Tuesday, December 17, 2013

ប្រធាន​សមាគម​មិត្ត​​ភាព​​ជប៉ុន-កម្ពុជា សន្យា​​ជួយ​​ជម្រុញ​អ្នក​វិនិយោគ​​ជប៉ុន​​មក​​កម្ពុជា

ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា សន្យា​ជួយ​ជម្រុញ​អ្នក​វិនិ​យោគ​ជប៉ុន​មក​កម្ពុជា នៅ​ក្នុង​​ឱកាស​នៃការ​ស្នាក់​នៅ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការ​នៅទី​ក្រុង​តូក្យូ រាជា​ណា​ចក្រ​ជប៉ុន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៣ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាបាន​អនុញ្ញាត​ឲ្យឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki TAKAHASHI) អតីត​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និង​ប្រធាន​សមាគម​មិត្ត​ភាព​ជប៉ុន-កម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ។
 
ឯកឧត្តម​ ហ្វូមីអាគី តាកាហាស៊ី បានសំដែង​នូវការ​រីក​រាយដោ​យ​បាន​ជួប​សម្តេច​តេជោ​ជាថ្មី​នៅទីក្រុង​តូក្យូ បន្ទាប់​ពី​ឯក​ឧត្តម​​បាន​​បញ្ចប់​អាណត្តិ​​បេសកម្ម​ការ​​ទូត​នៅ​ក្នុង​​ប្រទេសក​ម្ពុជា។ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី បានមាន​ប្រសាសន៍​ដោយ​បាន​កត់​សម្គាល់​ថា ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី មកចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៤០ឆ្នាំ នៃ​ទំនាក់​ទំនង​អាស៊ាន-ជប៉ុន កិច្ច​ប្រជុំកំពូល​មេគង្គ​ជប៉ុន​លើក​ទី០៥ និងដំណើរ​ទស្សន​កិច្ចការ​ងារផ្លូវការ ក៏ដូចជា​ដំណើរ​ទស្សន​កិច្ចរបស់​ឯកឧត្តម​នាយករដ្ឋ​មន្រ្តីជប៉ុន មកកាន់​ប្រទេស​កម្ពុជា កាល​ពីពាក់​កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លង​ទៅ គឺបាន​បង្ហាញ​នូវទំនាក់​ទំនង​ល្អដ៏ជិត​ស្និទ្ធ​សម្រាប់​ប្រទេស​ទាំងពីរ​កម្ពុជា-ជប៉ុន។
 
ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី មាន​ប្រសាសន៍​បន្តថា សមាគម​មិត្តភាព​ជប៉ុន-កម្ពុជា​នៃ​ប្រទេស​ទាំង​ពីរ​បង្កើត​ឡើង ១០​ឆ្នាំ​ក្រោយ​ពីការ​បង្កើត​ចំណងការ​ទូត​នៃប្រទេស​ទាំង​ពីរ គឺមក​ដល់ពេល​នេះ​សមាគម​នៃប្រទេស​ទាំង​ពីរមាន​អាយុកាល ៥០​ឆ្នាំ ហើយ​ក្នុងរយៈ​ពេល​នោះ​មាន​ការ​ផ្លាស់​ប្តូរថ្នាក់​ដឹក​នាំ និងបានផ្លាស់ប្តូរនូវបទ​ពិសោធន៍​ល្អៗ​ពីគ្នា​ទៅ​វិញទៅមក។
 
ឯកឧត្តម​ហ្វូមី​អាគី បានមាន​ប្រសាសន៍​ឲ្យដឹង​ថា នៅពេល​ដែល​ឯកឧត្តម​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​មានអ្នក​វិនិយោគ​ទុន​ជប៉ុន​តែ ២៥ ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​បានបណ្តាក់​ទុនរក​ស៊ីនៅ​កម្ពុជា ប៉ុន្តែមក​ដល់​ពេល​នេះមាន​ក្រុមហ៊ុន​ជប៉ុន​ចំនួនជាង ១០០ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុន​ឯកជន​ជប៉ុន​កំពុង​តែយក​ចិត្តទុក​ដាក់ទៅ​វិនិយោគ​នៅកម្ពុជា។ ក្នុងឋានៈ​ជាប្រធាន​សមាគម​មិត្ត​ជប៉ុន-កម្ពុជា ឯកឧត្តម​នឹង​ជំរុញ​លើក​ទឹក​ចិត្តអ្នក​វិនិយោគ​ជប៉ុនច្រើន​ថែម​ទៀត​ទៅបណ្តាក់​នៅ​កម្ពុជានោះ។
 
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​បាន​អបអរ​សាទរ​ចំពោះ​ឯកឧត្តម ហ្វូមីអាគី ដែល​បាន​ត្រូវ​ជ្រើស​តាំង​ជាប្រធាន​សមាគម​ជប៉ុន-កម្ពុជា​កាល​ពីខែ​វិច្ឆិកាក​ន្លង​ទៅ។ សម្តេច​តេជោ​បន្តថា ឯកឧត្តម ហ្វូមីអាគី ធ្លាប់​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា និងបាន​ស្គាល់​ពីប្រទេស​កម្ពុជា ដូចនេះ​ឯកឧត្តមមា​ន​សមត្ថភាព​ក្នុងការ​ដឹកនាំ​សមាគម​ជប៉ុន-កម្ពុជា កាន់​តែមាន​ភាព​ល្អប្រសើរ ដើម្បី​បម្រើ​ផល​ប្រយោជន៍​នៃប្រជាជាតិ​ទាំង​ពីរ។ សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​របស់ស​ម្តេចទៅ​កាន់ប្រទេស​ជប៉ុន​នៅ​ពេល​នេះមាន​សារ​សំខាន់​៣ គឺទី១ ដើម្បីចូល​រួមកិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៤០ឆ្នាំនៃ​ទំនាក់​ទំនង​អាស៊ាន​ជប៉ុន ទី២ ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើកទី ៥ និងទី ៣ ដំណើរ​ទស្សន​កិច្ចការ​ងារផ្លូវការ។
 
សម្តេចតេជោ​មាន​ប្រសាសន៍ថា ក្នុងរយៈពេល ២ទសវត្ស ចុងក្រោយនេះ ប្រទេស​ជប៉ុនបាន​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺក្នុង​អំឡុង​ទសវត្សរ៍​៩០ ជប៉ុនបាន​ជួយដល់​ប្រទេស​កម្ពុជា ក្នុងការ​ស្វែង​រកសន្តិភាព​ទាំង​ដើរតួ​ជាផ្លូវ​ការផង និងដើរ​តួជា​លក្ខណៈ​មិន​ចំហ​ផង ពិសេស​ទៅ​ទៀត​បានរួម​ចំណែក​ដល់ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ ពីមហន្តរាយ​ដោយសារ​សង្រ្គាម រហូតមាន​ការ​អភិវឌ្ឍ​មកដល់​បច្ចុប្បន្ន។ ជាងនេះ​ទៅទៀត​នៅក្នុង​ឆ្នាំ ១៩៩៧ ជប៉ុន​បាន​ដើរ​តួនាទីសំខាន់​ថែម​ទៀត​ដល់​កម្ពុជានោះ៕