Tuesday, April 2, 2013

សន្ទរកថា ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន ឧបនាយក​​រដ្ឋមន្ត្រី ក្នុង​​ឱកាស​​បើក​​សន្និបាត​​ជាតិ​​វិស័យ​​សកម្មភាព​​មីន


វិមានសន្តិភាព ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣
 
-       ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិកា រាជរដ្ឋាភិបាល
-       លោកស្រី Setsuko Yamazakiនាយកអង្គការ​UNDP ប្រចាំនៅ​កម្ពុជា!
-       លោក StanislavDamjanovic នាយករង​កម្មវិធី​របស់​អង្គការ HALO Trust ប្រចាំនៅ​កម្ពុជា!
-       ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងដៃ​គូអភិវឌ្ឍន៍ ​អង្គការជាតិ អន្តរជាតិ និង​សមាជិក សមាជិកា​ នៃអង្គ​សន្និបាត​ទាំង​មូល​ជាទី​មេត្រី!

ថ្ងៃនេះ ខ្ញុំមាន​សេចក្តី​សោម​នស្សរីក​រាយចូ​លរួមជា​មួយ​ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ដែលជាតំណាង​សហគមន៍​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និងប្រតិបត្តិករ​ទាំងអស់ ក្នុង​ពិធី​បើក​សន្និបាត​ជាតិ វិស័យ​សកម្មភាព​មីន ដ៏មាន​សារៈ​សំខាន់​នេះ។ ខ្ញុំសូម​យក​ឱកាស​​នេះ​សម្តែង​នូវការ​កោតសរសើរ និងវាយ តម្លៃ​​ខ្ពស់​ចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ មីនកម្ពុជា​ អគ្គលេខាធិការ​ដ្ឋាន និងអង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ ដែលបាន​សហការ​រៀបចំ​សន្និបាត​ជាតិនេះឡើង ដើម្បីឱ្យយើង​ទាំងអស់​គ្នាបាន​យល់ដឹងកាន់​តែ​ស៊ី​ជម្រៅ​​ អំពី​វឌ្ឍនភាពការងាររយៈពេល​​ បីឆ្នាំដំបូងនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន​​២០១០​​​​​- ២០១៩​ ក៏ដូចជាការ​យល់​ដឹង​អំពីស្ថានភាពទូទៅនៃប្រតិបតិ្តការបោសសំអាតមីននៅកម្ពុជា។
 
ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការ​បោស​សំអាត​មីន​ដើម្បី​ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ​គ្រប់​ រូប​ប៉ុណ្ណោះ​​ទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់​អំពី​កម្លាំង​រួបរួម​សាម​ គ្គី​ភាព​ ដើម្បីសកម្មភាព​មនុស្ស​ធម៌​និង​ការអភិវឌ្ឍនៅកម្ពុជាទៀតផង។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោត​សរ​សើរ​និង​ថ្លែង​អំណរ​​គុណ​ យ៉ាងជ្រាលជ្រៅដល់សហគមន៍ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ និង​ជំរុញ​ឱ្យ​យុទ្ធនា​ការ​បោស​ សំអាតមីននៅកម្ពុជាប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមក។

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គសន្និបាត​ទាំងមូលជាទីមេត្រី

សង្រ្គាមនៅកម្ពុជាជាច្រើនទសវត្សកន្លងមក បានបន្សល់​ទុកនូវតំបន់ដែលនៅមានការគំរាមកំហែង និង​គ្រោះថ្នាក់ដោយសារ​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​យ៉ាង​ច្រើន ​ហើយផលប៉ះពាល់ដោយ​សារ​សំណល់​ជាតិ​​​ផ្ទុះពី​សង្គ្រាម ភាគ​ច្រើនគឺជាគ្រាប់ទម្លាក់ពីលើអាកាស ជា​ពិសេស ​គ្រាប់​បែកចង្កោម​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​​ផ្ទុះ​ជាច្រើនទៀត។ ដោយ​មើល​ឃើញ​ពី​ផលវិបាកយ៉ាងធ្ងន់ធ្ងរនេះ ក្នុង​​​​នាម​​​ជា​ប្រទេស​រង​គ្រោះ ​និងក្នុងនាម​ជា​រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រាជរដ្ឋាភិបាល​បាន​យក​ចិត្តទុក​ដាក់​យ៉ាង​​ខ្លាំង​ចំពោះ​បេសកកម្ម​បោស​សំអាត ​មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម។ តាម​រយៈ​សុន្ទរកថា​របស់​ ​ឯកឧត្តម ប្រាក់ សុខុន អនុប្រធាន​អាជ្ញាធរមីន​កម្ពុជា​ បានបញ្ជាក់ឱ្យឃើញថា សកម្មភាព​ដោះមីនជាលក្ខណៈមនុស្សធម៌នៅកម្ពុជា ដោយ​មាន​ជំនួយ​ឧបត្ថម្ភជាថវិកា បច្ចេកទេស និង​សម្ភារៈ​ពី​សំណាក់​ដៃ​គូ​អភិវឌ្ឍន៍​នា​នា​ត្រូវ​ បានចាប់ផ្តើមជាផ្លូវការតាំង​ពី​​​ឆ្នាំ​១៩៩២មកម្ល៉េះ ហើយមកទល់ពេលនេះបេសកកម្មបោសសំអាតមីននៅតែ​ជាកិច្ចការ​ដ៏​ចំបង​ និង​មាន​​ភាព​​​​ចាំបាច់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកខ្ពស់ក្នុងការ​​ ជំរុញនិងលើកទឹក​ចិត្ត​ឱ្យ​អាជ្ញាធរមីន​កម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់បំពេញតួនាទីរបស់ខ្លួន ស្របតាមផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​សកម្មភាពមីន ឱ្យកាន់​តែ​មានប្រសិទ្ធភាពថែមទៀត។ តាម​របាយការណ៍នៃការស្រាវជ្រាវទិន្ន​ន័យ​មូលដ្ឋាន​បាន​ឱ្យដឹងថា បច្ចុប្បន្ន ផ្ទៃដីគ្របដណ្តប់ដោយគ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាពិសេសមីនប្រឆាំង​ មនុស្សនិងមីនតោនគឺនៅសល់ប្រមាណជាង ១៧០០គីឡូម៉ែត្រ​ក្រឡា ដែលផ្ទៃដីទាំងនេះភាគ​ច្រើន​ស្ថិត​ក្នុង​ដែន​​ដី​នៃ​​ បណ្ដាខេត្តភាគខាងលិចឆៀងខាងជើងជាប់​ព្រំដែនកម្ពុជា-ថៃ។

គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានធ្វើឱ្យប្រជាជនយើងទទួលរងនូវផលប៉ះពាល់ជា​​ អវិជ្ជមាន​​ស្ទើរគ្រប់វិស័យ ដែលជាឧបសគ្គ​រារាំង​ដល់ដំណើរការអភិវឌ្ឍន៍ប្រទេស​ជាតិ។ គ្រាប់មីននៅក្នុងដីបាន​​កម្រិត​​លទ្ធភាពប្រើប្រាស់ធនធានធម្មជាតិ ពិសេស​ធន​ធាន​ដីធ្លី​នៅ​តាម​ទី​ជនបទ។ ជាក់ស្តែង ប្រជាជននៅ​មាន​ការ​ព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ក្នុង​ការ​អាស្រ័យ​ផល​លើ​ផ្ទៃដី​មិន​ទាន់​បោស​សំអាត​។ ក្នុងន័យនេះ​រាជរដ្ឋាភិបាល​​​​នៅ​​តែ​បន្ត​ចាត់ទុក​សកម្មភាពកំចាត់មីន ជាអាទិភាពដ៏ចំបងនៅក្នុង​សកម្ម​ភាពស្ដារ និង​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស ឈានទៅសម្រេចបាន​ការ​កាត់បន្ថយភាពក្រីក្រ និង​​ជំរុញ​កំណើន​សេដ្ឋកិច្ច។

សកម្មភាព​កំចាត់​មីន​ គឺមិនត្រឹមតែជាការដោះស្រាយ​បញ្ហា​សន្តិសុខសង្គម ដើម្បី​ផ្តល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋគ្រប់រូបប៉ុណ្ណោះទេ ក៏ប៉ុន្តែ​ថែម​ទាំង​ជាបេសកកម្មបោសសំអាត​ដីធ្លី និងប្រែក្លាយដីទាំងនោះ​ឱ្យ​ទៅ​ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ច​-សង្គមទៀតផង។ ជាក់ស្តែង ​ក្នុង​ការ​ចុះ​វាស់​វែង​​ដី​ធ្លី​​ដើម្បីធានា​កម្មសិទ្ធិ​ដីធ្លី​ស្រប​ ច្បាប់​​របស់​ប្រជាពលរដ្ឋ​ សំដៅ​លើក​កម្ពស់​ជីវភាព​ សុខមាលភាព​​ និង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​​​​ ​ព្រម​​ទាំង​​រួម​ចំណែក​ដល់​​ការពង្រឹង​យុត្តិធម៌​ និង​ស្ថេរភាព​សង្គម រាជរដ្ឋាភិបាល​បានដាក់ចេញនូវ​​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី ដែល​ចុះ​អនុវត្តដោយក្រុមវីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងមន្ត្រីជំនាញ​មក​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិងសំណង់ គឺពិតជា​ត្រូវ​ការ​កិច្ចសហការយ៉ាងជិតស្និទ្ធពីមន្រ្តីបច្ចេក​ទេស​ជំនាញ​ខាង​ ដោះមីនដោយខាងពុំបាន។ ដូចនេះ ការចុះវាស់វែងដីធី្ល និង​ផ្តល់​ដី​ធ្លី​មាន​សុវត្ថិភាព​ជូនប្រជាពលរដ្ឋសម្រាប់​តាំង​ លំនៅដ្ឋាននិងប្រកបរបរផ្សេងៗដើម្បីចិញ្ចឹមជីវិត គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការងារបោស​សំអាត​​មីន​ និងសំណល់ជាតិផ្ទុះបានឡើយ។

យោង​ តាមរបាយការណ៍ជនរងគ្រោះរបស់អាជ្ញាធរមីនបានឱ្យ​ដឹងថា ចំនួន​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ថ្នាក់​បណ្ដាល​មក​ពីការ​ផ្ទុះ​គ្រាប់​មីន​ និង​សំណល់​ជាតិផ្ទុះពីសង្គ្រាម ទាំងរបួស​​ និងស្លាប់ពីឆ្នាំ​១៩៧៩​ ដល់​ឆ្នាំ​២០១២​ មានចំនួនសរុប ៦៤០០០នាក់ ក្នុងនោះ​ប្រមាណ ៧០% ត្រូវ​បាត់​បង់​​កម្លាំង​ពលកម្ម​ និង​បាត់បង់​ផ្នែក​​ខ្លះនៃកាយសម្បទាហើយ​ប្រមាណ ៣០% ទៀតត្រូវបាត់បង់អាយុជីវិត។ និន្នាការ​តួលេខជន​រង​​គ្រោះ​​ដោយ​​សារមីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំគឺក្នុងឆ្នាំ២០១០ មាន​ជនរង​គ្រោះ​​​​​ចំនួន២៨៦នាក់ ក្នុងឆ្នាំ​២០១១ មានចំនួន ២១១នាក់ ហើយក្នុងឆ្នាំ២០១២ តួលេខជនរងគ្រោះ​បាន​ធ្លាក់​មកនៅត្រឹមចំនួន ​១៨៦​នាក់។ នេះជា​លើក​ទីមួយ​ហើយ​​​ដែល​តួលេខចំនួនអ្នករងគ្រោះបាន​ធ្លាក់​មក​នៅ​ ក្រោមបន្ទាត់ ២០០នាក់ ក្នុងមួយឆ្នាំ។​

ការធ្លាក់​ចុះ​នេះ គឺដោយសារមានកិច្ចខិតខំប្រឹងប្រែង និង​ការ​យក​ចិត្ត​​ទុកដាក់​ខ្ពស់របស់​រាជរដ្ឋាភិបាល ប្រតិបត្តិករ ភាគីពាក់ព័ន្ធ និង​ដៃ​គូ​អភិវឌ្ឍន៍​ ដែលបាន​ចូលរួម​យ៉ាង​សកម្មក្នុងការ​បោសសំអាត​ចំ​គោល​ដៅ​ដែល​​រង​ផល​ ប៉ះពាល់ខ្លាំង ក៏ដូចជា មាន​ការ​​ផ្សព្វ​ផ្សាយ​អប់រំ​ប្រជា​ពល​រដ្ឋដល់មូលដ្ឋាន ឱ្យបានយល់ដឹងអំ​ពី​គ្រោះ​ថ្នាក់ដោយ​សារ​គ្រាប់មីននិង​ សំណល់ជាតិផ្ទុះពីសង្រ្គាម។​ ថ្វីបើ​មាន​ការធ្លាក់​​ចុះបែប​នេះក្តី ចំនួន​​ជន​រង​គ្រោះ​​នៅតែខ្ពស់ បើប្រៀបធៀប​នឹងប្រទេស​​​​ដែល​រង​គ្រោះ​ដោយសារមីននិង​សំណល់​ជាតិ​ផ្ទុះ​ពី​ សង្រ្គាម​ដទៃ​ទៀត​​។​​

លើសពី​នេះ​ទៅទៀត​​ អនុវត្ត​តាម​របៀបវារៈនិងកាតព្វកិច្ចដែលមានចែង​នៅ​ក្នុង​អនុសញ្ញា​អូតាវ៉ា​ ដែល​កម្ពុជា​ជា​រដ្ឋភាគី និង​​ធ្លាប់​ធ្វើ​ជា​ប្រធាន​ដឹក​នាំកិច្ចប្រជុំប្រកប​ ដោយជោគជ័យកាលពីឆ្នាំ២០១២ រាជ​រដ្ឋា​ភិ​បាល​​​​កម្ពុជា​ចាប់​ពី​ឆ្នាំ២០១០មក​ បានផ្ដល់​ថវិកា​ជា​ច្រើន​លាន​ដុល្លារ​ អាមេរិកសម្រាប់ទ្រទ្រង់ដំណើរការប្រព្រឹត្ត​ទៅ​របស់​ស្ថាប័នពាក់ព័ន្ធ​ និង​ការ​ត្រួត​ពិនិត្យ​តាមដានការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ហើយ​ក៏​បាន​រួម​ចំណែក​​​ថវិកា​រាប់សិប​លាន​ដុល្លារអាមេរិក​ថែមទៀត តាមរយៈការបង់​ពន្ធ​ជាបន្ទុករបស់រដ្ឋទៅ​លើ​ការ​នាំ​ចូល​​សម្ភារៈបរិក្ខារ ឧបករណ៍​​ប្រើប្រាស់​ រថយន្ត និង​គ្រឿងចក្រនានា។

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលជាទីមេត្រី

បន្តិចទៀតនេះ ក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន និងតំណាងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹងធ្វើបទ​បង្ហាញ​ជូន​អង្គ​សន្និបាត​ ជ្រាប​អំពី​សមិទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេលបីឆ្នាំ​ គិតចាប់​ពី​ដើម​ឆ្នាំ២០១០ រហូតដល់ចុងឆ្នាំ២០១២។ បទបង្ហាញទាំងនេះនឹងគ្រប​ដណ្ដប់​​លើ​ទិដ្ឋភាព​យ៉ាង​ច្រើន​ ដែល​រួមមាន​ការស្រាវជ្រាវទិន្នន័យមូលដ្ឋាន ការរំដោះផៃ្ទដីសង្ស័យ ការធ្វើផែនការនិងការចាត់អាទិភាព ការ​អប់រំ​ពី​គ្រោះថ្នាក់​មីន ការ​សង្រ្គោះ​ជន​រងគ្រោះ ការកសាងនិងការធានានិរន្តរភាពនៃសមត្ថភាពជាតិ និងការ​សម្រប​សម្រួល​ការ​រក្សា​ស្ថិរភាពក្នុងតំបន់និងអន្តរជាតិជាដើម។ តាមរយៈបទបង្ហាញនេះ យើងនឹងបានឃើញ​កាន់​តែ​ច្បាស់​អំពី​កិច្ច​ខិតខំប្រឹងប្រែងយ៉ាងប្ដូរ​ផ្ដាច់​ របស់​រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកម្ពុជាបាន​រួច​ចាក​ផុត​ពី​ការគំរាម​កំហែង​ ដោយ​​សារមីននិងសំណល់​ជាតិផ្ទុះ​ពីសង្រ្គាមគ្រប់ប្រភេទ ក៏​ដូច​ជា ​ការការពារសិទ្ធិជនពិការ​​ដោយ​សារ​​​មីន​និងសំណល់ជាតិផ្ទុះពី​សង្រ្គាម ជាពិសេស​ ការលើកកម្ពស់សហគមន៍ជនពិការឱ្យ​កាន់​តែ​មាន​ភាព​​ប្រសើរ​ឡើងថែមទៀត​​។
 
តាមរយៈសនិ្នបាតរយៈពេលពេញមួយថ្ងៃនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹង​​បាន​យល់​ដឹង​កាន់​តែ​ច្បា​ស់​ថែម​ទៀត​អំពី​សមិទ្ធ​ផល​ ការប្រឈម​ តម្រូវការ និងដំណោះស្រាយនានា ដែលអាជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត សំ​ដៅ​ជំរុញ​ឱ្យវិស័យសកម្មភាពមីនទាំង​មូល​​សម្រេច​បានលទ្ធផលជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាព។ សកម្មភាពកំចាត់មីននៅ​កម្ពុជា​កំពុង​​ស្ថិត​នៅ​ក្នុង​របត់​ ដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលត្រូវបន្ថែមភាពជាម្ចាស់និងភាពជាអ្នកដឹកនាំឱ្យបានខ្លាំងក្លាថែមទៀត ដើម្បី​​​ពន្លឿន​ការដោះស្រាយបញ្ហាលើវិស័យដ៏មានសារៈសំខាន់នេះ។ ខ្ញុំមាន​ជំនឿ​យ៉ាងមុត​មាំថា​ សមាជិក ​សមាជិកា​ ​​​​នៃអង្គសន្និបាតទាំងមូល​នឹង​យក​អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញា ចូលរួម​ពិភាក្សា​ និង​ផ្លាស់ប្ដូរ​យោបល់ ដើម្បី​​ពិនិត្យ​ វាយតម្លៃ​ចំនុច​ខ្លាំង​ ចំនុច​ខ្សោយ​ និង​បទ​ពិសោធល្អៗ​ សំដៅ​រួមគ្នា​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ សកម្មភាព​មីន ​២០១០-២០១៩​។

សមិទ្ធផលសំខាន់ៗ ដែលសម្រេចបានលើ​វិស័យសកម្មភាពមីនកន្លងមក ពិតជាមិនអាចកាត់ផ្ដាច់​ចេញ​​​​​​​ពីជំនួយសប្បុរសដ៏ថ្លៃថ្លា និង​កិច្ចស​ហការ​យ៉ាង​ជិត​ស្និទ្ធ​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ឡើយ​​។ ​ឆ្លៀត​ឱកាស​​ដ៏វិសេស​​វិសាលនេះ ខ្ញុំសូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​​ជូន​ចំពោះ​ប្រទេស​ផ្ដល់​ ជំនួយ​ដៃគូ​អភិវឌ្ឍន៍ ​និង​ភាគីពាក់ព័ន្ធទាំងអស់ ដែល​បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ជំនួយ​ទាំង​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​​ដល់វិស័យសកម្មភាពមីន​នា​ពេលកន្លងមក​ក្នុង​បុព្វហេតុ​នៃ​ ការ​អនុវត្ត​សកម្មភាព​កំចាត់មីន​​ សំដៅ​រួម​ចំណែក​​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និងកំណើនសេដ្ឋកិច្ចនៃព្រះ​រាជាណាចក្រកម្ពុជា។ ក្នុងនាម​រាជរដ្ឋា​ភិបាល​ ​ខ្ញុំសូមអំពាវ​នាវដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ សូមមេត្តាបន្តរក្សា និងបង្កើន​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រតិបត្តិករ​​ជាតិ​ និងអន្តរជាតិទាំងអស់នៅកម្ពុជា តាមរយៈអាជ្ញាធរមីនក្ដី តាមរយៈទ្វេភាគី ឬ​ជា​​ពហុភាគីក្ដី​ ដើម្បី​ឱ្យ​ការ​អនុវត្តផែនការសកម្មភាពមីនជាតិ២០១០-២០១៩ សម្រេចបានលទ្ធផលជាវិជ្ជមានតាមការគ្រោងទុក។

មុននឹងបញ្ចប់ ខ្ញុំ​សូមកោតសរសើរ និងថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះថ្នាក់ដឹកនាំអាជ្ញាធរមីន​កម្ពុជា អគ្គលេខាធិការដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​បេសកកម្ម​បោស​សំអាត​មីននិង​សំណល់ ​ជាតិ​ផ្ទុះពីសង្រ្គាម។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​​មុតមាំថា គ្រប់អង្គភាព​និងដៃគូ​ពាក់ព័ន្ធ​ទាំង​អស់​នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​ជាតិ ​សកម្មភាព​មីនឱ្យ​កាន់តែខ្លាំងក្លាថែមទៀតនិងទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លាជូនជាតិមាតុភូមិជាទីស្នេហា​​នៃ​យើង​។
 
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃ​​សន្និបាត​​​ទាំងមូល សូមមានសុខភាពល្អ ទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។

ខ្ញុំសូម​ប្រកាស​បើក​សន្និបាតជាតិវិស័យសកម្មភាពមីននៅកម្ពុជាចាប់ពីពេលនេះតទៅ៕

សូមអរគុណ!