Tuesday, October 11, 2011

មជ្ឈមណ្ឌលភូមិមួយផលិតផលមួយសុខអានទន្លាប់ ជាកន្លែង លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ពល​រដ្ឋ និង​ជម្រុញ​ការ​ផលិត


 ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយក ​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ បាន​ថ្លែង​ថា ឯកឧត្តម​នឹង​យក​ មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់​ នៅ​ក្នុង​ស្រុក​គីរីវង្ស​ ខេត្ត​តាកែវ​ជា​កន្លែង​ ដើម្បី​ជួយ​លើក​ស្ទួយ​ជី​វភាព​ប្រជាពលរដ្ឋ​ និង​ជម្រុញ​ការ​ផលិត​។​ សេចក្តី​ថ្លែង​អះអាង​របស់​ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន ​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​អំណោយនា​ព្រឹក​ថ្ងៃទី ៩ ខែ​តុលា ឆ្នាំ ២០១១ នៅ​ស្រុក​គីរីវង្ស​ ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៦៨០ គ្រួសារ មក​ពីបណ្តា​ឃុំមួយ​ចំនួន​ នៃ​​ស្រុក​គីរីវង្ស កោះ​អណ្តែត និង​បុរីជលសារ​ ខេត្ត​តាកែវ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​។​



          ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​ថា «ការ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជា​រឿង​មួយ​សម្រាប់​ជួយ​ដោះ​ស្រាយ​ការ​ លំបាក​ចំពោះ​មុខ តែ​អ្វី​ដែល​ខ្ញុំ​​គិត​គូរ​នោះ​គឺ​ការ​រក​វិធី​ជួយផ្គត់​ផ្គង់​លើក​កំពស់​ ជីវភាព​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​តាកែវ​ ដោយ​ឡែក​សម្រាប់​ស្រុក​គីរីវង្ស​​ឲ្យ​បាន​កាន់​តែ​ប្រសើ​រ​ឡើង​។ ព្រោះ​ក្រៅ​ពី​ការ​ផ្គត់​ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​គាត់​ត្រូវ​ការ​ថវិកា​ ដើម្បី​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ និង​ផ្គត់​ផ្គង់​​ដល់​កូនចៅ​ដែល​ចូល​រៀនថ្នាក់​មហាវិទ្យាល័យ​ផង​ដែរ»​។​

          ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​ចំណាយ​ថវិកា​​ប្រមាណ​ ៥០ ម៉ឺន​ដុល្លារអាមេរិក​ ដើម្បី​សាង​សង់​ មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់​ ព្រម​ទាំង​​ថវិកា​ជាង​ ១០ ម៉ឺនដុល្លារ​ទៀត​សម្រាប់​រៀប​ចំ​ គឺ​ក្នុង​គោល​បំណង​ចង់​ធ្វើ​ឲ្យ​​មជ្ឈម​មណ្ឌល​នេះ​​ក្លាយ​ជា​កម្លាំង​ជម្រុញ ​​មួយ​សម្រាប់​ការងារ​បង្ក​បង្កើន​ផល​ និង​ផលិត​ ដោយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចូល​លក់​ដូរ​មិន​យក​ថ្លៃ​ឈ្នួល​តូប​ និង​មិន​យក​ភាស៊ី ។​ ប៉ុន្តែ​កន្លង​មក​ក្រោយ​ពី​សាង​សង់​ហើយ​រយៈ​ពេល​ ៦ ខែ គ្មាន​មនុស្ស​ចូល​លក់​សោះ ដោយ​សារ​តែ​ការ​ចាញ់​ឃោសនា​របស់​ជន​មួយ​ចំនួន​ថា នឹង​យក​ថ្លៃតូប​ខ្ពស់​ពេល​ចូល​លក់​ ហើយ​ផ្សារ​ដំណើរ​ការ​ល្អ​។ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​បញ្ជាក់​ថា «នេះ​ជាពាក្យ​ភូត​កុហក»​។ គោល​បំណង​របស់​ឯកឧត្តម​ក្នុង​ការ​សាង​សង់​មជ្ឈមណ្ឌល​នេះ​​ គឺ​ដើម្បីជួយ​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជុំ​វិញ​។

ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ នឹង​បំពាក់​នូវ​ម៉ាស៊ីន​ ស្រាវ​សូត្រចំនួន​ ៣ គ្រឿង​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាកសិករ​ណា​ ដែល​ចិញ្ចឹម​ដង្កូវ​នាង​សម្រាប់​ផលិត​សូត្រ​​។ មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់​​​នេះ​មាន​រថយន្ត​សម្រាប់​ ជួយ​ដឹក​ជញ្ជូន​កសិផល​ ដែល​ប្រជាពលរដ្ឋ​ផលិត​បាន​ច្រើន​ ហើយ​គ្មាន​មធ្យោបាយ​ដឹក​ជញ្ជូន​យក​មក​ទី​ផ្សារ​ផង​ដែរ​​។


          ក្នុង​ផែន​ការ​លើក​កំពស់​ការ​ផលិត​សូត្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​ឲ្យ​ដឹង​ថា នៅ​ក្នុង ​១ ឆ្នាំ ប្រទេស​កម្ពុជា ត្រូវ​ការ​សូត្រ​ប្រមាណ ៤០០ តោន​ តែ​ការ​ផលិត​​ក្នុង​ស្រុក​ផ្គត់​ផ្គង់​បាន​ប្រមាណ​ ៥ តោន ប៉ុណ្ណោះ​ក្នុង​១ ឆ្នាំ ក្រៅ​ពី​នេះ​គឺ​ត្រូវ​នាំ​ចូល​ក្នុង​ ក្នុង ១ គីឡូ​ តម្លៃ​ប្រមាណ​ជាង​ ៥០ ដុល្លារ​។​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​ប្រសាសន៍ថា នៅ​ក្នុង​ស្រុក​គីរីវង្ស​អាច​ធ្វើ​ស្រែ​បាន​ ២ ឬ ៣ ដង​ក្នុង១​ ឆ្នាំ តែ​ប្រជាពលរដ្ឋ​ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​គឺ​អាច​បង្ក​បង្កើន​ផល ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​បាន​ ក្នុង​នោះ​គឺ​ដាំ​មន​​ និង​ចិញ្ចឹម​ដង្កូវ​នាង​ ដើម្បី​ផលិត​សូត្រ​។​ ប្រសិន​​បើ​កសិករ​ផលិត​សូត្របាន មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់ នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ ៥០ ដុល្លារ​ក្នុង ១ គីឡូក្រាម ហើយ​ឯកឧត្តម​នឹង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​នូវ​ថវិកា​ចំនួន​ ៥ ដុល្លារអាមេរិក​ផ្សេង​ទៀត​។ ប្រសិន​បើ​គ្រួសារ​ប្រជា​ពលរដ្ឋ​ណា​ដាំ​មន​បាន​ ១៥០០០ គុម្ភ ឯកឧត្តម​នឹង​ជួយ​នូវ​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​ ហើយ​ មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់​​ អាច​នឹង​ជួយ​ទិញ​ស្លឹក​មន​ថែម​ទៀត​ ក្នុង​តម្លៃ​ ៨០០ រៀល​ក្នុង​ ១ គីឡូក្រាម​ ដើម្បី​ផ្គត់​ផ្គង់​ដល់​អ្នក​ចិញ្ចឹម​ដង្កូវ​នាង​។

លោក ​ តឹក តុងលីម អភិបាល​ស្រុក​គីរីវង្ស​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ស្រុក​គី​រី​វង្ស​មាន​កន្លែង​ចិញ្ចឹម​ដង្កូវ​នាង​ ដើម្បី​ផលិត​សូត្រ​ចំនួន​ ៤ កន្លែង​ ហើយ​កសិក​រ​ដាំ​ដើម​មន​បាន​ចំនួន​ ៥០៣៣ គុម្ភ ដែល​បច្ចុប្បន្ន​អាច​បេះ​បាន​ចំនួន ជាង​ ១០០០ គុម្ភ ហើយ​។ នៅ​ឆ្នាំ​ ២០១២ ខាង​មុខ​នេះ​ស្រុក​ នឹង​ម្ចាស់​ការ​បណ្តុះ​កូន​មន​ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ជម្រុញ​បរិមាណ​នៃ​ការ​ផលិត​សូត្រ​ថែម​ទៀត​ផង​ដែរ​។


          សម្រាប់ មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់​​ក្រៅ​ពី​ទទួល​ទិញ​សូត្រ​ ក៏​នឹង​អាច​​ជួយ​ប្រមូល​ និង​រក​ទីផ្សារ​សម្រាប់​កសិផល​មួយ​ចំនួន ដូច​ជា ឆៃថាវ ស្លឹកគ្រៃ ខ្ញី ម្ទេស ...ផង​ដែរ​។​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​បញ្ជាក់ថា ឯកឧត្តម​មាន​គោល​បំណង​ធ្វើ​ឲ្យ​ មជ្ឈមណ្ឌល​​ភូមិ​មួយ​ផលិត​ផល​មួយសុខអាន​ទន្លាប់​នេះ​ ក្លាយ​ជា​កន្លែង​សម្រប​សម្រួល​រវាង​អ្នក​លក់​ និង​អ្នក​ទិញ​។​