Monday, September 15, 2014

មតិ​សំណេះ​សំណាល ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​ជួប​ជុំ​កីឡាករ-​កីឡា​ការិនី គ្រូបង្វឹក និង​ប្រតិភូកីឡា មុនពេល​ចេញ​ទៅប្រកួត​កីឡា​អាស៊ី​លើក​ទី១៧

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

-ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា
-ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ​ឯកឧត្តម ​លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ក្នុងពិធីជួបជុំ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និងប្រតិភូកីឡារបស់កម្ពុជា មុនពេល​ចេញដំណើរទៅចូលរួម​ការប្រកួត​កីឡាអាស៊ីលើកទី១៧ (17th Asian Games) ឆ្នាំ​២០១៤ នៅទីក្រុង Incheon សាធារ​ណរដ្ឋ​កូរ៉េ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ ខាងមុខ​នេះ។ ឆ្លៀតក្នុង​ឱកាសនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំសូមសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មា​​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេសគ្រូបង្វឹក ដែលបានខិតខំប្រឹងប្រែង​រៀបចំឱ្យកីឡាករ កីឡាការិនី​​​កម្ពុជា បាន​ទៅ​ចូលរួមក្នុង​ការ​ប្រកួតកីឡាអាស៊ីលើកទី១៧នេះ។ ខ្ញុំក៏សូមថ្លែង​អំណរគុណ​​ចំពោះ​ក្រុមហ៊ុន​និង​​សប្បុរសជនទាំងអស់ ដែលបានផ្តល់ការ​ឧបត្ថម្ភគាំទ្រ​ដល់ការចូលរួម​របស់​កីឡាករ កីឡា​​ការិនី​​​​កម្ពុជា នៅក្នុងការ​ប្រកួតកីឡា​ជា​លក្ខណៈអន្តរជាតិនេះ ​​ក្នុងនោះរួម​មាន​ក្រុមហ៊ុន Cambrew ក្រុមហ៊ុន Naga World និងក្រុមហ៊ុន Cambodia Dream។ ទន្ទឹម​នឹង​នោះ ខ្ញុំក៏សូមថ្លែង​អំណរគុណ​ផងដែរ​ចំពោះភាគីកូរ៉េ ដែល​បានជួយឧបត្ថម្ភ​ការ​ចំណាយ​​លើការ​ធ្វើដំណើរ និង​ការស្នាក់​នៅ​របស់​កីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្ពុជា។

ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលើកទឹក​ចិត្ត និងការគាំទ្រ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដល់​វិស័យកីឡា ជាពិសេស​កីឡាករ កីឡាការិនី ដែលនឹងត្រូវទៅចូលរួមការ​ប្រកួតកីឡា​អាស៊ីលើកទី​១៧នេះ ក៏ដូចជា​ការប្រកួត​កីឡា​អន្តរជាតិនានាផងដែរ។ ការយកចិត្តទុកដាក់ និងការគាំទ្រទាំង​នេះ​ គឺ​ស្ដែង​ចេញតាមរយៈការចំណាយថវិការដ្ឋ និង​ថវិកាផ្ទាល់​របស់សម្តេចតេជោ ដល់កីឡាករ កីឡា​ការិ​នី និងគ្រូបង្វឹក នៅមុនពេលចេញទៅប្រកួត និងក្រោយពេលត្រឡប់ពីការប្រកួតវិញ ក៏​ដូច​ជា​ការផ្តល់ប្រាក់រង្វាន់លើកទឹក​ចិត្តដល់​ជ័យលាភី​ផងដែរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ការប្រកួតកីឡាអាស៊ី ដែលត្រូវប្រារព្ធធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង បាន​ចាប់​ផ្ដើម​ប្រកួត​ជាលើកដំបូងនាឆ្នាំ១៩៥១ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដោយនៅពេល​នោះ​​ប្រទេសកម្ពុជាពុំបានចូលរួមទេ។ នៅក្នុងការប្រកួតក្រោយៗមកទៀត គឺ នៅឆ្នាំ​១៩៥៤ ឆ្នាំ១៩៥៨ ឆ្នាំ១៩៦២ ឆ្នាំ១៩៦៦ និងឆ្នាំ១៩៧០ កម្ពុជាតែងតែ​បានចូលរួមជានិច្ច ហើយ​នៅឆ្នាំ១៩៧០ យើង​បាន​ទទួល​លទ្ធផល​​គួរជាទីមោទនៈនៅក្នុងការ​ប្រកួត​​កីឡាអាស៊ីនេះ ដោយ​ដណ្តើមបាន​មេដាយ​ប្រាក់២ និងសំរឹទ្ធិ២។ ជាអកុសល ដោយ​សារសង្គ្រាម កម្ពុជា​បាន​អវត្តមាន​ពីការប្រកួតកីឡាអន្តរជាតិនេះ​តាំងពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៩៤។ ចាប់​ពី​​ឆ្នាំ១៩៩៤មក កម្ពុជាមានវត្តមានឡើងវិញនៅក្នុងការ​ប្រកួត​កីឡា​​​អាស៊ីនេះ ប៉ុន្តែយើង​ពុំ​ទាន់​អាចដណ្ដើមបានមេដាយលើវិញ្ញាសារណាមួយនៅឡើយ។

ដោយឡែក សម្រាប់ការប្រកួតនៅ​ឆ្នាំ២០១៤នេះ ខ្ញុំសង្ឃឹមនិងជឿជាក់​យ៉ាងមុត​មាំ​​ថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់​នឹង​ខិតខំឱ្យ​អស់ពីកម្លាំងកាយចិត្ត ដើម្បី​ដណ្ដើម​ឱ្យ​បាន​មេដាយជូនជាតិមាតុភូមិយើង។ ខ្ញុំមានសង្ឃឹម ដោយហេតុថា​ បច្ចុប្បន្ននេះ ក្រោមការ​យកចិត្តទុកដាក់ខ្ពស់និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា វិស័យ​កីឡា​យើង​បានអភិវឌ្ឍឈានឡើងជាលំដាប់ ទាំងបរិមាណ និងគុណភាព។ ជាក់ស្តែង កីឡាករ កីឡាការិនីកម្ពុជាយើង ជាពិសេសនៅក្នុងប្រភេទកីឡាប៉េតង់​ បាន​ដណ្តើម​យក​ពានរង្វាន់​ទាំងកម្រិតតំបន់និងពិភពលោកជាច្រើន ពីក្នុង​ការប្រកួត​អន្តរជាតិនានា ដូចជា​កីឡា​ស៊ីហ្គេម​លើកទី២៧ និងការប្រកួតអន្តរជាតិសំខាន់ៗ​ជាច្រើន​ទៀត មកជូនជាតិ​មាតុ​ភូមិ​ដែលខ្ញុំ​ផ្ទាល់​បានចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភី កាលពី​ពេលថ្មីៗ​កន្លងទៅ​នេះ។ ការ​ដណ្តើម​បានពានរង្វាន់អន្តរជាតិ គឺមិនគ្រាន់តែជាជោគជ័យឯកជន​សម្រាប់​ក្មួយៗ​កីឡាករ​ កីឡាការិនីនិងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ការលើក​កម្ពស់​កិត្យានុភាព​របស់​ជាតិ​​យើងនៅលើឆាកអន្តរជាតិផងដែរ។

ក្នុងន័យនេះ ខ្ញុំសូមជំរុញនិងលើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់​ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងទាំងកម្លាំងកាយ និងកម្លាំងស្មារតី ដើម្បីដណ្តើមយក​ជ័យ​ជំនះលើរាល់ការប្រកួតរបស់ខ្លួនមកជូនជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ ខ្ញុំសូមផ្តាំផ្ញើដល់​ក្មួយៗ​កីឡាករ កីឡាការិនីទាំងអស់ថា​ កីឡាគឺជាការទូតមហាជនមួយបែប ដែលក្នុងនោះ​ក្មួយ​ទាំងអស់​សុទ្ធសឹងតែជាអ្នកការទូត ដែលអាចជួយ​ពង្រឹងនិងពង្រីកសាមគ្គីភាព មិត្តភាព ភាតរ​ភាព​ និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក ហើយក្នួយៗ​ត្រូវ​ប្រកាន់​​ខ្ជាប់​នូវវិន័យ សេចក្តីថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈ។ លើសពីនេះទៅទៀត ការប្រកួត​នេះ ពិតជា​នឹងនាំមកនូវចំណេះដឹង និង​បទពិសោធន៍ល្អ​ៗបន្ថែមទៀត ដែលនឹង​ជួយ​ឱ្យក្មួយៗត្រៀមខ្លួនសម្រាប់​ការប្រកួតកីឡាស៊ី​ហ្គេមនៅឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា​ នឹងធ្វើជាម្ចាស់ផ្ទះ។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រូបង្វឹក និងកីឡាករ កីទ្បាការិនី ក៏ដូចជាវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែល​បាន​ចូលរួមក្នុងការ​ជំរុញ​និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា ​ឱ្យមាន​ការរីក​ចម្រើន​និង​មាន​លទ្ធភាពចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរក្មួយៗកីឡាករ​ កីឡាការិនីទាំងអស់ សូមទទួលបាន​ជ័យ​ជំនះ​​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ីលើកទី១៧នេះ និងសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងមាន​សុភមង្គល​​​​ក្នុង​គ្រួសារ។
សូមអរគុណ!