Tuesday, October 11, 2011

ឡាន​អភិបាលរង​ខេត្ដសៀមរាប​ម្នាក់​បុក​ម៉ូតូ​​ខ្ទាត​ជាង​២០​ម៉ែត្រ​នគរបាល​ដេញចាប់​ផ្អើល​ពេញ​ក្រុង​



ដោយ​ ៖ ​ជា​ ស្រស់​ថ្ងៃទី 11-10-2011 ម៉ោង 09:11:36
​ខេត្ដសៀមរាប​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្ក​ឡើង ​ដោយ​រថយន្ដ​ម៉ាក​ Vigo របស់​អភិបាលរង​ខេត្ដសៀមរាប​ម្នាក់​បាន​បើក​បុក​ពីក្រោយ​ខណៈ​ដែល​ធ្វើ​ដំណើរ​ ស្រប​ទិស​គ្នា​ កាលពី​វេលា​ម៉ោង​២១​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​មុខ​ផ្លូវ​ចូល​បុរី​សៀង​ណាំ​ ក្នុងភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​
​តាម​ ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ពេល​យប់​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ ​ពណ៌​ខ្មៅ​ក្នុង​ទិស​ដៅ​ចូល​ក្រុង​សៀមរាប​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ដ​ម៉ា​កវី​ហ្គោ​ ពណ៌​ទឹកប្រាក់​ មួយ​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​បាន​បើក​មក​បុក​ម៉ូតូ​ពីក្រោយ​ខ្ទាត​ប្រមាណ​ ជាង​២០​ម៉ែត្រ​ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​ របួស​យ៉ាងដំណំ​។​ ប្រភព​បន្ដ​ថា​ បន្ទាប់​ពី​បើក​បុក​ម៉ូតូ​រួច​ហើយ​អ្នកបើកបរ​រថយន្ដ​ពុំ​បាន​ឈប់​ទេ​ដោយ​ បន្ថែម​ល្បឿន​ដើម្បី​ព្យាយាម​រត់គេច​ពី​ការ​ទទួលខុសត្រូវ​ ។​
​ មន្ដ្រី​នគរបាល​ចរាចរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បើក​រត់​ឡាន​នេះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​អន្ដរាគមន៍​ដេញ​ ស្ទាក់​ចាប់​បាន​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ម្ដុំ​ភោជនីយ​ ដ្ឋា​ន​ហ្គ្រី​ន​ស៊ូ​គី​ស៊ុប​។​ ប្រភព​បន្ដ​ថា​ អ្នកបើកបរ​មាន​លក្ខណៈ​ស្រវឹង​និយាយ​ស្ដាប់​គ្នា​មិន​បាន​ទេ​នា​ពេល​នោះ​ ។​
​ ប៉ុន្ដែ​បើ​ទោះជា​យ៉ាងនេះ​ក្ដី​ មន្ដ្រី​នគរ​បាល​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា​ អ្នក​បើកបរ​ជា​អ្នក​ណា​នោះ​ដោយ​គ្រាន់​ តែ​ប្រាប់​ឱ្យ​ដឹង​ថា​ រថយន្ដ​នេះ​មាន​ម៉ាក​តូ​យ៉ូ​តា​ វី​ហ្គោ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2K-9929​ ។​ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​រី​ ដេ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រង​របួសធ្ងន់​ត្រង់​ក្បាល​ឥឡូវ​នេះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​
​ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ​ មន្ដ្រី​នគរបាល​ការិយាល័យ​អន្ដ​រាគ​មន៍​ម្នាក់​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​នគរបាល​ចរាចរ​មិន​បង្ហាញ​អត្ដសញ្ញាណ​អ្នកបើកបរ​នោះ​ ព្រោះ​ឡាន​នោះ​ជា​របស់​លោក​សង់​ រី​ហា​ អភិ​បាល​រង​ខេត្ដសៀមរាប​។​ ប៉ុន្ដែ​គេ​មិនដឹង​ថា​ នៅ​ក្នុង​ហេតុការណ៍​នោះ​លោក​អភិ​បាល​រង​មាននៅ​ក្នុង​រថយន្ដ​នោះ​ឬ​ក៏​អត់​ នោះ​ទេ​ ?
​នៅ​រសៀល​ថ្ងៃ​ទី​១០​ តុលា​នេះ​ លោក​សង់​ រី​ហា​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​៕​