Thursday, March 14, 2013

សម្តេច​​តេជោ​​ដាក់​​ចេញ​​ទិស​ស្លោក ថ្ងៃនេះ និង​​ថ្ងៃ​ស្អែក កុំឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​

នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ក្នុង​រាជ​ធានីភ្នំពេញ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា នា​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៣ បាន​ដាក់​ចេញ​នូវ​ទិស​ស្លោក​មួយ​ឃ្លា​ថា “ថ្ងៃនេះ និង​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍” ដើម្បី​ជា​ការ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍ ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយនៅ​ក្នុងព្រះ​រាជាណាចក្រកម្ពុជា។ សម្តេច​តេជោ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​ជន រួម​ទាំង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ទន្ទេញ និង​ចូល​រួម​អនុវត្ត​នូវគោល​ការណ៍​នេះ។

បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ជា​កង្វល់​ដ៏​ធំ​របស់​រាជ​រដ្ឋាភិបាល​ ជាពិសេស​គ្រោះថ្នាក់​ចរា​ចរ​ណ៍​កាលពី​សប្តាហ៍​មុន​នៅ​រាជ​ធានី​ភ្នំពេញ ដែល​បង្កឡើង​ដោយ​និស្សិត​ពេទ្យ​ជា​ស្ត្រី និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដែលបង្ក​ដោយ​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​នោះ
នៅ​ក្នុង​​ពិធី​​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​​និស្សិត​ថ្នាក់​បរិ​ញ្ញា​បត្ររង​សរុប​ចំនួន ១៩៥៦នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ ២០០៩​-២០១០ និង​២០១០-២០១១ និង​ឆ្នាំ​សិក្សា ២០១១-២០១២ នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី សម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងអស់​នេះ ​គឺ​បណ្តាល​មក​ពី​​ការ​ធ្វេស​ប្រហែស​របស់​អ្នក​បើកបរ ដែល​ជា​កត្តា​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះនៅ​តាម​ផ្លូវ​ជាតិ​លេខ៤ក្នុងខេត្ត​ព្រះ​សីហនុ មាន​កើត​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ផ្ទួនៗ​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៦នាក់ និង​រង​របួស​មួយ​ចំនួន​ទៀត ដូច​គ្នា​នឹង​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ក្រសួង​មហាផ្ទៃក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​មនុស្ស​ស្លាប់​ចំនួន​៣នាក់​ជាក្មេង​សិក្សា​សាលា និង​របួស​មួយ​ចំនួន​ទៀត។ ទាក់​ទង​ករណី​នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រ​សា​សន៍​ថា យើង​មិន​ត្រឹមតែ​សោក​ស្តាយ​ចំពោះ​អ្នក​ស្លាប់​ទេ ប៉ុន្តែ​យើង​ស្តាយ​ចំពោះ​អនាគត​ក្មេង​ស្រី​ដែល​ជា​អ្នក​កាន់​ចង្កូត​រថយន្ត ដោយសារតែ​ឪពុក​ម្តាយ​ស្រឡាញ់​កូន​ពេក នៅ​ពេល​ដែល​កូន​មិន​ទាន់​ស្ទាត់​ជំនាញ។ ក្មេង​ស្រី​ជា​និស្សិត​នោះ​ នឹង​បាត់បង់​អនាគត​ព្រោះ​គេ​មិន​អាច​រួចផុត​ពី​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ សម្តេច​តេជោ​​មាន​ប្រសាសន៍​ថា ករណី​គ្រោះ​ថ្នាក់​នេះ​ វា​បាន​ដាស់តឿន​ដល់​ឪពុក​ម្តាយ ដែល​បាន​បណ្តោយ​កូន​ជ្រុល​ហួស​ហេតុ​ត​ពេក ហើយ​បាន​ក្លាយទៅជា​ការនាំ​ទុក្ខ និង​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។ សម្តេច​តេ​ជោ​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ឲ្យដឹង​ផង​ដែរ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ​ថា វា​ជា​រឿងដ៏​គួរ​ឲ្យ​រន្ធត់ ហើយ​សម្តេចបាន​សំដែង​នូវ​ការ​សោកស្តាយ​ចំពោះ​អ្នកទទួល​មរណភាព និង​បាន​ស្នើ​ឲ្យ​ក្រ​សួង​​ពាក់ព័ន្ធ​ពិនិត្យមើល​ចំពោះ​បញ្ហា​បច្ចេកទេស​របស់​ រថយន្ត​កុង​តឺន័រ ដែល​ត្រូវ​តែ​មាន​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់ មុននឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាច​រណ៍​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បានធ្វើការ​ក្រើនរម្លឹក​ដល់មន្ត្រី​ទាំងអស់ថា ​ត្រូវ​អនុវត្ត​តាម​ច្បាប់កុំ​ចាំ​បាច់​តែមាន​អនុសាសន៍​របស់​សម្តេចទើប​អនុវត្តន៍​។ មន្ត្រី​ទាំងអស់​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​អនុ​វត្ត​ការងារដូច​ភ្លៀងរលឹម ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​រឹតបន្តឹង​លើ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ដើម្បី​កុំឲ្យ​មាន​សោកនាដកម្មដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដង​ផ្លូវកើតឡើង​ដូច្នេះ​ទៀត​។ រី​ឯ​ឡាន​កុងតឺន័រ ក៏​ត្រូវ​តែ​ចាប់​ខ្ចៅ​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។
ទាក់​ទង​ទៅនឹង​បញ្ហា​ឆ្លង​នៃ​ជម្ងឺ​ផ្តាសាយ​បក្សី និង​បញ្ហា​អគ្គីភ័យ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​យកចិត្ត​ទុកដាក់ការ​ពារ និង​ទប់ស្កាត់ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​។​ សម្តេច​តេ​ជោ​មានប្រសាសន៍​ថា សូម​យកចិត្តទុកដាក់​ជាមួយ​បញ្ហា​ជំងឺឆ្លង ជា​ពិសេ​ស​ជាមួយ​បញ្ហា​ជំងឺ​ផ្តា​សា​យ​បក្សី ដែល​ឥឡូវនេះ​មិន​គ្រាន់តែ​ផ្ទុះ​នៅតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ផ្ទុះ​នៅ​ទីកន្លែង​ដទៃ​ក្រៅ​កម្ពុជាយើង​ហើយ។ សូម​មន្ត្រី​ទាំងអស់​ មិនមែន​ត្រឹមតែ​មន្ត្រី​សុខាភិបាល កសិកម្ម​នោះ​ទេ ប៉ុន្តែ​ស្ថាប័នគ្រប់ផ្នែក​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ។ អ្នក​ដែល​សំខាន់​ជាងគេ​ គឺ​ប្រជាពលរដ្ឋ​ ប្រសិនបើ​ឃើញមាន​ស្ថាន​ភាព​មិន​ស្រួល​ដូចជា​សត្វ​ងាប់ ​ឬ​ឈឺ ត្រូវតែ​រាយ​ការ​ណ៍​​បន្ទាន់​ទៅ​ភ្នាក់ងារ​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ត្រួត​ត្រា​​សភាពការណ៍​នេះ។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា យើង​ត្រូវតែ​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​បានម៉ត់​ចត់ ​ហើយ​ប្រឹង​ប្រែង​ធ្វើ​ទាំងអស់​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ជម្ងឺ​នេះ​ផ្ទុះឡើង​កាន់តែ​ធំ។ នៅ​តំបន់​ដែល​មិន​ទាន់​មាន​ជំងឺ​នេះ​ផ្ទុះ​ឡើង ត្រូវតែ​ពិនិត្យ​អំពី​ការ​ឆ្លង​កាត់​នៃ​ពួក​សត្វ​បក្សា​បក្សី​​ចូល​ទៅ​ក្នុង​តំបន់​នោះ ចំណែក​ឯ​​តំ​បន់​ដែល​មាន​កើត​រួចហើយ ត្រូវ​ដាក់​ការ​ហ៊ុំព័ទ្ធ​កុំ​ឲ្យ​មាន​សត្វ​​ចេញពី​តំបន់​នោះ​ទៅកាន់​តំបន់​ដទៃ​ទៀត ហើយ​បើ​សង្ស័យ​ថា​ មាន​មនុស្ស​មាន​ជំងឺ​ក៏​ត្រូវ​​តែ​ទៅ​រក​ពេទ្យ​ឲ្យ​បាន​ឆាប់ ហើយ​ក្រសួងសុខាភិបាល ក៏​ដូចជា​មន្ទីរ​សុខាភិបាល​តាម​ខេត្ត ក្រុង ស្រុក ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​ស្ថានភាព​នេះ​ឲ្យ​បាន​ដិតដល់​បំផុត ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​វិទ្យុ និង​ទូរទស្សន៍​ ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ឲ្យប្រជាពលរដ្ឋ​បាន​ដឹង និង​បាន​ជ្រួតជ្រាប​ចំពោះ​បញ្ហា​ដ៏​មាន​គ្រោះថ្នាក់​នេះ។ ចំណែក​លោកគ្រូ​អ្នកគ្រូ​ក៏ ត្រូវ​ផ្តល់​​ព័ត៌មាន​អប់រំ​ទៅដល់​សិស្សានុសិស្ស ហើយ​ព្រះសង្ឃ​ក៏​មាន​តួនាទី​ក្នុងការ​អប់រំ​បញ្ហា​នេះ​ដល់ ពុទ្ធបរិស័ទ​ផងដែរ។ ទាក់​ទង​នឹង​​បញ្ហា​គ្រោះ​អគ្គីភ័យ សម្តេច​​តេ​ជោ​ថ្លែង​ថា ដោយសារ​ក្នុង​ឆ្នាំ​នេះ​បញ្ហា​អគ្គីភ័យ​បាន​កើតមាន​ឡើង​ច្រើន​កន្លែង​នោះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា មិន​ថា​ជា​គ្រួសារ​អ្នកមាន ​អ្នកក្រ​នោះ​ទេ​ សូម​មេត្តា​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា។

នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​ថ្នាក់ បរិ​ញ្ញា​បត្ររង នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មីនោះ​ដែរ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ឲ្យ​បន្ត​អនុវត្តន៍​នូវ​សិល្បៈនៃ​ការ​ចែក​រំលែក ដែល​ជា​ប្រពៃណី​របស់​ខ្លួន​តាំងតែ​ពី​យូរយារ​ណាស់​មក​ហើយ​ៗ​បាន​ផ្តល់​នូវ​អត្ថិភាព​ដល់​គណបក្ស។

សម្តេច​តេ​ជោសែន​បាន​មាន​ប្រសាសន៍​ថា ការ​ជួយ​នៅ​តាម​ទី​អារាម នៅ​តាម​សា​លា​រៀន នៅ​តាម​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​នៅ​តាម​ទីកន្លែង​នានា​ ដែល​ត្រូវ​ជួយ​ដូចជា​ កុមារ​កំព្រា ជន​ពិការ​ជាដើម ដែល​សមាជិកសមាជិកា CPP ធ្លាប់​បាន​ធ្វើ និង​កំពុង​ធ្វើ​នោះ​ គឺជា​សិល្បៈ​​ចែក​រំលែក ហើយ​វិធី​របស់ CPP ដែល​ធ្វើ​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​រីក​លូតលាស់​ និង​រឹងមាំ​ឡើងជា​លំ​ដាប់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ពន្យល់​​ថា វិធីសាស្ត្រ​សិល្បៈ​នៃ​ការ​ចែក​រំលែក​នេះ​មិនមែន​កើត​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​តាំងពី​អរុណោទ័យ និង​នៅ​លើ​ភព​ផែនដី​របស់​យើង​មក​ម្ល៉េះ។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា CPP មាន​វិធី​នេះ​តាំង​ពី​ដើម​មក ហេតុដូច្នេះ​ហើយ​ទើប CPP មានលទ្ធភាព ដើម្បី​ជួយ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ប្រឡាយ​ទឹក វត្ត​អារាម​នៅ​គ្រប់​ទីកន្លែង ហើយ​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​រួចហើយ​ថា មាន​គម្រោង​ចំនួន​រាប់​ម៉ឺន​ដែល CPP កំពុង​តែ​បន្ត​ដែល​ជា​គម្រោង​ពិត​មិន​មែន​ជា​គម្រោង​ខ្យល់តាម​ការ​សន្យា​ណាមួយ​នោះ​ទេ​។

សម្តេចតេ​ជោ​សែនបាន​លើក​ជា​ឧទាហរណ៍​ថា មកដល់​បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក​នេះ​ក៏​នៅមាន​ទីកន្លែង ដែល​អនុវត្តន៍​នូវ​សិល្បៈ​នៃ​ការ​ចែក​រំលែក​នេះ​ដែរ ដូចជា​ប្រទេស​អ្នក​មាន​បាន​ចែក​ជា​ជំនួយ​ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​នេះ​ជា​ទិដ្ឋភាព​មួយ ហើយ​ទិដ្ឋភាព​មួយ​ទៀត​គឺ​អ្នកមាន​ខ្លះ បាន​បង្កើត​នូវ​មូលនិធិ​ដើម្បី​ជួយ​ដល់​ផ្នែក​ជំងឺ​អេដស៍​ជាដើម៕