Tuesday, December 17, 2013

សម្តេច​​សន្យា​​ធ្វើ​ឲ្យ​​ការ​​វិនិ​យោគ​ទុន​​របស់​​ជប៉ុន​​នៅ​​កម្ពុជា​មាន​ការ​រីក​​ចម្រើន​

នៅក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ ​ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ទី​ក្រុង​​​តូក្យូ​ប្រទេស​ជប៉ុន ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ​Minebea សម្តេចអគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សន​កិច្ច​ការងារ​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​គឺ​ផ្តោត​លើ​បរិយា​កាសវិនិយោគ​នៅ​កម្ពុជា ដែល​ជា​បញ្ហា​ដ៏​សំខាន់​បំផុត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះដំណើរ​ការ​វិនិយោគ​របស់ ក្រុមហ៊ុន Minebea នៅ​កម្ពុជា​​។

ទាក់​ទង​នឹង​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា សម្តេច​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍​ឲ្យដឹង​​ថា សម្តេច​ផ្ទាល់​ពិត​ជា​មាន​មោទនភាព​ចំពោះ​កូន ដែល​រូប​សម្តេច​បង្កើត​ដោយផ្ទាល់​នេះ​បាន​ចេញ​នូវ​រូបរាង​យ៉ាង​ពិត​ប្រាកដ និង​មាន​ការ​រីក​ធំធាត់​ដ៏​គួរ​ឲ្យ​កោត​សរ​សើរក្នុង​រយៈ​ពេល​ដ៏​ខ្លី។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា សម្តេច​បានធ្វើ​ជា​ឆ្មប​បង្កើត​ទារក​នេះ​ហើយ​មិន​ឲ្យ​ទារកម្នាក់​នេះ​ស្លាប់​ទៅវិញ​នោះទេ ផ្ទុយទៅវិញ​នឹងធ្វើ​ឲ្យ​ទារក​ម្នាក់នេះ​ក្លាយ​ទៅជា​កុមារ និង​យុវជន​ប្រកបដោយ កម្លាំង​មាំមួន​ក្នុង​ការ​វិនិយោគ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែម​ទៀត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា គណៈប្រតិភូដែល​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នៅពេលនេះ គឺជា​គណៈប្រតិភូ​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដា​នុពល និង​មានអំណាច​ដឹកនាំ​គ្រប់គ្រាន់ ក្នុង​ធានា​ដល់​ស្ថិរភាព​របស់​អ្នកវិនិយោគទុន​នានា ក្នុង​នោះ​រាប់ទាំង​វិនិយោគទុន​ជប៉ុន និង​បរទេស​នានា​ផង​ដែរ។ សម្តេច​តេជោ​បាន​បញ្ជាក់​ថា កាលពី​ពាក់​កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៣ កន្លង​ទៅ​នេះ​ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា ក្នុងពេលនោះ​ប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង​ពីរ​បានធ្វើ​ការពិភាក្សា​រិះរក​មធ្យោបាយ​នានា ​ក្នុងការទាក់ទាញ​វិនិយោគទុន​ជប៉ុន​ទៅ​បណ្តាក់​ទុន​ក្នុងប្រទេស​កម្ពុជា។

លោក កៃ​នូ​ម៉ា (Kainuma) ប្រធាន​ក្រុមហ៊ុន Minebea បាន ​ថ្លែងថា ប្រតិបត្តិការ​ក្រុមហ៊ុន​របស់ លោក​នៅ​កម្ពុជា មានដំណើរ​ការ​យ៉ាង​លឿន​ជាង​គម្រោង​ដើម​របស់​ក្រុមហ៊ុន ហើយ​ជោគ ជ័យ​របស់​ក្រុមហ៊ុន Minebea នៅកម្ពុជា​នាពេល​បច្ចុប្បន្ននេះ គឺ​បានមកពី​ការគាំទ្រ​ដ៏​សប្បុរស​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិសេសរាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​តែម្តង។ ជាមួយ​នឹង​ការ​ថ្លែង​ពី​ជោគជ័យ​លើ​ការវិនិយោគ​នៅ​កម្ពុជា ដែល​រោងចក្រ​ទី២ នឹង​ដំណើរការ​នៅ​ពេល​ខាងមុខ លោក​ប្រធាន​ក្រុមហ៊ុន​មានប្រសាសន៍​សម្ដែង​នូវ​ការសប្បាយរីករាយ​ផងដែរ ចំពោះ​ការ​ផ្តល់នូវ​ឱកាស​មាស​ស្តីពី​ពន្ធគយ​ចំពោះ​ក្រុមហ៊ុន Minebea ក្នុង​ខែមេសា​ខាងមុខ ដើម្បី​កាត់​បន្ថយពេលវេលា​យ៉ាងច្រើន​ក្នុងការ​ប្រតិវេទ​ពន្ធគយ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ និង​ជា​ពិសេស​ទៅ​ទៀត ក្រសួង​ពាណិជ្ជកម្ម​នឹង​លុបចោល​នូវ​ការ​ត្រួតពិនិត្យ​ ដោយ​កាំកុងត្រូល​ចំពោះ​​ក្រុម​ហ៊ុនដែល​បានទទួល​នូវ​ឱកាស​មាស​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​ក្រុមហ៊ុន Minebea ដែល ​បាន​ផ្ញើ​នូវ​សារលិខិត​ចូលរួម​អបអរសាទរ​ ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគ​ជ័យ​ពី​ការបោះឆ្នោតសកល​កាលពី​ថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០១៣ និង​លិខិត​ជូនពរ​ចំពោះ​​សម្តេចដែល​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ដឹកនាំ​រាជរដ្ឋាភិបាល ​នីតិកាល​ទី​៥ បន្ត​រយៈ​ពេល​៥​ឆ្នាំ​ទៀត។

នៅ​ក្នុង​ពិធីជប់លៀង​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នោះ លោក កែ​នូ​ម៉ា និង​លោកស្រី និង​ថ្នាក់​ដឹកនាំ ក្រុមហ៊ុន Minebea ទាំងអស់​ដែល​មាន​ស្នាក់ការ​ធំ​នៅ​ទីក្រុង​តូក្យូ និង​ទាំង​បុគ្គលិក​កម្មករ​ទាំងអស់​នៃ​រោងចក្រ Minebea នៅ​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គម្រប់​៥៩ ឆ្នាំ ឈាន​ចូល​៦០ ឆ្នាំ ​ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល និង​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​វិនិយោគ​របស់​ក្រុម ហ៊ុន Minebea នៅ​កម្ពុជា​នោះ៕