Thursday, March 21, 2013

សេចក្តី​ប្រកាស​​ព័ត៌មាន​​រួម រវាង​​ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន និង​អ្នក​ជំនាញ​​ការ​ពិសេស​​របស់​អគ្គលេ​ខា​​ធិការ​អ.ស.ប

ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៣

សេចក្តី​ប្រកាស​ព័ត៌មាន​រួម
រវាង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អានឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈ​រដ្ឋមន្ត្រី​និង​អ្នកជំនាញ​ការពិសេស​របស់​អគ្គលេខា​ធិការ​អ.ស.ប
ទទួល​បន្ទុក​សាលាក្តី​ខ្មែរក្រហម

            ការស្លាប់​របស់ អៀង សារីដែល​ជាជន​ជាប់​ចោទ​មួយ​រូប​ក្នុងសំណុំ​រឿង ០០២ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ បាន​ផ្តោត​ការចាប់​អារម្មណ៍​ទៅលើ​សារ​សំខាន់​ដ៏ចម្បង​នៃកា​រពន្លឿន​ដំណើរ​ការ​ឲ្យបាន​ឆាប់​រហ័ស​តាម​តែអាច​ធ្វើទៅ​បាន​និង​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ព្រម​ទាំង​មាន​ប្រសិទ្ធភាព សម្រា​ប់​ដំណើរ​ការនីតិ​វិធីដ៏​ត្រឹមត្រូវ​លើជន​ជាប់​ចោទ​ដែល​នៅរស់​រាន​មាន​ជីវិត។ វ័យ​ចាស់​ជរា​របស់​ជន​ជាប់​ចោទ និង​កង្វះ​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​ជាតិ និងអ​ន្តរជាតិ​នៃអ.វ.ត.ក នាំឲ្យ​មាន​ការចាប់​អារម្មណ៍​ភ្លាមៗ​ពីសំណាក់​ភាគី​ពាក់ព័ន្ធ​នានា។

            នៅថ្ងៃនេះ អ្នកជំនាញ​ការពិសេស​របស់​អគ្គលេខា​ធិការអ.ស.ប​ទទួល​បន្ទុក​សាលា​ក្តីខ្មែរ​ក្រហម​ឯកឧត្តមដាវីដ សេហ្វ័រ និង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ទទួលប​ន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុមកា​រងា​ររបស់​រាជ​រដ្ឋាភិបាល​សម្រាប់​ដំណើរ​ការ​សាលា​ក្តីខ្មែរ​ក្រហម​បានជួប​ប្រជុំគ្នា​មួយ​ក្រោម​បរិយាកាស​យោគយល់​គ្នាទៅ​វិញ​ទៅមក បន្ទាប់ពី​មាន​ការពិភាក្សា​គ្នាជា​បឋម​នៅប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ​នៅទី​ក្រុងភ្នំពេញ។ កិច្ចប្រ​ជុំនេះមាន​គោល​បំណង​រិះរក​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហាក​ង្វះ​ថវិកាធ្វើ យ៉ាង​ណា​អាច​ជួយ​ឲ្យអ.វ.ត.កបំពេញ​បេស​កកម្ម​របស់​ខ្លួន​ក្នុង​ការស្វែង​រកយុត្តិធម៌​លើបទ​ឧក្រិដ្ឋ​ដែល​បាន​កើតមាន​នៅក្នុង​របប​ខ្មែរ​ក្រហម។

            ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី និងអ្នក​ជំនាញ​ការ​ពិសេស បាន​ទទួល​ស្គាល់​ថា អ.វ.ត.​ក​បាន​បំពេញ​នូវ កិច្ចការ​ដ៏សំខាន់​ក្នុងការ​បញ្ចប់​សំណុំរឿង ០០១​ដោយ​ជោគជ័យ​ដែលមា​នជន​ជាប់​ចោទមួយ​រូប គឺ កាំង ហ្គេកអ៊ាវ ហៅឌុច អតីត​ប្រធាន​មនី្ទរ​គុកទួល​ស្លែង​ ដែល​ត្រូវបាន​រកឃើញ​ថាមាន​ពិរុទ្ធភាព និង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រអស់​មួយ​ជីវិត​ចំពោះ​ឧក្រិដក្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។​ សំណុំ​រឿង ០០២ ដែល​មាន​ជនជាប់​ចោទ នួន ជា និង​ខៀវ សំផន ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​លើបទ​ឧក្រិដ្ឋ​ដ៏យង់​ឃ្នង់​នៅ​ក្នុង របប​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការទៅ​មុខ​ដ៏គួរ​ឲ្យកត់​សម្គាល់។ អ.វ.ត.ក សន្យា​ផ្តល់​ព័ត៌មាន​ថ្មី​បន្ថែម​ទៀត​ដល់
ប្រជាជន​កម្ពុជា និងដល់​ពិភព​លោក។ នៅក្នុងរយៈ​ពេល៦​ឆ្នាំនៃ​ដំណើរ​ការ​ប្រតិបត្តិការ​របស់​អ.វ.ត.​ក​បុគ្គលិក និងមន្ត្រីតុលាការ​កម្ពុជា បាន​ទទួល​នូវបទ​ពិសោធន៍​ដ៏គួរឲ្យកត់​សម្គាល់ក្នុង​ការបំពេញ​ការងារ​ក្នុង​ក្រប​ខ័ណ្ឌរដ្ឋ​បាល​តុលាការ​ទំនើប​មួយ​ដែល​អនុវត្ត​តាមនីតិ​វិធីត្រឹម​ត្រូវនៃ​ស្តង់ដារ​អន្តរជាតិ ខណៈ​ដែល​ការ​អនុវត្ត​ទាំងនេះ ព្រមទាំង​នីតិវិធី​មួយ​ចំនួន​បាន និង​កំពុង​ផ្ទេរ​ទៅកាន់តុ​លាការ​ថ្នាក់​ជាតិ។
           
            នាឱកាស​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ ការប្តេជ្ញារ​បស់​បុគ្គលិក​ជាតិទាំង​អស់ដែល​បាន និង​កំពុង​បន្ត​បំពេញ​កាត​ព្វកិច្ច​របស់​ខ្លួន​អំឡុង​ពេលដ៏​លំបាក​នេះ។
            ប្រសិន​បើ អ.វ.ត.ក​មិនអាច​បំពេញ​បេសកកម្ម​របស់់​ខ្លួនឲ្យ​បាន​ពេញ​លេញទេ នោះវា​នឹងអាច​ជាដំណើរ​ត្រឡប់​ថយ​ក្រោយ​មួយ​ដ៏អាក្រក់​សម្រាប់​ការ​ស្វែង​រកយុត្តិធម៌ ហើយ​ក៏អាច​បំផ្លាញ​នូវកិច្ចខិត​ខំប្រឹង​ប្រែង​ដ៏គួរ​ឲ្យកត់​សម្គាល់​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​នៅ​ក្នុង​ការផ្តល់​នូវយុត្តិធម៌​ដែល​បាន​ទន្ទឹង​រង់ចាំ​ជាយូរ​ណាស់​មកហើយ​ដោយ​ប្រជាជន​កម្ពុជា​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើងនៅ​ចន្លោះឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។

            ការកាត់​បន្ថយ​ថវិកា​សរុប​ទាំងអស់​ចំនួនជាង ៦.៥ លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គម្រោង​ថវិកាឆ្នាំ ២០១៣ សម្រាប់​ភាគី​ជាតិ និងភាគី​អន្តរជាតិ។ ឥឡូវនេះ ឧបសគ្គ​ដែល​បន្ទាន់​បំផុត​នោះ គឺត្រូវ​ធានាថ​វិកា​ពេញ​លេញ​សម្រាប់​ភាគី​ជាតិ និង​ភាគី​អន្តរជាតិ និង​ធ្វើឲ្យ​ដំណើរ​ការរ​បស់ អ.វ.ត.ក​មាន​ស្ថិរភាព និង​ដំណើរការ​ឲ្យបាន​លឿនជា​មួយកាល​វិភាគ​ដ៏ប្រាកដ​ប្រជា​លើការ​ជំនុំជម្រះក្តី​សំណុំរឿង​០០២៕