Wednesday, November 27, 2013

សម្តេ​ច​តេជោ​៖កម្ពុជា​​ត្រូវ​ការ​​ទាំង​​ថវិកា​​និង​​ធនធាន​​ធនាគារ​​ខួរ​ក្បាល​ដើម្បី​​អភិ​វឌ្ឍន​ប្រទេស​​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ​(​អ​.​ស​.​ប​)​ នា​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អំពី​គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជាថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​គោល​នយោបាយ​​យុទ្ធសាស្ត្រ​របស់ខ្លួន រាជ​​រដ្ឋា​ភិបាល​កម្ពុជា​​ត្រូវការ​ទាំង​ថវិកា និង​ធនធាន​ធនាគារ​ខួរក្បាល​ផងដែរ ​ដើម្បី​សម្រេច​បាន​​គោលដៅ​នេះ​។​

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជា​មួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រព័ន្ធ អ​.​ស​.​ប ទាំងមូល​ដែល​បាន ធ្វើការ​ជា​ដៃគូ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព។ សម្តេច​តេ​ជោ​បាន​ជម្រាបជូន​គណៈប្រតិភូ ដែល​​ដឹកនាំ​ដោយ​លោកជំទាវ Claire Vander Vaeren ថា អ្វីដែល​ជាការ​ទទួលបាន​នេះ​គឺជា​ជោគជ័យ​រួម និង​ជា​មោទនភាព​រួម​របស់ រាជរដ្ឋាភិបាល និង​ដៃគូ​គឺ​ប្រព័ន្ធ អ​.​ស​.​ប ផងដែរ។

សម្តេច​តេ​ជោ​បានលើកឡើង​អំពី​ស្ថានភាព ដែលត្រូវបាន​ដោះស្រាយ និង​ស្ថានភាព​ដែល​កំពុង​ប្រឈម និង​បានលើកឡើង​អំពី​គោលដៅ​អភិវឌ្ឍន៍​របស់កម្ពុជា ដែល​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧% និងធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យ​មានការប្រកួតប្រជែង បង្កើត​​ការងារ​ឲ្យ​បាន​កាន់តែច្រើន ជាពិសេស​ឲ្យ​ប្រជាជន​កម្ពុជា និង​យុវជន និង​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន ១%​ក្នុង​មួយឆ្នាំ និង​បន្ត​ពង្រឹង​អភិបាលកិច្ច និង​ប្រសិទ្ធភាព​ស្ថាប័ន​ផងដែរ។
សម្តេច​តេ​ជោ​មានប្រសាសន៍ថា ដើម្បី​ទទួលបាន​ជោគជ័យ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ អាទិភាព​ចំនួន៤ ទៀត​គឺ ១-​ការពង្រឹង​ភាព​ប្រកួតប្រជែង​តាមរយៈ​ធនធានមនុស្ស ទី​២-​ការ​បន្ត​​ជំរុញ វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្រួល​ពាណិជ្ជកម្ម ទី​៣-​អភិវឌ្ឍន៍​បង្កើន​តម្លៃ​បន្ថែម​លើ​វិស័យ និងផលិតផល​កសិកម្ម និង​ទី​៤-​ពង្រឹង​អភិបាលកិច្ច​ស្ថាប័ន។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍បញ្ជាក់​ថា ដើម្បី​ឲ្យទទួលបាន​ជោគជ័យ​ គឺ​ទាមទារ​នូវ​ធាតុ​ចូលរួម​ពី​ប្រព័ន្ធ អ​.​ស​.​ប ផងដែរ ដែល​ក្នុងនោះ​រាជរដ្ឋាភិបាលកម្ពុជា មិន​ត្រឹមតែ​ត្រូវការ​ថវិកាប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ត្រូវការ​ធន​ធាន​ធនាគារ​​ខួរក្បាល​ផងដែរ​។

លោកជំទាវ Claire Vander Vaeren អ្នកសម្របសម្រួល​ប្រព័ន្ធ អ​.​ស​.​ប តំណាង​កម្មវិធី​អភិ វឌ្ឍន៍ អ​.​ស​.​ប និង​ជា​ប្រធាន​ក្រុមទី​ភ្នាក់ងារ អ​.​ស​.​ប ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ជូន​កង​រក្សា​សន្តិសុខ​កម្ពុជា​ទៅកាន់ប្រទេស​ម៉ាលី និង​បាន​ជម្រាបជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា ប្រព័ន្ធ អ​.​ស​.​ប បានធ្វើការ​ជា​ដៃគូ​ជាមួយរាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​ជិតស្និទ្ធ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ ហើយ​​ប្រព័ន្ធ អ​.​ស​.​ប បាន​យកចិត្តទុកដាក់ ធ្វើការ​យ៉ាងណា​ឲ្យ​ស្របទៅតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច យុវជន យ៉េន​ឌ័​រ និង​ការ​គាំពារ​សង្គម ​ក៏ដូចជា​សិទ្ធិមនុស្ស​ផងដែរ។ ចំពោះ​ករណីគ្រោះទឹកជំនន់​នាពេល​កន្លង​មកនេះ លោក​ជំទាវ Claire Vander Vaeren បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រព័ន្ធ អ​.​ស​.​ប បានទទួល​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ នឹង​ស្ថាប័ន​នានា រួមមាន ទាំង​កាក​បាទ​ក្រហ​ម​កម្ពុជា ក៏​ដូច​​ជាមូលដ្ឋាន​ដែល​ទទួលរង​ផល​ប៉ះពាល់​​​។​ លោកជំទាវ Claire Vander Vaeren បាន​សំដែង​​នូវ​ការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​នាពេល​កន្លង​មក​នេះ​៕​​