Monday, September 15, 2014

អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជាមិន​ល្អ​ប្រសើរ

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​ ផៃ​ ស៊ីផាន  បាន​អះអាងថា សេរីភាព​​​​នៃការបញ្ចេញមតិនៅ​កម្ពុជា គឺមាន​ច្រើ​នជាង​ប្រទេស​មួយចំនួននៅក្នុង​តំបន់។ ឯកឧត្តម​បន្តថា ​កម្ពុជាកំពុងតែដើរលើ ដងផ្លូវ នៅក្នុង ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ។ ​។

ការ​ថ្លែង​បែបនេះ គឺ​បន្ទាប់ពី​ក្រុម​អង្គការ  សមាគម​ក្រៅ​រដ្ឋាភិបាល បានរៀបចំ​សន្និសីទកាសែតនៅ​សាកលវិទ្យាល័យ​ខេមរៈ ស្តីពី “​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ និង​ការបង្ហាញ អំពី​ស្ថានភាព នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ ទាក់ទិន​ទៅនឹង​បញ្ហា​ចម្បង នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ​។

សង្គម​ស៊ីវិល បាន​លើកឡើងថា ប្រទេស​កម្ពុជា មាន​ឧបសគ្គ និង​មាន​បញ្ហា​ជាច្រើន ដែល​កំពុង​កើតឡើង និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ជា​ចាំបាច់​។​

ឯកឧត្តម ផៃ ស៊ី​ផាន បាន​មានប្រសាសន​ន៍​ថា យើងដឹងហើយថា ប្រជាធិបតេយ្យនៅលើសកល លោក គឺខុសៗគ្នាទៅតាមវប្បធម៌ ទៅតាមការយល់ដឹង ហើយទៅតាមលទ្ធភាព នៃការអនុវត្ត របស់ខ្លួន។ ឯកឧត្តម បន្ថែម​ថា គ្មានប្រទេសណាមួយដែលអះអាងខ្លួន ថា អនុវត្តប្រជាធិបតេយ្យ បានពេញលេញទេ សូម្បីតែសហរដ្ឋអាមេរិច ដូចជាចក្រភពអង់គ្លេស  ក៏មិនទាន់ ហ៊ាននិយាយនៅឡើយដែរ  ដោយសារគេនិយាយថា ជាការពិសោធន៍ ប្រជាពលរដ្ឋ របស់គេ ក្នុងការរក្សាអំណាចរបស់មហាជន រក្សាតុល្យភាពរវាងមហាជនជាមួយ នឹងអ្នកផ្តល់សេវាកម្ម គឺរដ្ឋាភិបាលក៏ដូចជា​ជា​មួយអ្នកតែងច្បាប់។
ឯកឧត្តម​​ ផៃ ស៊ី​ផាន បាន​បន្ត​ថា ការពិសោធន៍របស់កម្ពុជា បើយើងមើល ពីឆ្នាំ១៩៩៣ នៃអាណត្តិទី១នៃការបោះឆ្នោតនេះ ការជួប​ប្រទះនូវឧបសគ្គជាច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ទោះជាយ៉ាងណា​​​ក៏ដោយ ក៏យើងឃើញថា កម្ពុជាមានសមត្ថភាព និងលទ្ធភាពរក្សាស្ថេរភាពនយោបាយ និងសន្តិភាពដើម្បីទុកឱកាសនៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច របស់ខ្លួន។
អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​បន្ត​ទៀត​ថា អ្វីដែលកម្ពុជាយើងកំពុងអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ឆ្លើយតបនឹងវប្បធម៌ ឆ្លើយតបនឹងលទ្ធភាពនៃប្រជាពលរដ្ឋយើង ដោយសាររាជរដ្ឋាភិបាលកើតចេញ ពីប្រជាពលរដ្ឋ អាស្រ័យហេតុដូច្នេះ យើងកំពុងតែដើរនៅចំផ្លូវត្រូវ នៅលើមូលដ្ឋាននៃអ្វីដែលយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ ទី១យើងកំពុងពង្រឹង នីតិរដ្ឋ យើងមានច្បាប់ ទី២ ឲ្យការដឹងការយល់ច្បាប់ នៅតែបន្តបន្ទាប់មកទៀត គឺ​ការអនុវត្តន៍ច្បាប់។ ការពិសោធន៍នៃប្រជាធិបតេយ្យ នៅពេលនេះយើង ឃើញថាតាំងពីឆ្នាំ១៩៩៣ដល់ពេលនេះ យើងមានឧបសគ្គយ៉ាងណាក៏ដោយក៏កម្ពុជានៅតែថែរក្សា ស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍របស់ខ្លូន ដោយឈរទៅលើ ម៉ាក្រូសេដ្ឋកិច្ច កំណើនមាន៧.៥ភាគរយនៅឆ្នាំនេះ ដែលគេហៅថាផលិតផលក្នុងស្រុក រឺ GDP រឺឯចំណូលក្នុងស្រុករបស់ខ្លូនរវាងបុគ្គលម្នាក់ៗ និងទទួលបាន១០០០ដុល្លារជាង។​
តាម​រយៈការ​រៀប​រាប់​មក​នេះ ឯកឧត្តម ផៃ​ ស៊ី​ផាន បាន​វាយ​តម្លៃ​ថា ដូច្នេះ​ ពាក្យ​ថា ​ប្រជាធិបតេយ្យ គឺនិយាយអំពីនីតិរដ្ឋ និយាយអំពីការអភិវឌ្ឍន៍ទៅតាមម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាចំណូលរបស់ មហាជនឲ្យចំទិសដៅត្រឹមត្រូវ​ ដែលយើងទទួលបានការលើកទឹកចិត្តពីអង្គការអន្តរជាតិមួយចំនួនធំ ដូចជាស្ថាប័ន រូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោកនេះហើយជាការពិសោធន៍របស់កម្ពុជា ទោះបីជា យើងជួបនឹងឧបសគ្គនៃការវិវាទនយោបាយមួយចំនួនធំយ៉ាងណាក៏ដោយ ដ៏ប៉ុន្តែ ដំណោះស្រាយនៅតែមានបន្តនូវអ្វី ដែលយើងចង់និយាយថាអំណាចសាធារណៈនៅតែបន្តនិរន្តភាព និងចីរភាពរបស់គេ
ជា​ចុង​បញ្ចប់ ឯកឧត្តម ផៃ​ ស៊ីផាន បាន​សង្កត់​ធ្ងន់​ថា ដូច្នេះការផ្លាស់ប្តូរអំណាចតាមរយៈការបោះឆ្នោត យើងនៅតែប្រព្រឹត្តឲ្យបានទៅតាមអ្វីដែលជាអាណត្តិរបស់ខ្លួន។ ដូចគ្នា​នេះ​ដែរ​ សិទ្ធិនៃការបញ្ចេញយោបល់យើងមានច្បាប់របស់យើងដូច្នេះអ្វីដែលកម្ពុជានៅ​បន្ត​ធ្វើគឺ នៅតែការអនុវត្តការចូលរួមសហការ រវាងរាស្ត្រ និងរដ្ឋឲ្យនៅជុំគ្នា។ ដូច្នេះលទ្ធិប្រជាធិបតេយ្យមិនអាចធ្វើតែឯងបានទេទាល់តែម្នាក់ៗនៅក្នុងសង្គមចូលរួម ហើយ​អ្វីដែយើងមោទនភាពខ្លូនយើងគឺតិចបំផុត​ ប៉ុន្តែ ជា​សំ​ខាន់​នោះ គឺយើងធានាបាននូវ​​សន្តិភាពទាំង​មូល​ក្នុង​ផ្ទៃ​ប្រទេស​