Thursday, March 21, 2013

អនុសាសន៍​៦ចំណុច​​របស់​​សម្តេច​​តេជោ​ដើម្បី​​ធានា​​ប្រសិទ្ធ​ភាព​​ដល់​​ការ​អភិវឌ្ឍ​​បៃតង

សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នា​ព្រឹក​​​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ២០១៣ បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន ៦ចំណុច ជូន​​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​បៃតង ដើម្បី​អនុវត្តផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ ២០១៣-២០៣០ ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​ទទួល​បានជោគជ័យ​។

អនុសាសន៍ ៦ចំណុច ​របស់​​សម្តេចតេជោ​ត្រូវបាន​ដាក់​ចេញ​នៅ​ក្នុងឱកាសប្រារព្ធ​​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​បៃតង និង​ផ្សព្វផ្សាយ​គោល​ន​យោ​បាយ​ជាតិ​ស្តីពី​​ការ​អភិវឌ្ឍន៍​​បៃតង និង​ផែន​ការ​​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ ២០១៣-២០៣០ នៅ​វិមាន​សន្តិភាព។ អនុសាសន៍​ទាំង ៦ចំណុច​នោះ​ រួម​មាន​៖

ទី១-ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​បៃតង ​ត្រូវ​ពង្រឹងសមត្ថភាព​ទាំង​ស្ថាប័ន និង​មន្ដ្រី​អនុវត្ដ​ការងារ ព្រម​ទាំង​​យន្ដការ​ដឹកនាំ​ការងារ ដើម្បី​សម្រេច​បាន​នូវ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព។

ទី២-ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ​ត្រូវ​បង្កើន​កិច្ចសហការ និង​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​អ្នក ពាក់​ព័ន្ធ ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម និង​ចក្ខុវិស័យ​របស់ខ្លួន។ ទន្ទឹមនេះ ក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធ ត្រូវ​ផ្ដល់នូវ​កិច្ច​គាំទ្រ​ដល់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ដើម្បី​រួមចំណែក​បង្កើន​ល្បឿន​​ការអភិវឌ្ឍបៃតង​នៅ​កម្ពុជា។

ទី៣-ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​បៃតង​ ត្រូវយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់លើ​ការអភិវឌ្ឍ​បៃតង​ក្នុង​ក្រប ខណ្ឌ​​ជាតិ និង​អន្ដរជាតិ ដើម្បី​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​សមាហរណ​កម្ម​ស៊ីជម្រៅ​របស់​កម្ពុជា​នៅ​ក្នុង​​តំបន់អាស៊ាន។

ទី៤-ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង​ដល់​វិស័យ សាធារណៈ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​សាធារណជន​ទូទៅ​ឱ្យបាន​ទូលំទូលាយ និង​ស៊ី​ជម្រៅ សំដៅ​លើកកម្ពស់​ការយ​ល់​ដឹង​ទាំងអស់គ្នា និង​ការចូលរួមចំណែក​ទាំង​អស់​គ្នា។

ទី៥-ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​បៃតង ​ត្រូវ​កៀរគ​ហិរញ្ញវត្ថុ​សម្រាប់​អនុវត្ដ​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ។

ទី៦-ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ​ត្រូវ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ការ​អនុវត្ដ​ទៅតាម វិស័យនីមួយៗ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន និង​ការខ្វះចន្លោះ​នៃ​ការ​អនុវត្ដ​ការងារ​របស់​ខ្លួន និង​ការងារ​របស់​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់នោះ។

សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ថ្លែងបញ្ជាក់​បន្ថែម​លើ​អនុសាសន៍​ទាំង ៦ចំណុច​នោះ​ថា យើង​ក៏​ត្រូវ​​បន្ដ​យក​ចិ​ត្ដ​ទុកដាក់​ផងដែរ ​លើ​ការជំរុញ​ប្រព័ន្ធសុវត្ថិភាព​សង្គម​បៃតង ដើម្បី​ធានា​គ្រប់​គ្រង​​ធនធានធម្មជាតិ ទឹក ដីធ្លី ព្រៃឈើ ជលផល រ៉ែ និង​ថា​មពល​ឱ្យ​មាន​និរន្ដរភាព និង​ភាព​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់ក្រោយៗទៀត។ សុវត្ថិ​ភាព​​នេះ សំដៅដល់​ការកសាង​សង្គម-សេដ្ឋ​កិច្ច ​ឈរលើ​ការបញ្ចេញ​កាបូន​តិក ចីរភាព​បរិស្ថាន និរន្ដរភាព​ធនធាន​ធម្មជាតិ និង​សុវត្ថិភាព​ប្រព័ន្ធ​អេកូឡូស៊ី ការ​បន្សាំទៅនឹង​ការ​ប្រែ​ប្រួល​​អាកាសធាតុ និង​ភាព​ធន់​ទ្រាំ​ទៅនឹង​អាកាសធាតុ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​គាំពារ​សង្គម និង​​មធ្យោបាយនៃ​ការអភិវឌ្ឍ​​សេដ្ឋកិច្ច បៃតង ​រួមជាមួយ​បច្ចេកវិទ្យា​បៃតង។ សុវត្ថិភាព​នេះ នឹង​ពឹង​ផ្អែកលើ​សសរទ្រូង​នៃ​ការអភិវឌ្ឍ​ប្រទេស ជាពិសេសយុវជន​បៃតង មាតា​បៃតង និង​ស្រទាប់​មហាជន​បៃតង​ទូទៅ​ប្រកបដោយ​សមភាព​យេនឌ័រ។ ដោយឡែក​យើង​ក៏​នឹង​បន្ដ​លើកកម្ពស់​ការ​គាំពារ​សង្គម ក៏​ដូច​សង្គម​វប្បធម៌​​បៃតង ដែល​ពឹង​ផ្អែកលើគុណភាព​ជីវិត និង​សុខភាព​បរិស្ថាន និង​ការលើកកម្ពស់​សុខុមាល​ភាព​ស្ដ្រី កុមារ យុវជនជនពិការ ប្រជាកសិករ ជនជាតិភាគតិច ចាស់ជរា និង​សហគមន៍​តាមរយៈ​កំណើន​សេដ្ឋ​កិច្ច​បៃតង និង​ប្រព័ន្ធសុវត្ថិភាព​សង្គម​បៃតង។

សម្តេច​​តេ​ជោក៏​បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា ជា​ការ​ពិត ព្រះរាជាណាចក្រ​កម្ពុជា​យើង​សម្បូរ​ដោយ​ធន​ធាន​ធម្មជាតិ ដី ទឹក រ៉ែ ព្រៃឈើ និងត្រី។ ប៉ុន្ដែ​​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​បន្ដ​ទៅ​មុខ​ទៀត ការ​ពង្រឹង​អភិបាលកិច្ចល្អ និង​ការគ្រប់គ្រង​ធនធានធម្មជាតិ គឺជា​កត្ដា​ចាំបាច់ ដើម្បី​ធានា​ការ​ប្រើ​ប្រាស់​ប្រកបដោយ​ផលិតភាព និង​ចីរភាព និង​​ការ​រួមចំណែក​យ៉ាង​ពិត​ប្រាកដ​ដល់​ការ​រីក​ចម្រើន​សង្គម-សេដ្ឋកិច្ច  និង​ការ​កែ​លម្អ​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​យើង។ ជាក់​ស្ដែងយើង​ត្រូវ​​ធ្វើឱ្យមាន​ភាពច្បាស់លាស់ និង​សុវត្ថិភាព​នូវកម្មសិទ្ធិ​ដីធ្លី​ទាំង​នៅ​ជនបទ និង​ទីប្រជុំ​ជន និង​លើកកម្ពស់​តួនាទី​ដ៏​សំខាន់​របស់​ដី​សម្បទាន​សេដ្ឋកិច្ច និងដី​សម្បទាន​សង្គម​កិច្ច​​ក្នុង​ការ​ជំរុញ​​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ខ្នាត​ធំ ការបង្កើន​ផលិតភាព ការបង្កើត​ការងារ​នៅ​ជនបទ និង​ការទទួលបាន​ដី​សម្រាប់​បង្កបង្កើនផល​របស់​ប្រជាជន​ក្រីក្រ និង​ជនជាតិភាគតិច ដែល​​ប្រការ​ទាំងអស់នេះ​ សុទ្ធតែជា​ធាតុ​សំខាន់​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ និង​គោ​លន​យោ​បាយ​​​ជាតិ។

ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី​នេះ រាជរដ្ឋាភិបាល​បានផ្ដល់​នូវ​​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន​សរុប​ចំនួន ១,៥លាន​ហិកតា។ ក្នុងនោះវិស័យ​ដំណាំ​កៅស៊ូ គ្រប់​​ដណ្ដប់ ៨០% ឬ ១,២លាន​ហិកតា។ បច្ចុប្បន្ននេះ ដី​ដែល​ដាំ​ហើយ​មាន​ចំនួន ៣០ម៉ឺន​ហិកតា និងប្រើប្រាស់​កម្មករ​ចំនួន ១០ម៉ឺននាក់។ តាម​ការ​វាយតម្លៃនៅក្នុង​រយៈពេល ៥ឆ្នាំ​ទៅមុខទៀត ចំការកៅស៊ូ ៧០% នឹងត្រូវ​បានដាំ​ដុះ និងប្រមូល​ផល​លើ​ផ្ទៃដី ៨៤ម៉ឺន​ហិកតា ដោយ​ប្រើ​កម្មករ​ចំនួន ១,៣លាន​នាក់។ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់ដី​គម្រប​ព្រៃឈើ​ចំនួន ១,៥លាន​ហិកតា ​ក្នុង​ចំនួន​ផ្ទៃ​ដី​គម្រប​ព្រៃ​ឈើ​ជាង​ ១០លានហិកតា សម្រាប់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​កម្ពុជានៅសល់​គម្រប​ព្រៃឈើ​ចំនួន ៩,២លាន​ហិកតា។ ចំណុច​នេះ បានឆ្លុះបញ្ចាំង​ពី​ការ​ថ្លឹងថ្លែង​រក្សា​តុល្យភាព​គ្នា ​រវាង​ម្ខាង​ភាពចាំបាច់​ក្នុងការ​បង្កើត​ការងារ​ជូន​ប្រជាជន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​កាត់បន្ថយ​ចំណាកស្រុក និង​ម្ខាង​ទៀត​​គឺជា​ការចាំបាច់​ក្នុងការ​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ។

ជាង​​នេះ​ទៅ​ទៀត​បើ​យោង​តាម​សុន្ទរកថារបស់​សម្តេច​តេជោ ដំណាំកៅស៊ូ​ ក៏​ជា​ព្រៃឈើ​ដែរ ដូច្នេះ​ដំណាំ​កៅស៊ូចំនួន ១,២លាន​ហិកតា ដែល​នឹង​រីក​ចម្រើន​ឡើង​នៅ​ក្នុង​ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ចចំនួន​ ១,៥លានហិកតា វានឹងបង្កើត​ការងារ​សម្រាប់​ប្រជាជនបាន​ចំនួន ១,៣លាន​នាក់​ ឬអាច​និយាយ​បាន​មួយ​បែប​​ទៀត​ថា គឺជា​ការចូល​រួម​ចំណែក​រក្សា​បាន​នូវ​គម្រប​ព្រៃឈើ​ផង និង​ការកែលម្អជីវភាព​របស់​ប្រជាជន​ផង។ ដោយឡែកក្នុងការ​អនុវត្ដ​នយោបាយ​ចាស់​សកម្ម​ភាព​ថ្មី​លើ​វិស័យ​ដីធ្លី គឺរាជរដ្ឋា ភិបាល ​មានផែនការ​ដោះស្រាយ​ដីជូ​ន​ប្រជាជន​លើ​ផ្ទៃដី ១,៨លាន​ហិកតា ​ក្នុង​ខេត្ដ២០ ដើម្បីឱ្យ​ប្រជាជន​បានទទួល​កម្មសិទ្ធិ​ស្របច្បាប់ និង​បង្កើន​ផលិត​ភាព​លើ​ការប្រើប្រាស់​ដីធ្លី។ ជាក់ស្ដែងមកដល់​បច្ចុប្បន្ននេះ ដែល​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​បាន​ដោះស្រាយ​ជូន​ប្រជាជន​ចំនួន ៤៨ម៉ឺន​គ្រួសារ លើ​ផ្ទៃដី ៥២ម៉ឺន​ហិកតា និងគ្រោងសម្រេច​ឱ្យ​បាន ១០០% នៅចុងឆ្នាំ ២០១៣ ដើម្បី​ស្រប​ទៅ​​តាម​ពាក្យស្លោក​របស់​សម្តេច​តេជោ ដែល​លើក​ឡើង​ថា  មិនមាន​កសិករ​​អត់​ដី​ធ្វើស្រែ​នោះទេ។

គួរ​បញ្ជាក់​ថា សេចក្តី​ព្រាង​គោល​នយោបាយជាតិ​ ស្តីពីការអភិវឌ្ឍអភិវឌ្ឍន៍​បៃតង និង​ផែន​ការ​​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ២០១៣-២០៣០ ត្រូវ​បាន​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី១ ខែមីនា ឆ្នាំ២០១៣៕
អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស