Sunday, August 5, 2012

ជំនាញ​ជលផល នឹង​ចុះ​ស៊ើបអង្កេត​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​ស្រី​សន្ធរ នា​សប្តាហ៍​ក្រោយ​

កំពង់ចាម: សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម នឹង​ចុះទៅពិនិត្យ និង​ស៊ើបអង្កេត​ដីព្រៃ​លិច​ទឹក ដែល​ឈ្មួញ​បាន និង​កំពុង​ប្រមូល​ទិញ​រាប់រយ​ហិកតា ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​កូនដំរី ព្រែក​យួន បឹង​ប្រាំ និង​តំបន់​តម្រុយ​តាម​បណ្តោយ​មាត់​ទន្លេតូច ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​សប្តាហ៍​ក្រោយ គឺ​ថ្ងៃ​អង្គារ ទី​៧ ខែសីហា ឆ្នាំ​២០១២​។​

​ទាក់ទិន​នឹង​ការចុះពិនិត្យ និង​ស៊ើបអង្កេត​នេះ នៅ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា ដីព្រៃ​លិច​ទឹក​នៅ​រដូវវស្សា​ក្នុង​តំបន់​ឃុំ​ប្រាំ​យ៉ា​ម​នោះ គឺមាន​ឈ្មួញ​បាន និង​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ បាន​ប្រហែល​ជិត ១០០ ហិកតា និង​ជាច្រើន​រយ​ហិកតា​ផ្សេងទៀត ឈ្មួញ​កំពុង​ដើរ​បាញ់ថ្នាំ​ពណ៌​ក្រហម ដើម្បី​សម្គាល់ថា​ជា​ដី​របស់ខ្លួន​កាន់កាប់​។ ប៉ុន្តែ​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​រយៈពេល​ជិត​មួយឆ្នាំ​នេះ គឺ​នៅ​ពុំទាន់​មានការ​ហាមឃាត់​ពី​ខាង​អាជ្ញាធរ ឬ​ខាង​សមត្ថកិច្ច​ជលផល​នោះទេ​។​

​ឈ្មួញ​បាន​ចូលទៅ​ប្រមូល​ទិញ​ដី ហើយ​ធ្វើការ​កាប់​រាន​ឈូសឆាយ​យក​ដី​ដាក់​ដាំ​ដំណាំ ពី​ប្រជាពលរដ្ឋ ក្នុង​មួយ​ហិកតា​ថ្លៃ​ពី ៧០០ ទៅ ៨០០ ដុល្លារ បាន​ដី​រាប់រយ​ហិកតា​តាម​បណ្តោយ​មាត់​ទន្លេតូច ដែលជា​ព្រៃ​លិច​លិច​ទឹក​ត​ភ្ជាប់​ទៅនឹង​បឹង​ធម្មជាតិ​ជាច្រើន នៅ​ជុំវិញ​តំបន់​នោះ​។ បច្ចុប្បន្ន​ឈ្មួញ​កំពុង​ឈូសឆាយ​បាន​ប្រហែល​ពី ៣០ ទៅ ៤០ ហិកតា និង​កន្លែង​មិនទាន់​ឈូសឆាយ គេ​បាន​បោះបង្គោល​ព្រំ​ចំណាំ​។ 

​ប៉ុន្តែ​លោក ឡេង ហម មេឃុំ​ប្រាំ​យ៉ា​ម ធ្លាប់បាន​ប្រាប់​គេហទំព័រ CEN ថា ពិត​ជាមាន​ឈ្មួញ​បានមក​ប្រមូល​ទិញ​ដីព្រៃ​លិច​ទឹក នៅក្នុង​ឃុំ​ប្រាំ​យ៉ា​ម​នេះ​មែន ហើយ​ដី​ទាំងអស់នោះ មិនមែនជា​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ដែន​នេសាទ​ទេ គឺជា​ដី​ដែល​ប្រជាពលរដ្ឋ​បានកា​ប់រាន​ដើម្បី​ធ្វើស្រែ​ប្រាំង តែ​អត់​មាន​ប្រភពទឹក​សម្រាប់​ស្រោចស្រព ក៏​នាំគ្នា​លក់​ឲ្យ​ឈ្មួញ​ទៅ ហើយ​ការទិញ​លក់​នោះ មានការ​ឯកភាព​ពី​ខាង​អាជ្ញាធរ គឺ​អត់​មានការ​ឃុបឃិត ឬ​បិទបាំង​នោះទេ​។​

​ផ្ទុយ​ពី​អះអាង​របស់លោក ឡេង ហម តាម​ការ​បង្ហើប​ពី​មន្ត្រី​ស្រុក​ស្រី​សន្ធរ​ម្នាក់ បាន​ឲ្យ​ដឹងថា កាលពី​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ទើបបាន​កន្លងផុតទៅ​ប៉ុន្មាន​ខែ​នេះ គឺមាន​ក្រុមការងារ​ចុះជួយ​គណបក្ស​ប្រជាជន​កម្ពុជា​មួយក្រុម ប្រចាំ​ស្រុក​ស្រី​សន្ធរ មានបំណង​ចុះទៅពិនិត្យ និង​ស៊ើបអង្កេត ស្រាវជ្រាវ ដីព្រៃ​លិច​ទឹក​ដែល​បាន និង​កំពុង​រង​ការកាប់​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម​នោះ តែ​កាលណោះ​មាន​អភិបាលរង​ស្រុក​នេះ​ម្នាក់ បានចេញ​មុខមក​រារាំង​ក្រុមការងារ​នោះ​មិន​ឲ្យ​ចុះទៅ​។ ប៉ុន្តែ​សង្ឃឹមថា ការចុះពិនិត្យ ស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម នៅ​សប្តាហ៍​ក្រោយនេះ ទំនងជា​គ្មាន​ការរារាំង និង​លូកដៃ​ចូលមក​ជ្រៀតជ្រែក ពី​អភិបាលរង​ស្រុក​ម្នាក់​នោះ​ទៀត​ទេ​។​

​លោក យឹម ប៊ុន​រ៉េត នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ប្រាប់ CEN កាលពី​ថ្ងៃទី​៤ ខែសីហា ថា ខាង​លោក​បានទទួល​ផែនការ​ពី​នាយ​ខណ្ឌ​រួចហើយ នឹង​ទៅកាន់​តំបន់​តាម​មាត់​ទន្លេតូច ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ដែល​លេចឮ​ព័ត៌មាន​ថា មាន​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក នៅ​ថ្ងៃ​អង្គារ ទី​៧​សីហា សប្តាហ៍​ក្រោយនេះ​។ ប៉ុន្មាន​ថ្ងៃនេះ ខាង​ជលផល​កំពុង​ជាប់រវល់​ចុះបង្ក្រាប​បទល្មើស​នេសាទ ដោយ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​កំពុង​សម្រុក​ឡើង​ខ្លាំង ធ្វើ​ឲ្យ​សម្បូរ​អ្នក​លួច​ចាប់​កូន​ត្រី និង​មេត្រី​ដែល​កំពុង​ពង​កូន​៕