Tuesday, May 1, 2012

សម្តេចតេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​ក្នុង​មិទ្ទីញ​អបអរ​ខួប​លើក​ទី​១២៦​ទិវា​ពល​កម្ម​អន្តរជាតិ​



នៅ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១២​ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​មិ​ទ្ទីញ អបអរ​សាទរ​​ខួប​លើក​ទី ១២៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ ២០១២ ដែល​ប្រព្រឹត្តទៅ​នៅ​ម​ជ្ឈមណ្ឌល​សន្និបាត និង​​ពិព័រណ៍​កោះ​ពេជ្រ ដែល​មាន​តំណាង​សហព័ន្ធ​សហជីព សហជីព​តាម​រោងចក្រ សហគ្រាស​នានា​តាម​រាជធានី ខេត្ត កម្មករ កម្មការិនី​តាម​រោងចក្រ សមាគម​បុគ្គលិក​សិក្សា​ព្រមទាំង ភ្ញៀវកិត្តិយស​សរុប​​ជាង​ ៤០០០នាក់ចូលរួម​។


​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​គឺជា​ការ រំលឹក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ចលនា​កម្មករ​អន្តរជាតិ ដែល​បាន​តស៊ូ​បង្កើត​នូវ​បទដ្ឋាន​ការងារ សមស្រប​ទុកជា​កេរដំណែល​សម្រាប់​សង្គម​ជាតិ​យើង​រហូតដល់​សព្វថ្ងៃ។ សេចក្តី​ប្រកាស​ព័ត៌មាន​​បញ្ជាក់​ថា ​ទិវា​ពល​កម្ម​អន្តរជាតិ ១ ឧសភា ត្រូវបាន​យកចិត្តទុកដាក់​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក​ម្លេះ។មក ដល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី ១ ឧសភា​ជា​ថ្ងៃបុណ្យ​ការងារ និង​ជា​ថ្ងៃ ឈប់សម្រាក​ជា​ផ្លូវការ​សម្រាប់​មន្ត្រីរាជកា​រ កម្មករនិយោជិត។ ការ​ប្រារព្ធ​ខួប​លើក​ទី ១២៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំនេះ​ស្រប​ពេល​ដែល​សភាពការណ៍​ប្រទេស​កម្ពុជា​កំពុង​បន្ត​រីកចម្រើន​លើ​ គ្រប់​វិស័យ​ក្នុង​ការ អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ២ របស់​រាជរដ្ឋាភិបាល​ទទួល​បាន​ផ្លែផ្កា​ជា​បន្តបន្ទាប់ និង ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ទើបនឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការរៀបចំ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​នា ដើមខែ​មេសា ឆ្នាំ ២០១២ កន្លងមក ដែល​នេះ​ជា​មោទនភាព​ជាតិ​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ហើយក៏​ជា​ឆ្នាំ ដែល​កត់សម្គាល់​ឃើញ​ថា កម្មករ និយោជិត​បាន​គាំទ្រ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ចូលរួម​ជាមួយ​ន​យោជក បង្កើត​កម្មវិធី​កំសាន្ត​សប្បាយរីករាយ​តាម​រូបភាព​ជាច្រើន​ដូចជា ជប់លៀង រាំ កំសាន្ត ធ្វើដំណើរ​កំសាន្ត ឬ​ឈប់​សម្រាក​លំ​ហែ​​ជាដើម។

ផ្សារភ្ជាប់​នឹង​ព្រឹត្តិការណ៍​នៃការ​រំលឹក​​ខួប​លើក​ទី ១២៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ឆ្នាំ ២០១២ នេះ​ សេចក្តី​ប្រកាស​​ព័ត៌មាន​លើក​ឡើង​​ថា កន្លងទៅ​ក​ម្ពូ​ជា​យើង​ទោះបីជា​ប្រឈម​នឹង​បញ្ហា​លំ បាក​​មួយ​ចំនួន និង​ផល​ប៉ះពាល់​មួយ​ចំនួន ដោយ​គ្រោះ​មហន្តរាយ​នានា​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន ខិតខំ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ជាច្រើន ដើម្បី​បន្ត​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច រក្សា​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ជាង ៧% និង​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរ សាធារណការ ការដ្ឋាន​វិនិយោគ​សាធារណៈ បាន​បន្ត​រីកចម្រើន​ឥត​ឈប់​ឈរ។

តាម​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សហគ្រាស​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុ​ជា​មាន​សហ គ្រាស​ធុន​តូច និង​មធ្យម​សរុប​ចំនួន ៥០៥ ១៣៤ ដែល​ផ្តល់​ការងារ​សរុប ១ ៦៧៦ ២៦៣ នាក់​ក្នុង​នោះ ស្ត្រី​ចំនួន ១ ០២៦ ០៨៤ នាក់។ដោយឡែក​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​​សម្លៀក​បំពាក់ និង​ផលិត​ស្បែក ជើង​គិត​មកដល់​ឆ្នាំ ២០១១ មាន​រោងចក្រ​ចំនួន ៥៨៩ កើន​ប្រមាណ ៨០ រោងចក្រ​ធៀប​នឹង​ឆ្នាំ ២០១០ និង​មាន​កម្មករ និយោជិត​ចំនួន ៤០៦ ២៣៦ នាក់​ដោយ​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ​ជាង ២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងមួយខែៗ ព្រមទាំង​បាន​បង្កើត​មុខរបរ​ប្រយោល​បន្ថែម​ដូចជា ផ្ទះ​ជួល លក់​ម្ហូបអាហារ ដឹកជញ្ជូន  ដល់​ប្រជាជន​ប្រមាណ ២ លាន​នាក់។តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល ផ្នែក​កាត់​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​បាន​កើន​ឡើង​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ ដោយ​ឆ្នាំ ២០១១ នេះ មាន​ចំនួន​ជាង ៤.៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ទន្ទឹម​នេះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សិទ្ធ​សេរីភាព របស់​ប្រជាពលរដ្ឋ​ត្រូ​វបាន​ពង្រឹង និង​ពង្រីក​ស្របតាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិ​ប្រជាធិបតេ​យ្យ។ សិទ្ធិ​​បង្កើត​អង្គការ​វិជ្ជាជីវៈ​បាន​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ ដែល​ជា​រួម​សមិទ្ធផល​ទាំង​អស់​នេះ បាន​រួម​ចំណែក​ក្នុង​សមិទ្ធផល​របស់​ជាតិ ប្រការ​នេះ​បង្ហាញ​ពី​គោលនយោបាយ​ត្រឹមត្រូវ​របស់​គណបក្ស ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​ផង​ដែរ។

សេចក្តី​ប្រកាស​​ព័ត៌មាន​បាន​បញ្ជាក់​​ថា បងប្អូន​កម្មករ កម្មការិនី​ក៏ដូចជា ប្រជាជន​កម្ពុជា មាន​ជំនឿ​ជាក់​ដោយ​ក្តី​មោទនភាព​ខ្ពស់​ចំពោះ​គុណូបការៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន ដឹកនាំ​ប្រទេសជាតិ​នាំមក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន និង​កម្មករ និយោជិត​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់៕