Sunday, August 5, 2012

លោក​ទិ​ត​សុធា​៖ ការរួបរួម​គ្នា​ដោយ​ក្រុម​ដែលមាន​កម្លាំង​ខ្សោយ ទាញ​ទម្លាក់​ការរួបរួម​គ្នា​នោះ​ឲ្យ​រឹតតែ​ខ្សោយ​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​អំពី​គម្រោង របស់​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ ខណៈដែល​ចលនា​បាន​កំពុង​អន្ទង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្មាន​អ​សនៈ​ក្នុង​រដ្ឋសភា ឲ្យ​ចូលរួម​នៅក្នុង​ចលនា​នោះដែរ​ក៏ដោយ​។​

​ជា​ប្រតិកម្ម​តប លោក ទិ​ត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការបង្រួបបង្រួម​គណ​បក្សនយោបាយ ជា​សិទ្ធិ​របស់​អ្នក​យោ​បាយ ក៏ប៉ុន្តែ​គណបក្សនយោបាយ​ដែល​បម្រុង​នឹងចូលរួម ក្នុង​ចលនា​គណបក្សប្រឆាំង​ទាំងពីរ​ហ្នឹង សុទ្ធតែជា​គណបក្ស​ចុះខ្សោយ​បំផុត គឺ​មិនមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ សូម្បី​គណបក្សប្រឆាំង​ទាំងបី​នោះ ក៏​ខ្វះ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ផងដែរ សម្រាប់​គណបក្ស​ដែល​រួមគ្នា​នោះ គ្មាន​អី្វ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​ព្រួយបារម្ភ​ទេ​។​

​លោក ទិ​ត សុធា បាន​មានប្រសាសន៍ថា “​ទោះបីជា​មានការ​រួបរួម​គ្នា ក៏ប៉ុន្តែ​ជាការ​រួបរួមគ្នា​ដោយ​ក្រុម​ដែលមាន​កម្លាំង​ខ្សោយ ធ្វើ​ឲ្យ​ទាញ​ទម្លាក់​ការរួបរួម​គ្នា​នោះ​ឲ្យ​រឹតតែ​ខ្សោយ​ថែមទៀត​”​។​

​លោក គង់ ប៊ុនធឿន ប្រធាន​គណបក្ស​ចលនា​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹងថា ខាង​ក្រុមការងារ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បានធ្វើការ​ទំនាក់ទំនង​មក​ខាង​លោក​រួចហើយ ប៉ុន្តែ​នៅ​មិនទាន់​លម្អិត​ពី​ការងារ​ដែល​ត្រូវ​ជួបគ្នា​នោះ​នៅឡើយ​ទេ​។ 

​លោក​បាន​បញ្ជាក់ថា “​គោលជំហរ​របស់ខ្ញុំ គឺ​នឹង​រួបរួម​ជាមួយ​ចលនា​អ្នកប្រជាធិបតេយ្យ ពីព្រោះ​គណបក្ស​ខ្ញុំ ជា​ចលនា​គណបក្ស​ប្រជាធិបតេយ្យ​ស្រាប់​។ ការរួបរួម​នេះ ដោយ​ខ្ញុំ​សម្លឹង​ឃើញថា ប្រជាពលរដ្ឋ​ទាំងអស់​ស្រឡាញ់​ការរួមសាមគ្គីគ្នា មិន​ចង់​មានការ​បែកបាក់ គឺ​សុំ​ឲ្យ​ខ្មែរ​រួបរួម​ជាតិខ្មែរ​តែមួយ មិន​ឲ្យ​មានការ​បែកបាក់​សាមគ្គី​គ្នា ហើយដោយ​សារ​លោក កឹម សុខា និង​លោក សម រង្ស៊ី គាត់​បាន​បង្រួបបង្រួម​គ្នា​ទៅហើយ វា​ត្រូវ​ទៅនឹង​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ និង​មនសិការ​របស់​គណបក្ស​ចលនា​ប្រជាធិបតេយ្យ ចង់បាន​ការរួបរួម​ជាតិ​មួយ ដើម្បី​ឲ្យ​ឆ្ពោះទៅរក​ការឯកភាព​ជាតិ​មួយ ឲ្យ​បាន​ដំណើរ​ការល្អ​”​។​

​លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ អនុប្រធាន​នៃ​ចលនា​ប្រជា​ធិ​តេ​យ្យ​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​បញ្ជាក់ថា គោលការណ៍​របស់​ចលនា​ប្រជា​ធិ​តេ​យ្យស​ង្គ្រោះ​ជាតិ ស្វាគមន៍​ដោយ​ការចូល​រួបរួមគ្នា​ទាំងអស់គ្នា ក៏ប៉ុន្តែ​មកដល់ពេលនេះ លោក​មិនទាន់បាន​ជួបពិភាក្សា ជាមួយ​តំណាង​គណបក្ស​ចលនា​ប្រជា​ធិ​តេ​យ្យ​នៅឡើយ​ទេ តែ​នឹងមាន​ពេល​វ​លា​សមរម្យ ដើម្បី​ជួប​ជជែក​គ្នា​ពេល​ឆាប់ ហើយ​មកដល់ពេលនេះ​មាន​គណបក្ស​មួយចំនួន ដែល​ធ្លាប់បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​កន្លងមក និង​គណបក្ស​ខ្លះទៀត​មិនទាន់បាន​ចូលរួម​ក្នុងការ​បោះឆ្នោត សុទ្ធ​តែមាន​គម្រោង​ចូលរួម​ជាមួយ​ចលនា​ប្រជា​ធិ​តេ​យ្យស​ង្គ្រោះ​ជាតិ នាពេលខាងមុខ​៕