Wednesday, November 27, 2013

សម្តេច​​តេជោ​​ថ្លែង​​អំណរ​គុណ​​ប្រធាន​​គណៈ​ប្រតិភូ​គណៈ​កម្មាធិការ​​កាក​បាទ​ក្រហម​​អន្តរជាតិ​​ក្នុង​​បេសក​កម្ម​ជាង ៣០ឆ្នាំ​នៅ​​កម្ពុជា

លោក ហ្សាកគេ ស្ទូន (Jacques Stoun) ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ពី​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ជម្រាប​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នា​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាពថា ក្នុង​បេសក​កម្ម​​រយៈពេល​ជាង​៣០ ឆ្នាំ​របស់​លោក​នៅក្នុង​ប្រទេស​កម្ពុជា លោក​ទទួល​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​អំពី ​ស្ថាប័ន​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌ និង​ការងារ​កាកបាទ​ក្រហម​ជាដើម ហើយ​លោក​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ដែល​រាជរដ្ឋាភិបាលបាន​ផ្តល់ជូន​រូបលោក​នោះ។

ឯកឧត្តម អ៊ាង សុផល្លែត ​ជំនួយការ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការគួរ​សម និង​ជម្រាប​លា សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​​មាន​ប្រសាសន៍វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ​លោក Jacques Stoun ដែលបានចំណាយពេល​ប្រមាណ​ពាក់​កណ្ដាល​ជីវិត​របស់​ខ្លួន​ធ្វើការបម្រើ​ និង​ជួយ​ដល់​កម្ពុជា។ ​​

ចំពោះ​វីរភាព​នេះ សម្ដេច​នាយករដ្ឋមន្ត្រី​សូម​ថ្លែង​អំណរ​គុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​​ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ និង​បាន​ជូនពរ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​លើ​ភារកិច្ច​របស់​លោក​ជា​បន្ត​បន្ទាប់​នោះ៕