Sunday, August 5, 2012

លទ្ធ​ផល​នៃ​ការ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រដូវ​ហាម​ឃាត់​

កំពង់ធំ ​៖​ ការ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ជា​បន្តបន្ទាប់​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ស្រុក​កំពង់ស្វាយ​ប៉ែក​លើ​នោះ ​បាន​ឆ្លុះបញ្ចាំង​ពី​អសមត្ថភាព​ឬ​អត់​ទទួលខុសត្រូវ​របស់​សមត្ថកិច្ច​ជលផល​សង្កាត់​កំពង់ស្វាយ។
​ ​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ការ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២​នៅក្នុង​ឃុំ​កំពង់​គោ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ជា​ញឹកញាប់​ក្នុង​ពេល​កន្លងមក និង បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ និង បើក​នេសាទ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​សង្កាត់​កំពង់ស្វាយ​ខាងលើ​នោះ ពុំ​សូវ​ឃើញ​សមត្ថកិច្ច​នេះ ចេញ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព និង តម្លាភាព​ខាង​ផ្លូវច្បាប់​នោះ​ទេ ផ្ទុយទៅវិញ មាន​មន្ត្រី​ខ្លះ​បាន​ទៅ​ជំរិត​យក​លុយ​ពី​បទ​ល្មើស​ទាំងនោះ​ បង្កើត​រឿងអាស្រូវ​ពុំ​ចេះ​ចប់​ទៀត​ផង​។​
​ ​បទល្មើស​ជលផល​ដែល​ដុត​បំផ្លាញ​ចោល​ ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ជលផល​ខណ្ឌ និង អាជ្ញាធរ​ព្រមទាំង​ប្រជាពលរដ្ឋ​នេះ គឺជា​លទ្ធផល ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នគរបាល​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ​រួម​សហការ​ជាមួយ​អង្គការ​អភិរក្ស​ជលផល​បរិស្ថាន សត្វព្រៃ និង ព្រៃឈើ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ កំពង់​គោ និង ឃុំ​សាន​គរ​។​
​ ​ឧបករណ៍​បទល្មើស​នេះ​មាន​លូ​ស្បៃ​មុង​ចំនួន​៥៧​លូ របាំង​សាច់​ឈឹម ប្រវែង ២២៤០ ម៉ែត្រ អួន​ក្រហម​ប្រវែង​១០០​ម៉ែត្រ បង្គោល​៧៤១​ដើម និង លែង​កូន​ត្រី​រៀល និង លិញ ចំនួន​១៥០​គីឡូក្រាម​។​
​ ​លោក អនុសេនីយ៍​ឯក យន់ ឆៃ​យាន​ អធិការរង​ស្រុក​កំពង់ស្វាយ​ដែល​ដឹក​នាំចេញ​បង្ក្រាប​នេះ បាន​និយាយថា ការចេញ​បង្ក្រាប​២​លើក​គឺ​ថ្ងៃទី​២៧ ខែកក្កដា និង លើក​ទី​២ នៅ​ថ្ងៃទី​២ ខែសីហា គឺ​សមត្ថកិច្ច​ជលផល ខណ្ឌ​កំពង់ធំ​មក​សហការ​ជាមួយ​កម្លាំង​របស់​គាត់​(​យាន់​ឆៃ​យាន​) និង អង្គការ។ ចំណែក​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​សង្កាត់​កំពង់ស្វាយ​នេះ​វិញ លោក​សុំ​មន​បរិយាយ​ទេ គឺ​ស្រេច​តែ​ការ​មើលឃើញ​របស់​ប្រជាពលរដ្ឋ​ចុះ​៕
កង​ចេស្ដា​