Tuesday, December 17, 2013

សម្តេច​​តេ​ជោ​ និង​​អនុ​ប្រធាន​ LDP ចង់​ឲ្យ​​មាន​ការ​​ហោះ​​ហើរ​​ត្រង់​​កម្ពុជា​​ជប៉ុន​

នៅក្នុង​ជំនួប​​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ​ឯកឧត្តម Masahiko KUMURA  អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ជប៉ុន​(LDP)​ បាន​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មានការភិវឌ្ឍន៍​រីក​ចម្រើន និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរ​ជាតិ​។

យោង​តាម​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា ឯកឧត្តម KUMURA មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ១៩៩៧ សម្តេច​តេ​ជោ​មានការ​ប្តេជ្ញា​ចិត្ត​ដ៏​ត្រឹមត្រូវ​ ដែល​បាន​នាំ​ប្រ​ទេស​កម្ពុជា​ឲ្យ​មានការ​បោះឆ្នោត​មួយ ដែល​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​អន្តរជាតិ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មកសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ និង​កសាង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន និង​មានឈ្មោះបោះ​សំឡេង​លើ​ឆាក​អន្តរជាតិ។ ឯកឧត្តម KUMURA ​មាន​ប្រសា​សន៍​បន្ត​ថា ឆ្នាំ២០១៣ នេះ​គឺជា​ខួប ៦០ឆ្នាំ​ នៃទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​ជប៉ុន ហើយឯកឧត្តម​មាន​មហា​កិត្តិយស​ណាស់​ដែល​សម្តេច​តេ​ជោ​បាន​អនុញ្ញាត​ ឲ្យ​រូប​លោក​ចូ​ល​​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ។ ឯកឧត្តម KUMURA ​បាន​សម្តែង​នូវសេចក្តី​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មកកាន់​ប្រទេស​ជប៉ុន​នៅ​ពេ​ល​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ ពោល​គឺ​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សាវ​រីយ៍ ៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​-​ជប៉ុន កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​ក៏ដូចជា​ទស្សន​កិច្ចការ​ងារ​ផ្លូវ​ការ​របស់​សម្តេច​នៅ​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ក្យូ​តូ​ប្រទេស​ជប៉ុន​។​

ឯកឧត្តម KUMURA ក៏បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​សម្រប​សម្រួល​អាស៊ាន​-​ជប៉ុន ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឲ្យ​មានការ​រីកចម្រើន នៃ​ប្រទេស​អាស៊ាន​ជប៉ុន។ ឯកឧត្តម KUMURA បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ២០០៨ នៅ​ពេល​ដែល​ឯកឧត្តមជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន ឯកឧត្តម​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មេគង្គ ជប៉ុន​មក​ដល់​ពេលនេះ​ទំនាក់ទំនង​នៃ​ប្រទេស​មេគង្គ​ជប៉ុន ​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​ណាស់។ ទាក់ទិន​ទៅ​និង​ទំនាក់ទំនង​ទ្វេភាគី ឯកឧត្តម​ KUMURA មានប្រសាសន៍វាយ​តម្លៃ​​ថា ទំនាក់​ទំនង​នៃ​ប្រទេស​​ទាំងពីរ​មានការ​រីកចម្រើន​ខ្លាំង​ណាស់ ពោល​គឺ​ក្នុង​រយៈពេល ៣ឆ្នាំ​មកនេះ ​មាន​ក្រុម​ហ៊ុន​ជប៉ុន​ជាច្រើន​បាន​ទៅ​បណ្តាក់​ទុន​វិនិយោគ​នៅ​ កម្ពុជា មានការ​កើនឡើង ២ ភាគ ៣ និង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ក៏​កំពុងតែ​ស្វះ​ស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា​ផង​ដែរ។

ឯកឧត្តម​ KUMURA អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ជប៉ុន​(LDP)​ បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​រៀបចំឲ្យ​មាន​បរិយាកាស​វិនិយោគ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នេះ។ ​ឯកឧត្តម​បន្ត​ថា កិច្ច​ព្រម​ព្រៀង​អាកាសចរណ៍​គួរតែ​ត្រូវ​បាន​ចុះហត្ថលេខា​ដើម្បី​បើកផ្លូវ​ឲ្យ ​មានការ​ហោះហើរ​ត្រង់​ពី​ភ្នំពេញ​មកកាន់​ទីក្រុង​តូក្យូ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​ថា ដោយសារ​ឆ្នាំ(២០១៣)នេះ​ គឺជា​ឆ្នាំ​ ពិសេស​ដោយសារ​តែ​ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​ទី៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​មានន័យថា កម្ពុជា​ប្រារព្ធ​ខួប ៦០ឆ្នាំ​ នៃ​ការ​ទទួល​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន ហើយ​ដែល​ជប៉ុន​បាន​ទទួល​ស្គាល់ និង​បង្កើត​ទំនាក់ទំនង​ការទូត​ភ្លាម​ជាមួយ​កម្ពុជា​នាពេល​នោះ​ដែល​ជាការ​បង្ហា​ញ​ថា ជប៉ុន​មិន​មាន​ការ​ស្ទាក់ស្ទើរ​នោះ ឡើយ​ក្នុង​ការបង្កើត​ចំណង​ការទូត​ជា​មួយ​​នឹង​កម្ពុជា។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​កម្ពុជា​បាន​ទទួល​នូវ​ឯករាជ្យ​ភាព​​ភ្លាម​មិន​មាន​ប្រទេស​ច្រើន​ទេ ដែល​បាន​ទទួល​ស្គាល់​កម្ពុជា​តួយ៉ាង​ដូចជា​ប្រទេសជប៉ុន​នេះ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យដឹង​ថា ដំណើរ​​ទស្សនកិច្ច​របស់​សម្តេច​មកកាន់​ប្រទេស​ជប៉ុន​នៅពេលនេះ ​គឺ​ធ្វើ​ឡើង​បន្ទា​ប់​​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ មក​កាន់​កម្ពុជា​កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា​កន្ល​ង​ទៅ​ហើយ​មក​ពេលនេះ​មាន ​មេដឹកនាំ​អាស៊ាន​ជាច្រើន បាន​មកដល់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៤០​ឆ្នាំ​នៃ​ទំនាក់ទំនង អាស៊ាន​-​ជប៉ុន និង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន។ សម្តេច​តេ​ជោ​បាន​រំលឹក​ដែរ​ថា កាលពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ធ្វើជា​សាក្សី​ នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​ពីរ ហើយ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មកកាន់​ប្រទេស​ជប៉ុន​នៅ​ពេល​នេះ ភាគី​ទាំងពីរ​នឹង​ចុះ​ហត្ថ​លេ​ខា​លើ​ឯកសារ​ចំនួន៤ ទៀត ដែល​ក្នុង​នោះ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​របស់​យើង​គឺ​នៅ​លើ​វិស័យ​ការពារជាតិ។

ទាក់​ទង​នឹង​ទំនាក់​ទំនង​ទ្វេភាគីកម្ពុជា-ជប៉ុន សម្តេច​តេ​ជោ​មានប្រសាសន៍ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទំនាក់ទំនង​នៃ​ប្រ​ទេស​ទាំងពីរ​មាន​ការ​រីកចម្រើន​ខ្លាំង​ណាស់ ដោយ​យើង​បាន​រក្សា​នូវ​អ្នក​វិនិយោគ​ចាស់​របស់​ជប៉ុន ហើយ​យើង​ខិតខំ​បង្កើត​បរិយាកាស​ល្អៗ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មីៗ​ពី​ជប៉ុន​ឲ្យ​បាន​ច្រើន​ថែមទៀត។ សម្តេចតេ​ជោបាន​មាន​ប្រសាសន៍​វាយ​តម្លៃ​​ថា ប្រសិនជា​មានការ​ហោះ​ហើ​រ​ត្រង់​នៃ​ប្រទេស​ទាំងពីរ​​ គឺ​វា​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែមទៀត ហើយ​បញ្ហា​នេះ​ គឺ​វា​ចំណុះ​ទៅលើ​ក្រុមហ៊ុន​ជប៉ុន​ថា តើ​គេ​ចង់​មានការ​ហោះហើរ​ត្រង់​ឬ​យ៉ាង​ណា។​ សម្តេច​តេ​ជោ​មានប្រសាសន៍​ឲ្យ​ដឹង​​ថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ចិន កូរ៉េ​ជាច្រើន​បាន​ធ្វើការ​ហោះហើរ​ត្រង់​ជាច្រើន​ជើង​មកកាន់​ប្រទេស​កម្ពុជា ​តាមរយៈ​នេះ​បើ​មាន​ការ​ហោះហើរ​ត្រង់​ពី​ជប៉ុនមកកាន់​កម្ពុជា នឹង​ធ្វើ​យើង​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្តូរ​នូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត ពិសេស​លើ​ជញ្ជីងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​៕