Tuesday, April 2, 2013

សម្ភាសន៍​​លោក​​បណ្ឌិត ឈឹម​ ផលវរុណ​ ស្តីពី​ នយោ​បាយ​​សន្យា របស់​​គណ​បក្ស​ប្រឆាំង​ គឺជា​ដំណើរ​​ឆ្ពោះ​​ទៅ​រក​ទី​បញ្ចប់​នៃ​ជីវិត​​នយោបាយ​​របស់​ខ្លួន​​


ថ្ងៃទី២៥ ខែមិនាឆ្នាំ២០១៣
លោក​ សត្យា រក្ស​
សំណួរ​​៖​ គណបក្ស​​ប្រឆាំង​នៅ​​កម្ពុជា​​បន្ទាប់ពី​បង្កើត​នូវចលនា​សំបក​ប្រជា​ ធិបតេយ្យ​របស់​គេ​មក​ យើងឃើញថា ពួកគាត់បាន​ប្រមូល​ផ្ដុំ​គ្នា រិះរកគ្រប់​វិធីដើម្បី​បោកបញ្ឆោត​ប្រជា​ពលរដ្ឋ​។​ ​ជាងនេះទៅទៀត យើងឃើញថា ពួក​គាត់ហាក់បីដូច​ជា​កំពុង​តែ​ខ្លាច​នូវ​ស្រមោល​ខ្លួន​ឯង​ ជា​ពិសេស​ គឺ​ស្រមោល​នៃ​ការ​សន្យា​​ហ្នឹង​តែម្ដង។
 
​តើការសន្យារបស់គណបក្សប្រឆាំង តាំងពីនយោបាយ​ផ្ដល់​លុយ​ ផ្ដល់កាក់​ឲ្យ​សិស្ស​និស្សិត​ក្នុង​ការរៀន​ នយោបាយផ្កាស្នោ ផ្កាស្ដៅ របស់ កឹម សុខា បូក​ជាមួយនឹង​សម្រែកក្ដែងៗ របស់​លោក សម រង្ស៊ី ពីក្រៅប្រទេសនោះ ​​ជារឿងរ៉ាវមួយដែលអាចថា ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​​​ អាច​​នឹងបន្ដ​ជីវិត​នយោបាយ​​បាន​​តទៅ​ទៀត​ទេ?​
 
លោក​បណ្ឌិត​ ឈឹម ផល​វរុណ​
ចម្លើយ​​៖ បញ្ហានយោបាយ ឬក៏ជីវិតនយោបាយរបស់​គណបក្សមួយ ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​​វា​ត្រូវ​ការ​ ការជឿទុកចិត្ត និង​ការគាំទ្រពីប្រជាពលរដ្ឋ។ អញ្ចឹងហើយ នៅ​ក្នុង​របប​នយោបាយ​​ប្រជា​ធិប​តេយ្យ​ សេរីពហុបក្ស ថ្វីត្បិតតែ នៅលើទីលានពហុនិយមនេះ គេមាន​គណបក្ស​​ច្រើន​ ប៉ុន្ដែ នៅ​ប្រទេសណា ក៏ដូចប្រទេសណាដែរ។ គណបក្ស​មាន​លទ្ធភាព​មាន​ច្រើន​ ប៉ុន្ដែការពិតគណបក្ស​ដែលអាចឈរលើទីតាំងប្រកួតប្រជែង មាន​តែ​គណបក្ស​ដែល​មាន​គោល​នយោបាយ​ច្បាស់​លាស់ កម្មវិធីនយោបាយច្បាស់លាស់ ហើយ​និងមាន​សមត្ថភាព​ធ្វើ​នយោបាយ​ ដើម្បីធ្វើយ៉ាង​ណាឲ្យប្រជាពលរដ្ឋ​មានជំនឿទុកចិត្ត និង​គាំទ្រ។​បើ​គណបក្ស​ណា​ ដែល​បាត់បង់​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ គណបក្សនោះ ក៏បាត់អាទិភាព​នយោបាយ​នៅលើ​ទីលាន​ពហុបក្ស​ដែរ​។​
ងាកមកកម្ពុជា យើងមើលជាមួយនឹងការគាំទ្រកាន់តែច្រើនឡើង របស់​ប្រជាពល​រដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ពេលនោះ គណបក្សដទៃដែលជាដៃគូប្រកួត ហាក់​ដូចជា​បញ្ចេញ​សម្រែក​អស់​សង្ឃឹម តាមរយៈជា​សម្រែកស្លឈាមហ្នឹង វាជាការបង្ហាញថា គណបក្ស​ហ្នឹង​​ទទួល​ស្គាល់​ភាព​ទាល់​ច្រកហើយ។ បើសិនជាគណបក្សប្រឆាំង ដែលខ្ញុំចង់និយាយឲ្យ​ចំ គណបក្ស​សម រង្ស៊ី ក្ដី គណបក្ស កឹម សុខា ក្ដី ពិតជាទទួលស្គាល់​អំពីអំណាច​ប្រជាពលរដ្ឋ ពី​ការ​​ចូលរួម​របស់​ប្រជាពលរដ្ឋ គណបក្ស​នោះ​ត្រូវធ្វើ​នយោបាយ​យ៉ាងណា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​​មើល​​ឃើញថា​ នយោបាយរបស់​ខ្លួនជា​នយោបាយ​ដែលឆ្លុះ​បញ្ចាំង​ទៅ​នឹង​ស្ថានភាព​ពិត​ និង​​ការ​រីក​​ចម្រើន​ពិតជាក់ស្ដែង​របស់​ប្រទេស។ មិន​អាចធ្វើនយោបាយតាម​រយៈ​បញ្ឆេះ​កំហឹង​​ ឬក៏​បិទ​បាំង​នូវ​សមិទ្ធផលពិតរបស់​​ប្រទេស​ទេ។​ ដូចជា កឹម សុខា ក្ដី សម រង្ស៊ី ក្ដី ហើយ​សមគំនិតជាមួយ​​មេ​អង្គការ​ NGO សិទ្ធិមនុស្សមួយចំនួនទៀតក្ដី គេមិនដែលឲ្យតម្លៃថា កម្ពុជា​ដើរ​ដល់​​កម្រិត​​ហ្នឹ​ង​​ទេ។ គេ​បន្តុះ​បង្អាប់ថា កម្ពុជាហ្នឹង ២០ ឆ្នាំជាងហ្នឹង ហាក់ដូចជានៅទ្រឹង​ ឬ​ក៏​ធា្លក់​ចូលអន្លង់​​អវច្ចីយ៍​ទៅទៀតនោះ។​  ត្រង់ហ្នឹង គេប្រើពាក្យថា ប្រជា​ធិបតេយ្យ​ដើរ​ថយ​ក្រោយ​ ក្នុង​ពេល​ដែល​គេ​មិនដែលទទួលស្គាល់ថា កម្ពុជាមានប្រជាធិបតេយ្យទាល់តែសោះ។ ប៉ុន្ដែ​បើយើង​គិតទៅមើល​ តើ​ប្រជាពលរដ្ឋយល់ឃើញដូចពួកគាត់ឬ​អត់?​ ត្រង់ហ្នឹងហើយ គណបក្ស​នយោបាយ​ត្រូ​វមើល​​ឆន្ទៈ​​ប្រជា​ពលរដ្ឋ​ឲ្យច្បាស់។ បើនៅប្រទេសជឿនលឿន គេ​ធ្វើ​ការ​ស្ទង់​មតិ​រៀងរាល់ឆ្នាំ ដើម្បីឲ្យ​ប្រជាពលរដ្ឋអាចបង្ហាញឆន្ទៈ
 
 របស់ខ្លួនច្បាស់ដល់​គណបក្ស​នយោបាយ​។ ប៉ុន្ដែ នៅ​កម្ពុជានេះ អស់លោកគណបក្សនយោបាយ គាត់ច្រើន​តែ ម៉ាត់​ណា​ក៏​ប្រជា​ពលរដ្ឋ​ ​ប៉ុន្ដែអ្វី​ដែល​គាត់និយាយ​​នេះ គ្មាន​ឆន្ទៈ​​ប្រជាពល​រដ្ឋ​ទេ​។
 
បើសិនជាថា នៅកម្ពុជាយើង មិនទាន់មានលទ្ធភាពទូលំទូលាយក្នុងការស្ទង់មតិ ព្រោះ​​ការ​ស្ទង់​មតិត្រូវការចំណាយលុយច្រើន ប៉ុន្ដែក៏គេគួរតែយកលទ្ធផលបោះឆ្នោតធ្វើ​ជា​មូលដ្ឋាន​ ​ជា​ការវិភាគ ក៏ជាឱកាសមួយសម្រាប់ឲ្យគណបក្ស​ប្រឆាំង​មានការ​កែលម្អរ​នយោបាយ​របស់​ខ្លួន​ដែរ ​។ ប៉ុន្ដែយើងពិចារណាមើល តាំងពីយើងបោះឆ្នោតរហូតដល់ឥឡូវ គណបក្ស​​ប្រឆាំងមិន​ដែល​ទទួល​ស្គាល់ការ​បោះឆ្នោត​ម្ដងណាទេ។ គាត់មិនដែលទទួលស្គាល់​ឆន្ទៈរាស្ដ្រ​ម្ដងណាបន្ដិច​ផង​ហ្នឹង គាត់ចាញ់ឆ្នោតគាត់មិនមែនថា ប្រជាពលរដ្ឋអត់ពេញចិត្តទេ គាត់​ថា​គណបក្ស​ប្រជាជន​​បន្លំ​ គាត់ថា គ.ជ.ប លួច​សន្លឹក​ឆ្នោតអីអញ្ចេះទៅ។ ប៉ុន្ដែ​គាត់​យួរ​កាបូប​ទៅ​សហភាព​អឺរ៉ុប​ទៅប្ដឹង​​សហភាព​អឺរ៉ុប​ វាអត់ភស្ដុតាង​អ្វីដើម្បី​ដាក់​បន្ទុក​ឲ្យ​អន្ដរជាតិ គេ​​បដិសេធ​ការបោះឆ្នោត វាអត់មាន​ហើយគាត់ញុះញង់​ឲ្យប្រជាពលរដ្ឋខ្មែរ ដែល​ងប់ងល់​គាំទ្រ​គណបក្ស​​គាត់​ ឲ្យប្រើពាក្យដូចគាត់​ថា គ.ជ.ប ហ្នឹង លួចសន្លឹកឆ្នោត​ទៅ​គណបក្ស​ប្រជាជន​ វា​ទៅ​ជា​អញ្ចឹង។ ដល់​អញ្ចឹងទៅប្រជាពល​រដ្ឋគេកាន់តែខឹងហើយ សូម្បី​តែ​អ្នក​គាំទ្រ​គណបក្ស​​ សម រង្ស៊ី ក្ដី​ គណបក្សសិទ្ធិមនុស្សក្ដី នៅ​ពេល​ដែលគេចុះអង្គេតការបោះឆ្នោត គេ​ឃើញ​ថា​ មេបក្សគេភូតហើយ គឺគេទទួលស្គាល់ថា គណបក្ស​សម រង្ស៊ី របស់គេហ្នឹង គណបក្ស​ កឹម​ សុខា របស់គេហ្នឹង គឺចុះខ្សោយមែន។ តែ​ដល់​មេប​ក្ស​និយាយ​បញ្ច្រាស​ធ្វើ​ឲ្យ​គេ​យល់​ថា ​មេបក្សភូត​ហើយ ព្រោះគេចុះទៅ​ឃើញ​អញ្ចឹង។
 
មួយទៀត ថ្វីត្បិតតែប្រទេសយើងមិនបានធ្វើការស្ទង់មតិរៀងរាល់ឆ្នាំ ប៉ុន្ដែអង្គការ IRI បាន​ធ្វើ​ការ​ស្ទង់មតិ​ប៉ុន្មាន​លើកមកហើយ។ សម រង្ស៊ី ក្ដី កឹម សុខា ក្ដី រួមទាំងមេ NGO សិទ្ធិ​មនុស្ស​​​អាឡិ​អាឡក់​​ប៉ុន្មាននាក់ហ្នឹង​ក្ដី ពុំដែលទទួលស្គាល់ការស្ទង់មតិរបស់បរទេសផង។ ទោះបី​ជា​​គេ​ម៉ាត់ណាក៏បរទេស តែបរទេសនិយាយអត់ត្រូវចិត្តគេ គេ​ស្រែក។ ដូចថ្មីៗនេះ អង្គការ UNDP គេឲ្យ​តម្លៃទៅលើវិស័យអប់រំកម្ពុជា មានការរីកចម្រើនល្អ ពួកគេហ្នឹង​ជំទាស់​ទៀត​។​ អញ្ចឹង​បើ​អ្នកនៅ​តែមានគំនិតអស្មិមានៈមិនទទួលស្គាល់ការពិតរបស់ឆន្ទៈរាស្ត្រ​ ទេ ​អ្នក​មិន​ដឹង​ទៅ​ធ្វើ​នយោបាយ​​ជា​មួយ​ពីណាទេ មានតែទៅធ្វើនយោបាយជាមួយខ្មោច មាន​តែ​បក​ទៅ​ធ្វើ​​នយោបាយ​​ជាមួយ​ខ្មោច ប៉ុល ពត​ ទៅ ពីព្រោះ​ធ្វើនយោបាយ​ជាមួយ​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ វាត្រូវ​ការអ្នក​បោះឆ្នោត​ដែល​មាន​ជីវិត។ ថ្វីត្បិតនៅក្នុងរដ្ឋធម្មនុញ្ញយើង ឬក៏​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ គេមិនបាន​សរសេរថា អ្នក​ទៅបោះឆ្នោត​​​ទាល់តែ​មាន​អាយុ​ ១៨ ឆ្នាំ ឡើងទៅ ហើយ​មាន​ជីវិតរស់នៅ​ក៏ពិតមែន ប៉ុន្ដែគេមិនដែល​នឹក​ឃើញថា ខ្មោច​ទៅបោះឆ្នោតទេ។
 
អញ្ចឹង សម រង្ស៊ី ក្ដី កឹម សុខា ក្ដី ត្រូវពិនិត្យទៅលើជីវិតរស់នៅជាក់ស្ដែងរបស់មនុស្ស មិន​មែន​ជីវិតដែលវាអត់​មាន​ជាក់​ស្ដែងក្នុងជីវិតមនុស្សសព្វថ្ងៃទេ មិនមែន​ទៅយកជីវិតខ្មោច ឬ​ក៏​ជីវិត​​ស្រមើ​ស្រមៃណាមកតាក់តែងកម្មវិធីនយោបាយទេ ត្រូវតែយកជីវិតពិត​របស់​ប្រជា​ពលរដ្ឋ​។​ ត្រង់ហ្នឹង ដែលខ្ញុំអាចបញ្ជាក់ថា គណបក្ស​ប្រជាជន ដែលប្រជាពលរដ្ឋគាំទ្រ គឺ​គណបក្ស​​ប្រជាជន​ទទួល​ស្គាល់​ការពិត មិនមែនភ្លើតភ្លើននឹងការគាំទ្រទេ។ ឯ កឹម សុខា និង សម រង្ស៊ី ទេ ដែល​ភ្លើតភ្លើននឹងរបស់ដែលខ្លួនបំផ្លើស តែគណបក្សប្រជាជន ខ្ញុំមើល​ទៅ​ដូច​មិន​ភ្លើតភ្លើន​នៃ​ការ​​គាំទ្រទេ ពីមួយអាណត្តិទៅមួយអាណត្តិ ថ្វីត្បិតតែអាសនៈកើនឡើង តែ​តំណាង​រាស្ដ្រ​ ក៏ដូច​ជា​មន្ដ្រីនយោបាយគណបក្ស​ប្រជាជនគេខំណាស់។ បានន័យថា គេអត់​ភ្លើតភ្លើន​នឹង​​ជ័យ​ជំនះ​ អត់​ភ្លើតភ្លើននឹង​ការគាំទ្រទេ។ គេខំបញ្ចេញពលកម្មបំពេញបំណង បំពេញ​ឆន្ទៈអ្នក​ដែលគាំទ្រ​គណបក្សប្រជាជន។ ខ្ញុំគ្រាន់តែលើកចំណុចឲ្យបងប្អូនពិចារណា តាម​​ការ​ដែលយើងស្ទង់មតិ​មើលទៅ សក្ដានុពលរបស់គណបក្សប្រជាជនកម្ពុជា បើ​ធៀប​ទៅ​នឹង​គណ​បក្ស​ប្រឆាំង​​ គឺ​ខុសគ្នា​ដាច់ឆ្ងាយណាស់ គឺគណបក្សប្រជាជនកម្ពុជាមានសក្ដានុពល​នយោបាយ​ខ្ពស់ ដែល​ប្រជាពល​រដ្ឋគាំទ្រចូល ៨០ ភាគរយ។ ប៉ុន្ដែ​ថែម​នឹងសក្ដានុពល​ប្រកប​ដោយ​ថាមពល​ខ្លាំង​ របស់​បុគ្គល​ភាព​សម្ដេចប្រមុខរដ្ឋាភិបាល ឃើញថា​ប្រជាពលរដ្ឋ​គាំទ្រ​សក្ដានុពល​របស់​​សម្ដេច​ប្រមុខខ្លាំង​ជាង​​ ហ្នឹងទៀត រហូតទៅដល់​ជាង ៨៦ ភាគរយ។ ត្រង់​ហ្នឹង​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់ការពិតហើយ បានជា​​នៅ​ក្នុង​កម្មវិធី​នយោបាយ​​របស់​គណបក្ស​ប្រជាជន ដូចនៅក្នុង​សេចក្ដី​សម្រេចកម្មវិធីនយោបាយ ១១ ចំណុច នៅមហាសន្និបាតវិសាមញ្ញកន្លងទៅ ឃើញថា យក​នៅ​ចំណុចទី ៤ គឺនៅ​ក្នុងកម្មវិធី​នយោបាយ​ គឺចំណុចទី ៤ និយាយពីការទទួលស្គាល់ប្រជាប្រិយ​ភាព​និងទទួលយក​បេក្ខភាព​សម្ដេច​ប្រមុខ​ រដ្ឋាភិបាល​បន្ដធ្វើ​នាយករដ្ឋមន្ដ្រីទៀត​។​ ត្រង់ហ្នឹងដែល​គេ​បញ្ជាក់ថា គេ​ទទួល​ស្គាល់​ទាំង​សក្ដានុពល​របស់គណបក្ស ទទួលស្គាល់ទាំងប្រជាប្រិយភាព និង​សក្ដានុពល​របស់​បុគ្គល​អ្នក​ដឹកនាំ​ទៀត​។
 
លោក​សត្យា រក្ស​
សំណួរ​ ៖ ​ថ្មីៗនេះសម្រាប់គណបក្សប្រឆាំង ឬក៏យើងអាចឃ្លាំមើល​សាវតា​របស់​គណបក្ស​ប្រឆាំង​ហ្នឹង គឺគេតែងតែបង្ហាញថា ខ្លួនគេ​ជាអ្នកស្រឡាញ់ប្រជាពលរដ្ឋ ជា​អ្នក​គិតគូរ​ទាក់ទង​ទៅនឹង​សុខភាព​ប្រជាពលរដ្ឋ ជាអ្នកគិតគូរទាក់ទងទៅនឹងជីវភាពរស់នៅ ប្រជា​ពលរដ្ឋ​ រួមជា​មួយ​នឹង​គេបង្ហាញ និងសម្ដែងថាខ្លួនគេហ្នឹង ជាអ្នកគិតគូរពី​ប្រជាធិបតេយ្យ​សិទ្ធិមនុស្សនៅកម្ពុជា។
 
ឥឡូវនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតធ្វើការប្រៀបធៀប​ គិតមកទល់ថ្ងៃនេះ ដែលយើង​ហៅ​​ថា ជាអាណត្តិទី ៤ ហើយ​ឥឡូវនេះ ជិតបាន​បញ្ចប់អាណត្តិទី ៤ ទៅហើយ។ លោកបណ្ឌិត​​មើល​ឃើញ​ថា​ តើរាជរដ្ឋាភិបាល មានបានធ្វើកិច្ចការអ្វីខ្លះ ដើម្បី​បញ្ហា​សុខភាព​ប្រជា​ពលរដ្ឋ​​ ដើម្បីកិច្ចការសិទ្ធិមនុស្ស ដើម្បីកិច្ចការលើកស្ទួយដល់​កម្រិត​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ ដែល​បក្ស​ប្រឆាំង​​កំពុងចោទប្រកាន់ទាំងងងឹតងងល់​នៅពេលបច្ចុប្បន្ននេះ?  តើ​លោក​បណ្ឌិត​​មើល​ឃើញ​​សមិទ្ធផលអី​ខ្លះ​ ដែលរាជរដ្ឋាភិបាល​បានធ្វើ​សម្រាប់​ប្រយោជន៍​ប្រជា​ពលរដ្ឋ​​?​​
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​៖ ​បើសិនជាទាញទៅអ្វី ដែលខ្ញុំមើលឃើញ គឺវាច្រើនណាស់ តែ​គណបក្ស​ប្រឆាំង​អាច​​ប្រកែក​​ថា ខ្ញុំហ្នឹង​ អញ្ចេះអញ្ចោះ។ ឥឡូវ ការមើល​ឃើញ​របស់ខ្ញុំ​ភ្ជាប់ទៅនឹង​អ្វី​ដែល​យើង​បាន​ទៅ​សួរ​​ប្រជា​ពលរដ្ឋ​ ហើយស្ទង់មតិនោះ យើងឃើញថាអ្វីដែល​ខ្ញុំមើល​ឃើញ​ថា​ រីក​ចម្រើន​ ប្រជាពល​រដ្ឋ​ខ្មែរភាគច្រើនលើសលុប ក៏មើលឃើញថារីកចម្រើន។ តាមរយៈអី យើង​ស្ទង់មតិ​ប្រជាពលរដ្ឋ​​ខ្មែរ​នៅគ្រប់ច្រកល្ហក គ្រប់អាជីវកម្ម ការងារ មុខរបរ ប្រជា​ពលរដ្ឋ​ជាង​ ៨៤ ភាគរយ ទទួល​ស្គាល់ថា កម្ពុជាមានការ​រីកចម្រើនល្អ​ ក្នុងរយៈពេល ៥ ឆ្នាំ ចុង​ក្រោយ​។​ ហើយ​បើរីកចម្រើនល្អក្នុង ៥ ឆ្នាំ ចុងក្រោយ តើអ្នកណាអ្នកដឹកនាំការអភិវឌ្ឍ ? គឺ​មិន​រាជ​រដ្ឋាភិបាល​ ហើយ​អ្នកណាជាប្រមុខដឹកនាំ​រដ្ឋាភិបាល​ ដឹកនាំការរីកចម្រើន គឺ​មិន​សម្ដេច​នាយករដ្ឋមន្ដ្រី​។ អញ្ចឹងបានន័យថា ៨៤ ភាគរយហ្នឹង​គាំទ្រស្នាដៃសមិទ្ធផល ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​ ៥ ឆ្នាំ ចុងក្រោយហ្នឹង​ឯង។ ហើយសំណួរមួយទៀត ដែល​យើងបង្កើត​ផ្សេង​ខុស​ពី IRI សំណួរមួយទៀត ដែលយើង​យកសំណួរចាស់​របស់ IRI មក​សួរ​ប្រជាពលរដ្ឋ​ ​សួរថា តើកម្ពុជាដើរលើផ្លូវត្រូវ ឬផ្លូវខុស​នោះ?​ ប្រជាពលរដ្ឋជាង ៧៤-៧៥ ភាគរយ ទទួលស្គាល់​ដូចគ្នា​នឹង​អ្វីដែល IRI សួរប៉ុន្មានឆ្នាំមុន​ គឺទទួលស្គាល់​ថា​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​។ ​អញ្ចឹងបានន័យថា គ្រាន់តែ​សំណួរ ២ ហ្នឹង ​ចម្លើយ​យើងឃើញថា កឹម សុខា និង សម រង្ស៊ី និង​អង្គការ NGO ប្រឆាំង គឺ​គាត់ទេ ដែលមើលឃើញ​ខុស​ ឬក៏គាត់​មើល​ឃើញ​ហើយ​ ក៏​ប៉ុន្ដែ​អាម៉ាស់​ខា្លច​ថោក​ គាត់គិតថា កម្ពុជាអាក្រក់ ប៉ុន្ដែ​ប្រជាពលរដ្ឋទេ ទទួលស្គាល់​ការ​រីកចម្រើន។ ហើយសន្លឹកឆ្នោតក្រែងទទួល​ពីប្រជាពលរដ្ឋ ចុះ​បើ​អ្នក​មិនទទួលស្គាល់​ថា រីកចម្រើន អញ្ចឹងប្រជាពលរដ្ឋជាង ៨០-៩០%​ បោះឲ្យគណបក្ស​ប្រជាជន​កម្ពុជាទៅ ព្រោះ​យើង​​អ្នក​ទទួល​ស្គាល់​ថា គណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាល ដឹក​នាំទៅ​រីក​ចម្រើនល្អ ចាំ​បាច់​ទៅបោះឲ្យ​អស់លោកប្រឆាំងដែលអត់ទទួលស្គាល់ធ្វើអី។
 
លោក​សត្យា រក្ស​
សំណួរ​៖ ឥឡូវនេះ លោកបណ្ឌិតយើងងាកមកដំណើរឆ្ពោះទៅរកការបោះឆ្នោត សម្រាប់​នីតិកាល​ទី ៥ យើងនេះ យើងឃើញថា គណបក្សប្រឆាំង​ដែលមាន​ប្រវត្តិ​ក្នុងការ​ចាញ់​ឆ្នោត​នោះ​ បើយើង​គិត​​មក​ដល់​​អាណត្តិទី​ ៤ នេះ គឺ​វា ៣ អាណត្តិកន្លងមកហើយ ដែល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​បរាជ័យយ៉ាងអា​ប់យស ហើយ​ទទួលបាននូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទូទៅ ​ក៏​ដូច​ជា​អង្គការស៊ីវិលមួយចំនួន ហើយរហូត​ទៅដល់​អន្ដរជាតិ​មួយ​ចំនួន​ខ្លះ​ ដែលតែងតែគាំទ្រអំពីគោល​នយោបាយរបស់គណបក្សប្រឆាំង រួមជាមួយ​នឹង​លើក​ទឹក​ចិត្ត​ទៅដល់​គណបក្ស​ប្រឆាំង​ហ្នឹង គឺ​គេបានដកសេចក្ដីទុកចិត្តជាបណ្ដើរ ដោយសារតែ​គេ​មើល​ឃើញ​នូវ​ចរិត​ពិតរបស់​​គណបក្ស​​ប្រឆាំង​នៅកម្ពុជា​។
 
លោកបណ្ឌិតមើលឃើញថា រយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ តើគណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ហ្នឹង មានបានផ្លាស់ប្ដូរឥរិយាបថខ្លះទេ?​ ហើយ​គោលការណ៍ជាយុទ្ធសាស្ដ្រសម្រាប់​ ដែល​​យើងហៅថា ជាបន្ទាត់នយោបាយរបស់ខ្លួន ដើម្បីសម្ដែង​ឲ្យ​ប្រជា​ពលរដ្ឋ​មើល​ឃើញ​នោះ​ ថា​តើ​​បក្ស​​ប្រឆាំងមាន​បានផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លះទេ​?​
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​​៖ បើយើងនិយាយ​តាមអ្វីដែលខ្ញុំមើលឃើញ ខ្ញុំឃើញថាផ្លាស់ប្ដូរដែរ តែ​ផ្លាស់​ប្ដូរ​ទៅ​​រក​​ផ្លូវ​​អាក្រក់​។ ការដែល សម រង្ស៊ី និង កឹម សុខា អត់ទាន់ចូលគ្នា យើងឃើញថា សម រង្ស៊ី ខំប្រកួត​ប្រជែង​ជាមួយ កឹម សុខា អញ្ចឹង​ខំ​បង្ហាញអំពីសមត្ថភាពខ្ពស់របស់ខ្លួនជាង កឹម សុខា ។ តែ​ដោយ​សារ​នយោបាយផ្លូវខុសរបស់ សម រង្ស៊ី ដែលទៅរួមជាមួយ កឹម សុខា ឬក៏ កឹម សុខា ទៅចូល​ជា​មួយ​សម រង្ស៊ី ហ្នឹង ពេលហ្នឹងដែលយើងមើលឃើញថា គណបក្សសម រង្ស៊ី ដើរលើផ្លូវខុសធ្ងន់ធ្ងរ​មួយ​ទៅលើឥរិយាបថក្នុងន័យនយោបាយប្រឆាំង។ ដោយសារអី គា្រន់តែយកផល​បូក​ សម រង្ស៊ី ​និង​កឹម សុខា គាត់ទៅភូតថាឈ្នះ ហើយ​ផលបូកហ្នឹង មិន​មែន​ផល​បូក​គណិត​វិទ្យា​ទេណា រឿង​នយោបាយគេមិនបូកអញ្ចឹងទេ ហើយ​ខ្លួនឯងបូកចូលគ្នាថា ឈ្នះ។ ដល់ថាឈ្នះ វាបញ្ច្រាស​នឹង​អ្វី​ដែលប្រជាពលរដ្ឋ​គេពេញចិត្ត មិនពេញចិត្ត​បាត់​ទៅ​ហើយ​ហ្នឹង​។ ត្រង់ហ្នឹងហើយ ដែល​យើង​អះអាងអំបាញ់មិញហ្នឹង ក្រែងថាយើង​អះអាង​ដោយសារ​ការ​ស្អប់​ ការស្រឡាញ់របស់​យើង ប៉ុន្ដែ​អ្វីដែលយើង​បានទៅស្ទង់មតិ​ប្រជា​ពលរដ្ឋ​កន្លង​ទៅថ្មីៗ​ទៀត​ យើងបានសួរសំណួរមួយ តើអ្នក​ពេញចិត្តឥរិយាបថ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែរ​ឬទេ?​ ចម្លើយថា ពេញចិត្តណាស់ ពេញ​ចិត្ត ពេញចិត្តតិចតួច អត់ពេញ​ចិត្ត​សោះ​ និងអត់ដឹង? អញ្ចឹង​ពេញ​ចិត្ត​ណាស់​ ប្រជាពលរដ្ឋ​ដែល​ឆ្លើយថា ពេញចិត្ត​នឹង​ឥរិយាបថ​របស់​​មេដឹកនាំ​របស់​គណបក្សប្រឆាំង ថា​ពេញចិត្ត​ណាស់ បាន​តែ​ ៣ ភាគរយទេ។ ៣ ភាគរយ ពេញចិត្តណាស់ ចប់​បាត់ហើយ ធ្វើនយោបាយ ៣ ភាគរយ ពេញចិត្តណាស់ ហើយ​​ពេញចិត្ត ៩ ភាគរយ អញ្ចឹង​បូកចូលគ្នាទៅពេញចិត្តណាស់ និង​ពេញចិត្ត​ហ្នឹង បានតែ ១២ ភាគរយ ហ្នឹង។ ដល់​ពេញចិត្តបន្ដិចបន្ដួចបាន​ដូចជា ១៥ ឬជិត ២០ ភាគរយ​ ខ្ញុំចាំមិន​ច្បាស់​ លំអៀងបន្ដិចបន្ដួច អញ្ចឹង​ពេញចិត្ត​បន្ដិចបន្ដួចហ្នឹង បានប្រហែល​ជិត ២០ ភាគរយ។ តែពេញ​ចិត្តណាស់ និងពេញចិត្ត បូកចូលគ្នាបានតែ ១២ ភាគរយ តែដល់​ចម្លើយ​របស់​ប្រជា​ពលរដ្ឋ​អត់ពេញចិត្ត​សោះនោះ​ ៤១ ភាគរយ ជាង ៤១ ភាគរយ ហើយ​អត់ដឹងជាង ២០ ភាគរយ។​ ហើយ​បងប្អូនពិចារណាទៅ អញ្ចឹងបានន័យ​ថា អ្វីដែលគណបក្ស​សម រង្ស៊ី ធ្វើរួមគ្នា​ជា​មួ​យ​ កឹម​ សុខា ហ្នឹង គឺប្រជាពលរដ្ឋបង្ហាញថា ដើរលើផ្លូវខុសហើយ គឺបាត់បង់​ការពេញចិត្ត​ហើយ​ រហូតទៅដល់យើងមានសំណួរសួរទៅលើប្រជាពលរដ្ឋទទួលស្គាល់គណបក្ស​ ឬក៏​ស្គាល់​​គណបក្ស​នយោបាយហ្នឹង គឺ​ប្រជាពលរដ្ឋហាក់ដូចជាមិន​រវីរវល់ជាមួយគណបក្ស​ប្រឆាំង​​ច្រើន​ណាស់ ដែលយើងមិនទាន់បញ្ចេញទិន្នន័យទេ។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​បង្ហាញ​អំពី​ការដឹង​ឮ​ ការ​ទទួល​ស្គាល់វិជ្ជមាន​ អវិជ្ជមាន គឺច្រើនផ្ដោតទៅលើគណបក្ស​ប្រជាជនកម្ពុជា និង​​រាជរដ្ឋាភិបាល​ច្រើន។ ត្រង់ហ្នឹងបានន័យថា ប្រជាពលរដ្ឋ​គេគ្មាន​សង្ឃឹម​ផ្ដោតទៅ​លើ​វិធាន​នយោបាយ​​របស់​ គណបក្សប្រឆាំងទេ។​ គេផ្ដោតអាស្រ័យទៅលើគណបក្ស​ប្រជាជនកម្ពុជា ហើយ​​និង​រាជរដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ បើរាជរដ្ឋាភិបាល ប្រមុខ​រាជរដ្ឋាភិបាលមាន​វិធាន​ការប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំងឡើង ការរំពឹង​របស់​ប្រជា​ពលរដ្ឋ​ ក៏សាទរកាន់តែខ្ពស់ ​ឯរឿងទៅសង្ឃឹមថា គណបក្ស​ប្រឆាំង​អាចទៅជួយ​ក្នុង​កិច្ចការ​​ហ្នឹង គ្មានតែម្ដង យើង​មើល​តាម​លទ្ធផល​ស្ទង់មតិ យើងមើលឃើញថាអញ្ចឹង។ អញ្ចឹង​ហើយ​បានយើងមើលឃើញថា សក្ដានុពលរបស់គណបក្សប្រជាជនខ្លាំង ប៉ុន្ដែជាមួយគ្នានោះ សក្ដានុពលនៃ​បុគ្គលភាព​របស់​សម្ដេចនាយករដ្ឋមន្ដ្រី គឺខ្លាំងជាងហ្នឹងទៅទៀត។
 
ខ្ញុំអាចលើឧទាហរណ៍ ទៅលើវិធានការនយោបាយបន្ទាន់របស់​សម្ដេច​ប្រមុខ​រាជរដ្ឋាភិ​បាល​ ពាក់ព័ន្ធនឹងយុជន​ស្ម័គ្រ​ចិត្ត​ ចុះទៅវាស់វែងដីធ្លីនោះ។ ប្រជាពលរដ្ឋ ចាត់ទុកថា វិធានការ​របស់យុវជនស្ម័គ្រចិត្ត របស់​សម្ដេចនាយករដ្ឋមន្ដ្រីទៅលើរឿងកិច្ច​ការយុវជន​ស្ម័គ្រចិត្ត​ មាន​សារៈប្រយោជន៍​ណាស់ គឺ​ជាង ៥៥ ភាគរយ ហើយ​និងមានសារៈ​ប្រយោជន៍​ដែរ​ ជាង ២៦ ភាគរយ សរុបទៅជាង ៨០ ភាគរយ​ ​មានសារៈប្រយោជន៍ណាស់។ ហើយ​យើង​សួរ​មួយ​ទៀត​​ថា តើ​ចង់​ឲ្យវិធានការ​នយោបាយរបស់​សម្ដេចនាយករដ្ឋ​មន្ដ្រីបន្ដទៀតឬ​ទេ​ រឿង​វិធានការ​នយោបាយ​យុវជន​ស្ម័គ្រចិត្តហ្នឹង?​ គឺ​ជាង​ ៨៣ ភាគរយ គាំទ្រ​ឲ្យ​សម្ដេច​នាយករដ្ឋ​មន្ដ្រី​បន្ដ​ទៀត។​ នេះបន្ដនយោបាយ​មានន័យថា ទាល់តែគាត់ធ្វើនាយករដ្ឋមន្ដ្រីទៀត ។ បើ​ប្រជាពលរដ្ឋ​ជាង ៨៣ ទៅ ៨៤ ភាគរយ​គាំទ្រវិធានការនយោបាយរបស់សម្ដេចនាយករដ្ឋមន្ដ្រី ទាល់តែ​ប្រជាពលរដ្ឋហ្នឹង គាំទ្រឲ្យ​គាត់​ហ្នឹង​ធ្វើនាយករដ្ឋមន្ដ្រីតទៅទៀត។ ត្រង់ហ្នឹង​បានន័យថា​ ប្រជាពលរដ្ឋ​សង្ឃឹមទាំងស្រុងទៅលើ​សក្ដានុពល​នៃ​ឥស្សរភាព​របស់សម្ដេច​ប្រមុខ​ រដ្ឋាភិបាល ​និង​សក្ដានុពលរបស់​គណបក្ស​ប្រជាជន​កម្ពុជា ពុំបានយកបញ្ហា​គណបក្ស​ប្រឆាំង និង​ថ្នាក់ដឹកនាំគណបក្សប្រឆាំងយកមកគិតជាមួយ​ទេ គឺតិចតួច ជាង ១០ ទៅ ១៥ ភាគរយទេ ដែលយើងស្ទង់មតិ។ ហើយ​គ្រាន់តែខ្ញុំ​លើ​ក​មួយទៀត​NGO ដែលថា​ប្រទេស​កម្ពុជា​អត់មាន​សេរីភាព​អីនោះ ​យើងសួរសំណួរទៅ​ប្រជាពលរដ្ឋ​ តើ​យល់​ឃើញយ៉ាងណា?​ ប្រជា​ពលរដ្ឋ​ដែលនៅក្នុងភូមិរបស់អ្នក ដែលកំពុងរស់នៅនោះ តើគេ​ចាត់​ទុកថា​មាន​សេរីភាព​បញ្ចេញ​មតិ​ឬ​អត់? ជាង ៨២ ទៅ ៨៣ ភាគរយ នៅចន្លោះហ្នឹង ទទួលស្គាល់​ថា​មាន​សេរីភាព​បញ្ចេញ​មតិ​។ ហើយយើងសួរសំណួរមួយទៀត សុទ្ធតែសំណួរ​ពាក់ព័ន្ធ​នឹង​សារធាតុ​ស្នូល​របស់​ប្រជាធិបតេយ្យ សំណួរមួយទៀត យើងសួរថា តើអ្នកយល់​ឃើញថា ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងភូមិស្រុករបស់អ្នកមាន​សេរីភាពគណបក្សនយោបាយឬ​​អត់? ហ្នឹង​ច្រើនជាង​​សេរី​ភាព​បញ្ចេញ​មតិទៅ​ទៀត គឺ​ ៨៦ ភាគរយ ឆ្លើយថា មានសេរីភាពខាង​គណបក្ស​នយោបាយ​​។​ ដល់​អញ្ចឹង​វាខុសគ្នានឹងគណបក្ស​ប្រឆាំង​ និង​NGO ចេះតែចោទ ហើយ​ត្រង់ហ្នឹង​ យើងអាច​មើល​ឃើញថា ខ្លួនជេរគេរាល់ម៉ោង រាល់នាទី ប៉ុន្ដែខ្លួនថា អត់​មាន​សេរីភាព​។ ​ត្រង់ហ្នឹង ដែល​បញ្ជាក់​ថាខ្លួនអត់ទទួលស្គាល់​ការពិតហើយ ហើយ​ប្រជាពលរដ្ឋ គេ​និយាយ​ត្រឹមត្រូវណាស់ អញ្ចឹង​អស់​លោកNGO ហ្នឹងល្មមរំសាយនយោបាយ​បោកប្រាស់​ហ្នឹង​ទៅ​ ហើយ​​មេដឹកនាំ​គណបក្ស​​ប្រឆាំង​ក៏​​គួរ​ឈូសចោល​​គំនិត​​នយោបាយទុច្ចរិត​ ហ្នឹងទៅ​ ហើយ​រៀបចំ​កម្មវិធី​នយោបាយ​ត្រឹមត្រូវ​វិញ​ទៅ​ ដើម្បី​អាចទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​វិញ​។​
 
លោក​ សត្យា រក្ស​
សំណួរ​ ៖ សម្រាប់អង្គការសង្គមស៊ីវិល​មួយចំនួន​ដែលតែងតែ​​តាំង​ខ្លួន​ថា​អាព្យាក្រឹត្យ ​ មិន​លំអៀង​ និងធ្វើកិច្ច​ការសម្រាប់សង្គម​ជាដើមនោះ​ បើយើង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​ យើង​ឃើញ​ថា​​ អង្គការ​សង្គមស៊ីវិល​មួយចំនួននោះ​ និងគណបក្ស​ប្រឆាំងគឺតែមួយ​ ទោះបី​ជា​គណបក្ស​​​ប្រឆាំង​​​​កំពុង​តែ​ថិត​​នៅ​លើ​​ផ្លូវ​​ដែល​ខុស​អំពី​​ គោលការណ៍​​​ប្រជាធិបតេយ្យ​​ ឬក៏​កំពុង​តែ​​បោក​​បញ្ឆោត​​​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​ដូចគណបក្ស​លោក កឹម​ សុខា ដែល​លើក​​ពី​បញ្ហា​ម្ទេស​ ជី​ ម្អម​ ត្រយូង​ចេក​ នាំ​ចេញ​ទៅលក់​នៅ​បរទេសអី​​ជាដើម គឺ​អង្គការ​សង្គម​ស៊ីវិល​​ទាំងនោះ​ ពុំហ៊ាន​ជួយកែលម្អ គណបក្ស​ប្រឆាំង​នោះ​ទេ​ គឺបួកគេ​គិត​តែ​ជួយ​ហៃ​ អើ​​​ គាំទ្រ​​ទាំង ងងឹតងងល់​។ តើ​សកម្មភាព​របស់​អង្គ​ការ​​សង្គមស៊ី​វិលដែលមាននិន្នាការ​ប្រឆាំង​មួយ​ចំនួន ​នោះ ​ដែល​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ទង្វើ​របស់គណបក្ស​ប្រឆាំងបែបនេះ​ វា​នឹង​ជាការ​ជួយ​​ដល់​​គណបក្ស​​​ប្រឆាំង​ ឬ​ក៏ជាការ​​រួមដៃ​​សម្លាប់គណបក្ស​​ប្រឆាំង​​ទៅវិញ  ឬយ៉ាងណា​?​​​
 
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​ ៖​ នេះ​គេហៅថា « ឆ្នាំងណា គ្របហ្នឹង​» ។ បើ​មើល​ទៅអង្គការ​​សង្គម​ស៊ីវិល​ ដែល​គេធ្វើ​កិច្ច​ការ​បោះឆ្នោត​ និង​អង្គការ​សិទ្ធិមនុស្ស​ និន្នាកាប្រឆាំង​អីនោះ​គេ​លើក​ថា​ បើអត់​លោក សម រង្ស៊ី មក​ចូលរួមការ​បោះឆ្នោតទេ​ នោះ​ការ​បោះឆ្នោត​នឹង​អត់ប្រជាធិបតេយ្យ​ អត់​សេរី​ និងយុត្តិធម៌​។ ចំណែកលោក សម រង្ស៊ី​ ក៏គាត់ស្រែកថា​ បើ​ការ​បោះឆ្នោត​អត់មានវត្ត​មាន សម រង្ស៊ី នៅកម្ពុជា​ទេ​ គឺ​ការ​បោះឆ្នោត​នោះ​សូន្យ​ហើយ​ គឺគាត់បដិសេធ​។​
 
សរុប​មក​វិញ​ រាល់ការ​បោះឆ្នោត​កន្លង​មក​ គឺ​មានសម រង្ស៊ី​ ចូលរួម​រហូត​ តើ​ហេតុ​អ្វី​ក៏​អង្គការ​​សង្គម​ស៊ីវិល​ទាំងនោះ​ និង​លោក សម រង្ស៊ី តែង​តែ​និយាយថា​អត់ប្រជាធិបតេយ្យ​?​។ ចំណុច​​មួយ​​ទៀត​ គឺ​ពេលនេះ​​មិនទាន់​បោះឆ្នោត​​នៅឡើយ​​ទេ​ ហើយ​កឹម សុខា និង​ សម រង្ស៊ី សុទ្ធ​តែ​​អួត​ថា​ជាអ្នក​ប្រជាធិបតេយ្យ​។ អញ្ចឹង​បើអត់ សម រង្ស៊ី ក៏​មាន​ កឹម សុខា ដែរ​ទេតើ​?​ មាន​​ន័យថា​​ នេះ​​ជា​ឱកាស​​ដ៏ល្អ​ សម្រាប់​ កឹម សុខា ដើម្បីបង្ហាញនូវ​សមត្ថភាព​របស់​ខ្លួន​ដែល​ធ្លាប់​​​អួត​​ថា​​​ខ្លួន​​បាន​​ ជួល​​គ្រូ​​ពី​​កាណាដា​​អស់​រាប់ម៉ឺន​ដុល្លារ​មក​បង្រៀន​អំពី​ប្រជាធិបតេយ្យ ​នេះ​។​
 
នៅពេល​ថ្មីៗនេះ​ លោក សម រង្ស៊ី បានទាត់​លោក កឹម សុខា មួយជើង​រួចទៅហើយ​ ត្រង់​ កឹម សុខា មានមហិច្ឆតា​ចង់ធ្វើ​បេក្ខ​ភាពជា​​នាយករដ្ឋ​មន្ត្រី​ ហើយ​នៅពេលដែលរួមគ្នា​នេះ​គាត់​សង្ឃឹមថា សម រង្ស៊ី អត់បានមក​កម្ពុជា​ ដូច្នេះ​គឺ​គាត់​ កឹម សុខា នេះហើយ​ជាបេក្ខជន​នាយករដ្ឋ​មន្ត្រី​ ក៏ប៉ុន្តែ​គណបក្ស​ថ្មីនេះ​មិនឲ្យ​លោក កឹម សុខា ឈរជាបេក្ខជននាយករដ្ឋមន្ត្រី​ទេ​ គឺ​គេនៅតែ​ឲ្យ​លោក សម រង្ស៊ី​ ដែលនៅក្រៅប្រទេស​ និងជាទណ្ឌិត​ ហើយ​អត់មានសិទ្ធិ​​បោះឆ្នោត​​​ទៅ​ទៀត​​។ អញ្ចឹង​ កឹម សុខា គឺ​ចាញ់​មួយចំណុច​នេះ​រួចទៅហើយ​។
 
ចំណុចមួយទៀត​ដែល លោក សម រង្ស៊ី​ ទាត់ កឹម សុខា មួយជើង​ទៀត​នោះ​ គឺនៅត្រង់​ថា​​បើ​ការ​​បោះឆ្នោត​​ហ្នឹង​អត់ សម រង្ស៊ី គឺគ្មានប្រជាធិបតេយ្យ មានន័យថា​ជាការ​ទាត់​ កឹម សុខា មួយជើង​ថែមទៀត​ដល់កៀនជញ្ជាំង​ហើយ​ ពីព្រោះ​ចង់​បញ្ជាក់​ថា​ កឹម សុខា មិនមែន​ជា​មនុស្ស​​​​ប្រជា​ធិបតេយ្យ​​ដូច​ សម រង្ស៊ី​ ទេ​​។ កឹម សុខា គេថា​នឹង​ខំប្រមូល​ពយក​អ្នក​អង្កេត​ការណ៍​​បរទេស​មក​កម្ពុជា​ឲ្យ​បានយូរ​ ថ្ងៃ​ និង​មានចំនួនច្រើន។​​ ចំណែក សម រង្ស៊ី​ វិញ​និយាយ​ថា​​​ទប់ស្កាត់​​បរទេស​​មិនឲ្យ​​មក​​អង្កេត​ការណ៍​បោះឆ្នោត​ ត្រង់នេះ​ក៏​ជាការ​ទាត់​ កឹម សុខា មួយ​ជើង​​ទៀត​​ដែរ​។​
 
លោក សត្យា រក្ស​
សំណួរ​ ៖ ចំពោះ​ការ​បែង​ចែក​លេខ​រៀងឈរ​ឈ្មោះ​​វិញ យើង​ឃើញ​មាន​បែងចែក​តំបន់​ខាង​​លិច​ តំបន់ខាងកើត​​​ ម្ខាង​ឲ្យ​សម រង្ស៊ី ម្ខាង​ឲ្យ​ កឹម សុខា អីជាដើម​ គឺ ដូចជាកំពុងបែងចែក​ប្រទេស​​កម្ពុជា​ ជាពីរផ្នែក​អញ្ចឹង​។​ ចំពោះ​សកម្មភាព​ដែលបក្ស​ប្រឆាំង​កំពុង​លេង​ល្បែង​នយោបាយ​​​បាយឡុក​ បាយឡ​ របស់គេនេះ​ តើ​វានឹង​ធ្វើឲ្យ​អ្នកគាំទ្រ​ និង​អ្នក​ដែល​ប្រុង​បោះឆ្នោត​​ឲ្យ​បក្ស​ប្រឆាំង​មានការរារែក​ក្នុងចិត្តឬទេ? ​
 
លោក​បណ្ឌិតឈឹម ផល​វរុណ​
ចម្លើយ​ ៖ បើ​តាម​ព័ត៌មាន​ដែលខ្ញុំ​ទទួលបានពីក្នុង​គណបក្ស​គេនោះ គឺ​គណបក្សទាំងពី​រ​បាន​ព្រម​ចែកគ្នា​ថា​ភាគ​ខាងលិច​ចែក​ឲ្យទៅគណបក្ស​ សម រង្ស៊ី ស្ទើរទាំងស្រុង​ ពីព្រោះ កឹម សុខា អត់មានអីនៅទីនោះទេ​។​ ចំណែកភាគខាងកើត​ គេ​បានឲ្យ​លទ្ធភាព កឹម សុខា ដែរ​ ប៉ុន្តែ​មិនមែន​ទាំងអស់ទេ​។ ចំពោះ​កន្លែង​ដែល​គណបក្ស​ សម រង្ស៊ី​ មាន​មុខ​មាត់​ជាង​ កឹម សុខា គឺ​ក្រុម សម រង្ស៊ី នឹងបានលេខរៀង​ល្អៗ​ គឺលេខ១ ឬលេខ២​។​ បន្ទាប់​មក​ទើប​ដល់​លេខរៀង​ខាង​ក្រុម កឹម សុខា​។​ គឺ​បានន័យថា​ លេខ​ដែល​មិនអាច​ជាប់​ឆ្នោត​​បាន​នោះ​​ហើយ​​។​​ ចំពោះ​ខេត្ត​ណា​ ដែល​ខាង​ កឹម សុខា ជាប់បាន១កៅអី​ដែរ​ នោះទើប​ខាង កឹម សុខា អាច​បានលេខរៀង​ល្អ​។​ ឧទាហរណ៍​ នៅកំពង់ចាម​ ដែលកឹម សុខា មាន១កៅអី​នោះ​ គឺ​គេ​ផ្តល់​ឲ្យ​លេខ​ល្អ​​ ហើយ​នៅ​ព្រៃវែង​ ដែល សម រង្ស៊ី បាន២កៅអី​ គឺលេខ​រៀង​ល្អបានទៅ សម រង្ស៊ី​ ហើយ​។​ ទាំងអស់​នេះគឺគ្រាន់​តែ​ថិត​នៅជាគម្រោង​​នៅ​ឡើយ​ទេ​​ ឯ​ការ​​សម្រេច​​ចុងក្រោយ​​គឺ​នៅ​ចុង​ខែ​​មេសា ឬ​ដើម​​ខែ​​ឧសភា​។ នៅពេល​នោះ​ កឹម សុខា ពិបាក​ប្រកែក​ជាមួយ សម រង្ស៊ី ហើយ​ ពីព្រោះ សម រង្ស៊ី ជាប្រធាន​បក្ស​ថ្មី​ ចំណែក​ឯ កឹម សុខា គឺ​គ្រាន់តែ​ជាអ្នក​ចំណូល​ថ្មី​នៃ​បក្ស​នោះទេ​។​
 
លោក​ សត្យា រក្ស​
សំណួរ​ ៖ មាន​ការ​ប្រទាំង​ប្រទើស​គ្នា​មួយទៀត​ត្រង់​ចំណុច​គំនិត​នៃការឃោសនា​នៅ​ពេល​​ ​ពួក​​គេ​​ចុះ​ទៅ​​ជាមួយ​​គ្នា​​ម្តង​ៗ​​នោះ​​។ ខាង​គណបក្ស សម រង្ស៊ី​​​ រៀង​មាន​ជំហរ​ម៉ឹង​ម៉ាត់​បន្តិច​​ក្នុង​ការ​និយាយ​។ ប៉ុន្តែ​ សម្រាប់គណ​បក្ស​ កឹម សុខា គឺ​មិនត្រឹមតែ កឹម សុខា ទេ​ សូម្បី​តែ​អ្នក​​ហែរហម​ កឹម សុខា ដូចជា​អ្នកនយោបាយ​ក្តាមគ្រោង​អី​នោះ​គឺនិយាយ​ឥត​អៀន​ខ្មាស់​ក្នុង​ការ​​ភូត​ ​កុហក់ បោកប្រាស់​ បង្ខិត​បង្ខំ​ប្រជាពលរដ្ឋ​ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​លើ​ខ្លួន​ទាំង​ ងងឹត ងងល់​។ ពួកគេ​ហ៊ាន​ទាំង​លើក​ពី​នយោបាយ​បែងចែក​ចំការ​កៅស៊ូ​​ដល់​ប្រជា​ពលរដ្ឋ​ ​នយោ​បាយ​​ដាំ​​ចេក​ ដែល​លើក​​ដោយ​​អ្នក​​នយោបាយ​​ក្តាមគ្រោង​​មក​ពី​បារាំង​អីជាដើម​។​ តើ​របៀប​​ភូត​កុហក​ ប្រជាពលរដ្ឋ​បែបនេះ​របស់​ក្រុម កឹម សុខា​ ដែលអួត​ហួសហេតុ​នោះ​ វាអាច​ជា​ការ​​ប្រទាំង​ប្រទើស​គ្នា​រវាង​ក្រុមទាំងពីរនេះដែរឬទេ​?​
 
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ពី​មុន​នៅពេលដែល​មានវេទិកា​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ គឺ​មានតែ​ កឹម សុខា ទេ​ ចំណែក​គណបក្ស​ សម រង្ស៊ី គឺ​មិនសូវធ្វើទេ​រឿង​វេទិកា​នេះ​។ ឥឡួវនេះ​ នៅពេល​ដែល​​គណបក្ស សម រង្ស៊ី ទៅចូលជាមួយ កឹម សុខា គឺ​គណបក្ស សម រង្ស៊ី បានទៅ​ត្រួតត្រា​តារាង​​នៃវេទិកា​​នេះ​ហើយ​ ដូច្នេះ ភាព​ដែល​ចេញមុខ​ដាច់​របស់ កឹម សុខា​ ដែលមានពីមុន​គឺ​បាន​​បាត់​បង់​​អស់​ហើយ​។ បងប្អូន​អាច​​ឮ​ តាម​កម្មវិធី​របស់​គេ​នោះ គឺ​មាន​សម្លេង​ កឹម សុខា តិច​តួច​​ហើយ​។ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ដឹង​ថា ពួក​អ្នក​នយោបាយ​ក្តាមគ្រោង​ដែលមក​ពី​បារាំង​ក្តី ឬ​អាមេរិក​ក្តី​ បើ​សិន​ពួក​គេ​មិនបានជាប់​ជាតំណាងរាស្ត្រ​ អ្នក​ទាំង​នោះ​ពិតជា​លំបាក​ត្រឡប់​ទៅ​ស៊ីឈ្នួល​គេ​នៅបារាំង ឬ​អាមេរិក​វិញ​ណាស់​។ បើ​ពួក​គេ​មិនបានជាប់​ទេ​ ពួកគេ​នឹងអាម៉ាស់​មុខ​នៅពេល​ត្រឡប់​ទៅ​វិញ​។​
 
លោក​សត្យា រក្ស​
សំណួរ​ ៖ ចំពោះ​អ្នកនយោបាយ​ម្នាក់​ ដែល​តែងតែ​តាំងខ្លួន​ថា​ជា​ បិតា ៧មករា ឬ​បិតា ២ធ្នូ​ អីជាដើម​នោះ ក្រោយ​ពី​ការ​បង្រួប​បង្រួម​សំបកបក្ស​​របស់​គេ​នោះ​មក​ អ្នក​នយោបាយ​រូប​នោះ​ ​ត្រូវបាន​​គេ​ធីប​​ចោល​​កៀន​​ជញ្ជាំង​ ហើយ​ប្រហែល​ជាអស់​​តម្លៃ​​សម្រាប់​គេ​​ប្រើ​ទៀត​​ហើយ​។ ​ត្រង់​ចំណុចនេះ​ តើលោក​បណ្ឌិត​យល់​ឃើញយ៉ាង​ម៉េច​ដែរ​?​
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​ ៖ កាល​ពី​គេ​មិន​ទាន់​ចូលគ្នា​ជាមួយ សម រង្ស៊ី​ គឺ​កឹម សុខា ចេះតែ​ចង់​បាន​គាត់​យក​ទៅ​ប្រើ​សិន​​ហើយ​ ដើម្បី​ទុក​ជាអុ្នក​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ប៉ុន្តែ​នៅ​ពេល​​ដែល​គាត់​និយាយ​ឃោសនា​គឺ​វាពិបាក​ស្តាប់​ពេក​ ដូចជា​ ទា​មួយហ្វូង​មុជទឹក​ មាន់​មួយ​ហ្វូង​​កំពុង​​ចឹកអង្ករ​​ស៊ី​ ឬ​គោ​មួយនឹម​កំពុង​ស៊ី​ស្មៅ​ អីជា​ដើម​ ។ល។​ ការ​និយាយរបស់​គាត់​គឺ​​​មិន​​មាន​​​ន័យ​អ្វី​ទាំងអស់​។​​​​​​​ ដូច្នេះ​ ក្រោយ​ពេល​គេរួមគ្នា​ គឺ​ហាក់​ដូចជាមាន​អ្នក​អាច​និយាយ​គ្រាន់​បើ​ជាង​គាត់​ ដូច្នេះ​គេ​ក៏​ច្រាន​គាត់​ចោល​តែ​ម្តងទៅ​។​
អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​​គឺ​​មិនមែន​​គិត​​ជាតិ​ទេ​​​ ឧទាហរណ៍​ដូច​លោក​ម្នាក់​ដែលធ្លាប់​ធ្វើតំណាងរាស្ត្រ​នៅ​ សម រង្ស៊ី ពេល​​ចូល​មក​ កឹម សុខា​ និយាយ​ថា​ចេញ​ពីទី​ងងឹត​ក្នុង​ សម រង្ស៊ី មក​ចូលទី​ភ្លឺ​របស់​​ កឹម សុខា ។ ប៉ុន្តែ​ឥឡូវនេះ​ កឹម សុខា អូស​ក​ឲ្យ​មក​ចូល​ក្នុង​ទី​ងងឹត​ ជាមួយ សម រង្ស៊ី​ ដដែល​ ហើយ​អ្នក​នោះ​ខំ​ស្រែ​ក​ថា​ព្រះអាទិត្យ​រះ​នឹង​គេ​ដែរ​ទៅ​ ហើយ​ថែម​ទាំង​​សរសើរ​ សម​ រង្ស៊ី​ ទៀត។ ត្រង់​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​អាច​មើល​ឃើញ​ និង​ពិចារណា​​​បាន​​ថា​មិន​គួរ​​បោះឆ្នោត​​ឲ្យ​​ទេ ពីព្រោះ​សុទ្ធតែ​ជាអ្នក​នយោបាយ​ឡប់​ឡែ ដែល​ពួក​គេ​​គ្មាន​​ចេតនា​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីក​ចម្រើន​ទេ​។ អ្វី​ដែល​ពួកគាត់​ធ្វើ​ និង​កំពុងធ្វើ​សម្រាប់​គណបក្ស​​​ប្រឆាំង​​នោះ​ គឺ​​ដើម្បី​តែ​​មុខ​របរ​​​​​ ដើម្បីបក្ខ​ពួក និង​ដើម្បី​គ្រួសារ​​របស់​​ខ្លួន​តែ​ប៉ុណ្ណោះ​៕​
សម្រង់ព័ត៌មាន លោក នូសាវុធឌី