Tuesday, October 11, 2011

ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទ​បាគង​២៧៨​គ្រួសារ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ទទួល​បាន​​អំណោយ​ឧបត្ថម្ភ​



សៀមរាប​ ៖ ​ប្រជាពលរដ្ឋ​ចំនួន​២៧៨​គ្រួសារ ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​គឺ​ឃុំ​ក​ណ្តែ​ក​និង​ឃុំ​រលួស​ នៃ​ស្រុក​ប្រាសាទបាគង​ ដែល​ជួប​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ជា​អង្ករ​ និង គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​មុខ​ទៀត ​ពី​អង្គការ​ការី​តាស​កម្ពុជា​។

អំណោយ​ទាំងនេះ​ត្រូវបាន​ប្រគល់​និង​ចែកជូន​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១១ នៅ​បរិវេណ​សាលាស្រុក​ប្រាសាទបាគង ក្រោម​អធិបតីភាព​លោក ស៊ូ ភិរិន្ទ ទីប្រឹក្សា​ផ្ទាល់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោកស្រី បែក​ណា បែក​គ្លី​ស អ្នកសម្របសម្រួល​អង្គ​ការ​ការី​តាស​កម្ពុជា ។

អភិបាលស្រុក​ប្រាសាទបាគង​លោក ភូ សំអាត បានអោយដឹងថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រា សាទ​បាគង​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទទួលបាន​អំណោយ​ចំនួន​បី​លើក​ហើយ​ដែល​លើកទីមួយ​ក្រុម​ការ ងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ប្រាសាទបាគង បាន​នាំយកទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ ឃុំ​កំពង់​ភ្លុក ចំនួន៦០គ្រួសារ។ លើក​ទី​ពីរ​ទទួលបាន​ពី​សប្បុរសជន​ដែលជា​ជនជាតិ​ស្វី​សលោក អ៊ី​ន​រី​កូរ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន៤០០គ្រួសារ​ក្នុង​ឃុំ​ចំនួន៣គឺ​ឃុំ​រលួស២០០គ្រួសារ ឃុំ​មានជ័យ១០០គ្រួសារ​ឃុំ​ត្រពាំង​ធំ១០០គ្រួសារ និង​លើក​ទី​បី​គឺ​ផ្តល់ជូន​នៅពេលនេះ​ផ្ទាល់​តែម្តង ។
លោក​អភិបាលស្រុក​បាន​បន្តថា​ចំពោះ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ ​ដីក្រហម ដីសរ ចំនួន១៣ខ្សែ​ស្មើ១៥កន្លែង​ប្រវែង៣១០ម៉ែត្រ​នៅក្នុង ឃុំ​ចំនួន៥គឺ​ឃុំ​ក​ណ្តែ​ក បា​ល័​ង្ល រលួស បាគង មានជ័យ និ​ស្រូវ​ខូច​ទូទាំង​ស្រុក១៤៧៨ហិកតា និង​ដំណាំ​ហូប​ផ្លែ និង​ដំណាំផ្សេង១៣២ហិកតា ។

លោកស្រី បែក​ណា បែក​គ្លី​ស បានអោយដឹងថា អង្គការ​របស់លោក​ស្រី​តែងតែ​ធ្វើ​សកម្មភាព មនុស្សធម៌​ជាពិសេស​លើ​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​ធម្មជាតិ ព្រមទាំង​អនុវត្តិ​លើ​ការងារ​កុមារ ស្ត្រី ជាពិសេស​អ្នក​ផ្ទុកមេរោគ​អេដស៍ ។ លោកស្រី​បាន​បន្តថា អង្គការ​ការី​តាសក​ម្ពុ​ជា​និង​បន្ត​ការសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ គ្រប់លំដាប់​ថ្នាក់ ដើម្បី​អនុវត្ត​ទៅលើ​គម្រោង​ទាំងអស់នេះ​អោយបាន​សម្រេច​ជោគជ័យ ។ លោកស្រី​បាន​បញ្ជាក់ថា លោកស្រី​និង​ក្រុមការងារ​នឹង​បន្ត​កិច្ចការ​ទាំងនេះ​បន្តទៀត​នៅ​ខេត្តសៀមរាប ជាពិសេស​តាម​បណ្តា​ស្រុក​មួយចំនួន​ដែល​នៅ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្ត ។

អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​នាពេលនេះ​ក្នុង​មួ​យួ​គ្រួសារ​ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ មួយ​យួរ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករស សាប៊ូដុំ សាប៊ូម្សៅ ថ្នាំ​ក្ល​រ៉ា​មីន និង​ថវិការ១ម៉ឺន​រៀល​ផងដែរ ។
ចំណែក​អភិបាលខេត្ត​សៀមរាប​លោក ស៊ូ ភិរិន្ទ បាន​មានប្រសាសន៍​លើកឡើងថា ក្នុងនាម អាជ្ញាធរខេត្ត​សូម​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​ការី​តាស​កម្ពុជា ដែល​បាន​នាំនូវ​អំណោយ​ទាំងអស់នេះ ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ។ លោក​អភិបាលខេត្ត​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​និង​ទឹកទន្លេ​សាប នៅ​ខេត្តសៀមរាប​មាន​ចំនួន១២០០០គ្រួសារ ហើយ​បញ្ហា​នេះ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់​ជា​អង្ករ​និង​ថវិការ​យ៉ាងច្រើន​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ដោយ​ក្នុងនោះ​មួយចំនួន​ត្រូវបាន​ប្រគល់ជូន​រួចហើយ និង​មួយចំនួនទៀត​គ្រោង​នឹង​បន្ត​ផ្តល់ជូន​នាពេល​ខាងមុខនេះ។ លោក ស៊ូ ភិរិន្ទ បាន​បញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខូចខាត​ស្រូវ សន្ទូង​នោះ​ខាង​ខេត្ត បាន​ត្រៀម​រួចហើយ​ក្នុងនោះ​ត្រៀម​ស្រូវពូជ​ចំនួន១៥០តោន ដើម្បី​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ៕​
ហម សំបូរ