Monday, September 15, 2014

ឯកឧត្ត​ម​​ឧបនាយក​​រដ្ឋមន្ត្រី សុខ​ អាន​ លើក​​ទឹក​​ចិត្ត​​​ដល់​​កីឡា​​កកម្ពុជា​ ដែល​​ទៅ​​ចូល​​រួម​​ប្រកួត​​កីឡា​​អាស៊ី​​លើក​​ទី​១៧ នៅ​ទី​ក្រុ​ងអ៊ិន​ឈុន សាធារណ​រដ្ឋកូរ៉េ

ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ប្រតិភូកម្ពុជា​ដែលនឹង​ចូល​រួម​ប្រកួត​កីឡាអាស៊ី​លើក​ទី​១៧ ចំ​នួន​៣៦នាក់​ ត្រូវ​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ ឯកឧត្តម​ឧបនាយក​​រដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធា​ន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤ ប្រតិភូកីឡា​កម្ពុជា​ នឹង​ទៅ​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង​អ៊ិន​ឈុន សាធារណៈរដ្ឋកូរ៉េ។

ចាប់​ពី​ឆ្នាំ​១៩៧០ រហូត​មក កម្ពុជា​ពុំ​បាន​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​ទេ រហូត​ដល់​ឆ្នាំ​១៩៩៤ ទើប​បាន​ចូល​រួម​ឡើង​វិញ​នៅ​ទី​ក្រុង​ ហ៊ី​រ៉ូ​ស៊ី​ម៉ា​ ប្រទេស​ជប៉ុន រហូត​មក​ដល់​បច្ចុប្បន្ន  ហើយ​ការ​វិល​ត្រឡប់​ចូល​រួម​ប្រកួត​ថ្នាក់​ទ្វីប​អាស៊ី​នេះ  កម្ពុជា​រំ​ពឹង​ថា នឹង​ដណ្តើម​យក​បាននូវ​ជោគ​ជ័យ និង​ជា​កិត្តិយស​​ជូន​ជាតិ​ មាតុភូមិ​។

ការ​ប្រកួត​​កីឡា​អាស៊ី​លើក​នេះ មាន​៤៥ប្រទេស​ ចូល​រួម​ប្រកួត​ប្រជែង។  ក្នុង​ទ្វី​បអាស៊ី មាន​កីឡា​ករ‑ កីឡា​ការិនី និង​គ្រូបង្វឹក​ចំ​នួន​១៣០០០នាក់ មន្ត្រី​រៀប​ចំ​‑ បុគ្គិលស្ម័គ្រចំនួន៧០០០នាក់ និង​អ្នក​សារព័ត៌មានចំ​នួន​ប្រមាណ៧០០០នាក់។

ឯកឧត្តម​ ថោង ខុន បាន​បន្ត​ថា ថ្វី​ត្បិត​តែ​កម្រិត​បច្ចេកទេស​កីឡាករ‑ កីឡាករិនីកម្ពុជា​ថ្នាក់​ទ្វីប​នៅ​មាន​កម្រិត ក៏​ប៉ុន្តែ​ កាត​ប្រកួត​លើក​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ និង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា បាន​កំ​ណត់​យុទ្ធ​សាស្ត្រ​ស្វែង​រក​មេដាយថ្នាក់​អាស៊ី​ឡើង​វិញ​ ដោយ​មាន​ប្រភេទ​កីឡា​មួយ​ចំ​នួន​អាច​មាន​ឱកាសឈាន​ទៅ​រក​មេដាយ គឺ កីឡា​តេក្វាន់​ដូ កីឡាចំ​បាប់ និង​កីឡា​ Tennis។ ប្រតិភូ​កីឡាកម្ពុជា​ នឹង​ចេញ​ដំ​ណើរនៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ បាន​មាន​ប្រសាសន៍​ថា សង្ឃឹម​ថា ក្មួយ​ៗជា​កីឡា​ករ‑ កីឡា​ការិនី​ កម្ពុជា​ ដែល​ត្រូវ​បាន​ជ្រើសរើស សំ​រាំង​ឲ្យ​ទៅ​ប្រកួត​ នឹង​ខិត​ខំ​ ដើម្បីនាំ​​មេដាយ​មាស និង​មេដាយ​​ផ្សេង​ៗទៀត​មក​ជូន​មាតុភូមិ​កម្ពុជា​ ជាទី​ស្នេហា​របស់​ខ្លួន​ឱ្យ​បាន​។ ការ​សម្រេច​បាន​នូវ​ជោគ​ជ័យ​ ដែល​វា​ គឺ​ជា​កិត្តិយសផ្ទាល់​ខ្លួន​ផង ក្រុម​គ្រួសារផង និង​មាន​រង្វាន់លើក​ទឹក​ចិត្ត​ផង ហើយ​ក៏  ឈ្មោះ​ល្បី​រន្ទឺកេរ្ត៍ឈ្មោះរបស់​ខ្លួនក្នុង​តំ​បន់​ និងនៅ​​លើឆាក​អន្តរជាតិផង​។​​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ បាន​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗកីឡា​កម្ពុជា​ទាំង​អស់​ ខិត​ខំ​ត្រូវ​ពង្រឹង​កាយ​សម្បទាឲ្យ​រឹង​មាំ​ ហ្វឹក​ហាត់​ និងរៀប​ចំខ្លួន​​ឲ្យ​​​បាន​ល្អ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ ដែល​ឯកឧត្តម ចាត់​ទុកការ​រៀប​ចំ​ខ្លួន​ជាមុន​បាន​ល្អ​ ក៏​​ជា​ជំ​ហាននាំ​ទៅ​រក​​ជោគ​ជ័យ​ផង​ដែរ៕