Thursday, March 21, 2013

រាជ​រដ្ឋា​ភិបាល​​សម្តេច​​តេជោ​​នឹង​​បង្កើន​​ថវិកា​សម្រាប់​​វិស័យ​​អប់រំនិង​សុខា​ភិបាល​

សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជានា​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ​២០១៣ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​របស់​សម្តេច​នឹង​ខិតខំ​រក​វិធី​ដើម្បី បង្កើន​ឡើង​វិញឡើងនូ​វ​ថវិកា​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិ​បាល នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​នេះ។

នៅ​ក្នុង​ពិធី​បិទសន្និបាត​ប្រចាំ​ឆ្នាំ នៅវិទ្យា​ស្ថានបច្ចេក​វិទ្យាកម្ពុជា​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៣ សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តីបាន​មាន​ប្រសាសន៍​លើក​ឡើង​ថា លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​មក​ពិភាក្សា​ជា​មួយ​សម្តេច លើ​បញ្ហាការ​ស្រុត​ចុះ​នៃអត្រា​ភាគរយ នៃ​ថវិកា​វិស័យ​អប់រំនេះ។ “ខ្ញុំ​ទទួល​ស្គាល់​បញ្ហា​ហ្នឹង ខ្ញុំ​ក៏​គាំទ្រឲ្យ​មាន​កំណើន​លើ​បញ្ហា​នេះ បើទោះបី​ជាចំនួន​ទឹក​ប្រាក់​ពី​មួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​វាធំ ប៉ុន្តែ​គិតជា​ចំណែក​អត្រា​ភាគរយ​លើ​វិស័យ​អប់រំ​ប៉ុន្មាន វិស័យ​សុខាភិបាល​ប៉ុន្មាន វិស័យ​សង្គម​កិច្ច​ប៉ុន្មាន អត្រា​នេះ​វាមិនទាន់​ឆ្លើយតប​ជាមួយ​នឹង​តម្រូវ​ការ​ដែល​យើង​ចង់​បាន​ទេ”។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងចន្លោះទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​សុខ​សន្តិភាព ពេលនោះ​រាជរដ្ឋាភិបាល​មាន​គោល​ដៅកាត់​បន្ថយ​កងទ័ព​ពីចំនួន​ជាង ១៣ម៉ឺននាក់ មកនៅត្រឹមតែ ៦ម៉ឺននាក់​ប៉ុណ្ណោះ។ ​សម្តេចតេជោ​មាន​ប្រសាសន៍​ពន្យល់​ថា គោល​ដៅរបស់​សម្តេច​សម្រាប់ការ​កាត់បន្ថយ​ចំនួន​កងទ័ព​កម្ពុជា​នេះ គឺដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ខាងវិស័យ​ការពារជាតិ ហើយបង្វែរ​ការ​ចំណាយ​នោះ មក​លើ​វិស័យ​អប់រំ និងវិស័យ​សុខា​ភិបា​លវិញ។ ​ប៉ុន្តែជា​អកុសលការ​កាត់​រំសាយ​កងទ័ពនេះ មិន​បាន​ទទួល​ជោគ​ជ័យ ដោយ​មាន​បញ្ហា​ជាច្រើន បូក​បន្ថែម​ទាំង​សភាព​ការណ៍​កើត​ឡើងនៅ​តំបន់​ព្រំដែន​ផង​ដែរ ដែល​យើង​ត្រូវ​រក្សា​ទ្រឹង​នូវ​ចំនួន​កងទ័ព​ប៉ុណ្ណឹង​សិន។ ​សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រំសាយ​កងទ័ព ទើប​តែ​អនុវត្តន៍​បាន​ជាង ១ម៉ឺន​នាក់​ប៉ុណ្ណោះ កាល​ពីពេល​នោះ ហើយ​ឥឡូវ​រាជ​រដ្ឋាភិបាល​នៅបន្តការ​ជម្រុញ​ការកាត់​បន្ថយ​តាម​កម្មវិធី ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ការ​កាត់​បន្ថយ​នេះមិ​នមែន​អនុវត្តន៍​ភ្លាមៗ ដោយមិន​មាន​ការទ្រទ្រង់​នោះ​ឡើយ។

មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​នោះ​ដែរ សម្តេច​អគ្គ​មហាសេនា​បតីតេ​ជោ ហ៊ុន សែន បានប្រកាសឲ្យ​ដឹង​ពីវប្បធម៌​នៃ​ការ​ចែក​រំលែកថា ដោយ​សម្តេច​បាន​ជួយ​កសាង​សាលា​រៀនមួយកន្លែងមាន​តម្លៃ​សរុប​ប្រមាណ​ជា ៧០ ម៉ឺន​ដុល្លារ​អាមេរិក នៅ​ក្នុងប្រទេស​ម៉ាលី ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេល​ឆាប់ៗ​នេះ​ ដោយ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា ជា​តំណាង។

សម្តេច​តេជោ​សែន​បាន​មាន​ប្រសាសន៍​ថា សាលារៀន​នេះ បាន​កើត​ឡើង​ដោយ​មាន​ការ​ស្នើសុំ​ពី​អ្នកស្រី អ៊ី​វ៉ា មូ​ស្លូ​វី​ក ដែល​ពីមុន​អ្នក​ស្រីធ្លាប់​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ជា​ប្រធាន​អង្គការ CDRI ហើយក៏​បាន​ចូល​សញ្ជាតិខ្មែរ​។ បន្ទាប់មក​អ្នកស្រី ក៏បាន​ទៅកាន់​ប្រទេស​ម៉ាលី របស់គាត់​វិញ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​របស់​គាត់ ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ដែរ​។ ​

សម្តេច​បាន​សួរ​ទៅកាន់ អ្នកស្រី​ថា “​ប្រសិនបើ​បងស្រី​អាច​ឲ្យ​ខ្ញុំ ជួយ​អ្វី​បាន ខ្ញុំ​នឹង​ជួយ​”​។​ក្រោយពី​ការទទួល​ការ​គាំទ្រពី​សម្តេច​តេ​ជោ អ្នកស្រី អ៊ី​វ៉ា ក៏បាន​រៀបចំ​គម្រោង​ក​សាង ជា​សាលារៀន នៅក្នុង​ប្រទេស​ម៉ាលី ជា​ប្រទេស​កំណើត​របស់​អ្នកស្រី​។ អ្នកស្រី​ក៏បាន​សុំ​ថវិកា​ពី​អង្គការ​ផ្សេងៗ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​ថវិការ​មួយចំនួនធំ ទៅដល់​អ្នកស្រី ដើម្បី​កសាង​ជា​សាល​រៀន នៅ​ប្រទេស​ម៉ាលី​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សាលារៀន​នោះ បាន​កសាងឡើង​ក្នុង​ទីក្រុង បា​បា​កូ ក្នុងតម្លៃ​ប្រមាណ​ជា ៧០ ម៉ឺន​ដុល្លារ និង​ដាក់ឈ្មោះថា "Hun Sen Complex" ។ ​សម្តេច​តេជោ​ បាន​សម្រេច​បញ្ជូនឲ្យ​ឯកឧត្តម អ៊ឹម សិទ្ធិ រដ្ឋមន្ត្រីក្រសួង​អប់រំ និង​កីឡា ឲ្យ​ទៅ​សម្ពោធ​ តាម​ការអញ្ជើញ​របស់​អ្នក​ស្រី អ៊ីរ៉ា។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​បញ្ជាក់ថា នេះ​ជា​ស្មារតី​ចែករំលែក​មួយ ដែល​មិន​ត្រឹមតែ​ចែករំលែក​នៅក្នុង​ប្រទេស​នោះទេ គឺ​យើង​ចែករំលែក​ទៅ​ក្រៅប្រទេស​ផងដែរ ហើ​យ​ក៏​មិនមែនជា​ការរើសអើង​ប្រទេសដែល​និយាយ​ភាសារ​បារាំង ឬ​មិន​និយាយ​ភាសារ​បារាំង​នោះទេ គ្រាន់តែ​ថា ប្រទេស​នោះក៏​ជា​មិត្ត​របស់​កម្ពុជា​ផងដែរ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំរបស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នោះ​ដែរ ​សម្តេច​តេជោ​បាន​ផ្តល់​ជាអនុ​សា​ស​ន៍ ៧ចំណុច សម្រាប់​ក្រសួង​ជំនាញ​អនុវត្តន៍ រួមមាន៖

ទី១-ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​ពង្រឹង និងពង្រីក​ការអប់រំ​កុមារ​តូច​នៅ​មត្ដេយ្យ​សិក្សា​ឱ្យ​បាន​ល្អ​ប្រសើរ និង​កាន់​តែទូលំ​ទូលាយ​ថែម​ទៀត ដោយ​ត្រូវ​យកចិត្ដ​ទុកដាក់​លើក​កម្ពស់​កម្ម​វិធី​សិក្សា​ថ្នាក់​មត្ដេយ្យ​កម្រិត​ខ្ពស់ ដើម្បី​ជា​ស្ពាន​ឆ្ពោះ​ទៅ​កាន់​បឋមសិក្សា ឱ្យ​បានជោគ​ជ័យ​ទាំង​បរិមាណ និង​គុណភាព។ ជាមួយ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​បន្ដជម្រុញ​យុទ្ធនាការ​ប្រមូល​កុមារ​ដល់អាយុ​ចូលរៀន​ឱ្យ​បាន​ចូលរៀន​គ្រប់ៗ​គ្នា នៅ​បឋមសិក្សា ដើម្បី​លើក​កម្ពស់​សមភាព​នៃការទទួ​លបាន​សេវា​អប់រំ​តាម​គោលការណ៍​ «ការអប់រំ​សម្រាប់​ទាំង​អស់​គ្នា» និង​ត្រូវ​ខិតខំ​កាត់បន្ថយ​អត្រា​ត្រួត​ថ្នាក់ និង​អត្រា​បោះបង់​ចោល​ការសិក្សា​នៅ​បឋមសិក្សា ដោយ​ត្រូវ​បំផុស និង​ជម្រុញ​ការចូលរួម​ពីមាតា​បិតា ឬអាណាព្យា​បាល ក្រុម​ប្រឹក្សាឃុំ-សង្កាត់ គណៈកម្មការ​ទ្រទ្រង់​សាលារៀន ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យវត្ដ​ជាដើម ដើម្បី​ជួយ​អប់រំ​ណែ​នាំ​ដល់បងប្អូន​ប្រជាជន​ក្នុងមូលដ្ឋាន​ឱ្យយល់​ដឹងពី​ផលប្រយោជន៍​នៃ​ការសិក្សា និជំរុញ​កូនចៅ​របស់​ខ្លួន​ឱ្យចូលរៀន​បាន​គ្រប់ៗ​គ្នា។

លើស​ពីនេះ ក្រសួង​អប់រំយុវជន និង​កីឡា​ត្រូវ​បន្ដយក​ចិត្ដទុក​ដាក់​ពង្រីក​បន្ថែម​ទៀត នូវ​កម្មវិធី​អាហា​រូបករណ៍​សម្រាប់​សិស្ស​ពូកែ និង​សិស្ស​ជួបការ​លំបាក ជាពិសេស​សិស្សនារី និងសិស្ស​ក្នុង​គ្រួសារក្រីក្រ ដើម្បី​ឱ្យក្មួយៗ​មានឱកាស​កាន់​តែ​ច្រើន ក្នុង​ការរៀន​សូត្រ​ឱ្យ​បាន​ចប់ និង​ឆ្លង​ភូមិ​សិក្សា ពីបឋមសិក្សា​ទៅ​មធ្យម​សិក្សា​បឋមភូមិ ពីមធ្យម​សិក្សា​បឋម​ភូមិ ទៅមធ្យម​សិក្សា​ទុតិយភូមិ និង​ទៅកាន់​ការសិក្សា​នៅ​កម្រិត​ក្រោយៗ​ទៀត​។

ទី២-ក្រសួងអប់រំ​យុវជន និងកីឡា ត្រូវយក​ចិត្ដ​ទុក​ដាក់​ខ្ពស់​លើ​កត្ដា​បរិមាណ និង​គុណភាព ដោយ​ត្រូវធានា​នូវ​ប្រសិទ្ធភាព នៃ​ការអនុវត្ដ​កម្មវិធី​សិក្សា និង​ជម្រុញ​ការសិក្សា​លើមុខវិ​ជ្ជា​គណិត​វិទ្យា វិទ្យាសាស្ដ្រ បច្ចេកវិទ្យា ភាសា​បរទេស និង​វិទ្យាសាស្ដ្រ​សង្គម។ ទន្ទឹម​នោះ គ្រប់​ប្រតិបត្ដិករ​អប់រំ ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី និង​តួអង្គ​ពាក់ព័ន្ធ ព្រម​ទាំងមាតា​បិតា អាណា​ព្យា​បាល​ទាំង​អស់ ត្រូវ​យក​ចិត្ដ​ទុក​ដាក់​គាំទ្រ និង​ជម្រុញ​សិស្សានុសិស្ស និង​និស្សិត​ឱ្យខិតខំ​ការ​សិក្សា​ស្រាវស្រាវ និង​ស្វែងយល់​ឱ្យបាន​ទូលំ​ទូលាយ​អំពី​ប្រពៃណី ទំនៀមទម្លាប់ សិល្បៈ វប្បធម៌ និង​អារ្យធម៌​ខ្មែរ​យើង ដើម្បី​លើក​កម្ពស់​ការអប់រំ​សីលធម៌ សុជីវធម៌ គុណធម៌ ការ​គោរព​សិទ្ធិ សេរី​ភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​នៅ​ក្នុង​សង្គម។ ជាមួយនោះ ក្រសួង​ទទួល​បន្ទុក​កិច្ចការ​អប់រំ បណ្ដុះ​បណ្ដាល​ទាំង​អស់ ត្រូវ​ពង្រឹង និង​ពង្រីក បន្ថែម​ទៀត នូវសម​ភាព​យេនឌ័រ​នៅក្នុង​កម្មវិធី​សិក្សា​ដើម្បី​ឱ្យសិស្ស​នារី និង​សិស្សពិការ សុទ្ធតែ​អាច​ទទួល​ផល​ប្រយោ​ជ​ន៍​ពីការសិក្សា​លើមុខជំនាញ​បច្ចេកទេស និង​ការស្រាវជ្រាវ​អំពី​មុខរបរ ឬការងារ​ថ្មីៗ​សំដៅ​ធ្វើ​ឱ្យ​អ្នកសិក្សា​មាន​សមត្ថភាព និង​ពហុជំនាញ ដើម្បី​បង្កើន​ផលិតភាព ការចាប់​យកឱកាស​ការងារ និង​ការបង្កើត​មុខរបរ​ថ្មីៗ សម្រាប់​រួមចំណែក​ដល់ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច​ជាតិ។

ទី៣-ក្រសួង​អប់រំ​យុវជន និងកីឡា ត្រូវ​ពង្រឹង និងពន្លឿន​ការអប់រំ​ក្រៅប្រព័ន្ធ​ឱ្យ​ដើរ​ទន្ទឹម​គ្នា នឹង​ការអប់រំ​ក្នុង​ប្រព័ន្ធ ដោយ​បង្កើន​កិច្ចស​ហប្រតិបត្ដិការ​ជិត​ស្និទ្ធបន្ថែម​ទៀត​ជាមួយ​បណ្ដាដៃ​គូ​អភិវឌ្ឍន៍​ទាំ​ងអស់ ដើម្បី​ប្រមូល​សិស្ស​ដែល​បាន​បោះបង់ការ​សិក្សា កុមារ​ដែលហួស​អាយុ​ចូល​សិក្សា និង​ពលរដ្ឋ​ដែលបាត់បង់​ឱកាស​សិក្សា ឱ្យ​បាន​ចូលរៀន​ឡើងវិញ​ទាំងអស់​គ្នា​តាម​កម្ម​វិធីសិក្សា​ថ្នាក់ «អក្ខរកម្មវិ ជ្ជាជីវៈ ឬ​ការសិក្សា​ពីចម្ងាយ» ដើម្បី​ឈាន​ទៅ​លុបបំបាត់​ទាំង​ស្រុង​នូវគ្រោះមិ​នចេះអក្សរ​របស់​ប្រជាជន​យើង ឱ្យ​សម្រេចបាន​តាមគោ​លដៅ​អភិវឌ្ឍន៍​សហ​ស្ស​វត្សរ៍កម្ពុជា។

ទី៤-ក្រសួង​ទទួល​បន្ទុកកិច្ចការ​អប់រំ និង​គ្រឹះស្ថាន​ឧត្ដមសិក្សា ត្រូវ​យក​ចិត្ដទុកដាក់​ទៅ​លើមុខ ជំនាញ​វិស្វកម្ម ឧស្សាហកម្ម រ៉ែ និង​ថាមពល កសិកម្ម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ជាពិសេស​ត្រូវ​ជំរុញ និង​លើកកម្ពស់​កិច្ចការ​ស្រាវជ្រាវ ដែល​មាន​លក្ខណៈវិទ្យាសាស្ដ្រ​របស់​និស្សិត និង​សាស្ដ្រា​ចារ្យឱ្យ​កាន់តែ​ស៊ីជម្រៅ និង​សម​ស្របទៅ​នឹងបរិការ​ណ៍នៃការអភិ​វឌ្ឍ​សង្គម-សេដ្ឋ​កិច្ច។ ទន្ទឹមនេះ គ្រប់​គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំងរដ្ឋ និង​ឯកជន ត្រូវ​ខិតខំ​យកចិត្ដ​ទុក​ដាក់​កសាង និង​អភិវឌ្ឍ​បណ្ណាល័យ និង​បន្ទប់ពិសោធន៍​ឱ្យ​មានលក្ខណ​សម្បត្ដិ និង​សមត្ថភាព​គ្រប់​គ្រាន់់​សមស្រប​តាមជំនាញ​ឯកទេស​របស់​ខ្លួន ដើម្បី​បង្កើតបរិយាកាស​អនុគ្រោះ​គាំទ្រ​ដល់ការ សិក្សា​ស្រាវជ្រាវ​របស់​និស្សិត និង​សាស្ដ្រាចារ្យ​សំដៅ​ជំរុញ​ឱ្យមាន​គំនិត​ច្នៃប្រឌិត ដែលនឹង​ឈាន​ទៅ​រករបកគំហើញ និង​ការបង្កើត​ថ្មី។

ទី៥-ក្រសួង​អប់រំ​យុវជន និងកីឡា ត្រូវ​ខិតខំពង្រឹង​ការអនុវត្ដ​ច្បាប់ស្ដីពី​ការ​អប់រំ និង​លិខិត​បទ​ដ្ឋានគតិយុត្ដ​នានា​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព ព្រម​ទាំងត្រូវ​ពង្រឹង​ប្រព័ន្ធរៀប​ចំ​ផែនការ ស្ថិតិ​អប់រំ និង​ផែនការ​សកម្មភាព​នៅថ្នាក់​ក្រោមជាតិ​ឱ្យបានត្រឹម​ត្រូវច្បាស់​លាស់ និង​ត្រូវ​ជម្រុញ​ការ​ពង្រាយ​គ្រូដល់​មូលដ្ឋាន​ឱ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​តំបន់​ដាច់​ស្រយាល​នៅ​តាម​ខ្ពង់រាប និង​តំបន់​ដែល​ខ្វះ​គ្រូ ដោយត្រូវ​រៀបចំឱ្យ​មានទីជម្រក​សមរម្យ និង​មានសុវត្ថិភាព​សម្រាប់​ការស្នាក់​នៅ។ ទន្ទឹមនោះ ក្រសួង​អប់រំ​ត្រូវ​ជម្រុញ​ការអនុវត្ដ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត នូវ​ផែន​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ដ្រី​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ទាំង​នៅថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បីធ្វើ​ឱ្យយើង​មានធន​ធានមនុស្ស​គ្រប់​គ្រាន់ សម្រាប់​ការ​បន្ដវេន​ប្រកប​ដោយ​ចីរភាព។

ទី៦-ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​បង្កើន​ការយក​ចិត្ដទុក​ដាក់​ឱ្យ​បាន​មុតមាំ​ចំពោះ​ការ អភិ​វឌ្ឍ​យុវជន ដោយ​ត្រូវបំផុស​លើក​ទឹក​ចិត្ដ និង​ជម្រុញ​នូវលក្ខណ​សម្បត្ដិ​ជាវិជ្ជមាន និងផ្ដល់​ឱកាស​ឱ្យក្មួយៗ​អាចអភិវឌ្ឍ​សក្ដានុពល​របស់​ខ្លួន​ក្នុងការ​អប់រំ ដើម្បី​ការងារ សុខភាព ការ​ចូល​រួម​ការ​ធ្វើសេចក្ដី​សម្រេចចិត្ដ និង​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ សេចក្ដី​សង្ឃឹម និង​ជំនឿ​ទុក​ចិត្ដ​លើ​សមត្ថភាព​របស់​ខ្លួន។ ជាមួយ​នេះ ក្រសួង​អប់រំ​យុវជន និងកីឡា ត្រូវ​រៀបចំ​យន្ដការ ដើម្បី​សម្រប​សម្រួល​ត្រួត​ពិនិត្យ និងវាយ​តម្លៃលើការ​អនុវត្ដគោ​លនយោបា​យ និងផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពីការ​អភិវឌ្ឍ​យុវជន និង​រៀបចំ​បណ្ដាញ​យុវជនស្ម័គ្រ​ចិត្ដទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​សំដៅ​ប្រមូល​ផ្ដុំ​កម្លាំង​យុវជន ដើម្បី​ចុះ​ជួយ​សហគមន៍​មូលដ្ឋាន និង​គប្បី​យក​ចិត្ដ​ទុក​ដាក់​ជំរុញ​ចលនា «កូនល្អ សិស្សល្អ មិត្ដល្អ ពលរដ្ឋល្អ»ដែល​នឹងក្លាយ​ជាសសរ​ទ្រូង និង​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​រ៉ាប់រងជោគវាសនា​របស់ប្រទេស​ជាតិ និង​ប្រជាជន​នៅ​ពេល​អនាគត។ លើស​ពីនេះ ក្រសួង​អប់រំ​ត្រូវ​ពង្រឹង និងពង្រីក​សកម្មភាព​អប់រំកាយ និង​កីឡា​នៅតាម​សាលា​រៀន​គ្រប់​កម្រិត​ភូមិសិក្សា ដោយ​ត្រូវខិតខំ​យកចិត្ដទុក​ដាក់​កែលម្អ ជួសជុល និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ កីឡា សម្រាប់​ការហ្វឹក​ហាត់ និង​ការប្រកួត​ឱ្យបាន​សម​ស្រប និង​ត្រូវយក​ចិត្ដ​ទុក​ដាក់​រៀបចំកម្មវិធី​អប់រំកាយ និង​កីឡា​ឱ្យបាន​ទូលំ​ទូលាយ ឆ្លើយ​តប​ទៅនឹង​ការអភិវឌ្ឍ​រីក​ចម្រើន​នៃឧស្សាហកម្ម​កីឡា​ក្នុង​តំបន់ និង​លើពិភព​លោក។

ទី៧-ក្រសួង​អប់រំ​យុវជន និងកីឡា ត្រូវ​បន្ដបង្កើន​ការផ្សារ​ភ្ជាប់ខ្លឹមសារ​នៃកម្មវិធី​សិក្សានៅ​គ្រប់ កម្រិត​ភូមិសិក្សា​ទៅនឹង​ការអប់រំ​សីលធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ការគោរព​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូ​របស់​មនុស្ស ព្រមទាំង​លើកកម្ពស់​ការគោរ​ពគោលការ​ណ៍ សេរីភាព ប្រជាធិប​តេយ្យ និងយុត្ដិធម៌។ ជាមួយនោះ យើង​ក៏ត្រូវផ្សារ​ភ្ជាប់ផងដែរ​នូវស្មារតី​នៃការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​គ្រប់​ប្រភេទ ការលុប​បំបាត់អំពើ​ពាលាអាវាសែ ក្មេងទំនើង ការទប់ស្កាត់នូវ​ការរីក​រាលដាល​នៃមេរោគអេដស៍ ជំងឺអេដស៍ ការ​លុប​បំបាត់នូវការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញដូរស្ដ្រី និងកុមារ និងការលុប បំបាត់​រាល់ទម្រង់​នៃការរើសអើង​គ្រប់ប្រភេទ​នៅ​ក្នុង​សង្គម៕
អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស