Thursday, October 2, 2014

ឯកឧត្តមឧបនាយករដ្ឋមន្រី្ត សុខ អាន ត្រូវបានគាំទ្រ ធ្វើជាអនុប្រធានគណៈ កម្មាធិការ​អចិន្ត្រៃយ៍គណបក្ស​នយោបាយ​នៅ​អាស៊ី​ ( ICAPP )

កម្ពុជាបច្ចុប្បន្នមិនត្រឹមតែទទួលបានជោគជ័យ​លើ​ការងារសមាហរណកម្មក្នុងតំបន់ និង​ពិភព​លោក​ប៉ុណ្ណោះទេ ប៉ុន្តែកំពុង​បំពេញ​តួនាទី​ជា​អ្នក​ដឹក​នាំមួយរូបនៅក្នុងក្របខ័ណ្ឌ សន្និសីទ​អន្តរ​ជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលប្រមូលផ្តុំដោយគណបក្សចំនួន ៣៤០​គណបក្ស មកពី៥២ប្រទេសនៅអាស៊ី។

នៅក្នុង​មហាសន្និបាត ICAPP លើកទី៨ នៅទីក្រុង កូឡុំបូ ប្រទេសស្រីលង្កា ពីថ្ងៃ ទី ១៨ ដល់ថ្ងៃ ទី ២១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដោយទទួលបាន ការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា បានដឹកនាំគណបក្សប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដែល​មាន​គណៈ ប្រតិភូចំនួនជាង៣០នាក់ តំណាងឲ្យគណបក្សនយោបាយ ចំនួន៦៧មកពី២៩ប្រទេស បានចូលរួម នៅក្នុងសន្និសីទនេះ ដែលរៀបចំរួមគ្នាដោយគណបក្សសេរីភាពស្រីលង្កា ដែល​ជា​គណ​បក្ស កាន់អំណាច​​ និងគណបក្សបម្រួបបង្រួមជាតិ ដែលជាគណបក្សប្រឆាំងស្រីលង្កា។ មហា​សន្និបាត ICAPP លើកទី៨នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទការបង្កើតសហគមន៍អាស៊ី។ 
នៅក្នុងឱកាស នោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ​ត្រូវបានសមាជិកគណៈ កម្មធិការ​អចិន្ត្រៃយ៍ ICAPP គាំទ្រឲ្យធ្វើ​ជាអនុ​ប្រធាន​គណៈ​កម្មធិការអចិន្ត្រៃយ៍ ICAPP ។
ឥស្សរភាព​ និង​បទ​ពិសោធន៍​ការងារ​ដែល​ទទួល​បាន​ជោគ​ជ័យ​កន្លង​មក​ សមាជិកអចិន្ត្រៃយ៍ទាំងអស់ក៏បានអបអរសាទរ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ចំពោះតំណែងជាអនុប្រធានគណៈកម្មធិការអចិន្ត្រៃយ៍ ICAPP នឹងដែល​សាក​សម​កាន់​តួនាទី​ថ្មីនេះ។ សមាជិកគណៈកម្មការអចិន្ត្រៃយ៍ទាំងអស់ បានយល់ឃើញស្របគ្នាថា ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន មានបទពិសោធន៍ច្រើន មានទំនួលខុសត្រូវ និងមាន​ការប្រឹង​ប្រែង​ខ្ពស់ចំពោះការងាររបស់ ICAPP។

ឯកឧត្តមបណ្ឌិត Andrey A. Klimov អនុ​ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា (សហព័ន្ធរុស្ស៊ី) បានមាន​ប្រសាសន៍​ថា ក្រោយពីការប្រជុំដ៏សកម្ម​នឹង​មាន​​លទ្ធផលល្អកន្លងមក ខ្ញុំអាចនិយាយបានថា នេះគឺជាជម្រើសដ៏ល្អបំផុត ហើយខ្ញុំសង្ឃឹមថា ជាមួយ​ការជួយជ្រោមជ្រែង របស់ ឯកឧត្តម សុខ អាន យើងនឹងអាច​បន្តការ​ងារ​ទៅ​មុខ​ទៀត​ដោយជោគជ័យ។

ឯកឧត្តម Anil K. Shastri ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្ស Congress ឥណ្ឌា ក៏បានលើកឡើង ផងដែរថា ឯកឧត្តមបានស្គាល់ ឯកឧត្តម សុខ អាន ច្រើនឆ្នាំមកហើយ ហើយការរួមចំណែក របស់ឯកឧត្តម សុខ អាន គឺធំធេងណាស់ចំពោះការរីកចំរើនរបស់ ICAPP ហើយខ្ញុំជឿជាក់ថា វត្តមានរបស់គាត់ ដែលឥឡូវនេះជាអនុប្រធានគណៈកម្មធិការអចិន្ត្រៃយ៍ នឹងកាន់តែមានសារៈ សំខាន់ចំពោះ ICAPP យើងខ្ញុំសូមជូន​ពរដល់​ឯកឧត្តម​ចំពោះ​ការ​តែង​តាំង​ដ៏​សំខាន់​នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​បង្ហាញ​ក្តីរំភើប និងភាព​រីករាយ​ក្នុងការ​ទទួល​យក​នូវទំនួលខុសត្រូវ និងការតែងតាំងនេះ។ កន្លងមកឯកឧត្តម​បានខិត​ខំប្រឹង​ប្រែង​ជាខ្លាំង​ក្នុងការជំរុញសកម្មភាពរបស់ ICAPP។ ជាមួយ​នឹងការជ្រើសតាំងថ្មីនេះ ឯកឧត្តម​នឹង​មាន​ការ​ទទួលខុសត្រូវច្រើនជាងមុនចំពោះ ICAPP ដូច្នេះ​ឯកឧត្តមសូមថ្លែងអំណរគុណ និង​កត្ត​វេទិការ​គុណដល់មិត្តភ័ក្តទាំងអស់។
ដូចគ្នានេះដែរ ឯកឧត្តម Jose De Venecia ប្រធានស្ថាបនិក និងសហប្រធាន ICAPP បានមានប្រសាសន៍ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន គឺជាមិត្តរបស់យើង ហើយ ខ្ញុំបានផ្តួចផ្តើមគំនិត ក្នុងការជ្រើសតាំងគាត់ ជាអនុប្រធានគណៈកម្មធិការអចិន្ត្រៃយ៍ ICAPP។ ក្នុងនាមខ្ញុំជាប្រធានស្ថាបនិក នឹងជាសហប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ខ្ញុំយល់ថាការសំរេចនេះ គឺជាមតិឯកច្ឆ័ន ពីគ្រប់អ្នកដឹកនាំនយោបាយពីអាស៊ីឥសាន អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បួង អាស៊ីកណ្តាល អាស៊ីខាងលិច ប្រទេសអារ៉ាប់ រួមទាំងប្រទេសអូស្ត្រាលី និងណូវ៉េសឺឡង់។ ឯកឧត្តម​បានបន្តថា ដូចដែលឯកឧត្តមធ្លាប់បានលើកឡើងហើយថា ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន គឺជាកំលាំងបង្រួបបង្រួមដ៏សំខាន់មួយ ដោយសារបទពិសោធន៍ផ្នែកការទូត ភាពដាក់​ខ្លួន ​និងភាពសាមញ្ញរបស់គាត់ ទាំងអស់នេះ គឺជា​ចំណុច​ដ៏សំខាន់​ដែល​ជួយ​ឲ្យគាត់​អាច​បង្កើត​ចំណង មិត្តភាពជាមួយអ្នកដ៏ទៃដែលជាកត្តាមួយ នាំឲ្យមាន​ការបង្កើត​ចលនា​ដ៏សំខាន់​មួយ​ចំនួន​ដែល​យើង បានធ្វើនៅអាស៊ី និងប៉ាស៊ីហ្វិក នៅក្នុងការងាររបស់ ICAPP ។
លោកជំទាវ Sujata Koirala សមាជិក​សភា​ធម្មនុញ្ញ នេប៉ាល់ ក៏បាន​បង្ហាញ​ការគាំទ្រ​ដូច​គ្នា​ដែរ  ព្រោះលោកជំទាវគិតថា ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី សុខ អាន មាន​ចំនេះ​ដឹង​ជ្រៅ​ជ្រះ ក្នុងការងារ អន្តរជាតិ គាត់បាន​ដឹង​ពីបញ្​ហា​ចំពោះមុខរបស់អាស៊ី ហើយគាត់​នឹង​ដើរ​តួនាទី​ចំបង ក្នុងការបង្រួប បង្រួម​គណ​បក្ស​នយោ​បាយ​នៅអាស៊ី ខ្ញុំបានស្គាល់គាត់ អស់រយៈ​ពេល​ប្រហែល​២ឆ្នាំកន្លងមក ខ្ញុំបានឃើញថាគាត់បា​ន​ចូល​រួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗរបស់ ICAPP ហើយផ្នត់គំនិត និងទស្សនៈ​​វិស័យ​របស់​គាត់ គឺត្រូវបានគេទទួលស្គាល់ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី និងបណ្តាគណ​បក្ស​នយោ​បាយ​នៅអាស៊ី ហើយយើងនឹងផ្តល់ការគាំទ្រយ៉ាងមុះមុតចំពោះគាត់។
ឯកឧត្តមបណ្ឌិត Asaf Hajiyev ក៏បានបង្ហាញពីការយល់ឃើញរបស់ឯកឧត្តមក្នុងនាម ជាប្រធានគណៈទាក់ទងអន្តរជាតិអាហ្សែកបៃហ្សង់ថា ឯកឧត្តម សុខ អាន​មានបទពិសោធន៍ច្រើនហើយអ្នកដែលមានចំនេះដឹង ជ្រៅជ្រះគឺសំខាន់សំរាប់តំណែងនេះណាស់ គាត់គឺជាមិត្តភ័ក្តដ៏ល្អ ជាមួយសមាជិកគណៈកម្មធិការ អចិន្ត្រៃយ៍ហើយនៅក្នុងនយោបាយ ការចងសម្ព័ន្ធមិត្តគឺជាការសំខាន់ណាស់ ព្រោះថាយើងនឹង អាចរកបានដំណោះស្រាយចំពោះគ្រប់បញ្ហាទាំងអស់បើយើងជាមិត្ត។
ជាមួយគ្នានេះដែរ ឯកឧត្តម Abdul Matin Khasru សមាជិកសភាបង់ក្លាដេស្ស និងជាអគ្គលេខាធិការកិច្ចការច្បាប់ បានចាប់អារម្មណ៍ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន គឺជាមនុស្សដែលមានការព្យាយាមខ្ពស់ ឯកឧត្តមបានរំលឹកថាក្នុងឱកាសដែលឯកឧត្តម បានចូលរួម ក្នុងមហាសន្និបាតរបស់ ICAPP កាលពីពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅទីក្រុងភ្នំពេញ ឯកឧត្តម បានឃើញថា ឯកឧត្តម សុខ អាន បានព្យាយាមយ៉ាងសកម្ម ដើម្បីសហគមន៍អាស៊ី យើងទាំងអស់គ្នាគឺជាចំណែកនៅក្នុងអាស៊ីតែមួយ។
ឯកឧត្តម Vijay Jolly ប្រធានរៀបចំសន្និសីទពិភពលោកនៃគណបក្សកាន់អំណាចឥណ្ឌា BJP បានថ្លែងនូវការចាប់អារម្មណ៍របស់ខ្លួនថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន មិនមែនគ្រាន់តែ ជាអ្នកដឹកនាំមួយរូបរបស់កម្ពុជាប៉ុណ្ណោះទេ តែគាត់ក៏ជាអ្នកដឹកនាំម្នាក់របស់អាស៊ីទាំងមូល គាត់គួរ ឲ្យស្ញប់ស្ញែង គាត់មានភាពវ៉ៃឆ្លាត គាត់គឺជាអ្នកការទូត គាត់គឺជាអ្នកនយោបាយ​ ហើយគាត់ក៏ជាអ្នក ចាត់ចែងដ៏ពូកែ ខ្ញុំបានស្គាល់គាត់តាមរយៈការចួលរួមជាច្រើនឆ្នាំក្នុងសកម្មភាព ICAPP យើងគោរព គាត់ហើយយើងគាំទ្រគាត់ ក្នុងការធ្វើជាអនុប្រធានគណៈកម្មធិការអចិន្ត្រៃយ៍នៃ ICAPP។ ឯកឧត្តម បានបន្ត​ថា ខ្ញុំ​គាំ​ទ្រ​គាត់ បេក្ខភាព​គាត់​គឺ​ជាជំហានមួយក្នុងការបង្រួបបង្រួមអាស៊ី ការចូលរួមរបស់ប្រទេសកម្ពុជា នឹងកិច្ចការអន្តរជាតិរបស់អាស៊ី ហើយការដឹកនាំរបស់គាត់បានចូលរួមយ៉ាងសំខាន់ នៅក្នុងការងាររបស់ ICAPP នៅអាស៊ី។
បន្ទាប់ពីបានទទួល​ការ​គាំទ្រជាឯកច្ឆន័ នូវបេក្ខភាព របស់ឯកឧត្តម ឲ្យធ្វើជាអនុប្រធានគណៈម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តមឧប នាយករដ្ឋមន្ត្រី សុខ អាន បានសំដែងក្តីសោមនស្សរីករាយ នឹងបានមានប្រសាសន៍ថា ការគាំទ្ររបស់សមាជិក ទាំងអស់ គឺជាការលើកទឹកចិត្តក្នុងការបន្តការងារនៅក្នុង ICAPP នេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បាន​មាន​ប្រសាសន៍​ថា « ការងារនេះគឺធំ ហើយលំបាក ប៉ុន្តែដោយសារ យើងឃើញការគាំទ្រយ៉ាងសកម្មពីសមាជិក ICAPP ក្នុងគណៈកម្មធិការអចិន្ត្រៃយ៍ វាជាការលើក ទឹកចិត្តមួយលើការងារ ដែលឯកឧត្តមផ្ទាល់ធ្លាប់បានធ្វើកន្លងមក ហើយក្នុង ICAPP នេះ យើងបានធ្វើការងារច្រើនណាស់ មតិជាទូទៅតែងតែនិយាយថាការកសាងសហគមន៍អាស៊ីវាពិបាក ជាងកាលពីបង្កើតសហគមន៍ អ៊ឺរ៉ុបទៅទៀត ដូច្នេះវាសុទ្ធតែជាការប្រឈមមុខ ដែល ICAPP ត្រូវខិតខំរកដំណោះស្រាយឲ្យសមស្របនៅក្នុងដំណើរការកសាងសហគមន៍អាស៊ី។ ក្នុងន័យនេះគណបក្សនយោបាយនៅអាស៊ី ត្រូវបន្តខិតខំកាន់តែខ្លាំង នឹងសកម្មថែមទៀត ដើម្បីរួមគ្នា បង្កើតសហគមន៍អាស៊ី មួយប្រកបដោយ សុខសន្តិភាព ស្ថេរភាព និងទទួលបានការអភិវឌ្ឍន៍ ដែលបាននិងកំពុងកើតមាននៅក្នុងសតវត្សអាស៊ីទី២១នេះ។
ដូច្នេះ​ ការគាំទ្រឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​ជា​អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍​គណបក្ស​នយោបាយ​នៅ​អាស៊ី​ ( ICAPP ) គឺជាផ្លែផ្កានៃយុទ្ធនាការ ក៏​ដូច​ជា​បង្កើនឧត្តមភាពគណបក្ស​​ប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ ដែលផ្អែកលើសសរស្តម្ភរបស់កម្ពុជា គឺមាគ៌ាឈ្នៈៗរបស់សម្តេចតេជោ ហ៊ុន សែន។​
ក្នុងយុទ្ធនាការនេះ ក្រុមការងារដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាង បក្សនិងបក្ស រវាងបុគ្គលនិងបុគ្គល ដើម្បីទទួលបានការគាំទ្រជាអន្តរជាតិ ក្នុងការផ្តល់តួនាទីសំខាន់ ជាពិសេស ការទទួលខុសត្រូវកាន់តែខ្ពស់ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា លើការងារនយោបាយការបរទេស ក្នុងក្របខ័ណ្ឌ ICAPP សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី

អត្ថបទដោយ៖ ច័ន្ទ ទេវី​