Wednesday, July 12, 2017

ប្រវត្តិ​ វត្ត​សំពៅ​ប្រាំ នៅ​លើ​ភ្នំបូកគោ ខេត្តកំពត

វត្ត​សំពៅ​ប្រាំ ស្ថិត​នៅ​ទីខ្ពង់​រាប នៅ​លើ​ភ្នំបូកគោ ក្នុង​ខេត្ត​កំពត ដែល​សព្វថ្ងៃនេះ​បាន​ក្លាយ​ជា​កន្លែង​ទេស​ចរណ៏ សម្រាប់​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​មាន​ទេស​ភាព​ស្រស់​ស្អាត ហើយ​អ្នក​ដំណើរ​អាច​ទៅ​កំសាន្ត​ទីនោះ តាម​ផ្លូវ​ជាតិ​លេខ ៣ ពីភ្នំពេញ ទៅភ្នំបូកគោ មាន​ចម្ងាយ ១៨៩ គីឡូ​ម៉ែត្រ តែ​បើ​គិត​ពី​ផ្លូវ​កំពត-បូកគោ មាន​ចំនួន ៣២ គីឡូម៉ែត្រ។


ពី​ដើម​ខ្ពង់​រាប​បូក​គោ ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតិ​អ៊ឺរ៉ុប ដែល​ជា​អាណា​ព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រង់ស្វា-បូដ្វាំង ជារេ​ស៊ីដង់​សុប៉េរេ​យើ នៅ​ប្រទេស​កម្ពុជា​ បាន​ចាត់​កសាង ហើយ​សម្ពោធ​ផ្លូវ​ការ​កាលពី​ឆ្នាំ​១៩២៥ ក្នុង​រជ្ជកាល ព្រះបាទ​ស៊ីសុវត្ថិ។ កាលពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ជា​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ ព្រះមហា​ក្សត្រ​ខ្មែរ​យើង​ក៏ព្រះ​អង្គ ទ្រង់​ព្រះ​តំរិះ​ដល់​ព្រះ​ពុទ្ធិ​សាសនា​ភ្លាម​ដែរ គឺព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដែល​មាន​កូន​វិហារ​តូច​មួយ​នឹង​ចេតិយ​ឡើង​មួយ។


សំណង់​វត្ត​នេះ​តាំង​លើ​ដីខ្ពស់ ជា​កំពូល​ភ្នំដ៏មាន​ផែន​ថ្មធំៗ​នៅ​ពាស​ពេញ ចម្លែក​ជាងគេ គឺផែន​ថ្ម ជា​បន្ទះៗ មាន​ទំហំ​បណ្តោយ​ ១០​ម៉ែត្រ និង​កំពស់ ១០​ម៉ែត្រ។ ទ្រង់​ទ្រាយ​ផែន​ថ្មនេះ មាន​ភាព​សំប៉ែត​ខ្ពស់ ទ្រទុង​នៅ​តំរៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​សណ្ឋាន​ដូច​ជា​ក្តោង​សំពៅ​ត្រដាង។ ឃើញ​រូបភាព​នៃ​ផែន​ថ្ម​ទាំង​ប្រាំ​ផែន​នេះហើយ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុង​បើក​ក្តោង និង​ការ​កសាង​ក៏ត្រូវ​ធ្វើ​នៅ ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ទាំងពួង​ហៅ​ទី​នេះ​តាម​សន្មត់​ថា “វត្ត​សំពៅ​៕