Wednesday, November 27, 2013

ប្រធាន​រដ្ឋសភា​​កូឌីវ័​រ​សរសើរ​​ការ​​ដឹក​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​​ទៅ​​រក​លទ្ធិ​ប្រជា​​ធិប​តេយ្យ​​និង​​ការ​អភិវឌ្ឍន៍​ដោយ​សម្តេច​​តេជោ

ឯកឧត្តម គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​កូ​​ឌី​វ័រ នា​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ បានមាន​ប្រសាសន៍​កោតសរសើរ​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ ចំពោះ​ការ​ដឹកនាំ​ប្រទេស​មានការរីកចម្រើន និង​ឆ្ពោះ​ទៅរក​លទ្ធិប្រជា​ធិប​តេយ្យ​​​។

ឯកឧត្តម អ៊ាង សុផល្លែត ​​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ ឯកឧត្តម​ គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរអំពី​ឯកឧត្តម​ប្រធានាធិបតី ថ្នាក់​ដឹក​នាំ និង​ប្រជាជន​កូ​​ឌី​វ័រ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​សំដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​ប្រទេស​មួយ​ ដែល​រង​នូវ​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម មកកាន់​ប្រទេស​មួយ ដែល​មាន​ការអភិវឌ្ឍន៍​ក្នុង​ល្បឿន​យ៉ាង​លឿន និង​​ឆាប់រហ័ស។ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ឯកឧត្តម​ គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) ក្នុងការសង្កេត​ឃើញ​​​ការ​អភិវឌ្ឍន៍ និង​លទ្ធិ​ប្រជា​​ធិបតេយ្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​។ សម្តេចតេជោ​​បាន​មាន​ប្រសាសន៍ថា យើង(កម្ពុជា-កូឌីវ័រ)​គួរ​ស្វែងរក​នូវ​ទំនាក់​ទំនង​តាមរយៈ​អ្វី​ដែល​អាច​ធ្វើ​បាន ​ដែល​គួរ​មាន​៣ ចំណុច​គឺ​ទី ១-​តាមរយៈ​ទំនាក់ទំនងនយោ​បាយ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ ទី​២-​ខិតខំស្វែងរក​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វិនិយោគ និង​ពិនិត្យមើល​អ្វី​ដែល​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា​បាន និង​ទី៣-​សម្តេច​តេ​ជោ​បាន​ស្នើ​ពិចារណា​លើ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ ក្របខ័ណ្ឌ​អង្គការ​មិន​ចូលបក្ស​សម្ព័ន្ធ​​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​ចលនា​ប្រទេស​អភិវឌ្ឍន៍​ត្បូង​ ត្បូង​ជាដើ​៕