Sunday, August 5, 2012

សាសនា​ឥស្លាម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​ចំពោះ​អស់លោកអ្នក​ម្តងទៀត ចំពោះ​ការឆ្លើយតប​នឹង​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​អាន​អ្វីដែល​លោកអ្នក​ផ្ញើមក​ខ្ញុំ ហើយ​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​ប្រាស្រ័យ ទាក់ទង​ជាមួយ​អ្នកមាន​ភាព​វៃឆ្លាត​និង​មានការ​ចង់ដឹង​។ សូម​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov ។​

​នៅពេលនេះ អ្នក​កាន់សាសនា​ឥស្លាម​នៅ​ទូទាំង​សាកលលោក​អបអរ​ខែ​បុណ្យ​រ៉ា​ម៉ា​ដាន (Ramadan) តាម​សាសនា​របស់គេ ហើយ​លោកអ្នក​ជាច្រើន​បាន​សួរ​ខ្ញុំ​ថា តើ​នៅ​សហរដ្ឋអាមេរិក​មាន អ្នក​កាន់សាសនា​ឥស្លាម​ដែរឬទេ​? ជនជាតិខ្មែរ​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​ពេល​លឺថា ឥស្លាម​គឺជា សាសនា​ធំ​មួយ​ដែល​គេ​ប្រតិបត្តិ​នៅ​សហរដ្ឋអាមេរិក​។ 
​ដោយសារ​សាសនា​ឥស្លាម​មាន​ចំណែក​មួយ ទាំង​ក្នុងសង្គម​កម្ពុជា ទាំង​ក្នុងសង្គម​អាមេរិក ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ចូលរួម​ក្នុង​ការអបអរ​បុណ្យ រ៉ា​ម៉ា​ដាន​តាំងពី​ឆ្នាំ ២០០៣ មក​។ យើង​ថែមទាំង​បានរៀបចំ​ពិធី​អបអរ​បុណ្យ​រ៉ា​ម៉ា​ដាន​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ​។​
​នៅ​ប្រទេស​កម្ពុជា​ក៏មាន​អ្នក​កាន់សាសនា​ឥស្លាម​ច្រើន​គួរសម​ដែរ​។ 

​តាមពិតទៅ ស្ថានទូត​របស់​យើង​មានសំណាង​ដោយបាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា ហើយ​ជួយ​គេ​នៅពេល​យើង​អាចជួយ​បាន​។ អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា​បាន​រស់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​នៃ​ពួក​ខ្មែរក្រហម ហើយ​សព្វថ្ងៃនេះ គេ​ប្រតិបត្តិ​សាសនា​ឥស្លាម​ដោយ​ចំហ ដោយ​មិន​ខ្លាច​ការធ្វើ​បាប​។ សហគមន៍​របស់គេ​កំពុងតែ​រីកធំឡើង ហើយ​គេ​កំពុងតែ​រួមចំណែក​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​អោយមាន​ភាពប្រសើរឡើង​។ ពិតមែនតែ​សាសនា​ឥស្លាម​របស់គេ មិនមែនជា​សាសនា ដែល​ប្រតិបត្តិ​ដោយ​មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី តែ​គេ​ទទួលបាន​ការអត់ឱន ដែល​នេះ បង្ហាញ​ពី​ការអភិវឌ្ឍន៍​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​រប​ស់​ប្រទេស​កម្ពុជា​។​

​ខ្ញុំ​បាន​ចូលរួម​ពេញលេញ​ជា​លើកដំបូង​ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន នៅពេល​ខ្ញុំ​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​ព្រុយ​ណេ​។ វា​ជាការ​ប្រសើរ​ណាស់​ដែល​បានឃើញ​ដោយផ្ទាល់​នូវ​ការ​ឧទ្ទិស និង​ចិត្តសប្បុរស​នៅ​រដូវ​បុណ្យ​នេះ​។ រ៉ា​ម៉ា​ដាន​គឺជា​ពេលវេលា​យ៉ាងសំខាន់​សំរាប់​អ្នក​កាន់សាសនា​ឥស្លាម ពីព្រោះ​វា​ជា​ពេលដែល​គម្ពីរ​កូ​រ៉ា​ន​ត្រូវបាន​គេ​បង្ហាញ​ជា​លើកដំបូង​។ 
​វា​ជា​ខែ​ដែល​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់ រួមទាំង​ជនជាតិ​អាមេរិក​កាន់សាសនា​ឥស្លាម​រាប់លាន​អ្នកផង ធ្វើការ​ថ្វាយបង្គុំ​សុំ​ការណែនាំ និង​ការលើក លែង​ទោស​ចំពោះ​អំពើ​បាប​កន្លងមក​។ គេ​ដឹង​ពី​បុណ្យ​រ៉ា​ម៉ា​ដាន​ដោយ​ការ​តម​អាហារ​ពី​ពេល​ថ្ងៃ​ជិត​រះ ដល់ ពេល​ថ្ងៃ​លិច ហើយ​ខ្ញុំ​មានការ​ស្ញប់ស្ញែង​ចំពោះ​ការ​តំរូវអោយ​ប្រកាន់​តំណម​នេះ​អោយបាន​ខ្ជាប់ខ្ជួន​។ ការ​តម​អាហារ​គឺជា​រឿង​ពិបាក តែ​ឥស្លាម​សាសនិក​មាន​ជំនឿ​យ៉ាងរឹងមាំ​លើ​បំណង​នៃ​ការ​តម​នេះ ពោលគឺ​ដើម្បី​បង្រៀន​ពី​វិន័យ​ក្នុង​ខ្លួន​និង​ការចេះ​អត់ទ្រាំ ដើម្បី​យល់​ចំពោះ​អ្នក​ដែល​ស្ថិតក្នុង​ស្ថានភាព​ខ្សត់ខ្សោយ​។ 

​ដូច​ប្រពៃណី​របស់​ជនជាតិ​អាមេរិក​កាន់សាសនា​ឥស្លាម​រាប់លាន​នាក់​ដែរ ឥស្លាម​សាសនិក​នៅ​កម្ពុជា បញ្ចប់​ការ​តម​អាហារ​ជាមួយនឹង​អាហារ​ស្រាយ​បួស ដែលជា​អាហារ​ពិសេស​នៅពេល​ថ្ងៃ​លិច​។ ជាធម្មតា ឥស្លាម​សាសនិក​ប្រារព្ធ​ការបរិភោគ​អាហារ​នេះ​នេះ​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ តែ​នៅ​ក្នុងឱកាស ពិសេស សហគមន៍​ទាំងមូល​ចូលរួម​ផងដែរ​។ 
​ហេតុដូច្នេះ​ហើយ​បានជា​ស្ថានទូត​សហរដ្ឋអាមេរិក​បានរៀបចំ​ពិធី​បរិភោគ​អាហារ​ស្រាយ​បួស​នៅ​ថ្ងៃទី​២ សីហា​កន្លងមកនេះ ដល់​ក្រុម​ឥស្លាម​សាសនិក​នៅ​រាជធានី​ភ្នំពេញ​។ វា​គឺជា​ឱកាស​មួយ​ប្រសើរ​ណាស់​សំរាប់​អោយ​យើង​រៀនសូត្រ​ពីសា​សនា​ឥស្លាម នៅ​កម្ពុជា​។​
​សំណួរ​មួយទៀត​ដែល​គេ​បាន​សួរ​ខ្ញុំ​ជា​ញឹកញាប់​គឺថា “​តើ​លោក​គិត​យ៉ាងដូចម្តេច​ចំពោះ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​?” ខ្ញុំ​គិតថា ប្រទេស​កម្ពុជា​កំពុង​តែមាន​ភាពជឿនលឿន​ក្នុង​ផ្នែក​សិទ្ធិមនុស្ស​។ 

​តាំងពី​ឆ្នាំ​១៩៩២ មក ប្រទេស​កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ ដែល​ទទួលស្គាល់​សិទ្ធិមនុស្ស​មួយចំនួន ដែល​ត្រូវបាន​គេ​ទទួលយក​ជា​សាកល បានរៀបចំ​ការបោះឆ្នោត​ជា​បន្តបន្ទាប់  និង​បង្ហាញ​ការឈាន​មុខ​គេ ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។  ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​ជឿជាក់ថា​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុង​ការជួយ​ដល់​អង្គការ​ក្នុងស្រុក​មួយចំនួន ដើម្បី​ផ្តល់ សិទ្ធិអំណាច​ផ្នែក​នយោបាយ សេដ្ឋកិច្ច​និង​សង្គម​ដល់​ពលរដ្ឋ​កម្ពុជា​។ ជាពិសេស​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម បាន​កំពុងតែ​ខិតខំ​បណ្តុះ​បរិយាកាស ដែល​ក្នុងនោះ​ប្រជាជន​កម្ពុជា​គ្រប់រូប​មាន សេរីភាព​និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់គេ​។ 
​ជំនួយ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ជួយ​ដល់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្នុងការ​បង្កើត​គេហទំព័រ sithi.org ដើម្បី​ប្រមូល​និង​ចែករំលែក​ព័ត៌មាន​ស្តីពី​សិទ្ធិមនុស្ស ដើម្បីអោយ​សកម្មជន​និង​សាធារណជន​ទូទៅ​មាន ការយល់ដឹង​កាន់តែច្រើន ហើយ​អាច​ចូលរួមចំណែក​ក្នុងន័យ​ស្ថាបនា​ដល់​ការពិភាក្សា​លើ​បញ្ហា​ដែល​ប៉ះ ពាល់​ដល់​ជីវិត​រស់នៅ​របស់គេ​។ ទីភ្នាក់ងារ USAID ក៏បាន​ជួយ​ផងដែរ​ដល់​គំរោង​តាមដាន​សវនាការ (Trial Monitoring Project) របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ជួយ​កែលំអ​និតិ​វិធី​និង​ការ ប្រតិបត្តិ​របស់​តុលាការ​នៅ​ប្រទេស​កម្ពុជា ដែលនាំអោយ​មានការ​គោរព​តាម​បទដ្ឋាន​កាន់តែ​ច្រើនឡើង​ក្នុង ការកាត់ក្តី​ប្រកបដោយ​ភាពត្រឹមត្រូវ​។ 

​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ខ្ញុំ​មានការ​តាំងចិត្ត​ក្នុងការ លើក​កំពស់​តំលៃ​នៃ​សិទ្ធិមនុស្ស និង​ក្នុងការ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន ស្តីពី​ការខិតខំ​ដើម្បី​រក្សា​ឧ​ត្ត​ម​គតិ​ទាំងនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​សូម​អរគុណ​ចំពោះ​សំណួរ​របស់​លោកអ្នក​។ សូម​បន្តធ្វើ​ការទាក់ទង​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov  ។ 

​លោកអ្នក​អាច​សួរ​ខ្ញុំ​នូវ​សំណួរ​អ្វី​ក៏បាន​ដែរ​។ សូម​ចូលរួម​បើក​មើល Blog របស់ខ្ញុំ​តាម​អាសយដ្ឋាន http://blogs.usembassy.gov/todd/ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បំផុត​!៕