Monday, September 15, 2014

សម្តេច​តេជោ ហ៊ុន សែន ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​ពិព័រណ៍​អាស៊ាន​ចិន​លើក​ទី១១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយក ​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​នាព្រឹកថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៤នេះ  បានដឹក​នាំប្រតិភូ​ជាន់​ខ្ពស់​ទៅ​កាន់​សាធារណៈ​រដ្ឋប្រជាមានិតចិន ដើម្បី​ចូល​រួម​បើក​ពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ​ កំពូល​ស្តីពី​ធុរៈកិច្ចនិងវិនិយោគ អាស៊ាន ចិន ដែលនឹង​ប្រព្រឹត្ត​ទៅនៅទីក្រុងណាន់និញ ខេត្តក្វាងស៊ី នៃ​សាធា​រណៈរដ្ឋប្រជាមានិតចិន។ពិព៍រណ៍នេះ នឹងចាប់​ផ្តើម​នៅថ្ងៃ​ទី​១៦​ខែ​កញ្ញា។

ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖យោងតាមកម្មវិធី ក្នុងឱកាស​ស្នាក់​នៅ​ប្រទេសចិន ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦កញ្ញា សម្តេច​តេជោ នាយករដ្ឋមន្ត្រី នឹងទទួលជួបជាមួយឯកឧត្តម ហ្សាង កាលី ឧបនាយករដ្ឋមន្ត្រីចិន ,ជួបជាមួយលោកអភិ បាលខេត្តក្វាងស៊ី ,និង​ទទួល​ជួបជាមួយឯកឧត្តម ឧបនា​យក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរ​ទេស​វៀតណាមនិងឯកឧត្តម ឧត្តមសេនីយ៍ Tanasak Patimapragon ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​ថៃ​ ហើយនៅល្ងាចនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់​លាងដែល​រៀបចំដោយ​រដ្ឋាភិបាល​ចិនផងដែរ។

តមក នៅថ្ងៃទី១៦ខែកញ្ញា សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន  នឹង​អញ្ជើញ​បើក​ពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ កំពូល​ស្តីពី​ធុរៈ​កិច្ច​និង​វិនិយោគ អាស៊ានចិន​ ដែលនៅក្នុងឱកាសនោះ សម្តេច​តេជោនាយករដ្ឋមន្ត្រី ក៏នឹង អញ្ជើញ​ឡើងថ្លែង​សុន្ទរកថា ផងដែរ។ បន្ទាប់មក សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញទ​ស្សនា​ពន្លា​ជាតិ​និងស្តង់ពិព័រណ៍នានារបស់កម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅរសៀល​ថ្ងៃទី១៦​ខែ​កញ្ញា។​ឯកឧត្តម ស៊្រី ថាមរ៉ុង្គ បានរំលឹកបញ្ជាក់ថា ពិព័រណ៍​អាស៊ាន ចិន គឺបានចាប់ ផ្តើមតាំង​ពី​ឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញចូលរួម ដោយផ្ទាល់ ចំនួន​៨ដងមកហើយ​  ដោយបាន​បង្ហាញ​ពី​តួនាទី​យ៉ាង​សកម្មរបស់កម្ពុជា​នៅក្នុង​ឱកាសពិព័រណ៍នោះ ក៏ដូចជា​ការលើក​ទឹកចិត្ត​និងគាំទ្រ​យ៉ាង​សកម្ម​របស់​កម្ពុជានៅក្នុង​ការ​រៀប ​ចំពិព័រណ៍នេះផងដែរ៕