Thursday, October 2, 2014

ព្រះ​​មហាក្សត្រ​​ផ្ញើ​​ព្រះ​រាជសារ​ អប​អរ​សាទរ​​​ថ្នាក់​​ដឹក​នាំ​ និង​​សមាជិក​​សភា​​នៃ​គណ​បក្ស​ទាំង​ពីរ​

ព្រះ​មហាក្សត្រ​ សម្តេច​ព្រះ​បរម​នាថ នរោត្តម​ សី​ហមុនី​ នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ ២០១៤នេះ​ បាន​ផ្ញើ​ព្រះ​រាជសា​រ ជូន​ថ្នាក់​ដឹក​នាំ​ និង​សមាជិក​សភា​នៃ​គណបក្ស​ទាំង​ពីរ ដោយ​ព្រះ​អង្គ​សំ​ដែង​នូវ​សេចក្តី​សោម​នស្ស​រីករាយ​ ក្នុង​ពិធី​បើក​បវេសនកាល​រដ្ឋសភា​ដែល​ប្រារព្ធ​ឡើង​ ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៣ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤នេះ​។

ព្រះ​រាជ​សារ​របស់​ព្រះ​មហាក្សត្រ​ ត្រូវ​បាន​អាន​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ ដោយ​សម្តេចពញាចក្រី​ ហេង សំ​រិន ប្រធាន​រដ្ឋសភា​។

ព្រះ​មហាក្សត្រ​ បានបញ្ជាក់​នៅ​ក្នុង​ព្រះ​រាជ​សារ​ថា « រដ្ឋសភា​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ដែល​សមាជិក​រដ្ឋសភា​ គឺ​ជា​តំ​ណាង​រាស្ត្រដែល​ត្រូវ​បាន​ប្រជាពល​រដ្ឋ​បោះ​ឆ្នោតជ្រើសរើស​ជា​សកល​ ដោយ​សេរី និង​​ដោយ​សម្ងាត់​ មក​ពី​មណ្ឌល​ផ្សេង​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ធ្វើ​ជា​តំ​ណាង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ ជា​អ្នក​ផ្តួច​ផ្តើម​ធ្វើ​ច្បាប់​ អនុម័ត​ច្បាប់​ និង​តាម​ដាន​ការ​អនុវត្តច្បាប់របស់​រាជ​រដ្ឋាភិបាល​ បាន​បំ​ពេញ​តួ​នាទី​របស់​ខ្លួនយ៉ាង​ខ្ជាប់​ខ្ជួន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ព្រះ​រាជ​សារ​ ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរថា ដោយ​មាន​កិច្ច​សហប្រតិបត្តិការល្អ​ជា​មួយ​ស្ថាប័ន​រដ្ឋ​កំ​ពូល​ៗ មាន​ព្រឹទ្ធសភា​ ក្រុម​ប្រឹក្សាធម្ម​នុញ្ញ រាជ​រដ្ឋាភិបាល​ អង្គការ​អន្តរជាតិ​នានា និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ រដ្ឋសភា​បាន​បំ​ពេញ​ការងារ​ដោយ​ការ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ ក្នុង​ការ​តាក់​តែង​ និង​អនុម័ត​ច្បាប់​ ឲ្យ​សម​ស្រប​នឹង​ស្ថានភាព​របស់​សង្គម​ជាតិ​យើង​នាពេល​បច្ចុប្បន្ន​ ស្រប​តាម​បរិបទ​កម្ពុជា​ ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​ក្នុង​តំ​បន់​ និង​ពិភព​លោក​ និង​សមាជិក​នៃ​សមាគមប្រជាជាតិ​អាស៊ី‑ អា​គ្នេយ៍ ដែល​នឹង​ក្លាយ​ជា​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥។

ព្រះ​មហាក្សត្រ​ ព្រះ​អង្គ​នៅ​បាន​បន្ថែម​ទៀត​ថា ក្នុងរយៈពេល​កន្លង​មក​ថ្មី​ៗនេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ និង​សន្ធិ​សញ្ញា សំ​ខាន់​ៗជា​ច្រើន ដើម្បី​ពង្រឹង​ស្ថាប័ន​រដ្ឋបាល​ នយោបាយ​ យុត្តិធម៌​ ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ល្អ​។ ជា​ពិសេស​ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ចាត់​តាំង​អង្គការ​តុលាការ​ និង​អយ្យ​ការ​ ច្បាប់​ស្តី​ពី​ លក្ខន្តិកៈរបស់​ចៅ​ក្រម​ និង​ព្រះ​រាជអា​ជ្ញា ច្បាប់​ស្តី​ពី​ការ​ធានារ៉ាប់​រង​។ល។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ព្រះ​មហាក្សត្រ បាន​បញ្ជាក់​ថា នៅ​ចន្លោះ​សម័យប្រជុំលើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៥  រដ្ឋ​សភា​បាន​ខិត​ខំ​បំ​ពេញ​ភារកិច្ច​យ៉ាង​សកម្ម​ ជា​អាទិ៍ បាន​ស្រុះ​ស្រួល​គ្នា​ដោះ​ស្រាយ​បញ្ហា​ដ៏​សំ​ខាន់​របស់​ប្រទេស​ជាតិ​ ដោយ​ផ្អែកលើ​នីតិរដ្ឋ​ និង​ច្បាប់​ជា​ធរមាន​ ព្រម​ទាំង​តាម​ទម្លាប់​នៃ​លទ្ធិប្រជា​ធិបតេយ្យ។