Tuesday, December 17, 2013

នាយក​រដ្ឋមន្ត្រី​​កម្ពុជា និង​ជប៉ុន ប្តេជ្ញា​​ធ្វើ​ឲ្យ​​ទំនាក់​​ទំនង​​ទ្វេភាគី​ឈាន​​ដល់​ភាព​​ជា​ដៃ​​យុទ្ធសាស្រ្ត​

នៅនិវេសនដ្ឋាន​ផ្លូវការ​របស់​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ទីក្រុង​តូក្យូ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុង​ពិធី​លាង​សាយ​ភោជន៍​ ជា​មហា​កិត្តិយស​ជូន​គណៈ​ប្រតិភូជាន់ខ្ពស់​នៃរាជ​រដ្ឋាភិបាល​កម្ពុជា ដែលបាន​អញ្ជើញ ​បំពេញ​ទស្សន​កិច្ចការងារ​ផ្លូវការ​នៅទីក្រុង​តូក្យូ នៃព្រះរាជា​ណាចក្រ​ជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន  និង​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​សុន្ទរ​កថា​​ទៅកាន់​អ្នក​ចូល​រួម​ ទាំង​អស់​ពីការប្តេជ្ញា​ចិត្ត​រួម​គ្នាថា និងធ្វើឲ្​យទំនាក់​ទំនង​កិច្ចសហប្រតិ​បត្តិការ​ក្នុង​ភាព​ជាដៃ​គួយុទ្ធសាស្រ្ត​កាន់តែ​ទទួល​បាន​នូវភាព​ជោគ​ជ័យ​ថែម​ទៀត។
ទូរទស្សន៍​ជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា ពិធីលាងសាយ​ភោជន៍​ត្រូ​វបាន​ធ្វើឡើង ក្រោយពេល​ប្រមុខ​រាជរ​ដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានជួប​ពិភា​ក្សា​ការងារ និងធ្វើ​ជាអធិ​បតី​ភាព​ក្នុង​ពិធី​ចុះហត្ថ​លេខា​ផ្តល់ និងទទួល​នូវ​គម្រោង​​មួយ​ចំនួន​សម្រាប់​ការ​អភិវឌ្ឍន៍​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។
លិខិត​ប្តូរសារ និង​អនុស្ស​រណៈ​សំខាន់​ៗចំនួន ៤ ដែលត្រូវ​បាន​ចុះហត្ថ​លេខា​នាឱកាស​នោះ រួមមាន៖
ទី១ លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជាតិលេខ ១។
ទី២ លិខិតប្តូរសារ ស្តីពីគម្រោងការធ្វើឲ្យប្រសើរឡើងនូវមន្ទីរបង្អែកខេត្តព្រះសីហនុ។
ទី៣ លិខិតប្តូរសារ ស្តីពី​គម្រោង​កែ​លម្អ​សម្ភារ​សម្រាប់​ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ដែល​ចុះហត្ថលេខារវាងឯកឧត្តម ឡុង វិសាលោ រដ្ឋ​លេ​ខាធិការក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ ជាមួយឯកឧត្តម គូម៉ាម៉ារូ យូជី ឯកអគ្គរាជ​ទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់ប្​រទេស​ជប៉ុន​ប្រចាំ​កម្ពុជា។
និងទី៤ អនុស្សរណៈស្តីពីការផ្លាស់ប្តូរ និង​កិច្ច​សហ​ប្រតិ​បត្តិការយោធារវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខារវាងឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួង​ការពារ​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជាជាមួយនិងឯកឧត្តម អីស៊ួណូរី អូណូដេរ៉ា (Itsunori ONODERA)រដ្ឋមន្រ្តីការពារជាតិជប៉ុន។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បាន​សំដែង​នូវកា​រ​ពេញ​ចិត្ត​យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានអាយុកាល ៦០ឆ្នាំកន្លងមក។ ជាមួយ​គ្នា​នេះ​មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុង ការរិះ​រក​វិធីសាស្រ្ត​នានា​ក្នង​ការ​ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត ពោល​គឺពេល​នេះ​ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនង និង​កិច្ច​សហ​​ប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់ភាពជាដៃយុទ្ធសាស្រ្ត នៃទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេសទាំងពីរ។
ដោយឡែកនៅក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើការគាំទ្រ និង​បញ្ជូន​អ្នកស្រាវជ្រាវក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតំលៃខ្ពស់ និង​កោត​សរសើរ​ផងដែរចំពោះវឌ្ឍនភាពថ្មីៗដែលកម្ពុជាសម្រេចបាន ពិសេសលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគី ដែល​ធ្វើ​ឡើង​នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសជប៉ុន ពោល​គឺកិច្ច​ពិភាក្សា​គ្នាទាក់ទិនទៅ និងការហោះត្រង់នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន។
សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មកកាន់​ប្រទេសក​ម្ពុជា​កាល​ពីពាក់​កណ្តាលខែវិច្ឆិកា ប្រមុខ​រដ្ឋា​ភិបាលនៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើជា​សាក្សី​ពិធី​ចុះហត្ថ​លេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួនពីរក្នុងនោះគឺ ទី១ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ជប៉ុនជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្រប ខណ្ឌសហ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ និងទី២ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុន។
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និង​កិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនលើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ និង១៤ ខែធ្នូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៣ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិតិព្រឹទ្ធ​បណ្ឌិតបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារផ្លូវការរយៈ ០២ថ្ងៃក្នុង​នាម​ជាភ្ញៀវ​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ចកា​រងារ​ផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយទទួល​បាននូវ​ការធ្វើ​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់​ក្តៅ ពីមន្ត្រីជាន់ខ្ពស់ជប៉ុន ពិសេសលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ៕