារី អាជីវករ​ រួមទាំងបងប្អូន​អ្នករត់ម៉ូតូឌុប​ក៏បានចូលរួមថវិកា​រ​របស់ខ្លួន​មកចូលជាមួយមូលនិធិបាយ៍ន​ដែរ​។​ ការដែលគណបក្ស​ប្រឆាំង​មិនបាន​ចូលរួម​វិភាគទាន​ឧបត្ថម្ភ​ដល់​កងទ័ព​ នៅពេល​ប្រទេស​ជាតិ​មាន​បញ្ហា​នោះ​ ជាការ​បញ្ជាក់​​ថា​ គណបក្ស​ប្រឆាំង​មិនបាន​មាន​ចិត្ត​ជួយការពារទឹកដី​នោះទេ​ ផ្ទុយទៅវិញ​គឺពួកគេ​ចង់​កេង​​ចំណេញ​​នយោបាយ​​ទៅ​វិញ​ទេ​។​​
ចំណុច​ដែលគណបក្ស​ប្រឆាំង​បានប្រើនូវនយោបាយ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​មក​ដក​បង្គោល​​ព្រំដែន​​ គឺមិនមែនជានយោបាយការពារជាតិនោះទេ​ តែវា​ជានយោបាយ​បង្ក​រឿង​ឈ្លោះ​ទាស់ទែងគ្នា​ជាមួយប្រទេសជិតខាងទៅវិញទេ​។​ ឧទា​ហរណ៍​ ដូចក្រុមអាវលឿងថៃ​ ដែល​​​​ចង់​មក​​ដកបង្គោល​ព្រំដែន​​ គឺជា​ការបង្ករឿង​ជាមួយកម្ពុជា​ ដូច្នេះ​រដ្ឋាភិបាលថៃ​មិន​អនុញ្ញាត្តិ​​​ឲ្យ​​ធ្វើ​​ទេ​​។ ដូច្នេះ​កម្ពុជា​ក៏​មិនអាចធ្វើបែបនេះបានដែរ​ ពីព្រោះវា​នាំឲ្យមាន​ការបង្ករឿង​ជា​មួយ​ជាតិ​ដ៏ទៃ​​ ហើយអន្តរជាតិ​ក៏មិនគាំទ្រដែរ​ ហើយយើង​ក៏មិនអាចឈ្នះ​លើ​ឆាក​អន្តរជាតិ​ទេ​ ប្រសិនបើយើង​ប្រើនយោបាយការពារជាតិ​បែបនេះ​ដូចគណបក្ស​ប្រឆាំង​ធ្លាប់ធ្វើ​។​ ផ្ទុយ​ទៅ​វិញ​ គឺជា​ទង្វើ​​បំផ្លាញ​​នយោបាយ​ការពារជាតិទៅវិញ​ទេ​​។ សរុបមក ទង្វើ​របស់​ លោក សម រង្ស៊ី និងមេបក្ស​ទីងមោង​ រួមទាំងទង្វើរបស់លោក កឹម សុខា ក្តី​គឺជា​ទង្វើ​បំផ្លាញ​នយោបាយ​ការពារ​ជាតិ​​។​
នយោបាយ​របស់គណបក្ស​ប្រឆាំង​ គឺគ្មាននយោបាយសម្រាប់ជីវិតជាតិ​ទេ​។ ឧទាហរណ៏​​ បញ្ហា​ព្រំដែន​ គឺការកំណត់​អំពី​ខ្សែរ​បន្ទាត់​ព្រំដែន​។​ ពួកគណបក្ស​ប្រឆាំង​តែងតែ​យក​រឿងអតីតកាល​មកលង​រឿង​បច្ចុប្បន្នកាល​។ ការលើកបែបនេះគឺជាការបញ្ឆេះ​កំហឹង​ជាតិ​និយម​​ដើម្បី​បំផ្លាញ​ជាតិខ្មែរ​​។ កាល​ណាភ្លើង​សង្គ្រាម​កើត​ឡើង​​ ជីវិតមនុស្ស​ត្រូវជួប​ប្រទះ​នូវ​សោកនាដកម្ម​ ហើយ​កម្ពុជា​ គឺកំពុងតែទ្រុឌទ្រោម​ គឺយើង​ទើបតែ​បានរីកលូត​លាស់​តែជាង​១០ឆ្នាំ​ ចុងក្រោយនេះ​ទេ​បន្ទាប់​ពីនយោបាយឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន​ ។​ ចំណុច​មួយទៀត​ គឺការគូសវាស​ខ្សែរបន្ទាត់ព្រំដែន បើអស់​លោកទាំងអស់​នោះទទួល​ស្គាល់​ការ​ពិត​​ គឺត្រូវ​​បញ្ចប់​បញ្ហា​អស់ហ្នឹង​​ដោយការ​គូសវាស​ខ្សែ​រ​បន្ទាត់​ និងការបោះបង្គោល​ហើយ​ ដើម្បី​កុំឲ្យបញ្ហា​ព្រំដែន​ក្លាយទៅជាបរិបទ​នយោបាយ​ កំប្លែងសម្រាប់គណបក្ស​ប្រឆាំង​​ កម្ទេច​ បំផ្លាញជីវិត​មនុស្ស​​​​។​ សព្វថ្ងៃនេះ​ គណបក្ស​ប្រឆាំងតែងតែ​លើក​យក​រឿង​ខ្សែរ​បន្ទាត់ព្រំដែន​ ទឹកដី​របស់ខ្មែរ​ត្រឹម​នេះ​ ឬត្រឹមនោះ​ មកលេងសើច​ ពីព្រោះរឿងអតីតកាល​គឺជារឿង​ឈឺចាប់​មួយ​រួចទៅហើយ​ ដូច្នេះ​យើង​មិនត្រូវ​លើក​ឲ្យវាឈឺចាប់តទៅទៀតទេ​។ ដូច្នេះ​ដើម្បីជំនះ​នូវរឿង​អតីតកាល​ទាំងនោះ​ គឺត្រូវ​ចូលរួម​ដោយស្មោះ​ស្មគ្រ​​ជាមួយគ្នា​​ គាំទ្រ​ការ​អារកាត់​របស់​ប្រមុខ​រដ្ឋាភិបាល​​ ក្នុងការធ្វើឲ្យបានសម្រេច​នូវការគូសវាសខ្សែរបន្ទាត់​ព្រំដែន និងការបោះ​បង្គោល​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​​ទាំងបី​ ពីព្រោះ​​ចំនួន​បង្គោល​នៅសល់បន្តិច​បន្តួច​​​ប៉ុណ្ណោះ​​។​ត្រង់នេះ​ហើយគឺជានយោបាយធានា​​ផ្តល់​នូវលទ្ធភាព​ក្នុងការអភិវឌ្ឍ​ និង​សន្តិភាព​​នៅតាមព្រំដែន​ ដើម្បី​ដឹកនាំ​ប្រទេស​ឈានទៅមុខ​ ហើយ​គ្រប់គណបក្ស​នយោបាយ​​អាច​​ប្រកួត​​​ប្រជែង​​គ្នា​​នៅ​​ក្នុង​នយោបាយ​ លើ​ទីលាន​នយោបាយ​​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​​។​​
-មតិ​លោក សត្យា រក្ស​
សរុបមក​ ក្រោយ​ពីបាន​ស្តាប់នូវការបកស្រាយ​របស់លោក​បណ្ឌិត​ គឺបងប្អូន​ប្រជា​ពលរដ្ឋ​​​អាច​ពិចារណា​ និងអាចដោះខ្លួន​ឲ្យរួចផុត​ពីឥទ្ធិពល​ និងក្រញ៉ាំ​នៃការ​បោកប្រាស់​របស់​បក្ស​​​ប្រឆាំង​​​ជា​មិនខាន​។ បងប្អូន​ អាច​មើលឃើញអំពី​ហេតុ​ផល​ ជាពិសេស​គឺ​ប្រវត្តិ​របស់​គណបក្ស​​ប្រឆាំង​​ឲ្យ​បាន​ច្បាស់​ ថា​តើប៉ុន្មានអាណត្តិមកហើយ​ដែលគណបក្ស​ប្រឆាំង​បាន​ចាញ់​ឆ្នោត​​?​ ហើយ​ការដែលគណបក្ស​ប្រឆាំងចាញ់ឆ្នោតកន្លងមក​នោះ​ តើ​គោលនយោបាយ និង​​ចរឹត​នៃ​ការ​ឃោសនា​​​​របស់​គាត់​​នោះយ៉ាងម៉េច?​ សរុបមក​ ការឃោសនា​របស់​គាត់​គឺ​ដដែល​ៗ​ ​គឺគ្មាន​អ្វី​ក្រៅពី​យួ​ន​យក​ដី​​ រំកិលព្រំដែន​ ពុករលួយ ហើយ​គណបក្ស​របស់គេ​នោះ​នឹង​ឈ្នះ​​ដោយ​សារ​​ការ​ទទួល​​ការគាំទ្រ​​ពី​អន្តរជាតិ​ ជាពិសេសអាមេរិក​ គឺដដែលៗ​។ ផ្ទុយទៅវិញ​ បើ​​និយាយ​អំពី​លទ្ធផល​វិញ​​គឺ​គណបក្ស​​ប្រឆាំង​​​កាន់​តែ​ដុន​ដាប​​ទៅ​ជា​លំដាប់​។​ អញ្ចឹង​សូម​បងប្អូន​​ប្រជាពលរដ្ឋ​ឈប់​ចាញ់​បោក​​គេ​ត​ទៅទៀត​ទៅ​​។ បងប្អូនគួរតែងាកមករក​អ្វីដែលជា​​​ភាពចម្រុងចម្រើន​សម្រាប់​​សង្គមជាតិ​ ពីព្រោះប្រជាពលរដ្ឋ​ជាកម្លាំងរបស់ប្រទេស​។ ជាតិ​មួយ​ដែល​អាច​រីក​ចម្រើន​​​ទៅមុខបាន​ អាស្រ័យដោយ​សារ​តែប្រជាពលរដ្ឋ​មានឆន្ទៈ មានសេចក្តី​ក្លាហាន​ ស្មោះត្រង់​នឹងជាតិ​ បម្រើជាតិដោយ​សុទ្ធចិត្ត​ និង​ចូលរួមពូនជ្រុំ​ជាមួយរាជ្យវង្ស​ និង​រាជរដ្ឋាភិបាល​​ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែប្រសើរឡើង​ និងធ្វើឲ្យជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។​
បើនិយាយ​អំពីចរឹត​​របស់​អ្នកនយោបាយ​ប្រឆាំង​​មកទល់​សព្វ​ថ្ងៃ​នេះ​ ​គឺគ្មាន​អ្វី​ក្រៅ​ពីការ​អួត​​​ ក្រៅពីការ​សន្យា​ទេ​។ ការសន្យានេះ​ គឺជាការបោកប្រាស់​យ៉ាង​ពិតប្រាកដ​។ បងប្អូន​អាច​ពិចារណា​​មើល​​ថា​ នៅពេលដែល​កម្ពុជា​ធ្លាក់​ទៅក្នុង​គ្រោះ​មហន្តរាយ​នៃរបប ប៉ុល ពត​ បើសិន​ណា​ជា​ សម្តេច ទាំងបី​ ពេលដែល​ចេញទៅក្រៅប្រទេស​ ហើយ​គាត់​បំពងសម្លេង​ពី​ក្រៅ​ប្រទេស​​​​ដោយប្រើពាក្យ​សន្យា​ដូច​គណបក្ស​ប្រឆាំង ​ដែលកំពុងតែប្រើប្រាស់​តាមប្រព័ន្ធ​ឃោសនា​​​​ពីក្រៅ​ប្រទេស​​មកវិញនោះ​ ប្រហែល​ជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិនអាច​រស់រាន​មាន​ជីវិត​​មក​ដល់​ពេលនេះ​​ទេ​ ​ហើយ​ក៏មិនអាច​ទទួលបាននូវការហូបចុកគ្រប់គ្រាន់ និងមិន​អាច​ជួប​ជុំគ្រួសារ​​ដូចពេលនេះទេ​។ ដូច្នេះ ការសន្យា​គឺមិនអាចជាការពិតបាន​ទេ​ បងប្អូនគួរ​តែ​ងាក​​មក​ទទួល​យក​នូវអ្វី​​ដែលជា​ការពិត​ អ្វីដែល​ជាភាព​ជាក់ស្តែង​​ អ្វីដែលជាសមិទ្ធផល​កំពុង​ទទួល​បាន​ ដែលយើងអាច​ទាញ​យក​មកអភិវឌ្ឍជាតិ​ និងចម្រុងចម្រើន​ដល់ក្រុមគ្រួសារ​របស់​យើង​​៕​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី