Tuesday, May 1, 2012

សម្តេចតេជោ​ស្នើ​ឲ្យភាគី​ថៃ​បញ្ឈប់​ការ​បាញ់​សម្លាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​ចូល​ក្នុង​ដីថៃ​ខុស​ច្បាប់


តាម​រយៈ​ឯកឧត្តម​​ យ៉ុង​យុទ្ធ វិឆៃ​ឌី​ត ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ ព្រះរាជាណាចក្រ​ថៃ ​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន ​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ការ​បាញ់​សម្លាប់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​​ ចូលក្នុង​ដី​ថៃ​ខុសច្បាប់​ ​ ដោយ​ត្រឹមតែ​ធ្វើ​ការ​ចាប់ខ្លួន​ ហើយ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ទៅ​បាន​ហើយ។​

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុងសវនាការ​​នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១២​​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់ ​អនុសាសន៍ ឲ្យ​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​អាជ្ញាធរ នៅតាម​ព្រំដែន​សហការ​គ្នា​ទប់ស្កាត់ បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការរត់ពន្ធ​គ្រឿងញៀន ជាពិសេស​គឺ ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ ដែល​សម្តេច​តេ​ជោ​បាន ​គូស​បញ្ជាក់ថា ករណីនេះ​វា​អាច​មាន ២ ប្រភេទ។ ប្រភេទ​​ទី​១ ប្រជាជន​ស្លូតត្រង់​ធម្មតា​ដែល​ដើរ​បោច​វ​ល្លិ៍ រក​អុស ដែល​ពុំ​ស្គាល់​ព្រំប្រទល់​ច្បាស់លាស់​ ឯ​ប្រភេទ​ទី ២ គឺជា​ក្រុម ដែលមាន​ការចាត់តាំង​ត្រឹមត្រូវ អំពី​មេខ្លោង​ ដែល​បាន​ប្រើប្រាស់​ប្រជា​​ជន​ស្លូតត្រង់​​ឲ្យ​កាប់​ឈើ ដែល​ករណីនេះ​សម្តេចនាយក​រដ្ឋ មន្ត្រី​បានស្នើ​សុំ​ឲ្យ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​បាញ់សម្លាប់​ដល់​ ជនស្លូតត្រង់ ជាពិសេស​ប្រជាជន​ដែល ត្រូវបាន​ប្រើប្រាស់​ឈ្មួញ​ដើម្បី​កាប់​ឈើ​ឬ​បោច​វ​ល្លិ៍​នោះ ដោយ​ត្រឹមតែ​ចាប់ខ្លួន​​អនុវ​ត្ត​តាម​ច្បាប់ តែប៉ុណ្ណោះ។

ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹងថា ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ យ៉ុង​យុទ្ធ វិឆៃ​ឌីត បាន​មាន​ប្រសាសន៍​គោរព​ពាំ​នាំ​នូវ​ពាក្យ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង បាន​គោរព​រាយការណ៍​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​អំពី​កិច្ចពិភាក្សា​យ៉ាង​ស៊ីជម្រៅ​រវាង​រូបលោក​ជាមួយ​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើ​ទិសដៅ​ដែល​សម្តេច​តេ​ជោ និង​លោកជំទាវ យី​ង​ឡាក់ ​បាន​ដាក់​ចេញ​គឺ​ការ​ជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ធំ ឡើងៗ។

ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​យ៉ាង​ស៊ី ជម្រៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទិសដៅ​ដែល​បានដាក់​ចេញ ហើយ​សម្តេច​តេ​ជោ​ បានផ្តល់​អនុសាសន៍​ទៅលើ បញ្ហា​នេះ ដោយ​ធ្វើ​យ៉ាងណា​សហការគ្នា ​ជំរុញ​ធ្វើការ​កែប្រែ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​សន្តិភាព មិត្តភាព កិច្ច​សហ​ប្រតិបត្តិការ និង​​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ​ឲ្យ​បាន​កាន់តែ​ធំ​ឡើង តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់​ប​ង្កើ​ន​កិច្ចសហប្រតិបត្តិការ​រ​វាង​ អាជ្ញាធរ និង​ប្រជាជន​នៅតាម​ព្រំដែន ហើយ​បានស្នើ​ឲ្យ​មានការ​ពិ​និត្យ​មើល​ច្រកព្រំដែន ដែលមាន​ច្រក​ខ្លះ​បើក​ត្រឹមតែ ២ ឬ ៣ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​មួយ​សប្ដាហ៍​ ។ ក្នុងករណី​ដែល​អាច​បើក​ជា​រៀងរាល់ថ្ងៃ​បាន​នោះ​ សម្តេច​តេ​ជោ​ បាន ​មាន​ប្រសាសន៍​បញ្ជាក់​ថា គឺជា​កត្តា​មួយ​ដែល​អាច ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ហើយ​​អាជ្ញាធរ​ខេត្ត​នៅតាម​ព្រំដែន​អាច ពិនិត្យមើល ដោយ​​លើក​បញ្ហា​នេះ​ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ពិនិត្យមើល។

សម្តេច​តេ​ជោក៍​បានស្នើ​ឲ្យ​មានការ​ពិភាក្សា គ្នា​រវាង​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំងពីរ​ នៅពេល​ដែលមាន​បញ្ហា​អ្វីមួយ​កើតឡើង​នៅតាម​ព្រំដែន គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​កម្ទេច​ភ្លើង​មួយ​ក្លាយទៅជា​ភ្លើង​បាន​។ សម្តេច​តេជោ​​​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ឲ្យ​ភាគី​ថៃ​ពិនិត្យមើល​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ជាពិសេស​តាម​ព្រំដែន​លើ​វិស័យ​សុខមាលភាព និង​ការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​គ្រុន​ចាញ់ ដែល​ប្រទេស​ទាំងពីរ​កំពុង​តែជួបប្រទះ ។ ឯកឧត្តម​ យ៉ុង​យុទ្ធ វិឆៃ​ឌី​ត បាន​ទទួលយក អនុសាសន៍​ទាំងស្រុង​របស់​​សម្តេច​តេជោ​  ហើយ ​ឯកឧត្តម យ៉ុង​យុទ្ធ វិឆៃ​ឌី​ត ​បាន​គូស​បញ្ជាក់ថា ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សុខភាព​នេះ ឯកឧត្តម​​នឹង​លើក ឡើង​នៅក្នុង​គណៈរដ្ឋមន្ត្រី​ថៃ​ ៕