Tuesday, May 1, 2012

សម្តេច​តេជោ​ទទួល​ជួប​ឯក​អគ្គរាជ​ទូត​ទី១ នៃ​ប្រទេស​កូវ៉ែត​ប្រចាំ​កម្ពុជា​


សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នា ​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ ២០១២​ បាន​ស្វាគមន៍​ចំពោះ ការបើក​ស្ថានទូត​ប្រទេស​កូវ៉ែត​ប្រចាំនៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដោយ​ចាត់​ទុក​​ថា នេះ​ជា​កិច្ច​ការ​អច្ឆរិយៈ​មួយព្រោះ​ថា នេះ​ជាស្ថាន​ទូត​លើក​ដំបូង របស់ប្រទេស​​កូវ៉ែត​ដែល​បាន​បើក​នៅ​កម្ពុជា​​។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យដឹងថា ជា​មួយ​នឹង​ការ​​អបអរ​ចំពោះ​ឯកឧត្តម Dherar Naser Al Tuwaijri ដែល​ត្រូវបាន តែង​តាំង​ជា​ឯកអគ្គរដ្ឋរាជ​ទូត​កូវ៉ែត​​ប្រចាំ នៅ​កម្ពុជា​ សម្តេចតេជោ​ មាន​ប្រសាសន៍ផ្តល់​ជា​អនុសាសន៍​​ថា អ្វីដែល​ជា​កិច្ចការ​សំខាន់​នោះ គឺត្រូវ​ពិនិត្យ​មើល​អ្វីដែល បាន​ចុះហត្ថ​លេខា​រួម​ជាមួយ​គ្នា រួចហើយ​នាពេល​កន្លងមក​រវាង​កម្ពុជា-កូវ៉ែត ដោយធ្វើ​យ៉ាង​ណាជំរុញ​ការងារ ដែល​បានចុះហត្ថ​លេខារួច​នោះឲ្យមាន​ដំណើរ​ការទៅមុខ។

ក្នុង​ឱ​កាស​ចូល​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​តេជោនា​យករដ្ឋមន្រ្តី​ ឯកឧត្តម​ Dherar Naser Al Tuwaijri បាន​​​សម្តែង​នូវការ​អបអរ​សាទរជូន​ចំពោះ​ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ​ដែល ​បានដឹកនាំ​កិច្ច​ប្រជុំ​អាស៊ាន​ក្នុងឋានៈ ជា​ប្រធាន​អា ស៊ាន​បាន​ទទួល ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ និង​បាន​សម្តែង​នូវការ​គោរព និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ ដឹក​នាំ​ដ៏ឈ្លាស​វៃ របស់ សម្តេច​តេជោ ហ៊ុន សែន ផងដែរ។

ឯកឧត្តម​ Dherar Naser Al Tuwaijri មាន​ប្រសាសន៍​ថា រូប​លោក មានកិត្តិ​យស​ណាស់ ដែលត្រូវ បាន​តែងតាំង​ជា​ឯកអគ្គរាជ​ទូត​ ទី​១ នៃ​ប្រទេសកូ​វ៉ែត​ ប្រចាំនៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ថ្លែង​បន្តថា ដំណើរ​ទស្សន​កិច្ចរបស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​ប្រទេស​កូវ៉ែត​កាល​ពីពេល​កន្លង​ទៅបាន​កសាង​នូវ មូលដ្ឋាន​គ្រឹះដ៏ល្អ​បំផុត សម្រាប់​ទំនាក់​ទំនង រវាង​ប្រទេស​ទាំងពីរ​ ដែល ក្នុង​បេសក​កម្មការ​ទូត​នៅ​កម្ពុជា​នេះ លោក​នឹងខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ធ្វើ យ៉ាង​ណាពង្រីក​និង​ពង្រឹង​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ នេះ​ឲ្យកាន់​តែរីក​ធំធាត់​ថែមទៀត៕