នៅក្នុងអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០១៤នេះនៅព្រះរាជាណាចក្រកម្ពុជានឹងមានប្រារព្ធពិធីបុណ្យធំៗចំនួន៤។
នៅខេត្តកណ្តាល ព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤នេះ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
បានធ្វើការផ្សព្វផ្សាយផែនការបុណ្យជាតិធំៗ ចំនួន៤នោះ ជូនដល់មន្ត្រីរាជការ
លោកអភិបាល ក្រុង-ស្រុក និងក្រុមប្រឹក្សាឃុំ‑ សង្កាត់ ដែលមានទូកចូលរួមប្រកួត។
បុណ្យធំៗដែលនឹងប្រារព្ធធ្វើនៅខែតុលា និងខែវិច្ឆិកា រួមមាន ទី១-ព្រះរាជពិធីបុណ្យគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនៈកោដ្ឋកំរប់ខួប២ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី
១៥ ខែតុលា ឆ្នាំ២០១៤ ទី២ -ពិធីបុណ្យគ្រងរាជ្យសម្បតិ្ត
ខួប១០ឆ្នាំព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធធ្វើនៅថ្ងៃទី២៨-២៩ ខែតុលា
ឆ្នាំ២០១៤ ទី៣ -ព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ឆ្នាំ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ - ៦ - ៧ ខែវិច្ឆិកា ឆ្នាំ២០១៤ និងទី៤-ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦១
នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរៈភូមិន្ទ
ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៤៕
សូមជំរាបផងដែរថា បន្ទាប់ពីអាក់ខានរយៈពេល បីឆ្នាំ
ពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នឹងត្រូវប្រារព្ធធ្វើជាថ្មីឡើងវិញ
នាថ្ងៃទី ៥-៦-៧ ខែវិច្ឆកាឆ្នាំ ២០១៤ខាងមុខនេះ ។ តាមតួលេខបណ្តោះអាសន្ន
ខេត្តកណ្តាលមានទូក ចូលរួមប្រកួត ចំនួន ៥៤ទូក ក្នុងនោះមានទូក អុំ ចំនួន ៣៨
ទូកចែវ ១០ និងមានទូកខ្នាតអន្តរជាតិចំនួន ៦ទូក។
ពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូកដែលមានកីឡាករចូលរួម ពិសេសប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករនោះ
ឯកឧត្តម ផៃ ប៊ុនឈឿន បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក កងកំលាំងមានសមត្ថកិច្ច
ត្រូវសហការកសាងផែនការការពារជាក់ស្តែង និងលំអិតដើម្បីការពារសុវត្ថិភាព
ជូនដល់ប្រជាពលរដ្ឋដែលមកកំសាន្តទាំងផ្លូវគោក និងផ្លូវទឹក។
ឯកឧត្តម ផៃ ប៊ុនឈឿន
បានបន្ថែមថា
គណៈកម្មការទូកត្រូវមានការណែនាំដល់ក្រុមកីឡាករទាំងអស់ត្រូវ
គោរពវិន័យហ្វឹកហាត់ដើម្បីពង្រឹងប្រៀបខ្លាំង
រក្សាសុខភាព និងរស់នៅដោយមានអនាម័យ។
ជាមួយគ្នានេះត្រូវពិនិត្យកែលំអរទូកដោយផ្សាភ្ជាប់ទៅនឹងប្រពៃណីវប្បធម៌
របស់ជាតិ
និងសោភ័ណភាព រីឯសំលៀកបំពាក់កីឡាករ គឺត្រូវគិតផងដែរ
ត្រូវឲ្យមានបែបផែនជាខ្មែរ
និងមានការឯកភាពគ្នាក្នុងទូកនិមួយៗ។ ឯកឧត្តមបន្តថា លោកអភិបាលស្រុក
គប្បីស្វែងរកការគាំទ្រពីសប្បុរសជនបណ្តាក្រុមហ៊ុនរោងចក្រដែលមានក្នុងមូលដ្ឋានដើម្បីជួយឧបត្ថម្ភដល់កីឡាករ។
ឯកឧត្តមអភិបាលខេត្ត
ក៏បានបញ្ជាក់ផងដែរពីបញ្ហាមួយចំនួនដែលត្រូវធ្វើនាពេលខាងមុខ
គឺពេលនេះជារដូវទឹកសំរក ដូច្នេះ
ថ្នាក់ស្រុកនិងមន្ទីរជំនាញត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹក
ដើម្បីទុកឲ្យប្រជាកសិករមានទឹកធ្វើស្រែរដូវប្រាំងឲ្យបានគ្រប់គ្រាន់
ព្រោះជីវភាពរបស់ប្រជាពលរដ្ឋ គឺជាបញ្ហាសំខាន់បំផុត។
ទន្ទឹមនឹងនេះការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ
សូមគណៈបញ្ជាការឯកភាពស្រុក
និងកងកំលាំងទាំង៣ផ្នែកត្រូវមានផែនការច្បាស់លាស់
និងក្តាប់សភាពការណ៏ឲ្យបានពិតប្រាកដ
ដើម្បីធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព
៕
អត្ថបទ៖ សាលាខេត្តកណ្តាល