Wednesday, November 27, 2013

ឯក​អគ្គរាជ​ទូត​​ចក្រភព​​អង់​គ្លេស​​សុទិ​ដ្ឋិ​និយម​​ចំពោះ​​ការ​​រីក​ចម្រើន​លើ​​វិស័យ​​ពាណិជ្ជកម្ម​​ជាមួយ​​កម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ឯកឧត្តម Mark Gooding ឯកអគ្គរាជទូត ​ចក្រភព​អង់គ្លេស​ចប់​អាណត្តិការទូត​នៅ​កម្ពុជា បាន​សម្តែង​​នូវការ​ពេញ​ចិត្ត​​ចំពោះ​ការ​រីកចម្រើន​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចក្រភព​អង់គ្លេស​ ទាំង​​​វិស័យ​នយោបាយ​ វិស័យ​ពាណិជ្ជកម្ម ដោយឯកឧត្តមឯកអគ្គរដ្ឋ​ទូត​អង់គ្លេស​វាយ​តម្លៃ​ថា​ ទំហំ​​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​កើន​ឡើង​កាន់តែ​ខ្ពស់​ជា​មិន​ខាន​ឡើយ។

ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការគួរសម និង​ជម្រាបលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ​ឯកឧត្តម Mark Gooding បាន​ថ្លែង​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​បាន​កើនឡើង ជាពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម ដែល​ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើងដល់ ៧៥០លាន​ដុល្លារ​អាម៉េរិក ​ក្នុង​រយៈ​ពេល ៩ខែ​ ក្នុង​ឆ្នាំ២០១៣ នេះ។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ចក្រភព​អង់គ្លេស​ បាន​សំដែង​នូវ​ជំនឿ​ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើន​រហូតដល់ ​១០០០លាន​ដុល្លារ ​នៅ​ចុង​ឆ្នាំនេះ​ជាមិន​ខាន​ឡើយ។

​ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​សំដែង​នូវ​ការចូលរួម​មរណទុក្ខ​ជូន​ចំពោះ​ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​កន្លងមក និង​បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្តល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ក្នុង​ឱកាស​នៃ​ការ​បំពេញ​បេសកកម្ម​កា​រទូត​របស់លោកនៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ និង​បាន​មានប្រសាសន៍ថា អនាគត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ភាព​វិជ្ជមាន​យ៉ាង​ខ្លាំង​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍន៍​ ក្រោម​ការ​ដឹក​នាំ​របស់​​សម្តេច ហ៊ុន សែន។

ឯកឧត្តម ​អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​​ថា សម្ដេច​តេជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម Mark Gooding ដែល បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​ល្អ​ទាំង​ខាងនយោបាយ និង​ពាណិជ្ជកម្ម និង​បាន​សំដែង​នូវ​ការ​សប្បាយរីករាយ​ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​កំណើន​ទេស​ចរ​អង់គ្លេស តាម​នាវា​ទេសចរណ៍​មកកាន់​កម្ពុជា​ផងដែរ។ សម្តេច​តេជោ​បាន​ជូនពរ​ឲ្យ​ឯកឧត្តម ឯកអគ្គរាជទូត​បាន​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​បេសកកម្ម​របស់​ខ្លួន​នៅ​ពេល​​អនាគត​​៕