Thursday, March 14, 2013

សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​រាត្រី​ស​មោស​​​រ​មូល​​និធិ​ “យុវជន​​ក្នុង​​បុព្វ​ហេតុ​មាតុ​ភូមិ”​

សុន្ទរកថា 
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ក្នុងពិធីរាត្រីសមោសរមូលនិធិ​ “យុវជនក្នុងបុព្វហេតុមាតុភូមិ”​
រាជធានីភ្នំពេញ ថ្ងៃទី0៩ ខែមីនា ឆ្នាំ២០១៣
­œœ
-      ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
-      ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា
-          អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិង​អន្តរជាតិ​ និងក្មួយៗយុវជនទាំងអស់ ជាទីមេត្រី​!
ថ្ងៃនេះ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ដោយបានមក​ចូលរួម​ក្នុងពិធី រាត្រីសមោសរមូលនិធិ «យុវជនក្នុងបុព្វហេតុមាតុភូមិ» ជាមួយឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា​ អស់លោក លោកស្រី សប្បុរសជន ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិទាំងអស់ ជាពិសេស ក្មួយៗ​​ យុវជននៃសហភាព​សហព័ន្ធយុវជន​កម្ពុជា។ ខ្ញុំសូមកោតសសើរ និងវាយ​តម្លៃ​​ខ្ពស់​ចំពោះ​​​គំនិតផ្តួចផ្តើម និងកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ក្មួយ ហ៊ុន ម៉ានីនិងក្មួយៗជា​ថ្នាក់​ដឹកនាំ​នៃ​សហ​ភាព​សហព័ន្ធយុវជន​កម្ពុជា ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បណ្តាស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​និងសហគ្រាស​ឯកជន សមាគម អង្គការមិនមែន​រដ្ឋាភិបាល និងសប្បុរសជន​ទាំង​ឡាយ​​ក្នុងការរៀបចំឱ្យ​មាន​ការជួបជុំគ្នាដ៏មហោឡាឫកនេះ។

 ការជួបជុំគ្នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​គំនិត​ច្នៃ​ប្រឌិត​​ដ៏​ឈ្លាស​វៃ​ ​និងសមិទ្ធផលការងារជាបន្តបន្ទាប់របស់សហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែល​ខ្ញុំ​មាន​​មោទន​ភាព​និងគាំទ្រជានិច្ច ចាប់តាំងពីពេលដែល​សហភាព​នេះត្រូវបានបង្កើតឡើង។ យើង​​ទាំងអស់គ្នាមាន​សេចក្តី​សប្បាយរីករាយ​ ដោយបានឃើញយុវជនកម្ពុជា​កំពុង​បំពេញ​សកម្មភាព​​​ការងារក្នុងបេសកកម្ម​ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍ​សង្គមជាតិ​ប្រកប​ដោយ​​​ចិរភាព ដោយទទួលបានផ្លែផ្កា​គួរឱ្យ​កត់សម្គាល់ ។

ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោក​ ហ៊ុន ម៉ានី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលបានបង្ហាញអំពី​សមិទ្ធផលការងារ សំខាន់ៗ​​​របស់​ខ្លួន​នាពេល​កន្លងមក ក៏ដូចជាចក្ខុវិស័យសម្រាប់អនាគត។ ខ្ញុំសូមកោតសសើរ​និង​វាយតម្លៃខ្ពស់​ចំពោះ​ស្នាដៃការងារដែលស្តែងចេញ តាមរយៈសកម្មភាពសំខាន់ៗរបស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា មានជាអាទិ៍ ការលើកកម្ពស់ការយល់ដឹង​របស់​យុវជន​​អំពី​ប្រវត្តិសាស្រ្ត​កម្ពុជា ការជំរុញ​ឱ្យ​យុវជន​​​ចូលរួមក្នុង​ការងារសង្គមនិងមនុស្សធម៌ និង​ការជួយ​ដល់​យុវជនក្នុងការអប់រំ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កីឡា និងការទទួលបានព័ត៌មាន​អំពីទីផ្សារ​ការងារ ជាដើម។ សកម្មភាពទាំងនេះ ពិតជាមានសារៈសំខាន់​ណាស់នៅក្នុងបរិបទនៃការអភិវឌ្ឍ​​ប្រកប​ដោយ​​ចិរភាព ដែលទាមទារឱ្យមានតួនាទី​និង​ការចូលរួម​យ៉ាងសកម្មរបស់​យុវជន​​ក្នុង​​ការរួមចំណែក​ដោះស្រាយបញ្ហាប្រឈមក្នុងដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។ ការចូលរួមរបស់យុវជន​មិនត្រឹមតែ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង​ការអភិវឌ្ឍ​ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ​​ថែម​ទាំង​ជាការផ្តល់ឱកាសដ៏ល្អសម្រាប់យុវជនក្នុងការពង្រឹង​សមត្ថភាពរបស់ខ្លួន​​ ​ដើម្បីក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិនិងសក្តិសមជា “ទំពាំងស្នងឫស្សី” ពិតប្រាកដថែមទៀតផង។ ក្នុង​ន័យនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ តែងតែយកចិត្តទុកដាក់ខ្ពស់​ក្នុងការលើក​កម្ពស់​តួនាទី​របស់​យុវជនឱ្យបាន​ចូលរួម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារជាតិ​ ការថែរក្សា​វប្បធម៌ និងការ​​អភិរក្ស​បេតិកភណ្ឌជាតិ​ និងថែមទាំង​ទទួលបាន​សិទ្ធិក្នុង​ការធ្វើ​នយោបាយ​ទៀតផង។ ​ជាក់ស្តែង ​ការចូលរួម​របស់​យុវជន​ក្នុង​ការអនុវត្ត “គោលនយោបាយចាស់សកម្មភាពថ្មី” គឺ​ជា​សក្ខី​ភាពដ៏​លេច​ធ្លោ​​ ដែល​បង្ហាញ​​​​​នូវ​គំរូ​វីរៈភាព​របស់​យុវជន​​ស្ម័គ្រចិត្តសម្តេចតេជោ​ក្នុង​បេសកកម្ម​​ជាប្រវត្តិសាស្រ្ត​របស់​ខ្លួន​ ក្នុង​​ការ​ងារ​វាស់វែង​ដីធ្លី ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ និងក្មួយៗយុវជន​ទាំងអស់

យើងទាំងអស់គ្នាដឹងហើយថា ប្រទេសកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប​ ហើយត្រូវបាន​អ្នកជំនាញ​កា​រ​មួយចំនួនទទួលស្គាល់ថា​ កម្ពុជាជាអធិរាជាណាចក្រនៃបេតិកភណ្ឌ។ ជាក់ស្តែង ពិភពលោក​បា​ន​ទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌជាតិយើង និងបាន​ចុះតំបន់រមណីយ​ដ្ឋាន​អង្គរ​ ទៅក្នុងបញ្ជីបេតិក​ភ​ណ្ឌពិភពលោកដែល​ងាយ​រង​គ្រោះ​ថ្នាក់នៅ​ឆ្នាំ១៩៩២ និងក្រោយ​មកត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ងាយ​រង​គ្រោះ​នេះ​នៅ​ឆ្នាំ​២០០៤​ រីឯ​ប្រាសាទ​​​​ព្រះវិហារ​ត្រូវបានចុះ​ក្នុង​​​បញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ​២០០៨។ ពិភពលោក​ក៏កោត​សរសើ​​រផងដែរ​ ចំពោះ​បេតិកភណ្ឌអរូបីពីរទៀតរបស់​កម្ពុជាគឺ របាំព្រះរាជ​ទ្រព្យដែលត្រូវបានចុះបញ្ជីនៅឆ្នាំ២០០៣ និង​ល្ខោនស្បែកធំ នៅឆ្នាំ​២០០៥។

ជាងនេះទៀត នៅឆ្នាំ២០១៣នេះ ព្រះ​រា​ជា​ណា​ចក្រកម្ពុជានឹងរៀបចំអបអរសាទរ​ខួប​លើកទី​២០ ​​​​​នៃការចុះ​បញ្ជី​តំបន់​អង្គរជាបេតិ​ក​ភ​ណ្ឌ​ពិភពលោក ហើយដែលពិធីរំលឹក​ខួប​អបអរ​សាទរនោះនឹងប្រព្រឹត្តទៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​​​លើកទី៣៧ និង​ជា​ប្រធាន​​របស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែល​មាន​ ១៩០​រដ្ឋ​ភាគី​ជា​សមាជិក​។ ព្រឹត្តិការណ៍​ដ៏សំខាន់នេះ​ឆ្លុះ​បញ្ចាំង​​ឱ្យ​​ឃើញ​អំពីជោគជ័យនៃ​កិច្ចសហ​-ប្រតិបត្តិការ​​រវាងរាជរដ្ឋាភិបាល​ និង​អង្គការ​យូណេស្កូ ក្រោមក្របខ័ណ្ឌ​នៃ​គណៈកម្មាធិការ​អន្តរជាតិសម្របសម្រួលកិច្ចគាំពារ​ និងអភិវឌ្ឍ​រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ​ប្រកបដោយជោគជ័យ ដែលអង្គការ​យូណេស្កូ​បានយកទៅអនុវត្តនៅប្រទេសដទៃទៀត​ ។

នៅក្នុងវិស័យបេតិកភណ្ឌនេះដែរ យុវជនក៏ត្រូវបានអង្គការយូណេស្កូផ្តោត​ការយក​ចិត្ត​ទុកដាក់ និងបាន​ផ្តល់តួនាទីយ៉ាងសំខាន់ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទស្សនទានរួម​មួយ​ក្រោម​ពាក្យ​ស្លោក​ថា​ «​យុវជន​និង​បេតិកភណ្ឌ​» ឬ «បេតិកភណ្ឌ​នៅក្នុង​ដៃយុវជន» ដើម្បី​ឱ្យ​យុវជន​​បានស្វែងយល់អំពីតម្លៃវប្បធម៌​និងបេតិក​ភណ្ឌ​​របស់ខ្លួន និងរបស់​ជាតិ​សាសន៍​ដទៃ ដែលនាំឱ្យមានការគោរពស្រឡាញ់វប្បធម៌ និងបេតិក​ភណ្ឌ​របស់ខ្លួននិងរបស់អ្នកដទៃ​ផង សម្រាប់​ជាមូលដ្ឋានក្នុងការបង្កើនការយោគយល់គ្នា​ទៅវិញ​ទៅមក ដែលនាំដល់ការ​កាត់​បន្ថយ​​ជម្លោះ ​និង​រួមចំណែក​ដល់ការពូនជ្រុំ​វប្បធម៌​សន្តិភាព។ ជាក់ស្តែង វេទិកាយុវជនគឺជា​ផ្នែក​មួយ​​​​មិនអាច​កាត់ផ្តាច់បាននៅក្នុងសម័យប្រជុំ​របស់គណៈ​កម្មា​ធិការបេតិកភណ្ឌ​ពិភពលោកជារៀងរាល់ឆ្នាំ ហើយ​នៅក្នុងឆ្នាំ២០១៣នេះ ព្រះរាជា​ណា​ចក្រកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ គណៈកម្មាធិការ​បេតិក​ភណ្ឌ​​ពិភពលោក​​លើកទី​៣៧ បានរំលេចឡើងនូវប្រធានបទដ៏សំខាន់មួយ​គឺ «បេតិកភណ្ឌរស់ ៖ ប្រាសាទ បរិស្ថាន និង​ប្រជាជន»​។ ប្រធានបទនេះ មានគោលដៅសំខាន់ដើម្បីបញ្ជ្រាប​​ការយល់ដឹង​អំពី​ទំនាក់​ទំនង​ប្រកបដោយភាព​សុខុដុម​រមនានឹងគ្នា រវាងវប្បធម៌ បរិស្ថានដែលរួមមានទឹក​និងព្រៃឈើ និង​សហគមន៍។ ក្នុង​ការ​អនុវត្ត​កិច្ចការ​​ដ៏​មាន​សារៈសំខាន់​នេះ​ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​យុវជន​កម្ពុជា​និង​យុវជន​អន្តរជាតិ ដែល​ស្ថិត​​ក្រោម​ការ​ដឹកនាំ​​​របស់​សហភាព​សហព័ន្ធ​​​យុវជន​កម្ពុជា​ នឹង​សម្រេច​បាន​ជោគ​ជ័យ​ថ្មីៗ​ថែមទៀត​ សំដៅ​ចូលរួម​លើក​មុខ​មាត់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ក្នុង​កិច្ចការ​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ​និង​បេតិកភណ្ឌ​ពិភពលោក​។

ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសហភាព​សហ​ព័ន្ធ​​​យុវជនកម្ពុជា​ដែលមានគម្រោងរៀបចំកម្មវិធី «អង្គរសង្រ្កាន្ត» ដែលនេះគឺជាការចូលរួម​ចំណែកថ្មី​ថែម​ទៀត​​​ដល់ការលើក​ស្ទួយ​ និង​អភិរក្សវប្បធម៌ ទំនៀមទំលាប់ និង​បេតិកភណ្ឌ​របស់​កម្ពុជា​ដែល​មានចំណាស់​ដ៏យូរលង់។ ការរៀបចំកម្មវិធីនេះ មិនត្រឹមតែចូលរួម​ផ្សព្វផ្សាយ​​​​និងលើកកម្ពស់​វប្បធម៌ ប្រពៃណី និង​អរិយធម៌ខ្មែរដល់មហាជននិងយុវជន​ ឱ្យបាន​ជ្រួតជ្រាប​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ចូលរួមចំណែក​ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌​ និង​បេតិកភណ្ឌ ដែលជា​ប្រភពបង្កើតការងារដ៏ចម្បង​សម្រាប់​ប្រជាជន​និងយុវជន និងចូលរួមដោយផ្ទាល់ក្នុង​ការកាត់​បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​​។ អាស្រ័យហេតុនេះ ដើម្បីឱ្យ​គម្រោង​​នេះ​​ទទួលបាន​ជោគជ័យ ទាមទារឱ្យមានការចូលរួមនិង​សហការ​យ៉ាង​ជិតស្និទ្ធ​​ពីសំណាក់​អាជ្ញាធរ​​​​​​​​ពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា ព្រមទាំង​វិស័យ​ឯកជន និងសប្បុរសជននានា។

ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ និងក្មួយៗយុវជន​ទាំងអស់

ជោគជ័យនៃសកម្មភាពទាំងឡាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពិតជា​មិន​អាច​​​កាត់​ផ្តាច់ពី​ការចូលរួម​គាំទ្រ​​យ៉ាងផុលផុសពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូចដែលក្មួយ ហ៊ុន ម៉ានី ​បាន​លើក​ឡើង​នៅ​ក្នុងសុន្ទរកថាស្វាគមន៍ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះការចូលរួមវិភាគទាន​ដ៏ថ្លៃថ្លាពីបណ្តា​ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជន​ទាំងអស់។ អាស្រ័យហេតុនេះ ការជួបជុំគ្នាដ៏សប្បាយរីករាយនៅថ្ងៃនេះ ​គឺជាឱកាស​ដ៏ល្អ​ប្រសើរ​​​​​សម្រាប់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជន​ទាំងអស់ ​ចូលរួម​ជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តឧបត្ថម្ភ​គាំទ្រ​ដល់​ «ចលនា​យុវជនក្នុងបុព្វហេតុ​មាតុភូមិ» តាម​ការអំពាវនាវរបស់លោកប្រធាន​សហភាពសហព័ន្ធ​​យុវជនកម្ពុជា ដើម្បីឱ្យ​ចលនា​​នេះ​​​​​​បន្ត​សម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន និង​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​ជូន​សង្គមជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងក្មួយៗយុវជនទាំង​អស់ រីករាយជាមួយ​នឹងរាត្រី​សមោសរ​ដ៏អធិក​អធម​នេះ និងសូមជូនពរ​សុខភាព​​​​​​​ល្អ ​ជោគជ័យ​គ្រប់​​ភារកិច្ច និង​​សុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!!