Monday, September 15, 2014

សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ ឯកឧត្តម Pham Binh Minh ឧបនាយ​ករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញ​ទស្សន​កិច្ចការងារ អញ្ជើញ​ចូលរួម​ពិព័រណ៌​ចិន-អាស៊ានលើកទី១១ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និង​វិនិយោគចិន-អាស៊ាន លើកទី១១ នៅ​ទីក្រុង​ណាន​នីង នៃ សាធារណរដ្ឋប្រជាមានិតចិន សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យឯកឧត្តម Pham Binh Minh ឧបនា​យក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម​ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាដែលបានចំណាយ​ពេល​ប្រមាណ​៣០នាទី សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តីវៀតណាម មាន​ប្រសាសន៍​សំដែង​នូវ​ការ​វាយតំលៃខ្ពស់ និង​កោត​សរសើរ ចំពោះ លទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេស​ទាំងពីរកម្ពុជា វៀតណាម ដែលទទួលបាននូវការរីកចំរើនយ៉ាង ឆាប់រហ័ស​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ 


ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសន្យារួមគ្នាថា ក្នុងការខិតខំ​រួមគ្នាក្នុង​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហ​​ប្រតិ​បត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់​តែ​រីកចំរើនទ្វេឡើងថែមទៀត ពិសេស​ការ​ជំរុញ​កិច្ច​សហ​​ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិ​យោគ ទេសចរណ៍ សំដៅ​ធ្វើយ៉ាង​ណា​ឲ្យទំហំ​ពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ៥ពាន់​លាន​ដុល្លានៅឆ្នាំ ២០១៥​ខាង​មុខ។ កិច្ចកិច្ចសន្ទនាគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី វៀតណាម ក៏បាន​ប្តេជ្ញា​រួមគ្នាក្នុង​ការបោះប​ង្គោល​ព្រំដែន​នៃប្រទេស​ទាំងពីរ​ឲ្យបានចប់សព្វគ្រប់ តាមអ្វីដែល ភាគីទាំងពីរបានព្រមព្រៀងគ្នា។   

  S…thy