Wednesday, July 12, 2017

រឿងរ៉ាវប្រវត្តិ “វត្តកំពង់ព្រះ” ខេត្តកំពង់ឆ្នាំង និងរឿងរ៉ាវទាក់ទងនឹងក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់


មានមនុស្សម្នាក់បានដំណាលរឿងរ៉ាវមួយចំនួន ដែលពាក់ព័ន្ធជាមួយភូមិសាស្ត្រ។ វត្តកំពង់ព្រះនោះគឺ …តំបន់ស្ថានីយ៍ឧត្តុនិយម និងធារាសាស្ត្រ របស់បុព្វបុរសដូនតាខ្មែរ តាំងពីរាប់ពាន់ឆ្នាំមកហើយ។ ទោះបី «បឹងទន្លេសាប» ក្លាយជាសមុទ្រទឹកសាបនៅរដូវវស្សា និងជន់លិចលង់តំបន់ ជុំវិញបឹងទន្លេសាបក៏ដោយ ក៏តំបន់វត្តកំពង់ព្រះ មិនលិចលង់ជន់ជោរដែរ។ពិសេសគឺ អណ្តូងបុរាណមួយ នៅជិតវត្តនោះ។ ប្រាសាទ និងវត្តកំពង់ព្រះនេះ គឺដូចគ្នានឹង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាបដែរ គឺជាស្ថានីយ៍ឧត្តុនិយមសម្រាប់តាមដាន កម្រិតទឹកឡើងស្រក ដើម្បីគ្រប់គ្រង ធនធានទឹកតាមរយៈការវាស់កម្រិតទឹក ក្នុងអណ្តូងបុរាណនោះ។
នៅមានរឿងចម្លែក២ទៀត វត្តកំពង់ព្រះ គឺជាកន្លែងដែលក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់មកសំចត និងរំលឹកគុណគ្រូ ព្រោះតំបន់នៅជិតវត្តអារាមនេះបន្តិច គេហៅថា «ក្រពើពុល» គឺក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់ពុលទឹកនៅទីនោះ។ វាហែលមកដល់វត្តកំពង់ព្រះ ទើបវាធ្វើពិធីរំលឹកគុណគ្រូ រួចទើបធ្វើដំណើរបន្តទៅទៀត។ ឯរឿងមួយទៀត គឺពាក់ព័ន្ធនឹងពាក្យថា«ឆ្នុកទ្រូ» ដែលកាលពីមុន គេហៅថា«ស្តុកគ្រូ» គឺបានន័យថា តំបន់នេះជាតំបន់លាក់ទុកគ្រូធំៗ នៅទីនេះច្រើនណាស់ ទើបគេហៅទីនោះថា «ស្តុកគ្រូ» តែចំណេរកាលក្រោយមក គេហៅថា«ឆ្នុកទ្រូ» វិញ ទៅតាមភូមិសាស្ត្រតំបន់ «ក-បឹងទន្លេសាប» ដើម្បីលាក់ទុកអាថ៌កំបាំង ប្រវត្តិសាស្ត្រមេឃដី របស់បុព្វបុរសខ្មែរយើង។
មានវត្តអារាម មានប្រាង្គប្រាសាទ គឺច្បាស់ជាមានភូមិស្ថាន មានប្រជាជនរស់នៅ។ បើមានប្រជាជនរស់នៅ ច្បាស់ជាមានគ្រូបាធ្យាយ សិស្សគុន អ្នកចេះដឹង និងអ្នកចម្បាំង កងទ័ព និងពលរេហ៍ជាមិនខាន។ នៅមានរឿងដំណាលជាច្រើនទៀត ដែលពាក់ព័ន្ធនឹងអណ្តូងបុរាណ ខ្សែទឹកក្នុងនិងខ្សែទឹកក្រៅ នៃបឹងទន្លេសាបជាប់មាត់ច្រាំងវត្តនេះ និងបារមីប្រាសាទស្រី ប្រាសាទប្រុស និងវត្តអារាម ដែលបុព្វបុរសយើងបានកសាងទុកតាំងពីមុនសម័យអង្គរទៅទៀត!!!…
សូមកុំភ្លេចរង់ចាំអានភាគបន្ត!



អត្ថបទដោយ៖  ក្រុមទេសចរខ្មែរ-Khmer Tourist កែសម្រួលដោយ៖ មនោ វិជ្ជា រូបថតដោយ៖ សុភា ទន្សាយ