Tuesday, April 2, 2013

សម្តេច​​តេជោ​​អំពាវ​នាវ​ឲ្យ​​សមាជិក​​គណបក្ស​​ប្រជា ​ជន​​កម្ពុជា​​អត់​​ធ្មត់​ចំពោះ​ការ​​ជេរ​​ប្រមាថ​​ក្នុង​យុទ្ធានាការ​បោះ​​ ឆ្នោត​​នា​​ពេល​​ខា​​ងមុខ​នេះ

ម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​បាន​ធ្វើ​ការ​អំពាវនាវ​ទៅកាន់ ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា (CPP) ​ទាំង​ងស់​ឲ្យ​មាន​ការ​អត់​ធ្មត់​នៅ​ក្នុង​ពេល​ដែល​យុទ្ធនា​ការ​ បង្ខូចកេរ្តិ៍​ឈ្មោះ​ យុ​ទ្ធា​​ការ​បំផ្លាញ​​កិត្តិយស យុទ្ធនាការ​ជេរ​បញ្ចោ​របស់​គណបក្ស​ដទៃមក​លើ CPP ពីមួយថ្ងៃ​ទៅ​មួ​យ​ថ្ងៃកាន់តែ​ឡើង​កំដៅ។
 
នៅ​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខ័ណ្ឌ​សីមា​ ព្រះវិហារ​វត្ត​កំពង់​ឫស្សី ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម នា​ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ២០១៣ ដែល​មាន​សមាជិក សមាជិកា​គណបក្ស​ប្រជា​ជនចំនួន​ប្រមាណ​ជាង ៦ពាន់​នាក់​ចូល​រួម ក្នុង​នាម​ជា​ពុទ្ធ​បរិស័ទ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ពេល​ដែល​យុទ្ធ​នាការ​បង្ខូច​កេរ្តិ៍​ឈ្មោះ យុទ្ធ​នា​ការបំផ្លាញ​កិត្តិយស យុទ្ធនាការ​ជេរ​បញ្ចោ​របស់​គណបក្ស​ដទៃ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​ឡើង​កំដៅ យើង​ត្រូវតែ​ចុះ​កំដៅ កុំ​យក​កំហឹង​ទៅ​ទល់​កំហល់ ទុក​ឲ្យ​គេ​ជេរ​មួយ​ឆ្អែត ហើយ​បើ​មានការ​ចាំបាច់​យើង​សុំ​បកស្រាយ និង​ការ​បញ្ជាក់​ដោយ​មិន​ត្រូវ​ជេរ​ត្រឡប់​ទៅវិញ ​ហើយ​នាំ​ទៅ​ដល់​ការ​ជម្លោះ​នោះ​ទេ។
 
ជាមួយ​គ្នា​នឹង​ការ​បង្ហាញ​មុខ​កូន​ប្រុស​ ទាំង​បី ដែល​បាន​សិក្សា​ទទួល​បាន​ចំណេះ​ដឹង​ខ្ពស់​ ដើម្បី​បម្រើ​បម្រើ​ប្រជា​ពលរដ្ឋ​តាម​មុខ​ជំនាញ​រៀង​ៗខ្លួន ជូន​ប្រជា​ពលរដ្ឋ​ស្រុក​ត្បូង​ឃ្មុំ​បាន​ស្គាល់​ សម្តេ​ច​តេ​ជោ​ក៏បាន​ជម្រុញ​ឲ្យយុវ​ជន ដែល​ជា​សមាជិក​សមាជិកា​ថ្មី​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ត្រូវ​បន្ត​ការ​ខិតខំ​រៀនសូត្រ​កសាង​នូវសមត្ថភាព ព្រមទាំង​ជម្រុញ​អ្នក​ដ៏ទៃ​ឲ្យ​បន្ត​ការ​​រៀន​សូត្រ​ក្នុង​ពេលដែល​ឱកាស​ កំពុង​មាន​។ សម្ដេច​តេជោ​មាន​ប្រសាសន៍​ថា យុវជន​ជា​សមា​ជិក សមាជិកា CPP ត្រូវ​ធ្វើ​អំពើ​ល្អ​គ្រប់យ៉ាង​ចំពោះ​ប្រជាជន ព្រោះគ្មាន​អំពើ​អាក្រក់​ណាមួយ ដែល​អាច​ឆ្លើយ​តប​បាន​នូវ​ការ​ស្រឡាញ់​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​សមាជិក សមា​ជិកា​គណបក្ស​ប្រជាជន​ត្រូវតែ​ចេះ​បម្រើ​ប្រ​ជាជន។ “ក្មួយៗ​ពិត​ជា​អាច​ធ្វើ​បាន​ដោយ​គ្មាន​ការ​លំបាក​ទេ អំពើ​ល្អ​ទាំងអស់​របស់​ក្មួយៗ​ ​នឹង​ឆ្លើយតប​វិញ​ដោយ​ការ​ស្រឡាញ់​ពី​សំណាក់​ប្រជា​ជន។ ​ក្រៅ​ពី​នោះ​សូម​យកចិត្តទុកដាក់​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ខិតខំ​ដើម្បី​ធ្វើ​គំរូ ដូចជា​បើក​បរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ ដែល​សុទ្ធតែ​កិច្ច​ការ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​គោរព​ប្រជាពលរដ្ឋ ដែល​ជា​ទម្លាប់​ទៀត​ផង”។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​បញ្ជាក់​ថា ពេល​បោះឆ្នោត គឺ​ក្មួយ​គូស​ឲ្យ​ចំ​សញ្ញា​គណបក្ស​ទេវតា​បាច​ផ្កា ព្រោះ​សមាជិក​គណបក្ស​ម្នាក់ សន្លឹក​ឆ្នោត​មួយ​សន្លឹក។ លើក​នេះ គឺ​ជា​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ វា​ខុស​គ្នានឹង​ការបោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់ ​ព្រោះថា បោះ​ឆ្នោត​ថ្នាក់​ជាតិ​ គឺ​កំណត់​ជោគវាសនា​របស់​នាយក​រដ្ឋ​មន្ត្រី ពិត​មែន​តែ​បោះ​តំណាងរាស្ត្រ ក៏​ប៉ុន្តែ​តំណាង​រាស្ត្រ​​នេះ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី ឬ​​បោះឆ្នោត​អនុម័ត​បង្កើត​រាជ​រដ្ឋាភិ​បាល។ អញ្ចឹង​ទេ​សូម​កុំ​ខឹង​គោ​វាយ​រទេះ កុំ​ខឹង​មេភូមិ កុំ​ខឹង ប៉ូលិស​តាម​ផ្លូវ មក​បោះឆ្នោត​ទម្លាក់​ហ៊ុន​សែន។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅតែ​ប្រើ​ពាក្យ​បួន​ឃ្លា​ដដែល បើ​ស្រឡាញ់​ហ៊ុន​សែន បើ​អាណិត​ហ៊ុន​សែន បើ​ពេញចិត្ត​ហ៊ុន​សែន បើ​ជឿ​ទុក​ចិត្ត​ហ៊ុន​សែន សូម​បោះឆ្នោតឲ្យ​គណបក្ស​ប្រជាជន។
 
សម្តេច​តេជោ​បានលើកឡើង​ផងដែរ​អំពី​ ការសម្រេចចិត្ត​ខុស​ខាង​នយោបាយ​របស់លោក លន់ ណុល ,​ចេង ហេង  និង សិរី មតៈ ដែលបាន​នាំមក​នៅ​សង្គ្រាម​ដល់​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ១៩៧០។ ឯ​ការសម្រេចចិត្ត​ខុស​របស់​ប៉ុល ពត បានធ្វើ​ប្រជាជន​ជាង ៣ លាន​នាក់ បាន​ស្លាប់ និង​ប្រទេសជាតិ​ជួប​នូវ​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ។ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស វាយ​ផ្តួល​រលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​កសាង​ប្រទេស​ពី​បាត​ដៃទទេ បញ្ចប់​នូវ​សង្គ្រាម​នាំមក​នូវ សុខសន្តិភាព​ពេញ​លេញ ដូចនេះ​ប្រជាជន​អាច​មើលឃើញ​ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការដឹកនាំ​របស់​សម្តេច​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​តួនាទី​នៃការ​ដឹកនាំរបស់​ សម្តេច​​ថា ខ្ញុំ​សូម​ជម្រាប​ប្រជាពលរដ្ឋ​ថា គឺ​តួនាទី​បុគ្គល​នេះ​ហើយ ដែល​វា​កំណត់​ជោគវាសនា​ប្រទេសជាតិ ព្រោះ​ជា​អ្នក​កាច់ចង្កូត​ប្រទេស។
 
ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា​ ព្រះវិហារ​វត្ត​កំពង់​ឫស្សីក្នុង​ខេត្ត​កំពង់​ចាម​នោះ​ដែរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​អម​ដំណើរ​ដោយ​លោកជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​មាន​ប្រសា​សន៍ឲ្យ​ដឹង​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ (CPP) ដែល​ហ៊ាន​ថ្កោល​ទោស​ចំពោះ​ការ​ទំលាក់​គ្រាប់បែក ការឈ្លានពាន​របស់​សហ​រដ្ឋ​អាមេរិក និង​ពី​វៀត​ណាម​ខាង​ត្បូង​ចំពោះ​ទឹកដី​កម្ពុជា។
 
ពាក់​ព័ន្ធ​បញ្ហា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ​សម្ដេច​បាន​រង់​ចាំ​មើល​ការ​ថ្កោលទោស​ពី​គណបក្ស​ផ្សេង ​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​​សម្តេច​ព្រះ​នរោត្តម សីហនុ​ថ្ងៃទី១៨ ខែមីនា ​កាលពី៤៣ឆ្នាំមុន ដែល​ខួប​នេះ​ទើបតែ​កន្លងទៅ ប៉ុន្តែ​មិនបាន​ឃើញ​នោះ។
 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ ​ថា តើ​សង្គ្រាម​ចាប់​ផ្តើម​មកពី​អ្វី? ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​មើល​តើ​មាន​អ្នកនយោបាយ​ដទៃ​ថា តើ​ហ៊ាន​ថ្កោល​ទោស​អ្នក​ដែល​ធ្វើរដ្ឋប្រហារ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ១៩៧០ ទំលាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ឬទេ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ក្រៅ​ពី  CPP និង​ហ៊្វុនស៊ិនប៉ិច​ អត់​មាន​គណបក្ស​ដទៃ​ណា​ទេ។ គណបក្ស ២នេះ ​(CPP និង​ហ៊្វុនស៊ិន​ប៉ិច) ហ៊ាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ ហ៊ាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ពួក លន់ នល់ ទំលាក់​សម្តេច​ព្រះ​នរោត្តម សីហនុ បង្កើត​ឡើង​នូវ​សង្គ្រាម ហើយ​មានតែ CPP ទេ​ ដែល​ហ៊ាន​ថ្កោល​ទោស​ការ​ទំលាក់​គ្រាប់​បែក ការ​ឈ្លាន​ពាន​សហរដ្ឋអាមេរិក និង​ពី​វៀត​ណាម​ខា​ង​ត្បូង​ចំពោះ​ទឹកដី​កម្ពុជា។
 
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​ឲ្យ​ដឹង​ថា ឥឡូវ​ជិត​ដល់​ខួប​នៃ​ការ​ដួល​រលំ​នៃ​របប លន់ នល់ ជំនួស​ដោយ របប ប៉ុល ពត ក៏ប៉ុន្តែ​គេ​មិន​បាន​ឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​នាំ​មក​នូវ​របប ប៉ុល ពត ទេ។ រឿង​នេះ​វា​បាន​ចាប់​ផ្តើម​ពី​កំហុស​ខាង​នយោបាយ​របស់​ពួក លន់ នល់, សិរិមតៈ, ចេង ហេង, អ៊ិន តាំ ជាដើម នៅ​ក្នុង​ការ​ធ្វើ​​រដ្ឋ​ប្រហា​រ ប៉ុន្តែ​មាន​អ្នកខ្លះ​មិន​ទាំង​ហ៊ាន​និយាយ​បញ្ហា​ប្រវត្តិ​សាស្ត្រ​ ដែល​ទាក់ទង​នឹងទិដ្ឋភាព​ខ្លោច​ផ្សារ​របស់​ប្រជាជន​កម្ពុជា​នោះ​ទេ។ រឿង​រ៉ាង​វា​អត់​ដាច់​គ្នា​ជា​កង់ៗ​បាន​ទេ ប្រវត្តិសាស្ត្រ​វា​មានរឿង​របស់​វា​មិនមែន​រឿង​ចាប់​ផ្តើម​ពី១៧ ខែមេសា ឆ្នាំ១៩៧៥ ទេ។ វា​អត់​សម​ទាល់​សោះ​ហើយ ដែល​បង្កើត​ព្រឹត្តិការ​ណ៍​​សង្គ្រាម​ខ្ទេចខ្ទាំ​មួយ​ប្រ​ទេស ហើយក៏​បើកផ្លូវ​ឲ្យ​ពួក​ខ្មែរក្រហម​ឡើង​កាន់​​អំណាច​​នៅ​ក្នុង​ប្រទេស​​នោះ។
 
សូម​បញ្ជាក់​ថា ខេត្តកំពង់ចាម​ គឺជា​ទឹកដី​មួយ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី និង​លោក​ជំទាវ​មាន​អនុស្សាវរីយ៍​ដ៏​ល្វីង​ជូរចត់​ ​ ​ក្នុង​ចលនា​ដឹកនាំ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ពោល​គឺ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើពលី​កម្ម​សាច់​ស្រស់​ឈាម​ ស្រស់​ រហូត​បាត់បង់​នូវ​កែវភ្នែក​ម្ខាង​នៅ​លើ​សម​រ​ភូមិ​ក្នុង​ភូមិ​សាស្ត្រ​ឃុំជី ​រោទិ៍ និង​បាន​រំដោះ​ប្រទេសជាតិ​ចេញពី​របប ប៉ុល ពត នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង​បាន​ដឹកនាំកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​មាន​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​ វិស័យ​រហូត​មកដល់បច្ចុប្បន្ន  និង​ទៅ​អ​នាគ​ត។ ជា​លើក​ទី៣ នៅ​ក្នុង​ឆ្នាំ២០១៣នេះ​ ដែល​សម្តេច​តេ​ជោ និង​លោកជំទាវ​អញ្ជើញ​ទៅកាន់​ខេត្ត​កំពង់ចាម ក្នុង​ការ​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​សមិទ្ធផល​ផ្សេងៗ​នៅ​ក្នុង​ទឹក​ ដី ដែល​សម្តេច និង​លោក​ជំទាវ បាន​ធ្វើ​ពលី​កម្ម​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​តំបន់​នោះ ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ​តាម​ការ​អំពាវ​នាវ​របស់​សម្តេច​ព្រះ​ នរោត្តម សីហនុ ក៏​ដូច​ជាក្នុង​បុព្វហេតុ​រំដោះ​ជាតិ និង​ប្រជា​ជន​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍។
 
សូម​រំលឹក​ផ​ង​ដែរ​ថា វត្ត​កំពង់​ឫស្សី​ ជា​អតីត​បន្ទាយ​យោធា​ដែល​នៅ​គ្រានោះ​ មាន​យុទ្ធជន​ជាច្រើន​បាន​ពលី​ជីវិត​នៅ​ទី​នោះ ក្នុង​បុព្វហេតុ​តស៊ូ​រំដោះ​ជាតិ​ចេញពី​ការត្រួតត្រា​របស់​ពួក​ចក្រ​ពត្តិ​ អាមេរិក ដែល​គាំទ្រ​របប លន់ នល់ នោះ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​អរគុណ​ណាស់​កាលពី​ពេ​ល​នោះ​បាន​ផ្តល់​ទីអារាម ដែល​ថ្ងៃនេះ​ខ្ញុំ​មានឱកាស​ដើម្បី​មក​គោ​រព​វិញ្ញាណ​ក្ខ័​ន្ធ​ទាំងអស់​របស់​ អតី​ត​យុទ្ធជន​របស់ខ្ញុំ​នៅ​ក្នុង​ទី​អារាម​នេះ ដែល​ពួកគេ​ច្រើន​ណា​ស់​បាន​ពលី​ជីវិត​ក្នុង​ចលនា​តស៊ូ​រំ​ដោះ​ជាតិ​នោះ។
 
សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ដោយ​សារតែ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសឆ្នាំ១៩៧៣ តម្រូវ​ឲ្យអា​មេ​រិក​បញ្ឈប់​ការវាយប្រហារ​តាម​ផ្លូវ​អាកាស ដូច្នេះ​អាមេរិក​បាន​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ១៩៧៣ ដែល​នោះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​ទាហាន លន់ នល់ នៅ​បន្ទាយ​ជី​រោទិ៍​រត់ចោល​បន្ទាយ​ទាំងអស់​តែម្តង ទើបបាន​ផ្តល់​ឱកាស​ដល់​កងកម្លាំង​តស៊ូ​នៅ​ក្នុង​គ្រានោះ។ រឿងរ៉ាវ​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៨ ខែមីនា​ ឆ្នាំ១៩៧០ ដែល​តាមរយៈ​នោះ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​បង្កើត​ឡើង​នូវ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​កូនចៅ​ទាំង​ឡាយរត់​ចូល​ព្រៃម៉ាគី ដើម្បី​ធ្វើការ​តស៊ូ​ប្រឆាំង​ការឈ្លានពាន​របស់​បរ​ទេស។
 
សំណង់​ព្រះវិហារ​ដ៏​ស្កឹមស្កៃក្នុង​ទី​ អារាម​វត្ត​កំពង់​ឬ​ស្សី​ ដែល​​មាន​តម្លៃ​ជាង ២៤ម៉ឺន​ដុល្លារ​អា​មេ​រិក​ស្ថិតនៅ​ក្នុង​ឃុំ​ជី​រោទិ៍ទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម បាន​ស្ថាបនា​ហើយ​រួចរាល់​ក្រោម​កា​រ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន និង​កម្លាំង​មហាសាមគ្គី​ពី​សំណាក់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ទាំង​ក្នុង ​និង​ក្រៅ​ប្រ​ទេស។
 
ឯកឧត្តម ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ២០១២កន្លងទៅ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម ​បាន​ខិតខំ​អនុវត្ត​យ៉ាងសកម្ម​នូវ​កម្មវិធី​នយោ​បាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៤ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ។ ជាក់ស្តែង​លើ​វិស័យ​សាសនា​ មកដល់បច្ចុប្បន្ន​នេះ​ទូទាំង​ខេត្ត​មាន​វត្ត​អារាម​ចំនួន ៥៩៤វត្ត និង​មាន​ព្រះ​សង្ឃ ៦ ៧៤៦អង្គ។ ចំពោះ​ព្រះវិហារដ៏​ល្អ​ប្រណិត​ដែល​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​ ពេល​នេះ គឺ​ពិតជា​សមិទ្ធផល​ដ៏​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​សម្រាប់​ពុទ្ធ​ សាសនិក​ជន​ដើម្បី​គោរព​បូជា៕