Tuesday, December 17, 2013

សម្ដេច​​តេជោ​​ស្នើ​​ឲ្យ​​ក្រុ​មហ៊ុន ​MOECO ​បន្ថែម​​ការ​​រុង​​រក​​ប្រេង​​នៅ​​តំបន់​​ដីគោក

នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅក្នុង​ឱកាស​នៃ​ការ​​ស្នាក់​​អាស្រ័យ​បំពេញបេសកកម្ម​ការងារ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​កិច្ចប្រជុំ កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី៥ និង​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Mitsui Oil Exploration Co.,ltd (MOECO) ​ធ្វើការ​ស្រាវជ្រាវ និង​រុករក​ប្រេង​នៅ​លើ​តំបន់​ដី​គោក​ផង​ដែរ ​ក្រៅពី​ការជំរុញ​ការរុករក​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា​នោះ។ ប្រសាសន៍​របស់​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បានធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​សវនាការ​ជាមួយ​​លោក Mitsui HIDAKA ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន​រុករក​ប្រេង MOECO និង​លោក​ Yoshiyuki KAGAWA ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​ចូល​ជួប​សម្ដែង​ការគួរសម ដើម្បី​ស្វែងយល់​ពីការងារ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ពី​បេសកជនពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជាបាន​​ឲ្យ​ដឹង​ថា​ ​មានប្រសាសន៍​ទាក់ទិន​ទៅ​នឹង​ការ​វិនិយោគរួមគ្នា​រវាង​ក្រុមហ៊ុន​របស់ MOECO ជាមួយ និង​ក្រុមហ៊ុន​រុករក​ប្រេង​របស់​អាម៉េរិក Cheverron ពិសេស​ការ​ចរចា​ដែល​កំពុងតែ​ប្រព្រឹត្ត​ឡើង ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្តេច​ចង់​ឃើញ​ការផលិត​ប្រេង​ឲ្យ​បាន​ឆាប់ និង​ផ្តល់​នូវ​ផល​ប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស និង​ប្រជាជន​កម្ពុជាឲ្យបាន​ឆាប់។ ​

សម្តេច​តេ​ជោ​ក៏​មាន​ប្រសាសន៍​លើកឡើង​ពី​ការ​ធ្វើកំណែទម្រង់​ស្ថាប័ន ​ដែល​ក្នុង​នោះ​ដើម្បីឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត រាជរដ្ឋាភិបាល​នឹង​ធ្វើ​កំណែទម្រង់​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ដោយ​ត្រូវ​បំបែក​ជា​ពីរ​គឺ​មួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​មួយទៀត​ក្រសួង​រ៉ែ និង​ថាមពល ដែល​នឹង​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាម​ពល​​ចាស់ដែល​នឹង​ត្រូវ​ធ្វើការបោះឆ្នោត​សម្ដែង​ការ​ទុកចិត្ត​ពី​រដ្ឋសភា និង​ចូល​ស្បថ​ចូលកាន់​មុខតំណែង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។ សម្តេច​តេជោ​មានប្រសាសន៍​ថា ប្រសិទ្ធភាព​ការងារ​នៅតែ​រក្សា​ក្នុងស្ថានភាព​ដដែល ដោយសារ​ថា អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ដែល​ពីមុន​នៅ​ដាច់​ដោយ​ឡែក​ក្រោម​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យនោះ​នឹង​ស្ថិតនៅក្រោម​ក្រសួង​រ៉ែ និង​ថាម​ពល ហើយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ នឹងក្លាយទៅជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ថ្មី​នោះដែរ។

លោក Mitsui HIDAKA មានប្រសាសន៍ថា រូបលោក​ធ្លាប់​បាន​ទៅកាន់​ប្រទេស​កម្ពុជា​កាលពី ៨ឆ្នាំ មុន ​ហើយ​កាល​ពីពេល​ថ្មីៗ​កន្លងទៅនេះ​ក៏បាន​ទៅកាន់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តង​ទៀត។  លោក​ Mitsui HIDAKA បាន​​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ​លោក Mitsui HIDAKA ក៏បាន ​ចូលរួម​អបអរសាទរ​ចំពោះ​ជោគជ័យ ដែល​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ពី​ការបោះឆ្នោត​សកល​កាល​ពីពេល​ថ្មីៗ​កន្លងទៅ ពិសេស​រាជរដ្ឋាភិបាល​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេ​ជោ ដែល​នឹង​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍន៍​ប្រទេសកម្ពុជា​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត។ ទាក់​ទង​នឹង​ការ​ផលិត​ប្រេងនៅ​ព្រះ​រាជាណាចក្រកម្ពុជា​​ លោក Mitsui HIDAKA មា​ន​ប្រសាសន៍ថា ដោយសារតែរូបលោក​មាន​អាយុ​កាន់តែ​ចាស់ លោក​ចង់​ឃើញ​ការផលិត​ប្រេង​នៅ​កម្ពុជា​បាន​ចេញ​ជា​រូបរាង​ពេញលេញ ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ផង និង​ចង់​ឃើញ​ការពិត​មុន​រូបលោក​ចូលនិវត្តន៍​ទៅ​នោះ៕