Sunday, August 5, 2012

កម្ពុ​ជាមាន​ចំការ​ដំនាំ ជីវៈថាមពល ប្រមាណ​ជា ៣០.០០០​ហិកតា​

ភ្នំពេញ: ចំការ​ដំនាំ​ជីវថាមពល​ដែលជា​ប្រភេទ​ដំនាំ​សំរាប់​ធានា​ផ្គត់ផ្គង់​ប្រេង​ជីវម៉ាស​និង​ជីវៈ​អេតាណុល ដើម្បី​កាត់បន្ថយ ផលប៉ះពាល់ ដល់​កំណើន កំដៅ នៅលើ​ផែនដី ពី​ការប្រើប្រាស់ ប្រេងឥន្ធនៈ និង​ឧស្ម័ន​នោះ ត្រូវបាន​គេ​អះអាងថា មាន​ប្រមាណ​ជា ៣០.០០០​ហិកតា​។ 

​លោក តូច សុ​វណ្ណា ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​ថាមពល នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល បាន​មានប្រសាសន៍ តាមរយៈ​បទ​បង្ហាញ នៅក្នុង​សន្និសីទ ស្តីអំពី​ប្រសិទ្ធិភាព ថាមពល​នា​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​លើក​ទី​២​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​លើ​ផ្នែក​នេះ​។​

​លោក​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ មាន​ផ្ទៃដី​ដាំ​ល្ហុងក្វង ចំនួន​ប្រ​ម៉ាណ​ជា​១.០០០​ហិកតា ផ្ទៃដី​ដាំដូង​ប្រេង មាន​ចំនួន ៤.០០០​ហិកតា ដែល​អាច​នឹង​ពង្រីក​សក្តានុពល​នៃ​ការដាំដុះ រហូតដល់​ទៅ​១០.០០០​ហិកតា ហើយ​ក្រៅពីនេះ​កម្ពុជា ក៏​នៅមាន​ផ្ទៃដី ដាំ​ចំការ​អំពៅ ចំនួន​២០.០០០ ហិកតា​ទៀត​។​

​    ​លោក​បាន​បន្តទៀតថា​ជាមួយនឹង​សក្តានុពល​នេះ ឥឡូវ​កម្ពុ​ជាមាន​ក្រុមហ៊ុន​កំពុងតែ​ដាំ​ល្ហុងក្វង​នេះ​ចំនួន​១០ ប៉ុន្តែ ទោះបីជា យ៉ាងណាក៏ដោយ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង នេះ​នៅ​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ដែលមាន​គម្រោង​ពង្រីក​ការដាំដុះ​មាន​លក្ខណៈ​ធំដុំ នៅឡើយ​ទេ​។​

​    ​លោក​បាន​បន្តទៀតថា សំរាប់​ប្រេង​ជីវៈ​អេតាណុល​នេះ​វិញ កម្ពុ​ជាមាន​ក្រុមហ៊ុន​កូរ៉េ​មួយ ដែល​បាន​កសាង​រោងចក្រ មាន​សម​ត្ថិ​ភាព ផលិត អេតាណុល បាន​នៅក្នុង​មួយឆ្នាំ ៣៦.០០០​តោន ដោយ​ស្រូបយក​នូវ​វត្ថុធាតុដើម​ពី​តំឡូង​មី ប្រមាណ​ជា ១០០.០០០​តោន​៕