Thursday, October 2, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី ក្នុង​ពិធីបើក​ការ​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​នៅសារ​មន្ទីរ​ជាតិ​កម្ពុជា ​នូវ​បដិមា​មាន​​ប្រភព​ពីប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូ​នត្រឡប់​ពី​សហរដ្ឋអាមេរិក

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែតុលា​ ឆ្នាំ២០១

-     លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-     លោកស្រី Julie Chung អគ្គរដ្ឋទូតស្ដីទី​នៃស្ថានទូតសហរដ្ឋអាមេរិក
-     លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម​ លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិង​អន្តរជាតិ​ទាំ​ងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយឯកឧត្តម​ លោកជំទាវ​ អស់លោក លោកស្រី ក្នុងពិធីបើកការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរជាតិ​កម្ពុជា នូវបដិមាមាន​ប្រភព​ពី​​ប្រាសាទ​កោះកេរ ដែលបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នក ទាំងឡាយ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចឡើងបាន ជាពិសេសគឺ អង្គការ យូណេស្កូ និងស្ថានទូតសហរដ្ឋអាមេរិក ចំពោះកិច្ចសហការផ្ដល់ថវិកាសម្រាប់រៀបចំ​ពិព័រណ៍នេះ​រួមជាមួយ​នឹងទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិ​កម្ពុជា ចំពោះការរៀបចំបច្ចេកទេស ផងដែរ។

ការជួបជុំគ្នា​នៅថ្ងៃនេះ មិនត្រឹមតែបញ្ជាក់អំពីសមិទ្ធផលដ៏សំខាន់របស់រាជរដ្ឋាភិបាល​កម្ពុជា​​​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីសាមគ្គីភាពជាអន្តរជាតិ នៅក្នុងយុទ្ធនាការដ៏ទូលំទូលាយ​ដើម្បីការពារ​បេតិកភណ្ឌរបស់មនុស្សជាតិ។ នេះ​ គឺជាឱកាសដើម្បី​ប្រារព្ធពិធី​អបអរ​សាទរ​ជោគ​ជ័យដ៏ត្រចះត្រចង់មួយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរួមគ្នា​រវាងរាជរដ្ឋាភិបាល​កម្ពុជា រដ្ឋា​ភិបាល​សហរដ្ឋអាមេរិក អង្គការ​យូណេស្កូ និងអ្នកពាក់ព័ន្ធដទៃទៀត បាននាំដល់ការបញ្ជូន​ត្រឡប់​​មក​ទីឋានកំណើតវិញ​នូវបដិមា​​នៃ​ប្រាសាទកោះកេរ ដែលត្រូវបានគេលួច និងជួញដូរ​ទាំង​នេះ។ បន្ទាប់ពីមាន​ការប្រារព្ធពិធីស្វាគមន៍ការវិលត្រឡប់​មកវិញនៃបដិមាទាំងនេះ កាលពី​​ខែ​មិថុនា​កន្លងទៅ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះមានគោលដៅចម្បង ដើម្បីបង្កើនការយល់ដឹង​របស់​សាធារណជន អំពីបញ្ហា​នៃការជួញដូរវត្ថុបុរាណខុសច្បាប់នៅក្នុងពិភពលោក​នាសម័យ​ទំនើបនេះ ដែលមិន​ត្រឹមតែបំផ្លិចបំផ្លាញបេតិកភណ្ឌនៃប្រជាជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បេតិកភណ្ឌ​មនុស្សជាតិទាំងមូល ហើយក៏ជាការបង្ហាញដល់សាធារណជន​អំពីកិច្ចខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាប់ទាំងអស់នេះផងដែរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ដូចដែលយើងទាំងអស់គ្នា​បានដឹងរួចហើយថា ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយ​​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ ដូចដែលគេបានដាក់ឈ្មោះឱ្យថា «ព្រះរាជាណាចក្រនៃវប្បធម៌»។ ក្រៅពី​រមណីយដ្ឋាន​អង្គរ និងប្រាសាទព្រះវិហារដ៏ល្បីល្បាញរបស់យើង ដែលជា​សម្បត្តិបេតិក​ភណ្ឌពិភពលោកនោះ នៅមាន​រមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនទៀតនៅទូទាំង​ប្រទេស ដែល​រមណីយដ្ឋាន​នីមួយៗសុទ្ធសឹងតែមានសារសំខាន់ផ្សេងៗពីគ្នា ទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែក​សិល្បៈ ដូចជារមណីយដ្ឋាន​សំបូរព្រៃគុក ប្រាសាទអង្គរបូរី ប្រាសាទបន្ទាយឆ្មារ ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទព្រៃនគរ ភ្នំគូលេន និងប្រាសាទកោះកេរ ជាដើម។

រមណីយដ្ឋាន​ប្រាសាទកោះកេរ ដែលជាទីឋានកំណើត​នៃបដិមាទាំងនេះ មាន​លក្ខណៈ​ពិសេស​ដោយឡែកពីគេជាច្រើន។ រមណីយដ្ឋាន​នេះមិនត្រឹមតែជារមណីយដ្ឋានបុរាណវិទ្យាមួយដែលពិពណ៌នាអំពីរឿងរ៉ាវនានាតាមរយៈបដិមា ប៉ុណ្ណោះទេ ប៉ុន្តែរមណីយដ្ឋាន​នេះថែមទាំងជា​អតីត​រាជធានី​​មួយរបស់ចក្រភពខ្មែរកាលពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤៤ ទៀតផង។ លើសពីនេះ​ទៅទៀត ក្រុម​អ្នកស្រាវជ្រាវអន្តរជាតិបានរកឃើញថា កោះកេរគឺជារមណីយដ្ឋានបុរាណវិទ្យា​​តែ​មួយ​គត់នៅក្នុងទ្វីបអាស៊ី ដែលមានប្រាសាទរាងជាពីរ៉ាមីត ស្រដៀងនឹងរមណីយដ្ឋាន​ផ្សេង​ទៀត​​ដែលស្ថិតនៅម្ខាងទៀតនៃផែនដីក្នុងទ្វីបអាមេរិក ដែលគេបានរកឃើញសំណល់​បុរាណវិទ្យា​ជាច្រើននៃអរិយធម៌ Maya ដ៏ចំណាស់។

ជាអកុសល នៅអំឡុងពេលដែលប្រទេសកម្ពុជា​រងគ្រោះ​ដោយសារសង្គ្រាម និងអស្ថិរភាព​​នយោបាយ បេតិកភណ្ឌរបស់យើងក៏ទទួលរងគ្រោះផងដែរ។ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រមួយចំនួន រួមទាំង​រមណីយដ្ឋានប្រាសាទកោះកេរ ពុំត្រូវបានថែទាំដិតដល់ ហើយវត្ថុបុរាណមួយចំនួនត្រូវបាន​គេលួច និងជួញដូរទៅក្រៅប្រទេស ទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក ដូច​ដែល​បានលាតត្រដាងតាមរយៈរឿងរ៉ាវនៃដំណើររបស់បដិមាដ៏អស្ចារ្យទាំងនេះ។

នៅចុងបញ្ចប់​នៃសម័យដ៏ខ្មៅងងឹង​នៃប្រវត្តិសាស្ត្ររបស់យើង និងជាពិសេស​នៅពេលដែលសន្តិភាពពេញលេញ សន្ដិសុខ និងស្ថិរភាពនយោបាយ បានកើតមានឡើងទូទាំង​ប្រទេស តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចការពារបេតិកភណ្ឌវប្បធម៌ក៏ទទួលបានការយកចិត្តទុក​ដាក់​កាន់​តែខ្លាំងផងដែរនៅក្នុងគោលនយោបាយជាតិរបស់យើង។ ការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារ និងការអភិរក្សបេតិកភណ្ឌ ត្រូវបាន​បង្ហាញតាមរយៈការអនុម័ត និងការអនុវត្ត​ច្បាប់ជាតិ និងតាមរយៈការចូលរួមយ៉ាងសកម្មជាមួយសហគមន៍​អន្តរជាតិ។ ជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទទួលបាននូវការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដូចបានបង្ហាញតាមរយៈការចុះបញ្ជីរមណីយដ្ឋាន​ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ជាបេតិកភណ្ឌ​ពិភពលោក បន្ថែមលើ​រមណីយដ្ឋានអង្គរ និងការបញ្ជូនវត្ថុបុរាណដែល​ត្រូវបានគេលួចនិងជួញដូរដោយខុសច្បាប់ ត្រឡប់មកកាន់ទីឋានកំណើតវិញ​។ ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឯកិច្ច​ប្រជុំលើកទី៣៨របស់ខ្លួន នៅទីក្រុង Doha កាលពីខែមិថុនាកន្លងទៅ នៅក្នុងការវាយតម្លៃជាវិជ្ជមាន និងការអនុម័តជាឯកច្ឆន្ទលើរបាយការណ៍ស្ដីពីស្ថានភាពអភិរក្ស​នៃរមណីយដ្ឋាន​អង្គរ ​បានធ្វើការកោតសរសើរ ចំពោះការងារ​ប្រកប​ដោយប្រសិទ្ធភាព​របស់កម្ពុជា និង ICC-Angkor។ យន្តការ​អន្តរជាតិនេះ ដែលបាន​បំពេញការងារយ៉ាងសកម្មចាប់តាំងពីឆ្នាំ១៩៩៣ ​ដោយមានប្រទេសជប៉ុន និងបារាំង ជាសហ​ប្រធាន ត្រូវបានចាត់ទុកជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារ និងអភិរក្ស​បេតិកភណ្ឌ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ឆ្នាំ២០១៣ និងឆ្នាំ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជាសម្រេចបាននូវសមិទ្ធផលជា​ប្រវត្តិសាស្ត្រជាច្រើនក្នុងផ្នែកបេតិកភណ្ឌ ជាពិសេសគឺការធ្វើជាម្ចាស់ផ្ទះប្រកប​ដោយជោគ​ជ័យ​នៃកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលនៅក្នុងឱកាសនោះ ដំណាក់កាល​ដំបូងនៃដំណើរបញ្ជូន​ត្រឡប់មកវិញនូវបដិមាទាំង៥ មានប្រភពមកពីប្រាសាទកោះកេរ ត្រូវបានចាប់ផ្ដើមឡើង ពោលគឺបដិមាចំនួន២នៃត្រកូល បណ្ឌវ ត្រូវបានប្រគល់ឱ្យកម្ពុជាវិញ តាមរយៈសណ្ដានចិត្តសប្បុរស​នៃសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក។

ហើយនៅឆ្នាំនេះ បដិមាចំនួន៣ ទៀត ត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកវិញ គឺ៖ ពលរាមតាមរយៈសុច្ឆន្ទៈរបស់ក្រុមហ៊ុន Christie’s ទុរយោធន៍ ពីក្រុមហ៊ុន Sotheby’sតាមរយៈការសម្រុះសម្រួលរបស់តុលាការសហរដ្ឋអាមេរិក និង ភីម ពីសារមន្ទីរ Norton Simon តាមរយៈ​ការចរចារដោយផ្ទាល់និងវែងអន្លាយ ប្រកប​ដោយការយោគយល់​គ្នា​ទៅវិញទៅមក។

បដិមាទាំង៥ នេះ សុទ្ធតែស្ថិតនៅក្នុង​ឆាកប្រយុទ្ធ​មួយ រវាង ភីម និង ទុរយោធន៍ ​នៅក្នុងទេវកថាសាសនាហិណ្ឌូ មហាភារតៈ។ ប៉ុន្តែនៅមានបដិមា៣ ទៀត នៃក្រុមចម្លាក់នេះ នៅបាត់បង់នៅឡើយ ខណៈដែលបដិមាមួយទៀតនៃត្រកូល បណ្ឌវ កំពុងត្រូវបានថែរក្សាទុកនៅឯអភិរក្សដ្ឋានអង្គរ នៅខេត្តសៀមរាប។

បន្ទាប់ពីត្រូវបានជួសជុល​ដោយអ្នកជំនាញរបស់សារមន្ទីរជាតិ ឥឡូវនេះ បដិមាទាំង៥នេះ ​ត្រូវបានដាក់តាំងពិព័រណ៍ឱ្យភ្ញៀវចូលទស្សនា។ បន្ទាប់ពិព័រណ៍មិន​អចិន្ត្រៃយ៍នេះយើងបានគ្រោង​រៀបចំវិចិត្រសាល​មួយនៅក្នុងសារមន្ទីរជាតិ ដែលរចនាជាពិសេស ដើម្បីតាំងបង្ហាញបដិមាទាំងអស់ក្នុងឆាកប្រយុទ្ធ​ដ៏ល្បីល្បាញនេះ រួមជាមួយ​នឹងបដិមាដទៃទៀតរបស់ប្រាសាទ​កោះកេរ ដែល​ត្រូវបាន​គេចាត់ទុកថាជាស្នាដៃកំពូល​នៃ​ចម្លាក់ខ្មែរ។

ខ្ញុំក៏សូមលើកឡើង និងថ្លែងអំណរគុណផងដែរ ដែលសិលាចារិកសតវត្សទី១១ ឬទី១២ ចំនួនមួយផ្ទាំង សរសេរជាភាសាខ្មែរបុរាណ និងភាសាសំស្ក្រឹត ទើបតែត្រូវប្រគល់ឱ្យសារមន្ទីរជាតិវិញកាលពីពេលថ្មីៗនេះ​ តាមរយៈសុច្ឆន្ទៈរបស់​សារមន្ទីរ Metropolitan Museum of Art ។ ខ្ញុំជឿជាក់ថាសិលាចារិកនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការយល់ដឹងរបស់យើងអំពីប្រវត្តិសាស្ត្រ​ ​និងអរិយធម៌ខ្មែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃបដិមាទាំងនេះ នឹងមិន​អាចធ្វើទៅបាននោះទេ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អ និងជំនួយពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក អង្គការយូណេស្កូ និងសាលាបារាំងចុង​បូព៌ា (EFEO) ក៏ដូចជាសុច្ឆន្ទៈ​នៃបណ្ដា​សារមន្ទីរ និងអ្នកប្រមូលទុកវត្ថុបុរាណ ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀត។ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ជាពិសេសផងដែរចំពោះស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុងភ្នំពេញ ដែលបានផ្ដល់​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងក្រុម​ការងារ​នៃទីស្ដីការគណៈ​រដ្ឋមន្ត្រី ជាពិសេសឯកឧត្តមរដ្ឋលេខាធិការ ច័ន្ទ តានី ដែលបានខិតខំប្រឹងប្រែងបំពេញការងារ​​ដោយមិន​ខ្លាច​នឿយហត់ ក្រោមការណែនាំ​​​ដោយ​ផ្ទាល់ពីខ្ញុំ ហើយមានការគាំទ្រនិងការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់ ដែលកំពុងរក្សាទុកនូវបដិមា​ដទៃទៀតនៅក្នុងឆាកប្រយុទ្ធនេះ សូមធ្វើតាមគំរូដ៏ល្អប្រពៃនេះ ដោយប្រគល់បដិមាទាំងនោះ​ឱ្យមកម្ចាស់ដើមវិញ ដើម្បីឱ្យបដិមាទាំងអស់បាន​មកជួបជុំគ្នា។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម​ លោក​​ជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិង​​អន្តរជាតិទាំងអ​ស់​ សូមមានសុខភាពល្អ ទទួល​បានជោគជ័យលើគ្រប់ភារកិច្ច និងមានសុភមង្គល​​​ក្នុងគ្រួសារ។
ខ្ញុំសូមប្រកាសបើក ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍​នៃបដិមាដែលទទួលបានពីសហរដ្ឋអាមេរិក ចាប់ពីពេលនេះតទៅ។
សូមអរគុណ!