Tuesday, April 2, 2013

បទវិចារ​ណកថា ៖ ​​រកជឿ​មិនបាន


លោក សម រង្ស៊ី ដែលគេស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវច្រើនជាងគេ បាន​ប្រកាស​ថា​យុទ្ធសាស្រ្តឈ្នះ -ឈ្នះ គឺមិន​ចូល​រួម​បោះ​ឆ្នោត​ក្នុង​គោលបំណងស្រែកឲ្យបរទេសគាំទ្រនូវ​ គំនិតរបស់ខ្លួនក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោតសកល នាខែកក្កដា ខាងមុខ។
    
តាមរយៈវិទ្យុប​រទេសផ្សាយជាខេមរៈភាសាបានដកស្រង់សំដីលោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៦ ខែមិនា ឆ្នាំ២០១៣ ថា«យុទ្ធសាស្រ្តឈ្នះ-ឈ្នះ​ចុងក្រោយរបស់គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក នឹងមិនវិលត្រឡប់មកកម្ពុជាដើម្បីចូលរួមការបោះឆ្នោត ដើម្បី​ឲ្យ​សហគមន៏​អន្តរជាតិ​កុំ​​ទទួល​ស្គាល់លទ្ធផលបោះឆ្នោត និងរដ្ឋាភិបាលថ្មី»។

វាមិនអាចទៅរួចនោះទេ គេនៅចាំបានថា កាលពីឆ្នាំ ២០០៨ ការបោះឆ្នោតសកល សូម្បីតែវត្តមានរបស់​លោក សម រង្ស៊ី នៅឆ្នាំនោះ គ្រាន់​តែ​ដឹងថាចាញ់ឆ្នោតភ្លាម លោក សម រង្ស៊ី និងលោក កឹម សុខា ប្រកាសមិនទទួលស្គាល់លទ្ធផល ហើយចោទថា​គណៈ​កម្មា​ធិការ​ជាតិ​រៀប​​ចំការបោះឆ្នោត មិនឯករាជ្យ អយុត្តិធម៌ និងបាននាំគ្នាស្ពាយឯកសារទៅប្តឹងសហគមន៏អន្តរជាតិ ប៉ុន្តែការប្តឹងត្រូវបរាជ័យ ​ពី​ព្រោះ កា​រ​បោះ​​ឆ្នោត​សម័យនោះក៏ដូចការបោះឆ្នោតសកលឆ្នាំ២០១៣ ខាងមុខ​នេះ​ប្រាកដ​ជា​មាន​អ្នក​សង្កេត​ការណ៏​ជាតិ អន្តរជាតិ ជា​ពិសេស​អ្នក​សង្កេត​​ការណ៏ តំណាង​​​នៃគណបក្ស​នយោបាយ​របស់​បក្ស​នីមួយៗ​បាន​ និង​​កំពុងតែត្រៀមនូវគ្រូបង្គោល ឬ​សកម្មជន​របស់គណបក្ស​និមួយៗ​ក្នុង​ការ​បណ្តុះបណ្តាល​របៀប​​សង្កេតការណ៏ ក៏ដូចជារបៀប​រាប់សន្លឹកឆ្នោត។សូម្បីតែលោក យឹម សុវណ្ណ ធ្លាប់​ប្រាប់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរៈភាសា កាលពីកំឡុងពេល​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថា ទោះបី​លោក សម រង្ស៊ី មិន​មានវត្តមាន​ក៏​គណបក្សរបស់ខ្លួន មិន​មាន​បញ្ហាអ្វីដែរ ហើយលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់ក៏ធ្លាប់និយាយថា លោក       ធ្វើការ​តាមវិញ្ញា​ណ វត្តមានរបស់ខ្លួន​មិន​សំខាន់​នោះ​ទេ។ល។

ប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់នូវទង្វើមិនទៀងទាត់របស់លោក សម រង្ស៊ី ដែលរក​ជឿ​មិនបានទាល់តែសោះចំពោះមេបក្សមួយនេះ ពីព្រោះ​ប៉ុន្មានឆ្នាំនេះលោក សម រង្ស៊ី តែង​តែ​ចោទប្រកាន់មកលើរាជរដ្ឋាភិបាលម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលហាមឃាត់​រូបលោក មិន​ឲ្យ​​ចូលស្រុក។ប្រមុខរាជរដ្ឋាភិបាលធ្លាប់ប្រកាសហើយថា សម្តេច មិនបានហាម​ឃាត់​លោក សម រង្ស៊ី ក្នុងការចូលស្រុកនោះទេ ។

គួរំលឹកផងដែរថា លោក សម រង្ស៊ី ត្រូវបានតុលាការ កាត់ទោសកំបាំងមុខ​ផ្តន្ទា​ទោស​ឲ្យជាប់​គុក​១២​ឆ្នាំ​ក្រោម​បទ​ដក​តម្រុយ​ បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម និងបទក្លែងផែន​ទី​កម្ពុជា​វៀតណាម និងបទបរិហាកេរ្តិ៏ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី  រដ្ឋ​មន្រ្តី​​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ។  

លោក សម រង្ស៊ី ក៏ធ្លាប់បានដើរបញ្ចុះបញ្ចូល សហគមន៏អ៊ឺរ៉ុប សភាអន្តរជាតិ ក្នុង​បំណង​ចង់​ចូល​ស្រុក​ហើយ​និយាយ​ដដែល​ៗថា​«​បើអត់​រូប​ខ្ញុំ​ ការ​បោះឆ្នោតគ្មានតម្លៃ ហើយ​ក៏​គ្មាន​ន​ណា​ទទួល​ស្គាល់រដ្ឋាភិបាល នឹងឈានចូលស្ថានការណ៏ ពីព្រោះអត់មាន​រដ្ឋា​ភិ​បាល​ស្រប​ច្បាប់»។ ការ​ពិត​មិនដូចជាការអះអាងរបស់លោក សម រង្ស៊ី នោះទេ  សហគមន៏ជាតិ អន្តរជាតិ តែង​តែ​ទទួល​ស្គាល់​ថាការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​លក្ខណៈត្រឹមត្រូវ លិទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ថែមទាំងមានកិច្ចសហប្រតិបត្តិការនូវរាល់ដំណើរការបោះឆ្នោត។

លើសពីនេះទៅទៀត លោក សម រង្ស៊ី ធ្លាប់ប្រកាសប្រាប់សមាជិករបស់ខ្លួនថា លោក នឹងមកជាមួយ លោក បារ៉ាក់ អូបាម៉ា ប្រធា ​នាធិប​តី​សហរដ្ឋអាមេរិក ក្នុងខណៈពេល​ដែល​ប្រធានាធិប​តីរូប​នេះ​មក​ចូល​រួម​ប្រជុំកំពូលអាស៊ាន នៅកម្ពុជាកន្លងមក។ជាលទ្ធផលលោក សម រង្ស៊ី មិន​ឃើញ​ស្រមោល​ទាល់​តែសោះ​​នៅកម្ពុជាគឺឃើញតែ លោក បារ៉ាក់ អូបាម៉ា តែប៉ុណ្ណោះ តើសំដី​របស់ លោក សម រង្ស៊ី នេះ​រក​ជឿ​មិន​បាន​ ឬមួយដោយលោក សម រង្ស៊ី ដឹង​ថា​ការ​បោះ​ឆ្នោតខែកក្កដា ខាងមុខគណបក្សសង្រ្គោះជាតិ បរាជ័យ ហើយម្យ៉ាងទៀតរូបលោក ត្រូវ​បាន​​គណៈកម្មាធិការ​ជាតិ​រៀបចំបោះឆ្នោតលប់ឈ្មោះ​ ចេញពីបញ្ជីបោះឆ្នោតរួចហើយ ម្ល៉ោះ​ហើយ​មាន​តែមិន​ចូល​ស្រុក ​​ហើយយកលេស​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ទៅ។​

ទង្វើនេះ វាមិនមានអ្វីថ្មី​នោះទេ​សំរាប់​រូប ​លោក សម រង្ស៊ី  ធ្លាប់ប្រើ​ស្នៀត​ដដែល​នេះ​ច្រើន​ដង​ហើយ ដោយ​ឃើញ​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​ដូច្នេះ​ប្រជាពលរដ្ឋរកជឿមិនបាន។
ដោយៈរួម ជាតិ